អ្នក​អភិរក្ស​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​បារម្ភ​បាត់​បង់​ព្រៃ​ឈើ​និង​ដី​អភិរក្ស

ដោយ ហ៊ុំ ចំរើន
2014.10.18
កាប់​ឈើ ប៉ៃលិន ៦២០ សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត នៅ​ចំណុច​ភ្នំ​ដំបង សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤
RFA/Hum Chamroeun

អ្នក​អភិរក្ស​ព្រៃ​ឈើ​របស់​អង្គការ​អន្តរជាតិ អិមជេភី (MJP) នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សកម្មភាព​កាប់​ព្រៃ​ឈើ​លើ​ដី​អភិរក្ស ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​កាន់​តែ​មាន​សភាព​ធ្ងន់​ឡើង​ជា​លំដាប់។

ចំណែក​ខាង​អាជ្ញាធរ​ដែន​ដី​វិញ មិន​ឃើញ​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ករណី​នោះ​ឡើយ។ នៅ​ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​បរិស្ថាន​ខេត្ត​ប៉ៃលិន បញ្ជាក់​ថា សកម្មភាព​កាប់​ឈើ​នោះ​មាន​តិចតួច ហើយ​អាជ្ញាធរ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​នេះ។

«ឥឡូវ​ដូច​យើង​នៅ​ឈរ​នៅ​ក្នុង​ព្រៃ​ទាំងអស់​គ្នា​នេះ យើង​អត់​ឃើញ​មាន​សត្វ​ព្រៃ យើង​អត់​មាន​ឃើញ​សូម្បី​បក្សាបក្សី អត់​ឃើញ​មាន​ហើរ​ព្រោងព្រាត​ផង។ ផ្ទុយ​ទៅ​វិញ បែរ​ជា​ឃើញ​ស្នាម​កាប់​ឈើ​ថ្មី ឃើញ​កំណាត់​ឈើ​ដួល​រនូត​ដដែល​ពេញ​ព្រៃ ហើយ​ឃើញ​វាល​ចម្ការ​ដែល​បាន​កាប់​ហើយ​ដាំ​ដំណាំ​ជំនួស​ព្រៃ​ឈើ​វិញ»

ដើម​ឈើ​តូច​ធំ​ជាច្រើន​នៅ​តំបន់​អភិរក្ស​ចំណុច​ភ្នំ​ដំបង សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​គេ​កាប់​ថ្មីៗ​ប្រមាណ​ជា ២​សប្ដាហ៍​កន្លង​ទៅ ហើយ​ផ្ដួល​ចោល​ពេញ​ដី​ប្រហែល​ជាង ២០​ហិកតារ។

ប្រធាន​អង្គការ អិមជេភី អភិរក្ស​ព្រៃ​ឈើ​នៅ​តំបន់​ប៉ៃលិន​បាត់ដំបង លោក ស្តាហ្វាន បុហ្គណា (Stephan Bognar) ថ្លែង​គ្រវី​ក្បាល​តតាត់​ទៅ​កាន់​ក្រុម​មន្ត្រី​អភិរក្ស បន្ទាប់​ពី​ចុះ​ត្រួត​ពិនិត្យ​រួម​គ្នា​នៅ​តំបន់​ព្រៃ​ឈើ​ចំណុច​ភ្នំ​ដំបង តាម​រយៈ​អ្នក​បកប្រែ​ថា លោក​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ដើម​ឈើ​ដែល​គេ​កាប់​ផ្ដួល​ចោល ហើយ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។ លោក​ថា បញ្ហា​នេះ​មិន​គួរ​កើត​ឡើង​ទាល់​តែ​សោះ ពីព្រោះ​ព្រៃ​ឈើ​មាន​សារសំខាន់​ណាស់​ដល់​អាយុ​ជីវិត​មនុស្ស។

លោក​បន្ត​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ប៉ៃលិន និង​បាត់ដំបង គួរ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ ចំពោះ​ករណី​នេះ បើ​ពុំ​ដូច្នោះ​ទេ ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស​អាច​នឹង​ហិនហោច​អស់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ជា​ពុំ​ខាន៖ «ឥឡូវ​ដូច​យើង​នៅ​ឈរ​នៅ​ក្នុង​ព្រៃ​ទាំងអស់​គ្នា​នេះ យើង​អត់​ឃើញ​មាន​សត្វ​ព្រៃ យើង​អត់​មាន​ឃើញ​សូម្បី​បក្សាបក្សី អត់​ឃើញ​មាន​ហើរ​ព្រោងព្រាត​ផង។ ផ្ទុយ​ទៅ​វិញ បែរ​ជា​ឃើញ​ស្នាម​កាប់​ឈើ​ថ្មី ឃើញ​កំណាត់​ឈើ​ដួល​រនូត​ដដែល​ពេញ​ព្រៃ ហើយ​ឃើញ​វាល​ចម្ការ​ដែល​បាន​កាប់​ហើយ​ដាំ​ដំណាំ​ជំនួស​ព្រៃ​ឈើ​វិញ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ប៉ៃលិន លោក គីម សុខា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៣ តុលា ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស​មាន​ចំនួន​តិចតួច ហើយ​ថា បញ្ហា​ដែល​កើត​ឡើង​កន្លង​មក អាជ្ញាធរ​តែង​តែ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្តបន្ទាប់ គឺ​មិន​បណ្ដោយ​ពួក​គេ​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា នឹង​មាន​វិធានការ​លើ​ការងារ​នេះ​បន្ត​ទៀត៖ «យើង​ត្រួត​ពិនិត្យ​ទៅ​យើង​ឃើញ​មាន​ពីរ​គ្រួសារ​នៅ​ភ្នំ​ដំបង។ បាទ! ហើយ​អា​ដែង​គាត់​មក​ពី​ខាង​ខេត្ត​បាត់ដំបង ហើយ​ពីរ​គ្រួសារ​ទៀត​នៅ​ខាង​ប៉ៃលិន ដែល​ពួក​ខ្ញុំ​បាន​អនុវត្ត​ច្បាប់​កិច្ចសន្យា គាត់​ហ្នឹង​គឺ​មាន​តែ ៤​ទេ សរុប​ទាំង​បាត់ដំបង ហើយ​និង​ប៉ៃលិន ហ្នឹង។ ហើយ​បើ​ឲ្យ​មាន​អី​ច្រើន​ទៀត គឺ​មិន​មាន​ទេ បើ​តាម​ស្មាន​មើល ប្រហែល​ជា​ម៉ា​ហិត (ហិកតារ) ២​ហិត​ទេ តែ​យើង​ទប់ស្កាត់​ទាន់​ពេល​វេលា»

សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត នៅ​ចំណុច​ភ្នំ​ដំបង សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤
សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត នៅ​ចំណុច​ភ្នំ​ដំបង សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤
RFA/Hum Chamroeun

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ស្តាហ្វាន បុហ្គណា កត់​សម្គាល់​ថា ការ​បំផ្លាញ​ព្រៃ​ឈើ​កន្លង​មក អាជ្ញាធរ​តែង​តែ​ឆ្លើយ​បដិសេធ​ជានិច្ច ប៉ុន្តែ​ភាព​ជាក់ស្ដែង​ពុំ​ដូច្នោះ​ឡើយ គឺ​ការ​កាប់​ព្រៃ​ឈើ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​តែ​កើន​ឡើង​ដដែល។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ផ្នែក​ឥណទាន​របស់​អង្គការ អិមជេភី ដែល​ធ្វើ​ការ​នៅ​តំបន់​អភិរក្ស​នោះ​ថ្លែង​ថា សកម្មភាព​ប្រជាពលរដ្ឋ​ដែល​ជា​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស ភាគ​ច្រើន​កើត​ចេញ​ពី​ការ​មិន​ទប់ស្កាត់​របស់​អាជ្ញាធរ​មូលដ្ឋាន។ លោក​បន្ត​ថា បើ​ទោះ​ជា​កន្លង​មក មាន​ទីស្នាក់ការ​របស់​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ដាក់​ប្រចាំ​ការ​នៅ​តំបន់​អភិរក្ស​ខ្លះ​មែន​ក៏ដោយ ប៉ុន្តែ​ប៉ុស្តិ៍​ប្រចាំ​ការ​ទាំង​នោះ​ហាក់​ធ្វើ​គ​ធ្វើ​ថ្លង់ បណ្ដោយ​ឲ្យ​គេ​លួច​កាប់​ឈើ​អស់​គ្មាន​សល់។ តំបន់​ដែល​ធ្លាប់​តែ​មាន​ព្រៃ​ក្រាស់​ឃ្មឹក ប្រែ​ក្លាយ​ទៅ​ជា​ទី​វាល​ស្រឡះ​ត្លេវ​បណ្ដើរៗ​ទៅ​ហើយ៖ «ហើយ​សួរ​ថា​ឆ្ងាយ​ពី​ប៉ុស្តិ៍​អត់​ជុំវិញ​ប៉ុស្តិ៍ ហើយ​អ៊ីចឹង​ប្រជាជន​ចេះ​មើល​បំណាំ។ អឺ! វា​ឈាន​រាល​ដាល​មក​ខាង​ព្រៃ​សហគមន៍​ផ្សេងៗ ដែល​យើង​ខំ​ការពារ​បង្កើត​សហគមន៍​ព្រៃ​ឈើ​អី​ហ្នឹង។ គាត់​ថា​ហឹ! អិមជេភី ការពារ​តែ​ភ្នំ​ខាង​ណេះ ផ្នែក​តំបន់​ការពារ​នោះ​កាប់​បំផ្លាញ​អស់​ហើយ។ អ៊ីចឹង​ការ​កាប់​បំផ្លាញ​នៅ​តំបន់​ហ្នឹង​ដែរ គឺ​អត់​មាន​ឃើញ​លទ្ធផល អឺ​ពី​មន្ត្រី​បរិស្ថាន​ជំនាញ​របស់​រដ្ឋាភិបាល​ហ្នឹង គាត់​មាន​ប្រតិកម្ម​ថា តើ​គួរ​តែ​ធ្វើ​យ៉ាង​ម៉េច? អត់​ដែល​មាន​រលីង តាំង​ពី​ខ្ញុំ​មក​ធ្វើ​ការ​ទី​នេះ ប្រហែល​ជា​រយៈពេល ៥​ឆ្នាំ​ហើយ។ អត់​ដែល​មាន​ឃើញ​មន្ត្រី​របស់​រដ្ឋាភិបាល​ហ្នឹង​ចាត់​វិធានការ​ទៅ​លើ​ជនល្មើស​ដែល​កាប់​ទន្ទ្រាន​យក​ដី​ហ្នឹង»

លោក​បន្ត​ថា កន្លង​មក ខាង​មន្ត្រី​អភិរក្ស​របស់​អង្គការ អិមជេភី តែង​ចុះ​ល្បាត​ទប់ស្កាត់ និង​តាម​ចាប់​ក្រុម​ប្រជាពលរដ្ឋ​អ្នក​កាប់​ព្រៃ​ឈើ​ជា​បន្តបន្ទាប់ រហូត​មាន​ពេល​ខ្លះ​ចាប់​ក្រុម​អ្នក​កាប់​ព្រៃ​ឈើ​ទាំង​នោះ ហើយ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​ពុំ​មាន​ចំណាត់​ការ​ពី​ខាង​អាជ្ញាធរ​ឡើយ៖ «ពេល​ដែល​យើង​ចាប់​បាន​មក​ទៅ គេ​មក​ដោះ​លែង​ទៅ គេ​មក​សុំ​ដោះ​លែង ផាក​ពិន័យ​បន្តិចបន្តួច ធ្វើ​កិច្ចសន្យា​ក៏​ដោះ​លែង​ទៅ។ ប៉ុន្តែ​យើង​មិន​បាន​សិក្សា​ថា​អ្នក​កាប់​ហ្នឹង​កាប់​ឲ្យ​អ្នក​ណា ភាគ​ច្រើន​អ្នក​កាប់​ដែល​យើង​ចាប់​បាន​ហ្នឹង មួយ​ទៀត គឺ​ស៊ី​ឈ្នួល​គេ ហើយ​អាជ្ញាធរ​ក៏​មិន​បាន​ស្រាវជ្រាវ​ថា ឥឡូវ​ហ្នឹង​គាត់​ស៊ី​ឈ្នួល​ឲ្យ​អ្នក​ណា អ្នក​ណា​គេ បញ្ជា​ឲ្យ​គាត់​កាប់។ ដូច​នៅ​ស្លែវ​បច្ចុប្បន្ន​អ៊ីចឹង ប៉ៃលិន គេ​ថា​ដី​របស់​គេ ចំណែក លោក ថន គឹមហុង ហ្នឹង នាយក​តំបន់​ហ្នឹង គាត់​ឆ្លើយ​ថា អា​ហ្នឹង​តំបន់​ចិរភាព​អភិវឌ្ឍន៍​ចិរភាព​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ហ្នឹង»

របាយការណ៍​របស់​អង្គការ អិមជេភី បង្ហាញ​ថា នៅ​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០០៩ ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​អភិរក្ស​ភ្នំ​ដំបង មាន​ប្រមាណ ៦០​ខ្នង ប៉ុន្តែ​ផ្ទះ​ដែល​មាន​មនុស្ស​រស់នៅ​គឺ​មាន​ប្រមាណ ៥០​ផ្ទះ។ ក្រៅ​ពី​នោះ គឺ​ផ្ទះ​ដែល​សង់​ហើយ តែ​គ្មាន​មនុស្ស​រស់នៅ​ទេ។ ចាប់​ពី​ឆ្នាំ​២០០៩ រហូត​មក​ទល់​ឆ្នាំ​២០១៣ ចំនួន​ផ្ទះ​មាន​ការ​កើន​ឡើង​រហូត​ដល់ ១៩០​ខ្នង។ របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ នៅ​តែ​មាន​ការ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង​នោះ​នៅ​ឡើយ។ បញ្ហា​ទាំង​នេះ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​ចំណុច​ភូមិសាស្ត្រ​នៅ​ភ្នំ​ដំបង បាត់​បង់​ដី​ព្រៃ​រាប់​ពាន់​ហិកតារ​ពី​តំបន់​អភិរក្ស​ការពារ។ ភូមិសាស្ត្រ​ភ្នំ​ដំបង ជា​តំបន់​មួយ​មាន​សក្ដានុពល​យ៉ាង​ខ្លាំងក្លា ជា​តំបន់​ភ្នំ​មាន​ព្រៃ​ឈើ​ធំៗ​យ៉ាង​ស្រស់​ត្រកាល ជា​តំបន់​នៅ​ជាប់​មាត់​ស្ទឹង​សង្កែ ដែល​ជា​ប្រភព​មួយ​ការពារ​តំបន់​អេកូឡូស៊ី​ដ៏​សំខាន់ ជួយ​ទប់ស្កាត់​ការ​បាក់​ដី​ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ។

ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត នៅ​ចំណុច​ភ្នំ​ដំបង សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤
ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត នៅ​ចំណុច​ភ្នំ​ដំបង សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤
RFA/Hum Chamroeun

តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ជា​ជំនួយ​អភិរក្ស​ឧបត្ថម្ភ​ដោយ​តារា​ភាពយន្ត​ហូលីហ្វូត (Hollywood) របស់​អាមេរិក​ឈ្មោះ កញ្ញា អេនជេលីណា ចូលី (Angelina Jolie) ដែល​អភិរក្ស​ដោយ​អង្គការ អិមជេភី។ របាយការណ៍​របស់​អង្គការ អិមជេភី បង្ហាញ​ថា នៅ​ឆ្នាំ​១៩៩៣ ចំនួន​ផ្ទៃ​ដី​ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស​ប្រមាណ ៦​ម៉ឺន​ហិកតារ ហើយ​ផ្ទៃ​ដី​មួយ​ចំនួន បាន​បាត់​បង់​ដោយសារ​ការ​កាប់​ព្រៃ​ឈើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់​ប្រមាណ ៣០០​ហិកតារ​ក្នុង​មួយ​ឆ្នាំ។ បច្ចុប្បន្ន ព្រៃ​ឈើ​ដែល​នៅ​សេសសល់​មាន​ប្រមាណ ៤​ម៉ឺន​ហិកតារ។

តែ​យ៉ាង​ណា លោក ស្តាហ្វាន បុហ្គណា មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ជាន់​ខ្ពស់​របស់​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ក្នុង​ពេល​ឆាប់ៗ ដើម្បី​រក​ដំណោះស្រាយ​រួម​គ្នា​មួយ ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រុករាន​កាប់​ឆ្ការ​ព្រៃ ការ​រុក​រក​រ៉ែ​ត្បូង និង​រ៉ែ​មាស​នៅ​តំបន់​អភិរក្ស​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។