សកម្មជន​ជំរុញ​ឱ្យ​ក្រុម​អង្គការ​បរិស្ថាន​រាយការណ៍​ព័ត៌មាន​ពិត​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2018.04.22
អ៊ូច ឡេង ២០១៦ ៨៥៥ ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស និង​សកម្មជន​ព្រៃឈើ ជំរុញ​ឱ្យ​ក្រុម​អង្គការ​អភិរក្ស​បរិស្ថាន​មួយ​ចំនួន ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ចំពោះ​បទល្មើស​ធនធានធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ឱ្យ​ហ៊ាន​លើកឡើង​ពី​ការពិត ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ដទៃ​ទៀត នៅ​ទូទាំង​ប្រទេស។ កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​មូលនិធិ​សកល សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) អង្គការ​អភិរក្ស​សាកល (CI) អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) រួម​ទាំង​អង្គការ​មួយ​ចំនួន​ទៀត សរុប​ជិត ១០ អង្គការ ឲ្យ​ដឹង​ថា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះវិហារ កំពុង​ទទួលរង​ការ​កាប់​រាន ទន្ទ្រាន​យក​ដី ទ្រង់ទ្រាយ​ធំ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន សមាគម​អាដហុក (Adhoc) លោក ប៉ែន បុណ្ណារ៍ ជំរុញ​ឱ្យ​អង្គការ​ទាំងនោះ ប្រើ​មធ្យោបាយ​តស៊ូ​មតិ​បែប​ថ្មី ដែល​មាន​ប្រសិទ្ធភាព​ជាង​នេះ មិន​គួរ​ត្រឹមតែ​ចេញ​សេចក្ដីថ្លែងការណ៍ រួច​ហើយក៏​ស្ងប់​ស្ងាត់បាត់​ឈឹង ដូច្នេះ​នោះ​ទេ។ លោក​ថាបើ​ក្រុម​អង្គការ​អភិរក្ស​បរិស្ថាន​ទាំងនោះ រកឃើញ​ថា មាន​បទល្មើស​ឧក្រិដ្ឋ កំពុង​កើតឡើង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះវិហារ​ហើយ​នោះ ពួកគេ​គួរតែ​រួមគ្នា​ដាក់​បណ្ដឹង​បរិហារ​ផ្លូវការ ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ឱ្យ​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់ ទៅលើ​ជនល្មើស៖ «កន្លងទៅ​យើង​មិន​ឃើញ​មាន​អ្នកណា​ដាក់​បន្ទុក​លើ​មន្ត្រី​ដែល​មាន​តួនាទី​ទទួលខុសត្រូវ មានតែ​រដ្ឋាភិបាល​មួយ​ទេ បើ​ឃើញ​ខុស​ខ្លាំង គាត់​ដក​យក​ទៅ​ដាក់​តួនាទី​មួយទៀត គឺ​ដក​ប្ដូរ​គ្នា ក៏ប៉ុន្តែ​ការ​ផ្ដន្ទាទោស ឬ​ការ​ទទួលខុសត្រូវ​ហ្នឹង វា​អត់​មាន។ ដូច្នេះ​ធ្វើ​ឱ្យ​មន្ត្រី​ទាំងអស់​ហ្នឹង គាត់​អត់​ខ្លាច​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ទេ។ គាត់​ទៅ​កន្លែង​មួយទៀត គាត់​ប្រព្រឹត្ត​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ទាំងអស់​នោះ​ទៀត រហូតដល់​មាន​ធ្វើ​សំណើ​ទៅ​ព្រះមហាក្សត្រ​លុបចោល​ដែន​ជម្រក​សត្វព្រៃ​រាប់ម៉ឺន​ហិកតារ​ថែមទៀត ខណៈ​មន្ត្រី​ដែល​ទទួលខុសត្រូវ​នៅ​តំបន់​ទាំងនោះ អត់​មាន​អ្នកណា​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​សោះ។ អ៊ីចឹង​បានជា​យើង​ទាមទារ​ឱ្យ​មន្ត្រី​អង្គការ​ទាំងនោះ​រួមគ្នា​ដាក់​បណ្ដឹង​បរិហារ​វិញ កុំ​ចេញ​សេចក្ដីថ្លែងការណ៍​ចោល ដើម្បី​ឱ្យ​តែ​ល្អ​មើល​ថា ខ្លួន​បាន​ធ្វើ​ការងារ​ដែរ»

សេចក្ដីថ្លែងការណ៍​រួម បាន​អះអាង​ថា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះវិហារ កំពុង​ទទួលរង​ការ​កាប់​រាន ទន្ទ្រាន​យក​ដី​ទ្រង់ទ្រាយ​ធំ ការ​ចាប់​យក​ដី​ព្រៃ​ជា​កម្មសិទ្ធិ​ដើម្បី​ការ​លក់ដូរ ការ​កាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ ដោយ​ខុសច្បាប់​ជាដើម។ អង្គការ​ទាំងនេះ​អះអាង​ថា សត្វព្រៃ​សំខាន់ៗ មាន​ដូចជា ទន្សោង ខ្លា​ពពក ខ្លាឃ្មុំ ស្វា​ព្រាម ទោច ពង្រូល ឆ្កែព្រៃ និង​ប្រភេទ​សត្វ​ស្លាប​ទឹក​ធំៗ​ជាច្រើន​ទៀត នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង និង​បាត់បង់។ ក្រុម​អង្គការ​ទាំងនេះ អំពាវនាវ ដល់​អាជ្ញាធរ នៃ​របប​ក្រុងភ្នំពេញ ឱ្យ​ចាត់​វិធានការ​ជាបន្ទាន់ លើ​ជនល្មើស​ទាំងឡាយ​ណា ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស ក្នុង​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ។

លោក ប៉ែន បុណ្ណារ៍ ជឿជាក់​ថា ក្រុម​អង្គការ​ផ្នែក​អភិរក្ស និង​បរិស្ថាន​ទាំងនេះ សុទ្ធសឹងតែ​ជា​អង្គការ​ធំៗ ដែល​សម្បូរ​ទៅ​ដោយ​អ្នកច្បាប់ និង​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​តតាំង​តាម​ផ្លូវ​ច្បាប់ ចំពោះ​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​តំបន់​អភិរក្ស៖ «មន្ត្រី​ដែល​ធ្វើការ​ក្នុង​អង្គការ​ទាំងនោះ សុទ្ធ​តែ​ជា​អ្នកច្បាប់ ដូច្នេះ​គួរតែ​ជ្រើស​រើស​យក​វិធានការ​ផ្លូវច្បាប់​ណាមួយ​ដែល​មាន​ប្រសិទ្ធភាព ជាជាង​ការ​ចេញ​សេចក្ដី​អំពាវនាវ ពីព្រោះ​តាម​ផ្លូវ​ច្បាប់​មាត្រា ៥២៨ និង ៥២៩ គឺជា​មាត្រា​សំខាន់​ដែល​យើង​ត្រូវ​យក​មក​អនុវត្ត​ទាំងអស់​គ្នា ទាំង​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ទូទាំង​ប្រទេស ដើម្បី​ធ្វើ​យ៉ាងណា​ផ្ដល់​ការទទួលខុសត្រូវ​ឱ្យ​ទៅ​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​នោះ»

បណ្ដឹង​បរិហារ គឺជា​បណ្ដឹង​ប្រាប់​ឱ្យ​ដឹង​នូវ​អំពើ​ល្មើស ឬ​បទល្មើស​អ្វីមួយ ក្នុង​បំណង ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់ការ​តាម​សមត្ថកិច្ច​របស់​ខ្លួន ដែល​ច្បាប់​បាន​កំណត់។ បុគ្គល​គ្រប់រូប រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​រដ្ឋ ឬ​រដ្ឋ​បរទេស​នានា សុទ្ធសឹងតែ​អាច​ធ្វើ​បណ្ដឹង​បរិហារ​នេះ បាន​ទាំងអស់ ហើយ​ក្រមព្រហ្មទណ្ឌ​មាត្រា ៥២៩ ចែងថា រាល់​បុគ្គល​ណា ដែល​បាន​ដឹង​ពី​បទ​ឧក្រិដ្ឋ ដែល​អាច​នឹង​បង្ការ ឬ​បន្ថយ​អានុភាព​របស់​បទល្មើស​បាន ហើយ​មិន​ប្ដឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្សេងទៀត នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ខែ​ទៅ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ សែន​ទៅ ២ លាន​រៀល។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​អង្គការ​អភិរក្ស និង​បរិស្ថាន​ទាំង​នោះ​ដែរ ដើម្បី​សុំ​ការ​បកស្រាយ ប៉ុន្តែ​ពួកគេ​ខ្លះ​ថ្លែង​ថា មិនទាន់​បាន​ដឹង​រឿង​នេះ។ ខ្លះ​ទៀត​ថា មិន​សូវ​ច្បាស់​អំពី​បញ្ហា​នេះ ហើយ​អ្នក​ឯទៀត មិន​អាច​ទាក់ទង​បាន។ ចំណែក​ក្រសួង​បរិស្ថាន ក៏​មិន​ទាន់​មាន​ការ​ឆ្លើយតប រឿង​បទល្មើស​ធនធានធម្មជាតិ នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​នៅឡើយ​ដែរ។

កាលពី​ខែ​មុន របប​ក្រុងភ្នំពេញ ទើបនឹង​បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ ពីរ​កន្លែង​ដែល​មាន​ផ្ទៃដី ជាង ១១​ម៉ឺន​ហិកតារ គឺ​ដែន​ជម្រក​សត្វព្រៃ​ស្នួល ក្នុង​ខេត្ត​ក្រចេះ និង​ដែន​ជម្រក​សត្វព្រៃ​រនាម​ដូន​សំ ក្នុង​ខេត្ត​បាត់ដំបង។ ក្រសួង​បរិស្ថាន​បកស្រាយ​ថា ការ​រំសាយ​តំបន់​អភិរក្ស​ទាំងពីរ​នេះ គឺ​ដោយសារ​តំបន់​ទាំងនេះ បាន​បាត់បង់​មុខងារ និង​សក្ដានុពល ជា​តំបន់​អភិរក្ស​ជម្រក​សត្វព្រៃ អស់​ទៅ​ហើយ។ ទោះបីជា​យ៉ាងណា សកម្មជន​បរិស្ថាន ចាត់​ទុក​ការ​បកស្រាយ​នេះ​ថា ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​បង្ហាញ ពី​ការ​គេចវេះ មិន​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ជំនាញ ដែល​បណ្ដោយ​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ក្នុង​តំបន់​គ្រប់គ្រង​របស់​ខ្លួន។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​សកម្មជន​ព្រៃឈើ​ដ៏​ល្បី​មួយ​រូប គឺ​លោក អ៊ូច ឡេង អះអាង​ថា តំបន់​ព្រៃ​អភិរក្ស​គ្រប់​ទីកន្លែង នៅ​ទូទាំង​ប្រទេស​បាន​រង​នូវ​ការ​បំផ្លិចបំផ្លាញ ឥត​ឈប់ឈរ ធ្វើ​ឱ្យ​ធនធានធម្មជាតិ ក្នុង​តំបន់​ទាំងនោះ ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់។ លោក​អះអាង​ថា ដែន​ជម្រក​សត្វព្រៃ​ជាច្រើន ដូចជា ភ្នំ​ឱរ៉ាល់ បឹងពែរគូលែន​ព្រហ្មទេព ភ្នំ​ព្រេច ភ្នំ​ណាមលៀរ ព្រៃ​ឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​ជាដើម បូករួម​ទាំង​តំបន់​ឧទ្យាន​ជាតិ និង​ព្រៃ​សហគមន៍​ផង​នោះ សុទ្ធតែ​បាន​រង​ការ​រុករាន ទន្ទ្រាន​យក​ដី ការ​កាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ដោយ​គ្មាន​ត្រា​ប្រណី ធ្វើ​ឱ្យ​តំបន់​ទាំងនោះ​បាត់​ទ្រង់ទ្រាយ និង​សក្ដានុពល​ធនធានធម្មជាតិ​របស់​ខ្លួន ជា​គំហុក​។ លោក​អះអាង​ថា ជន​ប្រព្រឹត្ត​ភាគច្រើន សុទ្ធ​សឹង​ជា​បុគ្គល​មាន​លុយ និង​មានអំណាច និង​ខ្លះ​ទៀត​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច ពី​របប​ក្រុងភ្នំពេញ ដូច្នេះ​ពួកគេ​នៅតែ​រួចខ្លួន​ពី​សំណាញ់​ច្បាប់៖ «អ្នក​ដែល​ទន្ទ្រាន​យក​ព្រៃឈើ និង​ដីធ្លី​សុទ្ធតែ​គ្នាឯង គាត់​សុទ្ធ​តែ​មាន​ឋានន្តរសក្ដិ​ខ្ពង់ខ្ពស់ និង​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល ដូច្នេះ (​អាជ្ញាធរ​) នឹង​មិន​ហ៊ាន​ចាត់វិធានការ​ទេ ព្រោះ​គាត់​ខិតខំ​បម្រើ​រដ្ឋាភិបាល​ច្រើន​ឆ្នាំ​មក​ហើយ។ តំបន់ (​អភិរក្ស​) ផ្សេងៗ​ទៀត អាច​ប្រឈមមុខ​នឹង​ការ​រំលាយ​ចោល​ដែរ បើ​មិន​រំលាយ​ក៏​តំបន់​ទាំងនោះ​មានតែ​ឈ្មោះ​ដែរ មិន​មាន​ព្រៃឈើ និង​សត្វព្រៃ​នោះ​ឡើយ»

ទាក់ទង​នឹង​សេចក្ដីថ្លែងការណ៍ របស់​ក្រុម​អង្គការ​អភិរក្ស​បរិស្ថាន​វិញ លោក អ៊ូច ឡេង រិះគន់​ថា នេះ​គ្រាន់តែ​ជា​ការ​ធ្វើ​ឱ្យ​តែ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​លោក​កត់សម្គាល់ ថា ក្រុម​អង្គការ​ទាំងនោះ មិន​ហ៊ាន​រាយការណ៍​ពិត ពី​រឿង​វិនាសកម្ម​ព្រៃឈើ និង​ធនធាន​ធម្មជាតិ ក្នុង​តំបន់​ដែល​ពួកគេ​ឈរជើង​នោះ​ឡើយ ស្រប​ពេល​ដែល​ក្រុម​អង្គការ​ទាំងនោះ ទទួល​ជំនួយ​យ៉ាង​សន្ធឹកសន្ធាប់ ពី​ដៃគូ​អភិវឌ្ឍន៍ អង្គការ​អន្តរជាតិ និង​រដ្ឋាភិបាល​កម្ពុជា៖ «វា​មិន​មាន​អ្នកណា​ទេ​ក្រៅពី​អង្គការ​ទាំងនោះ​ក្នុង​ការ​ការពារ​តំបន់​អភិរក្ស ព្រោះ​ថាបើ​អង្គការ​ទាំងនោះ​ចូល​ទៅ​ហើយ មិន​មាន​អង្គការ ឬ​ម្ចាស់​ជំនួយ​ណា​ផ្សេងទៀត​អាច​ចូល​ទៅ​ការពារ​បានទេ អ៊ីចឹង​យើង​ពឹង​ផ្អែកលើ​អង្គការ​ម្ចាស់​ជំនួយ​អន្តរជាតិ​ទាំងនោះ​ដែល​ខិតខំ​ធ្វើការ​នៅ​តំបន់​នោះ ក៏ប៉ុន្តែ​ពួកគាត់​ធ្វើ​អស់​លុយ​រាប់​លាន​ដុល្លារ​ហើយ ទីបំផុត​មិន​ឃើញ​មាន​លទ្ធផល​អ្វី​ឡើយ។ មិន​ហ៊ាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ មិន​ហ៊ាន​ចេញ​របាយការណ៍​ដាក់​ជូន​ឱ្យ​រដ្ឋាភិបាល ជាពិសេស អង្គការ​ទាំងនោះ​មិនបាន​ក្រោក​ឈរ​ឡើង​និយាយ​អំពី​ការពិត​នោះ​ទេ»

ម្ចាស់​ពានរង្វាន់​វីរជន​ការពារ​បរិស្ថាន​រូប​នេះ ជំរុញ​ឱ្យ​ក្រុម​អង្គការ​ទាំងនោះ បំពេញការងារ​ឱ្យ​បាន​ត្រឹមត្រូវ និង​ហ៊ាន​លើកឡើង ពី​ការពិត​នៃ​វិនាសកម្ម​ព្រៃឈើ ដើម្បី​ជំរុញ​ឱ្យ​មាន​កំណែទម្រង់​ចំពោះ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។