សហគមន៍​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​ទប់ស្កាត់​សកម្មភាព​លួច​អារ​ឈើ​មូល​ក្នុង​ព្រៃ​អភិរក្ស

ដោយ រដ្ឋា វិសាល
2015-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣១-តុលា-២០១៣៖ ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី។
៣១-តុលា-២០១៣៖ ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី។
RFA/Ratha Visal

សហគមន៍​អភិរក្ស​តំបន់​ទេសចរណ៍​បឹង​លង្គុត អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ជា​បន្ទាន់​សកម្មភាព​លួច​អារ​ឈើ​មូល​ក្នុង​ព្រៃ​ជុំវិញ​បឹង លក់​ឲ្យ​ឈ្មួញ​ធ្វើ​ជន្លង់​ម្រេច។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​តំបន់​រមណីយដ្ឋាន​អះអាង​ដែរ​ថា ព្រៃ​នៅ​ជុំវិញ​បឹង គឺ​ជា​ព្រៃ​អភិរក្ស​សម្រាប់​ធនធាន​ធម្មជាតិ និង​វិស័យ​ទេសចរណ៍។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​រក​ឃើញ​មាន​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ អារ​រំលំ​ឈើ​ក្នុង​ព្រៃ​អភិរក្ស ហើយ​អារ​ច្រៀក​បណ្តោយ​ឈើ​មូល​ជា​ពីរ ឬ​បី​ដើម ធ្វើ​ជា​ជន្លង់​ម្រេច និង​មាន​រថយន្ត​ចូល​ដឹក​ជញ្ជូន​ឈើ​នោះ​ចេញ​ពី​ព្រៃ។

ប្រធាន​សហគមន៍​ភូមិ​ណងហៃ លោក ហម តឿ កត់​សម្គាល់​ថា សកម្មភាព​លួច​អារ​ឈើ​ក្នុង​តំបន់​អភិរក្ស​នេះ​កើត​មាន​ប្រមាណ​មួយ​សប្ដាហ៍​ហើយ។ ចំណែក​ឈើ​ដែល​អារ​ជា​ជន្លង់​ម្រេច ត្រូវ​ឈ្មួញ​ឈ្មោះ ផល រស់នៅ​ស្រុក​លំផាត់ ដឹក​ជញ្ជូន​ចេញ។ រីឯ​សមត្ថកិច្ច​ប៉ូលិស និង​កង​សន្តិសុខ​ភូមិ​នៅ​តំបន់​នោះ ជា​អ្នក​ទទួល​ប្រាក់​ពី​ការ​ដឹក​ជញ្ជូន​ឈើ និង​គ្មាន​ការ​រារាំង៖ «អ្នក​ខូច​វា​ឲ្យ​អារ វា​ចង់​បាន​លុយ តែ​ភាគ​ច្រើន​គេ​មិន​ឲ្យ​ទេ គេ​ចង់​ទុក​ឈើ មិន​ដឹង​ប៉ុន្មាន​ទេ ខ្ញុំ​អត់​បាន​ទៅ​មើល​ផ្ទាល់។ ប្រជាពលរដ្ឋ​គេ​ថា​អស់​ច្រើន​ណាស់​មួយ​ថ្ងៃ​ម្នាក់ ២០​ជន្លង់ ម៉ាស៊ីន​៤ អស់​ច្រើន»

ទាក់ទិន​សេចក្តី​រាយការណ៍​របស់​សហគមន៍​នេះ មេ​ឃុំ​សេដា សម្ដែង​ការ​ភ្ញាក់ផ្អើល និង​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។ លោក​ទទួល​ស្គាល់​ថា មាន​សកម្មភាព​អារ​ឈើ​មូល​ធ្វើ​ជន្លង់​ម្រេច​កើត​ច្រើន​នៅ​ក្រៅ​តំបន់​ព្រៃ​បឹង​លង្គុត មែន ក៏ប៉ុន្តែ​លោក​មិន​នឹក​ស្មាន​ថា​អាច​មាន​ករណី​លួច​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​នេះ​បាន​ឡើយ។

