ពលរដ្ឋ​ខេត្ត​កណ្ដាល​បារម្ភ​ពី​ការ​បាក់​ដី​បណ្ដាល​ពី​ការ​បូម​ខ្សាច់

ដោយ ជរ ពិសិដ្ឋ​វិជ័យ​អាន​ន្ទ
2014.06.20
បូម​ខ្សាច់ ជ្រោយចង្វារ ៦១០ ពលរដ្ឋ​បង្ហាញ​ផ្ទះ​បាក់​ចូល​ទន្លេ ដោយសារ​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​កាណាឌីយ៉ា នា​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​៩ កុម្ភៈ ឆ្នាំ​២០១៤។
RFA/Van Vichar

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេ​ក្នុង​ខេត្ត​កណ្ដាល កំពុង​ព្រួយ​បារម្ភ​ពី​ការ​បាក់​ច្រាំង​ទន្លេ នាំ​ឲ្យ​ខូចខាត​ផ្ទះ​សម្បែង និង​ដី​ចម្ការ ជាដើម។ ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​សាឡង់​បូម​ខ្សាច់​នោះ​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​នូវ​រាល់​ផល​ប៉ះពាល់​នានា។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​ខ្សាច់កណ្ដាល ឆ្លើយ​តប​ថា អាជ្ញាធរ​កំពុង​ស្នើ​ថ្នាក់​លើ​ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ផល​ប៉ះ​ពាល់​ពី​ការ​បូម​ខ្សាច់។

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​សាឡង់​បូម​ខ្សាច់​ចំនួន ៣​ភូមិ ស្ថិត​ក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​មុខកំពូល ឲ្យ​ដឹង​ស្រប​គ្នា​អំពី​ការ​បាក់​ដី ដែល​បណ្ដាល​មក​ពី​អាជីវកម្ម​បូម​ខ្សាច់​នោះ។

តំណាង​ពលរដ្ឋ​ភូមិ​ក្រូចសើច ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់កណ្ដាល លោក ហ៊ាង សារុន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សកម្មភាព​បូម​ខ្សាច់​នោះ​មាន​ការ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ និង​កំពុង​ធ្វើ​ឲ្យ​ក្បាល​ដី​ដែល​នៅ​ប្រប​មាត់​ទន្លេ​បាក់​ចូល​ទន្លេ​ជា​បន្តបន្ទាប់។

លោក​ឲ្យ​ដឹង​បន្ត​ថា ការ​បូម​ខ្សាច់​នៅ​តំបន់​នោះ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០០៦ មក​ដល់​ពេល​នេះ ពលរដ្ឋ​បាន​ស្រុះស្រួល​គ្នា​ផ្ដិត​ស្នាម​មេដៃ ស្នើសុំ​ទៅ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះ​អន្តរាគមន៍​ដោះស្រាយ​លើ​ករណី​នេះ៖ «ប្រជាពលរដ្ឋ ​នៅ​តំបន់​ហ្នឹង ដូច​ជា សហការ​គ្នា ចេះ​តែ​ដេញ​ទៅ វា​ថយ​ទៅ មុខ​កំពូល ខាង​មុខ​គេ​ដេញ​ទៅ ថយ មក​ខាង​ពុកឫស្សី ហ្នឹង​វិញ​មក អាជ្ញាធរ​វា​អត់​អើពើ​ផង​បង! តែ​ខ្ញុំ​ហ្នឹង​ចេះ​តែ​សហការ​ទៅ ចេះ​ឈឺ​ឆ្អាល​អ៊ីចឹង ដេញ​វា​អ៊ីចឹង​ទៅ»

ដូច​គ្នា​នេះ​ដែរ ពលរដ្ឋ​នៃ​ឃុំ​កោះចូរាម និង​ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់កណ្ដាល និង​ពលរដ្ឋ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ក៏​កំពុង​ប្រឈម​នឹង​ប៉ះពាល់​ពី​អាជីវកម្ម​បូម​ខ្សាច់​ដូច​គ្នា​នេះ ក៏​ស្នើ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បញ្ឈប់​ក្រុមហ៊ុន​កុំ​ឲ្យ​បូម​ខ្សាច់​ជា​បន្ត ព្រោះ​ពួក​គាត់​ប្រាប់​ថា ក្បាល​ដី​ដែល​ពួក​គាត់​កំពុង​រស់នៅ ក៏​រង​ផល​ប៉ះពាល់​ដែរ។

ដូច្នេះ ការ​ដោះស្រាយ​ដោយ​បញ្ឈប់​សាឡង់​បូម​ខ្សាច់​នោះ វា​ជា​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ ដោយ​ពួក​គាត់​ទាំងអស់​គ្នា ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បូម​ខ្សាច់​ជា​បន្ទាន់។

ឆ្លើយ​តប​សំណើ​នៃ​ពលរដ្ឋ អភិបាល​ស្រុក​ខ្សាច់កណ្ដាល លោក ស៊ុង សុភ័ណ្ឌ ប្រាប់​ថា លោក​កំពុង​រៀបចំ​សំណើ​ដាក់​ស្នើ​ទៅ​ក្រសួង ឲ្យ​ចុះ​ពិនិត្យ​មើល​ផល​ប៉ះពាល់​លើ​ករណី​នេះ៖ «កិច្ច ​ហ្នឹង​វា​មាន​ការ​សុំ​ច្បាប់​បង សំខាន់​យើង​ឲ្យ​ក្រសួង​ជំនាញ​បោះ​ពោង​ឲ្យ​បង បោះ​ពោង​ហា៎! បង យើង​រាយការណ៍​ទៅ​ហ្មង ឲ្យ​មក​បោះ​ពោង មក​ចុះ​មើល ហើយ​ធ្វើ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ណា ដែល​មាន​អាជ្ញាប័ណ្ណ»

លោក​បញ្ជាក់​ទៀត​ថា លោក​ស្នើ​ឲ្យ​ក្រសួង​កំណត់​ទីតាំង​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ ដើម្បី​ជៀសវាង​ការ​បូម​កៀក​ច្រាំង ដែល​ធ្វើ​ឲ្យ​ច្រាំង​បាក់​ចូល​ទន្លេ។ មួយ​វិញ​ទៀត លោក​ថា ក្រុមហ៊ុន​ដែល​អាច​ធ្វើ​អាជីវកម្ម​បាន លុះ​ណា​ក្រុមហ៊ុន​នោះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។