សហគមន៍ខេត្តព្រះវិហាររកឃើញឈើប្រណិតជាង ២០០ដើម ត្រូវកាប់បំផ្លាញ ក្នុងព្រៃព្រះរកាក្នុងខែកញ្ញានេះ
2024.09.12
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រទះឃើញបទល្មើសជាង ២០០ករណី(២១៣) ជាថ្មីទៀត ឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរការ។
សេចក្ដីប្រកាសព័ត៌មានរបស់ប្រជាសហគមន៍ ស្ដីពីការរកឃើញបទល្មើសព្រៃឈើទាំងនេះ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា បង្ហាញថា ពួកគាត់ប្រទះឃើញដើមឈើតូចធំ ព្រមទាំងទីកន្លែងបោះតង់របស់ក្រុមអ្នកអារឈើ ម៉ាស៊ីនអារឈើ និងសម្ភារអារឈើជាដើម ឋិតនៅចំណុចក្បាលអូរដាច់កន្ទប ក្នុងដែនជម្រកសត្វព្រៃព្រះរកា។
តំណាងសហគមន៍ការពារព្រៃព្រះរកា លោក ខាក់ ភារិទ្ធម៉ាស៊ី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ កញ្ញាថា បទល្មើសព្រៃឈើក្នុងតំបន់អភិរក្សនេះ នៅតែបន្តកើតមានច្រើន ក្នុងពេលដែលក្រសួងបរិស្ថានបន្តរឹតត្បិតសិទ្ធិសេរីភាពសហគមន៍មិនឱ្យល្បាតព្រៃ និងការពារព្រៃឈើ។
លោកសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានគ្មានឆន្ទៈបង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន និងដាក់ទោសទណ្ឌលើពួកគេ ប្រសិនបើរកឃើញថា មន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកជាមួយឈ្មួញខិលខូច។
លោក ខាក់ ភារិទ្ធិម៉ាស៊ី៖ «សម្រាប់ខ្ញុំ ខ្ញុំព្រួយបារម្ភមែនទែន ពួកហ្នឹង ដែលរឹតត្បិតមិនឲ្យសហគមន៍មូលដ្ឋាន យុវជន ឬក្រុមនិស្សិត ព្រះសង្ឃចូលរួមក្នុងការការពារ មើលទៅ ជោគវាសនារបស់ព្រះរកាគិតថា ដប់ឆ្នាំខាងមុខ ប្រហែលសល់តែឈ្មោះទេ»។
ប្រជាសហគមន៍បន្ថែមថា ឈើដែលរងការកាប់បំផ្លាញមានមុខកាត់ចាប់ពីជាង ៣តឹក រហូតដល់ជាង ១ម៉ែត្រ ដែលជាប្រភេទឈើផ្ដៀក ឈើទាល ស្ទៀង កកោះ និងគគីរ ជាដើម ដែលពួកគាត់រកឃើញត្រឹមតែ ១ថ្ងៃ កាលពីថ្ងៃទី៥ ខែកញ្ញា។ ជាមួយគ្នានេះ ក្នុងពេលចុះល្បាត ប្រជាសហគមន៍ បានជួបប្រទះដោយចៃដន្យ ជាមួយក្រុមមន្ត្រីបរិស្ថាន និងទាហានមួយក្រុម ហើយមន្ត្រីទាំងនោះ បានរារាំង និងហាមឃាត់ពួកគាត់ មិនឱ្យបន្តដំណើរទៅមុខទៀត។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាប់ ប៊ុនសឿន បាននៅឡើយទេ នៅថ្ងៃទី១១ ខែកញ្ញា។
ប្រជាសហគមន៍ចាត់ទុកបទល្មើសព្រៃឈើនៅតំបន់នោះ ឆ្លុះបញ្ចាំងពីកង្វះសមត្ថភាព ក្នុងការការពារព្រៃឈើ ពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បង្កប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើជីវភាពពលរដ្ឋ និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចកួយ។
ពួកគាត់ទទូចដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចុះពិនិត្យបទល្មើសព្រៃឈើដោយផ្ទាល់ ចៀសវាងចាំស្រង់តែរបាយការណ៍ពីមន្ត្រីថ្នាក់ក្រោមបំភ្លៃការពិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។