ក្រុមហ៊ុន សំអឿន សុវណ្ណ នៅ​តែ​បន្ត​សកម្មភាព​ប្រមូល​ឈើ​ខ្នាត​ធំ​ក្នុង​ខេត្ត​ព្រះវិហារ

ដោយ វ៉ែន សុមេធ
2019.05.21
ព្រៃព្រះរកា 011619 ៦២២ រថយន្ត​កែច្នៃ​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ចេញ​ពី​តំបន់​ត្រពាំង​រមាស និង​វាល​ស្រែ​ស្នូល ក្នុង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ សហគមន៍

សកម្មជន​បរិស្ថាន​ និង​ សហគមន៍​នៅ​ខេត្តព្រះវិហារ​ អះអាង​ថា​ ក្រុមហ៊ុន​សំ​អឿន​ សុវណ្ណ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ព្រៃ​អភិរក្ស​ និង​ព្រៃ​សហគមន៍​ ចូល​ការដ្ឋាន​ក្រុមហ៊ុន​ដដែល​ ពុំ​មាន​ស្ថាប័ន​ណា​ ចុះ​ស៊ើបអង្កេត​នៅឡើយ​ទេ​ បើ​ទោះបីជា​ពួកគេ​បាន​ផ្តល់​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នេះ​ជាច្រើន​សារ​ក្តី។

អ្នកភូមិ​ថា ក្រុមហ៊ុន​នេះ​ បាន​ដឹកជញ្ជូន​ឈើ​ តាម​រថយន្ត​យី​ឌុប​ ចេញក្រៅ​នៅពេល​យប់​ ដោយ​ឆ្លង កាត់​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ ទំនងយក​ទៅ​លក់​នៅ​ក្រៅប្រទេស។

ប្រជា​សហគមន៍​រស់នៅ​ឃុំ​សង្កែ​ពីរ​ ស្រុក​ឆែប និង​សកម្មជន​បរិស្ថាន សង្កេត​ឃើញ​ថា ការ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ ពី​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​ ព្រៃ​សហគមន៍​ និង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ ពី​សំណាក់​ក្រុមហ៊ុន​សំ​អឿន​ សុវណ្ណ​ គឺ​ ធ្វើឲ្យ​ដើម​ឈើ​ធំៗ ក្នុង​តំបន់​ព្រៃ​ការ​ពារ​ធម្ម​ជាតិ​ទាំងនោះ​នឹង​រលាយ​ទាំង​ស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

សហគមន៍​រស់នៅ​ឃុំសង្កែពីរថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ ឧសភា​ថា ព្រៃ​សហគមន៍​សាមគ្គី​សង្កែ​ពីរ និង​ព្រៃ​សហគមន៍​ផ្សេង​ទៀត ឋិត​ក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យសែន​ បាន​បាត់បង់​ដើម​ឈើ​ធំៗ អស់​ស្ទើរ​ទាំង​ស្រុង​ ដោយសារ​អ្នកភូមិ​ខ្លះ​សម្រុក​ដណ្តើម​គ្នា​កាប់​ យក​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ សំអឿន​ សុវណ្ណ។ លើស​ពី​នេះ​ ក្រុមហ៊ុន​នេះ​ បាន​កែន​ពល​រដ្ឋ​ឲ្យ​ចូល​ព្រៃ​ឡង់​ និង​ព្រៃ​ព្រះ​រកា​ កាប់​​ឈើ​ធំៗ​លក់​ឲ្យ​ខ្លួន​ ក្រោយពី​ប្រមូល​ទិញ​ឈើ​ក្នុង​ព្រៃ​សហគមន៍​ នៅ​តំបន់​នោះ​អស់​ស្ទើរ​ទាំង​ស្រុង។ លោក​ថា​ ស្ទើរ​ជា​រៀង​រាល់​យប់​ មាន​រថយន្ត​យី​ឌុប​ធំៗ​ បាន​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ការដ្ឋាន​ក្រុមហ៊ុន សំ​អឿន សុវណ្ណ​ ឆ្លង​កាត់​ខេត្ត​កំពង់ធំ៖ «រឿង​ផល​ប៉ះពាល់ គឺ​ប៉ះ​ពាល់​ខ្លាំង​ណាស់ ពលរដ្ឋ​ភ័យ​ព្រួយ​អត់​មាន​ឈើ​ធ្វើ​ផ្ទះ​សម្បែង បើ​វា​ដឹក​ឈើ​រាល់​តែ​យប់ មួយ​យប់ៗ ៤ ទៅ ១០អា​យីឌុប (រថយន្ត​ធុន​ធំ)។ ពលរដ្ឋ​គ្នា​ភ័យ​ព្រួយ តែ​ធ្វើ​យ៉ាង​ម៉េច​ទៅ​រួច​គ្នា។ សព្វ​ថ្ងៃ​ដូច​ប៉ូលិស​អី​ទប់​ស្កាត់​អី​វា បើ​ឃើញ​ឡាន មិន​ហ៊ាន​ងើប​ក្បាល​ផង»

សេចក្តី​រាយការណ៍​ពី​សហគមន៍​ឃុំ​សង្កែ​ពីរ​ ឲ្យដឹង​ថា ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​បើក​ទីតាំង​ប្រមូល​ទិញ​ឈើ​ ក្នុង​បរិវេណ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ហេង ហ្វូ ដោយ​យក​លេស​ថា ប្រមូល​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​លិខិត​អនុញ្ញាត តែ​ធាតុ​ពិត​ក្រុមហ៊ុន​នេះ បាន​ទិញ​ឈើ​គ្រប់​តំបន់​ ជា​ពិសេស ឈើ​ដែល​យក​ចេញ​ ពី​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ ក្នុង​ស្រុក​ឆែប​ ស្រុក​ត្បែង​មានជ័យ​ និង​ស្រុក​ជ័យ​ សែន​ ខេត្តព្រះវិហារ​ និង​មាន​ឈើ​ខ្លះ​ដឹក​ចេញពី​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ផង។

សកម្មជន​បរិស្ថាន​ដែល​ចុះ​សង្កេត​រឿង​នេះ​ លោក​ ហេង​ ស្រស់​ អះអាង​ថា​ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ខាង​ក្រៅ​ ចូល​ការដ្ឋាន​ក្រុមហ៊ុន​បាន​ ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ បាន​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ។ លោក​ថា​ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ មិន​ត្រឹម​តែ​មិន​អើពើ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទេ​ បែរ​ជា​ចេញ​មុខ​កាង​ការពារ​ បទ​ល្មើស​ព្រៃឈើ​ឲ្យ​ឈ្មូញ​ ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចូល​ក្រុមហ៊ុន​យ៉ាង​រលូន។ រី​ឯ​ក្រុម​ការងារ​លោក​ បាន​ចុះ​ដល់​ទី​តាំង​ទិញ​ឈើ​របស់​ក្រុមហ៊ុន​នេះ​ដែរ​ កាល​ពី​សប្តាហ៍​មុន​ ប្រទះ​ឃើញ​សន្តិសុខ​យាម​ល្បាត​យ៉ាង​ប្រុង​ប្រយ័ត្ន​ ហើយ​ថ្មីៗ នេះ​ ក្រុម​ឈ្មូ​ញក៏​កំពុង​សម្រុក​កាប់​ឈើ​ក្នុង​ព្រៃ​សហ​គម​ន៍​ដែល​នៅ​សេសសល់​ចុង​ក្រោយ​ចំនួន ២ភូមិ​ទៀត​ នៅ​ក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ«ដល់​ម៉ោង ៨កន្លះ​គេ​ប្រើ​រថយន្ត​សាំងយ៉ុង (Ssang Yong) ដឹក​ចេញ​ពី​ភូមិ​ចូល​ក្រុមហ៊ុន​ហ្នឹង ដល់​ម៉ោង ៩កន្លះ គឺ​គេ​ប្រើ​គោយន្ត​កែច្នៃ​ដឹក។ តំបន់​នោះ​ចូល​អត់​ចុះ​តែ​ម្តង គឺ តែ​ចូល​ទៅ គឺ​ភ្នែក​នៅ​ឆ្អឹង​ក​តែ​ម្តង ដោយសារ​តែ​គេ​មាន​គ្នា​គេ​កាង គេ​មក​បំភ័យ​យើង និង​គំរាម​កំហែង​យើង»

ក្រុមហ៊ុន​ សំ​អឿន​ សុវណ្ណ​ ទទួល​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្ទៃដី​ជាង​ ៤ពាន់​ ហិកតារ (.៣៣៤​.៦១) ឋិត​ក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យសែន​ ខែត្រ​ព្រះវិហារ​ តាំង​ពី​ឆ្នាំ​ ២០១៥​ ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ សហការ​សិក្សា​ពី​ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​បាន។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ អភិបាល​ខេត្ត​ព្រះវិហារ​ លោក​ អ៊ុន​ ចាន់​ដា​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ លោក​ ស្រី​ វុឌ្ឍី​ និង​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល ចំណែក​តំណាង​ក្រុមហ៊ុន​ សំអឿន​ សុវណ្ណ​ និង​អភិបាល​ស្រុក​ឆែប​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ទី២០​ ឧសភា​​នេះ។

មន្ត្រី​សម្របសម្រួល​សមា​គម អាដហុក​ ខេត្ត​ព្រះវិហារ​ លោក ឡោ​ ចាន់ សង្កេត​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​បែក​គំនិត​ចូល​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ ដោយសារ​ពួក​គាត់​មិន​ទុក​ចិត្ត​អាជ្ញាធរ​ពាក់ព័ន្ធ​ថា នឹង​អាច​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​បាន។ លោក​យល់​ថា ក្រសួង​ និង​អាជ្ញាធរ​ខេត្ត​ គួរ​តែ​ចុះ​ស៊ើប​អង្កេត​ក្រុមហ៊ុន​នេះ​ ក្រោយ​ពី​សកម្មជន​បរិស្ថាន​ និង​សហគមន៍​មូលដ្ឋាន​ត្អូញ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​ជា​បន្ត​បន្ទាប់«ប្រជាពលរដ្ឋ​ដែល​គាត់​ខំ​ការពារ​ហើយ​បែរ​ជា​ក្រុមហ៊ុន ពិត​ជា​អ្វី​ដែល​ពលរដ្ឋ​ចោទ​មែន ស្ថាប័ន​ជំនាញ​គួរ​ណា​តែ​បើក​ការ​ស៊ើប​អង្កេត​បឋម​មួយ​សិន​ទៅ»

កន្លង​ទៅ​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ លោក រ៉ាយ ប៊ុនធីន បាន​ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក សាយ សំអាល់ ឲ្យ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន សំអឿន សុវណ្ណ​ ថា មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​ ពី​ក្រុមហ៊ុន​​ចិន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ លើ​ផ្ទៃដី​ជាង ៤ពាន់​ហិកតារ​ ក្នុង​ស្រុក​ឆែប​ និង​ស្រុក​ជ័យ​ សែន​ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ប្រមូល​ទិញ​ឈើ​ ពី​ព្រៃ​ព្រះ​រកា​ និង​ព្រៃ​នៅតំបន់​ផ្សេងទៀត​ជា​យូរ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។