ចំណែក​អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន ថ្លែង​អះអាង​ថា តំបន់​ព្រៃ​បឹង​លង្គុត គឺ​ជា​តំបន់​ទេសចរណ៍​ដែល​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ និង​ហាម​ឃាត់​ការ​កាប់​រាន​ព្រៃ​នៅ​តំបន់​នោះ។ លោក​ថា នឹង​ចាត់​មន្ត្រី​ចុះ​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ចាត់​វិធានការ​រក​អ្នក​ប្រព្រឹត្តិ​ល្មើស ប្រសិន​កើត​មាន​ការ​លួច​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច​នៅ​តំបន់​នោះ​មែន៖ «ខ្ញុំ​យល់ បើ​ខ្ញុំ​សួរ​ទៀត​វា​ថា​ចៅហ្វាយ​ស្រុក​ដឹង​ហើយ អ៊ីចឹង​ខ្ញុំ​អត់​ឲ្យ​អ្នក​ណា​ដឹង​ទាំងអស់។ ខ្ញុំ​ធ្លាប់​ឮ​ល្បី​យូរ​ហើយ ខ្ញុំ​ថា​ប្រយ័ត្ន លោក ផល ហ្នឹង ខ្ញុំ​មិន​ស្គាល់​មុខ លោក ផល ហ្នឹង​យ៉ាង​ម៉េច​ទេ»

បឹង​លង្គុត ជា​តំបន់​រមណីយដ្ឋាន​ទី​ពីរ​នៅ​ខេត្ត​រតនគិរី បន្ទាប់​ពី​បឹង​យក្ស​ឡោម។ បឹង​នេះ ឋិត​នៅ​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ប៉ែក​ខាង​កើត​ក្រុង​បានលុង ក្នុង​ឃុំ​សេដា ស្រុក​លំផាត់។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត ពិទូ ចាត់​ទុក​សកម្មភាព​កាប់​យក​ឈើ​ក្នុង​ព្រៃ​ជុំវិញ​បឹង ថា​ជា​ការ​រំលោភ​បំពាន និង​បំផ្លិចបំផ្លាញ​ទៅ​លើ​ព្រៃ​ឈើ​ធម្មជាតិ​នៃ​តំបន់​ទេសចរណ៍។ លោក​អះអាង​ដែរ​ថា នឹង​ធ្វើ​សេចក្តី​រាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា ដើម្បី​ការពារ​ព្រៃ​សេសសល់​នេះ​សម្រាប់​វិស័យ​ទេសចរណ៍៖ «ម៉េច​ចឹង​ពួក​ហ្នឹង អា​ហ្នឹង​អត់​បាន​ទេៗ ដី​អភិរក្ស​មាន​តែ​ប៉ុណ្ណឹង​ផង ចាំ​មើល​ខ្ញុំ​ទូរស័ព្ទ​ទៅ​មេ​ឃុំ និង​រាយការណ៍​បឋម​ទៅ​អភិបាល​រង​ខេត្ត ទៅ​ព្រៃ​ហ្នឹង​ទៀត​អស់​បាត់​ហើយ ព្រៃ​លង្គុត​មាន​តែ​ប៉ុណ្ណឹង»

តំបន់​ព្រៃ​អភិរក្ស​នៃ​តំបន់​រមណីយដ្ឋាន​បឹង​លង្គុត មាន​ទំហំ​ប្រមាណ ៩០០​ហិកតារ ជា​ព្រៃ​សេសសល់ ហើយ​សហគមន៍ និង​មន្ត្រី​ពាក់ព័ន្ធ អភិរក្ស​ព្រៃ​នេះ​ទុក​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ឈើ​ប្រណិត និង​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​នេះ ត្រូវ​គេ​លួច​កាប់​ធ្វើ​អាជីវកម្ម​អស់​ស្ទើរ​គ្មាន​សល់។ ក្រុម​សហគមន៍​អះអាង​ថា អ្នក​ភូមិ​មិន​មាន​លទ្ធភាព​ទប់ស្កាត់​ករណី​នេះ​បាន​ទេ ក៏ប៉ុន្តែ​ធ្លាប់​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ​ឃុំ ប៉ុន្តែ​មិន​ឃើញ​មាន​សកម្មភាព​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល