អ្នកនាំពាក្យ​កាន់អំណាច​ថាបើ​មិន​កាប់ព្រៃ​ឈើ​បាន​ដី​ណា​សង់ផ្ទះ និង​អភិវឌ្ឍ​ប្រទេស​

ដោយ​ សន ចាន់រដ្ឋា
2019-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
RFA

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ឆ្លើយតប​រឿង​បាត់បង់​ព្រៃឈើ​ថា បើ​មិន​កាប់ព្រៃ​ឈើ​ខ្លះ​តើ​បាន​ដី​ឯណា​សម្រាប់​ឱ្យ​ប្រជាជន​សាងសង់​លំនៅឋាន និង​សម្រាប់​អភិវឌ្ឍន៍​ប្រទេស។ សកម្មជន​ការពារ​បរិស្ថាន​យល់ថា ការ​រលើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​មិន​ឆ្លុះបញ្ចាំង​ការ​ពិត​នោះ​ទេ​ ហើយ​អះអាង​ថា ព្រៃឈើ​ភាគ​ច្រើន​ដែល​បាត់បង់ គឺ​ផលប្រយោជន៍​បាន​ទៅ​លើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន ថ្លែង​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម​នៅ​ថ្ងៃ​ទី២៥​ ខែ​មេសា​ថា លោក​ហួសចិត្ត​ដែល​ក្រុម​អ្នក​ប្រឆាំង និង​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​តែ​លើក​យក​បញ្ហា​ព្រៃ​ឈើ​មក​វាយ​ប្រហារ​រដ្ឋាភិបាល ខណៈ​កម្ពុជា​កំពុង​ប្រឈម​អាកាសធាតុ​ក្ដៅ​ខ្លាំង។ លោក​ សុខ​ ឥសាន បក​ស្រាយ​ថា ប្រជាជន​កម្ពុជា​ បាន​កើន​ដល់ ១៦លាន​នាក់​ទ្វេ ១ ជា ២ ជា ៣។ ដូច្នេះ​បើ​មិន​កាប់​ព្រៃ​ឈើ​ខ្លះ​តើ​បាន​ដី​ឯណា​សង់​លំនៅឋាន និង​បង្កបង្កើន​ផល? ហើយ​ថា បើ​មិន​កាប់​ព្រៃ​ ឈើ​ខ្លះ​ធ្វើ​ម៉េច​បាន​ដី​ដើម្បី​អភិវឌ្ឍ​ប្រទេស?

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្រ ភត្រា មាន​ប្រសាសន៍​ថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​លើកឡើង​របស់​លោក​សុខ ឥសាន ឡើយ៖ «ប្រសាសន៍​ឯកឧត្ដម សុខ ឥសាន នេះ គឺ​ខ្ញុំ​មិន​មាន​អ្វី​អត្ថាធិប្បាយ​ទៅ​លើ​អ្វី​ដែល​គាត់​លើក​ឡើង​ទេ គ្រាន់​តែ​យើង​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​ បន្ត​ការងារ​របស់​ខ្លួន​ក្នុង​ការងារ​កិច្ច​គាំពារ​បរិស្ថាន ការ​ការពារ​ធនធាន​ធម្មជាតិ​អភិរក្ស​ជីវចម្រុះ​ និង​ឱ្យ​មាន​និរន្តរភាព​នៅ​ក្នុង​ការ​អភិវឌ្ឍ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក​ ស្រី​ វុឌ្ឍី​ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​មន្ត្រី​គ្រាក់ៗ របស់​របប​ក្រុង​ភ្នំពេញ​បក​ស្រាយ​ថា ការ​បាត់​ព្រៃ​ បង់​ឈើ​ដោយសារ​តែ​ពលរដ្ឋ​នាំ​គ្នា​កាប់​ធ្វើ​ផ្ទះ និង​ធ្វើ​អុស​ដុត និង​ឱ្យ​ក្រុមហ៊ុន​សម្បទាន​កាប់​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កៅស៊ូ​ជា​ដា​ដើម។ ប៉ុន្តែ​កន្លង​មក​ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ក៏​ទទួល​ស្គាល់​ពី​វិនាសកម្ម​ព្រៃ​ឈើ​ដោយសារ​តែ​ក្រុម​ឈ្មួញ​និង​មន្ត្រី​ធំៗ របស់​ខ្លួន​រួម​ទាំង​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​តែ​មិន​អនុវត្ត​តាម​គោលការណ៍​ជា​ដើម​រហូត​ បញ្ជា​ឱ្យ​លោក សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ទូទាំង​ប្រទេស​បើក​ការ​បង្ក្រាប​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ​ដោយ​ប្រើ​គ្រាប់​រ៉ុកកែត​បាញ់​ពីលើ​ឧទ្ធម្ភាគចក្រ​ទៅ​ទៀត​ផង។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម អាដហុក (Adhoc) លោក​ប៉ែន ប៊ុណ្ណារ៍ លើក​ឡើង​ ថា ការ​លើក​ឡើង​របស់​លោក សុខ ឥសាន គឺ​ជា​ការ​និយាយ​ដោះ​សារ​ការពារ​គណបក្ស​កាន់​អំណាច​របស់​ខ្លួន​ទាំង​បំពាន​ការ​ពិត​ប៉ុន្តែ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ព្រៃ​ឈើ​នៅ​កម្ពុជា​ពិត​ប្រាកដ​នោះ​ទេ។លោក​សង្កេត​ឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ គឺ​មាន​ទំហំ​ធំធេង​ហើយ​ផល​ប្រយោជន៍​ជា​ច្រើន​ដូច​ជា លុយ និង​ដីធ្លី​គឺ​បាន​ទៅ​ លើ​ក្រុម​អ្នក​មាន​អំណាច​ និង​ឧកញ៉ា​ដែល​ខិលខូច​មួយ​ចំនួន​ចំណែក​ពលរដ្ឋ​វិញ​ ទទួល​បានផល​ប្រយោជន៍​តិច​តូច​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ ប្រសិន​បើ​លោក សុខ ឥសាន លើក​ហេតុ​ផល​ថា ព្រៃ​ឈើ​បាត់​បង់​ដោយសារ​យក​ដី​ឱ្យ​ប្រជាជន​ធ្វើ​ផ្ទះ​នោះ គឺ​បង្ហាញ​ថា រដ្ឋ​អសមត្ថភាព​ចាត់ចែង​ដី​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ទៅ​តាម​ច្បាប់៖ «យើង​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​នេះ​មិនមែន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ជាតិ​ទេ​។យើង​ឃើញ​ថា ថវិកា​តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម​ក្នុង​មួយ​ឆ្នាំៗ គឺ​ថា ផល​ដែល​ចូល​ពី​ផល​ព្រៃ​ឈើ​តិចតួច​ណាស់​បើ​យើង​ប្រៀបធៀប​ការ​បាត់បង់​ឈើ​ដែល​នាំចេញ​ទៅ​ក្រៅ​ប្រទេស​រាប់​រយ​លាន​ដុល្លារ​ឯ​ណោះ។ណា​មួយ​យើង​ឃើញ​ថា ច្បាប់ មាន​ចែង​ពី​សម្បទាន​សង្គមកិច្ច​មានន័យថា​រដ្ឋ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្នក​ខ្វះ​ខាត​ដី។ ដូច្នេះ​រដ្ឋ​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​ស្រាវជ្រាវ​ផ្ដល់​ដី​ទៅ​ឱ្យ​អ្នក​ក្រីក្រ​ជា​សម្បទាន​សង្គមកិច្ច​ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ចូល​ទៅ​កាប់ព្រៃ​ឈើ​ ឬ​កាប់​រាន​ដី​ព្រៃ​ដោយឯកឯង​ទៀត»

រី​ឯ​សកម្ម​ជន​ការពារ​ព្រៃឈើ​មួយ​រូប​ទៀត គឺ​លោក​ ហេង​ ស្រស់​ យល់​ថា ការ​លើកឡើង​របស់​លោក សុខ ឥសាន នេះ​មិន​ចម្លែក​ទេ ព្រោះ​លោក​ត្រូវ​និយាយ​ការពារ​បក្ខពួក​របស់​លោក ហើយ​ម្យ៉ាង​ទៀត អាច​មិន​បាន​ដឹង​អ្វី​ទាំង​អស់ ទាក់ទង​នឹង​រឿង​បទ​ល្មើស​ព្រៃ​ឈើ និង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ។ លោក​ ហេង​ ស្រស់​ ស្រាវជ្រាវ​ឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កន្លង​មក​នេះ​មិន​ឃើញ​មាន​ការ​អភិវឌ្ឍ​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​នោះ​ទេ។ លោក​បន្ត​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ភាគ​ច្រើន គឺ​គ្រាន់​តែ​ចូល​ទៅ​កាប់​ព្រៃ​ឈើ​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ហើយ​មិន​បាន​ដំាំ​ដំណាំ ឬ​អភិវឌ្ឍ​អ្វី​នោះ​ទេ ដូចជា ក្រុមហ៊ុន​ដី​សម្បទាន​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច និង​នៅ​តំបន់​ព្រៃ​ឡង់​ជា​ដើម។ លោក​បន្ថែម​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​នៅ​របស់​ប្រជា​សហគមន៍ ដែល​រស់​នៅ​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ​ទៀត​ផង៖ «ក្រុមហ៊ុន​មួយ​ចំនួន គឺ​មិន​បាន​ធ្វើ​ទៅ​តាម​គោល​ការណ៍​របស់​ក្រ​សួង​ឬ​រដ្ឋាភិបាល​ទេ គឺ​ភាគ​ច្រើន​គាត់​ល្មើស​ដោយ​ទៅ​កាប់​ព្រៃ​យក​ទៅ​លក់​អស់​ គឺ​គាត់​ទុក​ដី​នោះ​ចោល​តែ​ម្តង​ដោយ​មិនខ្ចី​អភិវឌ្ឍ​និង​មិនខ្ចី​ដាំ​ដើម​អ្វី​សង​ទៅ​រដ្ឋាភិបាល​ហើយ​មិនខ្ចី​យក​ប្រជាពលរដ្ឋ​ចូល​ធ្វើ​ការ​នោះ​ទេ។ ក្រុមហ៊ុន​ទាំង​នោះ​សុខចិត្ត​ជួល​ពលរដ្ឋ ១រយ​ទៅ ២រយ​នាក់ ដើម្បី​ដើរ​កាប់​រំលំ​ដើម​ឈើ​ឱ្យ​ទៅ​ក្រុមហ៊ុន ហើយ​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​យ៉ាង​រលូន។ នេះ​ គឺ​ជា​យុទ្ធសាស្ត្រ​កាប់​បំផ្លាញ​ព្រៃឈើ។ សម្បទាន​សេដ្ឋកិច្ច​កន្លង​មក​នេះ គឺ​មិន​មាន​ផល​ប្រយោជន៍​ដល់​សហគមន៍​ទេ គឺ​មាន​តែ​ផល​ប្រយោជន៍​ទៅ​ខាង​ក្រុមហ៊ុន​អ្នកមាន​អំណាច​ និង​មន្ត្រី​មួយ​ចំនួន ដែល​ឃុបឃិត​គ្នា​លួច​ស៊ីញេ​ឱ្យ​មានការ​ដឹក​ឈើ​ស្របច្បាប់​រហូត សូម្បី​តែ​ព្រៃ​ការពារ​ក៏​ស៊ីញេ​ឱ្យ​កាប់​ឈើ​ធំៗ ដើម្បី​យកទុក​នៅ​ក្នុង​ដីសម្បទាន​វិញ ហើយ​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដែរ»

សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​សង្កេតឃើញ​ទៀត​ថា កន្លង​មក មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​រុករាន​ កាប់​ព្រៃ​ពិត​មែន​ ដើម្បី​យក​ដី​ធ្វើស្រែ​ចម្ការ​សម្រាប់​ទ្រទ្រង់​ជីវភាព ​ប៉ុន្តែ​តែង​តែ​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ហាម​ឃាត់​ ហើយ​តែង​តែ​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ​វិញ។

កាលពី​ឆ្នាំ២០១៨ អង្គការ​ GlobalWitness​ បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​ជា​ច្រើន​ស្ដីពី​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា​ដោយ​រក​ឃើញ​ថា វិនាសកម្ម​ព្រៃ​ឈើ​បង្ក​ឡើង​ដោយ​បុគ្គល​មាន​អំណាច​មាន​លុយ​ និង​មាន​ឥទ្ធិពល​ហើយ​បុគ្គល​ទាំង​នោះ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

របាយការណ៍​នេះ​បញ្ជាក់​ថា ព្រៃ​ឈើ​ត្រូវ​បាន​កាប់ និង​ដឹកជញ្ជូន​ចេញពី​តំបន់​ការពារ ឬ​តំបន់​អភិរក្ស​ ដូច​ជា តំបន់​ព្រៃ​ឡង់ និង​តំបន់​ការពារ​ស្ថិតនៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​កម្ពុជា​ជាប់​នឹង​ព្រំដែន​វៀតណាម​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល