យុវជន​ស្វែង​យល់​ពី​សារសំខាន់​នៃ​ព្រៃ​ឈើ​ក្នុង​ការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ

ដោយ សូត សុខប្រាថ្នា
2016-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វេទិកា​យុវជន​ស្ដីពី រួម​គ្នា​ដើម្បី​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ប្រារព្ធ​នៅ​ខេត្ត​កំពង់ចាម ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
វេទិកា​យុវជន​ស្ដីពី រួម​គ្នា​ដើម្បី​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ ប្រារព្ធ​នៅ​ខេត្ត​កំពង់ចាម ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

យុវជន បណ្ដាញ​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​លើក​ឡើង​ថា ព្រៃ​ឈើ គឺ​មាន​សារសំខាន់​ដើម្បី​ជួយ​ទប់ស្កាត់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន។ ការ​យល់​ឃើញ​ដូច្នេះ ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ..ឌី.ភី (YRDP) នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា។

សិក្ខាសាលា​ក្រោម​ប្រធានបទ «រួម​គ្នា​ដើម្បី​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ» ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៣០០​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ ៥​អង្គ​ផង គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ដល់​យុវជន​បាន​យល់​ដឹង​អំពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន។ បន្ថែម​ពី​នេះ ស្វែងយល់​ពី​យន្តការ​សំខាន់ៗ​ដើម្បី​លើក​កម្ពស់​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា និង​មើល​ឲ្យ​ឃើញ​នូវ​ឱកាស​សម្រាប់​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

យុវជន​ខ្លះ​លើក​ឡើង​ថា ដោយសារ​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា កាន់​តែ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​អាកាសធាតុ​ក្នុង​ប្រទេស​មួយ​នេះ​ចាប់​ផ្ដើម​ប្រែប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បញ្ហា​ប្រឈម​ទាំងនោះ​រួម​មាន រដូវ​មិន​ទៀងទាត់ ភាព​រាំង​ស្ងួត ជំនន់​ទឹក​ភ្លៀង បាតុភូត​ខ្យល់​កន្ត្រាក់ ឬ​ខ្យល់​ព្យុះ រន្ទះ​បាញ់ កម្តៅ​កាន់​តែ​ក្តៅ​ខ្លាំង ជាដើម។

និស្សិត​មក​ពី​សាកលវិទ្យាល័យ​វេស្ទើន (Western) ឆ្នាំ​ទី​២ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស និង​ជា​គ្រូបង្រៀន​មក​ពី​ស្រុក​បាធាយ លោក អឿន ជី ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ព្រៃ​ឈើ​ចាប់​ផ្ដើម​វិនាស​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា អាកាសធាតុ​តំបន់​ដែល​លោក​រស់នៅ​ចាប់​ផ្ដើម​ប្រែប្រួល និង​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​កើត​ឡើង៖ «កាល​ពីដើម​ឡើយ​គ្មាន​ខ្យល់​កន្ត្រាក់ ខ្យល់​ព្យុះ​អី​ទេ ហើយ​ទឹក​ជំនន់ក៏​គ្មាន​ដែរ ប៉ុន្តែ​ចាប់​ពីមាន​ការកាប់​បំផ្លាញព្រៃ​ឈើ​បន្តបន្ទាប់ មាន​ការ​កាប់​យក​រ៉ែ​នៅ​តាម​ភ្នំ​ធ្វើ​ឲ្យ​នៅ​ស្រុក​បាធាយ ខ្ញុំ​ហ្នឹង មាន​ការ​ប្រែប្រួល​ខ្លាំង»

យុវជន​ដដែល​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃ​ឈើ​កាន់​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពិសេស​នៅ​ពេល​លោក​បាន​ឃើញ​ព្រៃ​ឈើ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន រង​ការ​បំផ្លិចបំផ្លាញ។ យ៉ាង​នេះ​ក្តី លោក​ថា​សិក្ខាសាលា​មួយ​ព្រឹក​ដែល​លោក​បាន​ចូលរួម នឹង​យក​ទៅ​ចែក​រំលែក​តាម​សហគមន៍​ដែល​គាត់​រស់នៅ ពិសេស​ពន្យល់​ដល់​កូន​សិស្ស​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​ព្រៃ​ឈើ។

ស្រដៀង​គ្នា​នេះ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​មក​ពី​ខេត្ត​ស្ទឹងត្រែង លោក ជា សុខហឿន មាន​ប្រសាសន៍​ថា ដោយសារ​តែ​ព្រៃ​ឈើ​មាន​សារសំខាន់ ទើប​ពួក​លោក​ចេះ​តែ​នាំ​គ្នា​ការពារ​រហូត​មក។ លោក​អះអាង​ថា បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ គឺ​នៅ​តែ​កើត​ឡើង​ឥត​ឈប់ឈរ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ចេះ​តែ​បារម្ភ ពីព្រោះ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​បម្រែបម្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​បំផ្លាញ​ព្រៃ​ឈើ​ប្រៀប​ដូចជា​ការ​វាយ​បំបែក​ឆ្នាំង​បាយ​របស់​ប្រជា​សហគមន៍៖ «ព្រៃ​ឡង់​យើង​មាន​អនុផល​ជាច្រើន​តាំង​ពីផ្លែ​ឈើ តាំង​ពី​បន្លែ តាំង​ពី​ឱសថ​បុរាណ តាំង​ពី​ជ័រ​ច្បោះ​អី​ហ្នឹង គឺ​ដើរ​តួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ»

កាល​ពី​ថ្ងៃ​ទី​៩ ឧសភា រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​តំបន់​ព្រៃ​ឡង់ ដែល​មាន​ទំហំ​ផ្ទៃដី​ជាង ៤​សែន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ។ បើ​ទោះ​បី​ជា​តំបន់​មួយ​នេះ​ដាក់​ជា​តំបន់​ព្រៃ​ការពារ​ក៏ដោយ ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​កើត​ឡើង​ឥត​ឈប់ឈរ។

មន្ត្រី​កម្មវិធី​ទទួល​បន្ទុក​សហគមន៍​ព្រៃ​ឈើ​អាស៊ាន មក​ពី​អង្គការ អិន.ធី.អែហ្វ.ភី អី.ភី (NTFP-EP) លោក ឆឹង សុវិរីយ៉ា មើល​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាតុភូត​គ្រោះ​ធម្មជាតិ​កើត​មាន​គួរ​ឲ្យ​បារម្ភ។ បន្ថែម​ពី​នេះ លោក​ថា​អ្វី​ដែល​ប្រទេស​កម្ពុជា នៅ​មាន​ភាព​ខ្វះខាត គឺ​សមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​ទាំងនោះ។ យ៉ាង​នេះ​ក្តី លោក​មើល​ឃើញ​ថា បច្ចុប្បន្ន ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រាជ​រដ្ឋាភិបាល កំពុង​រួម​គ្នា​ធ្វើ​ការងារ​នេះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៖ «អ៊ីចឹង​ហើយ​បាន​ជា​មាន​យន្តការ​ថ្មីៗ​នេះ យើង​ឃើញ​ថា​ទាំង​កម្ពុជា ទាំង​ថ្នាក់​សកល បាន​ព្យាយាម​ជួយ​ទៅ​លើ​ការងារ​ទាំងអស់​នេះ»

នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​ថា យុវជន ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្វែង​យល់​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដើម្បី​រួម​ចំណែក​ការពារ​ធនធាន​ធម្មជាតិ​នា​ពេល​បច្ចុប្បន្ន៖ «ពាក់ព័ន្ធ​ការ​ប្រែប្រួល​អាកាសធាតុ ក៏ដូចជា​ការ​ការពារធនធាន​ធម្មជាតិបើ​សិន​ជា​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​នោះ នឹង​ធ្វើ​ឲ្យ​បញ្ហា​ទាក់ទង​ធនធាន​ធម្មជាតិ​ត្រូវ​បាន​កាត់​បន្ថយ»

លោក​អះអាង​ថា ខាង​អង្គការ​លោក​មិន​ត្រឹម​តែ​រៀបចំ​សិក្ខាសាលា​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​ស្វែង​យល់​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជា​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ នឹង​បញ្ជូន​ក្រុម​យុវជន​ឲ្យ​ទៅ​ស្នាក់នៅ​ជាមួយ​ពលរដ្ឋ​តាម​សហគមន៍​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃ​ឈើ ព្រម​ទាំង​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល