សហគមន៍​ព្រៃ​ស្រោង​នៅ​អន្លង់វែង​អំពាវនាវ​ឲ្យ​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​យក​ដី

ដោយ ហង្ស សាវយុត
2015.06.16
ព្រះសង្ឃ​ការពារ​ព្រៃ​ឈើ ឧត្ដរមានជ័យ ៦២០ សកម្មភាព​ព្រះសង្ឃ​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ឧត្ដរមានជ័យ។ រូបថត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០
Photo: RFA

ព្រៃ​ឈើ​ទំហំ​ប្រមាណ​ជាង ៦.៣០០​ហិកតារ ដែល​គ្រប់គ្រង​ដោយ​សហគមន៍​ព្រៃ​ស្រោង នៅ​ឃុំ​លំទង ស្រុក​អន្លង់វែង កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ខ្លាំង​ពី​ក្រុម​មនុស្ស​ចំណូល​ថ្មី ដើម្បី​យក​ដី​ធ្វើ​ចម្ការ​នៅ​តំបន់​នោះ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​ឲ្យ​ដឹង​ថា គេ​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ចាត់​វិធានការ​ជួយ​ទប់ស្កាត់​ចលនា​កាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​យក​ដី​នេះ ក៏ប៉ុន្តែ​គេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ កំពុង​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឲ្យ​ជួយ​ទប់ស្កាត់​ចលនា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​សហគមន៍​ព្រៃ​ស្រោង នា​ឃុំ​លំទង ស្រុក​អន្លង់វែង ជា​បន្ទាន់។

ការ​អំពាវនាវ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គេ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​មាន​ក្រុម​មនុស្ស​ចំណូល​ថ្មី​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​យក​ដី​ធ្វើ​ចម្ការ។

ប្រធាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ ខេត្ត​ឧត្តរមានជ័យ គឺ​លោក សារ ថ្លៃ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១៦ ខែ​មិថុនា ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ខ្លះ​មក​ពី​ស្រុក​វ៉ារិន ស្រុក​អង្គរជុំ ខេត្ត​សៀមរាប និង​ខ្លះ​ទៀត​មក​ពី​ខេត្ត​ផ្សេង​ដូចជា​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ចាម ជាដើម កំពុង​នាំ​គ្នា​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ​របស់​សហគមន៍​ព្រៃ​ស្រោង​អស់​ជាច្រើន​រយ​ហិកតារ។ លោក សារ ថ្លៃ ព្រួយ​បារម្ភ​ខ្លាច​ព្រៃ​សហគមន៍​ដ៏​ធំ​មួយ​នេះ​បាត់បង់ ហើយ​លោក​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ឲ្យ​ជួយ​មាន​វិធានការ​ទប់ស្កាត់ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​ឆ្លើយ​តប​ថា​យ៉ាង​ណា​នៅ​ឡើយ៖ «គេ​កាប់​រាល់​ថ្ងៃ យើង​ទៅ​កាក់​គេ កាក់​បាន​ថ្ងៃ​នេះ ស្អែក​ឡើង​គេ​ចូល​មក​កាប់​វិញ​ដដែល។ បើ​ក្រុម​ការងារ​ខេត្ត​ទៅ​ជួយ គឺ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ម៉េច​ដាក់​កម្លាំង​សហគមន៍​ឆ្វែល​ជុំវិញ​បណ្តោយ»

ប្រធាន​សហគមន៍​ព្រៃ​ស្រោង លោក ហែម ហុង មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា រូបភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​យក​ដី​នេះ គឺ​មាន​ស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ ពីព្រោះ​អ្នក​ខ្លះ​បាន​ប្រើ​កម្មករ​ឲ្យ​ចូល​កាប់​យក​ទំហំ​ដី​រហូត​ដល់​ទៅ ១០​ហិកតារ​ក្នុង​មួយ​ម្ចាស់​ក៏​មាន។ លោក ហែម ហុង បញ្ជាក់​ថា ការ​កាប់​ព្រៃ​សហគមន៍​ដើម្បី​យក​ដី​ចាប់​តាំង​តែ​ពី ២-៣​ខែ​មុន រហូត​មក​ដល់​ពេល​នេះ បាន​បង្ក​ឲ្យ​មាន​មហន្តរាយ​ព្រៃ​ឈើ​យ៉ាង​ធំ​ធេង៖ «វា​អាច​នឹង​បាត់បង់ បើ​សិន​ជា​អាជ្ញាធរ ឬ​ក៏​រដ្ឋបាល​ព្រៃ​ឈើ មិន​មាន​វិធានការ​ជួយ​ទប់ស្កាត់ ប្រហែល​យ៉ាង​យូរ​ណាស់ ២ ទៅ ៣​ខែ​ទៀត​បាត់បង់​ព្រៃ​ទាំង​ស្រុង»

ព្រៃ​ឈើ​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​ព្រៃ​ស្រោង តាំង​ពី​ឆ្នាំ​២០០៤ គឺ​មាន​ទំហំ ៦.៣៤៤​ហិកតារ ដែល​ស្ថិត​នៅ​ចន្លោះ​ភូមិសាស្ត្រ ភូមិ​ស្រឡៅស្រោង ភូមិ​លំទងចាស់ ភូមិ​អូរគគីរកណ្ដាល និង​ភូមិ​គោកសំព័រ នៃ​ឃុំ​លំទង ស្រុក​អន្លង់វែង។ ព្រៃ​នេះ​ក្រៅ​តែ​ពី​មាន​សារសំខាន់​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ដក​ផ្សិត បោច​ផ្ដៅ វល្លិ និង​រើស​ជ័រ​ចុង​យក​ទៅ​លក់​ដូរ វា​ក៏​ជា​ព្រៃ​ដែល​រដ្ឋាភិបាល​បាន​ចុះ​កិច្ចសន្យា​លក់​ឥណទាន​កាបូន​ទៅ​ឲ្យ​ទីផ្សារ​បរិស្ថាន​ពិភពលោក​ដែរ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​ឧត្តរមានជ័យ លោក ទៀង ដាវិទ្យ ក៏​បាន​ដឹង​ថា មាន​ចលនា​កាប់​ព្រៃ​យក​ដី​នៅ​ទីនោះ​ដែរ។ នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ដដែល​បញ្ជាក់​ថា ២-៣​លើក​មក​ហើយ គឺ​លោក​បាន​បញ្ជូន​កម្លាំង​ទៅ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​យក​ដី​សហគមន៍​នោះ ក៏ប៉ុន្តែ​ដោយសារ​តែ​កម្លាំង​សមត្ថកិច្ច​មាន​គ្នា​តិចតួច ទើប​មិន​អាច​ទប់ស្កាត់​ឈ្នះ។ លោក ទៀង ដាវិទ្យ ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​ឆាប់ៗ គឺ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរមានជ័យ នឹង​រៀបចំ​កម្លាំង​ចម្រុះ​ឲ្យ​ខ្លាំង ដើម្បី​ចុះ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​នេះ​ម្ដង​ទៀត ហើយ​ការ​ទប់ស្កាត់​នៅ​ពេល​ខាង​មុខ គឺ​នឹង​បង្ក្រាប​ឲ្យ​អស់ ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​សហគមន៍​ព្រៃ​ស្រោង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។