អ្នក​ជំនាញ​រិះគន់​គណៈកម្មការ​ទន្លេ​មេគង្គ​ថា​មិន​ទប់ស្កាត់​ការ​សង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង

ដោយ ម៉ែន សុធីរ
2015-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ជិះ​ទូក​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង នៅ​តាម​ដង​ទន្លេ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៤។
ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ជិះ​ទូក​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង នៅ​តាម​ដង​ទន្លេ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៤។
Photo: RFA

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន រិះគន់​គណៈកម្មការ​ទន្លេ​មេគង្គ ថា​ព្រងើយ​កន្តើយ​ចំពោះ​ការ​ទប់ស្កាត់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ក្នុង​ប្រទេស​ឡាវ។ ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ដន​សាហុង របស់​ឡាវ ចាប់​ផ្តើម​កសាង​ប្រហែល​ពីរ​ខែ​កន្លង​មក​ហើយ ខណៈ​បញ្ហា ឬ​សំណូមពរ​របស់​ភាគី​ពាក់ព័ន្ធ មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ។ ចំណែក​អន្តរ​រដ្ឋាភិបាល​ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ហាក់​មិន​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឡាវ ស្រប​ពេល​ប្រទេស​នេះ​មិន​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន លើក​ឡើង​ថា បើ​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា និង​រាជ​រដ្ឋាភិបាល មិន​ស្វែងរក​មធ្យោបាយ​អន្តរាគមន៍​ទៅ​ភាគី​ឡាវ ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ដន​សាហុង ឲ្យ​ទាន់​ពេល​ទេ គម្រោង​ដ៏​ចម្រូងចម្រាស​នេះ​នឹង​បដិសន្ធិ​ឡើង​ដោយ​ជោគជ័យ។ ចំណែក​អនាគត​នៃ​ទទ្លេ​មេគង្គ និង​ប្រជាជន​ប្រមាណ ៦០​លាន​នាក់​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ក៏​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ស្រប​ពេល​ការ​ជជែក​ពិភាក្សា និង​ការ​ឯកភាព​នូវ​សំណូមពរ ព្រម​ទាំង​ក្តី​ព្រួយ​បារម្ភ​របស់​ភាគី​ពាក់ព័ន្ធ នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន រិះគន់​គណៈកម្មការ​ទន្លេ​កម្ពុជា ថា​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​រក​មធ្យោបាយ​ដាក់​សម្ពាធ​ឲ្យ​ឡាវ អនុវត្ត​កិច្ច​ព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ ចំណែក​ការ​សិក្សា​ឯករាជ្យ​ណា​មួយ​ចំពោះ​ផល​ប៉ះពាល់​ជីវចម្រុះ​ឆ្លង​ដែន ដើម្បី​ធានា​និរន្តរភាព​នៃ​ទន្លេ​មេគង្គ ក៏​ហាក់​មិន​បាន​ពេញលេញ ហើយ​កិច្ច​ព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​ប្រទេស​៤ ជា​សមាជិក ក៏​ហាក់​ឋិត​ក្នុង​សភាព​ទន់​ជ្រាយ ដែល​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​ពុំ​អាច​ពឹង​ផ្អែក​បាន​លើ​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​សម្រេច​លើ​យន្តការ​រួម​នៃ​ប្រទេស​ទាំង​៤ ដូចជា កម្ពុជា ថៃ វៀតណាម និង​ឡាវ។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ដាក់​ពាក់​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ផ្អែក​លើ​ច្បាប់​នៃ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឆ្លង​ដែន​ពិភពលោក ដែល​ផ្ដោត​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ ជា​ភស្តុតាង៖ «ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ផល​ប៉ះពាល់​ទំនប់​ដន​សាហុង ហ្នឹង។ ភាព​កម្សោយ​របស់​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​នីមួយៗ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​ភាគី​ឡាវ គាត់​អនុវត្ត​ផែនការ​របស់​គាត់​ដោយ​ឯកតោ​ភាគី»

លោក មៀច មាន មាន​ប្រសាសន៍​ថា គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា គួរ​តែ​ប្រឹងប្រែង ឬ​ទទួល​ខុស​ត្រូវ​ចំពោះ​អនាគត​ទន្លេ​មេគង្គ​ដែល​ជា​បេះដូង​នៃ​ប្រព័ន្ធ​ជីវចម្រុះ​ឆ្លង​ដែន និង​ជា​អាយុ​ជីវិត​នៃ​សត្វ​កម្រ​មួយ​ចំនួន ហើយ​ក៏​ជា​ប្រភព​ចំណូល​ពលរដ្ឋ​រាប់​រយ​លាន​នាក់​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ប៉ែក​ខាង​ក្រោម។ លោក​ថា ដំណើរ​ការ​នៃ​ការ​សាងសង់​ទំនប់​ដន​សាហុង បាន​ប្រើ​គ្រឿងចក្រ និង​បន្ទុះ​គ្រាប់​បែក​ដើម្បី​កម្ទេច​ថ្ម​នៅ​តំបន់​នោះ នឹង​ប៉ះពាល់​ដល់​គុណភាព​ទឹក និង​រំខាន​ដោយ​សំឡេង ហើយ​ការ​បញ្ចេញ​កាក​សំណល់​ចោល​របស់​គ្រឿងចក្រ​នៅ​ក្នុង​តំបន់​នោះ ទម្លាក់​ចូល​ក្នុង​ទន្លេ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ឬ​ប្រព័ន្ធ​ជីវចម្រុះ​ធ្ងន់ធ្ងរ ជាពិសេស​សត្វ​ផ្សោត នឹង​រង​ហានិភ័យ​ខ្ពស់៖ «ការ​សាងសង់​ទំនប់​ប្រើ​គ្រឿងចក្រ និង​ការ​បន្ទុះ​គ្រាប់ ការ​ចរាចរ​ការ​ដឹក​គ្រឿងចក្រ ការ​ខួង ការ​បន្ទុះ​គ្រាប់​ហ្នឹង វា​បន្ទុះ​ពេញ​តំបន់​ហ្នឹង។ ការ​រំខាន​ដោយ​សំឡេង ការ​រំខាន​ដោយ​រំញ័រ ជា​កត្តា​ធ្វើ​ឲ្យ​ត្រី និង​សត្វ​ផ្សោត មិន​អាច​រស់នៅ​បាន​ទេ»

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​វាយ​តម្លៃ​ថា ការ​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន​ដោយ​ឯករាជ្យ​របស់​ក្រុមហ៊ុន មេហ្គា ហ្វឺស (Mega First Corporation Berhad) របស់​ប្រទេស​ម៉ាឡេស៊ី ទទួល​បន្ទុក​សាងសង់ ហាក់​មិន​ផ្តល់​របាយការណ៍ ឬ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ផល​ប៉ះពាល់​ជីវចម្រុះ​ឆ្លង​ដែន ដើម្បី​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ទេ។ ករណី​នេះ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​ជាង ៤០​ស្ថាប័ន ដែល​ជា​សមាជិក​នៃ​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា។ ស្ថាប័ន​ទាំង​នេះ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​កិច្ចសន្យា​សម្បទាន​គម្រោង​នេះ ដែល​ចាត់​ទុក​ថា ដូចជា​ការ​កាត់​ផ្តាច់​បេះដូង​នៃ​ជីវចម្រុះ​ឆ្លង​ដែន និង​បរិស្ថាន​ធម្មជាតិ ជាដើម។

ជុំវិញ​ការ​រិះគន់​នេះ អគ្គលេខាធិការ​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ បញ្ជាក់​យ៉ាង​ខ្លី​ថា កន្លង​មក​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា ធ្លាប់​ស្នើ​ឲ្យ​ភាគី​ឡាវ ធ្វើ​ការ​សិក្សា​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន ប៉ុន្តែ​ភាគី​ឡាវ អះអាង​ថា វា​គឺ​ជា​ដែន​អធិបតេយ្យភាព​របស់​គេ។ លោក​បន្ត​ថា ប្រទេស​ថៃ និង​វៀតណាម ក៏​បាន​ស្នើ​ឲ្យ​ភាគី​ឡាវ សិក្សា​បន្ថែម​ទៀង​ដែរ៖ «ធ្វើ​តាម​ច្បាប់​ទម្លាប់​វា​មិន​ទាន់​គ្រប់គ្រាន់ យើង​ស្នើ​ឲ្យ​មាន​ការ​សិក្សា។ គាត់​ថា​ដែន​អធិបតេយ្យភាព​របស់​គាត់ សិទ្ធិ​សម្រេច​សាងសង់។ ថៃ វៀតណាម ក៏​ស្នើ​ឲ្យ​មាន​ការ​សិក្សា​បន្ត​ទៀត​ដែរ ដើម្បី​បាន​ព័ត៌មាន​ផល​ប៉ះពាល់​ឆ្លង​ដែន»

១២-មីនា-២០១៤៖ ច្រក​ទន្លេ​ហ៊ូសាហុង (Hou Sahong) ដែល​ប្រទេស​ឡាវ គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។ RFA/Yeang Socheametta
១២-មីនា-២០១៤៖ ច្រក​ទន្លេ​ហ៊ូសាហុង (Hou Sahong) ដែល​ប្រទេស​ឡាវ គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។ RFA/Yeang Socheametta

 

ទំនប់​វារីអគ្គិសនី​ដន​សាហុង ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​មាន​កម្ពស់​ពី ៣០​ម៉ែត្រ​ទៅ ៣២​ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧​គីឡូ​ម៉ែត្រ។ ទំនប់​នេះ​មាន​ចម្ងាយ​ប្រមាណ ១.៥០០​ម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា ខេត្ត​ស្ទឹងត្រែង។ ចំណែក​លទ្ធភាព​ផលិត​ថាមពល​អគ្គិសនី គឺ​មាន​ចាប់​ពី ២៤០​មេហ្គា​វ៉ាត់​ទៅ ៣៦០​មេហ្គា​វ៉ាត់។ តំបន់​នោះ​ជា​តំបន់​ល្បាក់ខោន នៅ​ជិត​តំបន់​រ៉ាំសា ដែល​ជា​ចំណុច​ប្រទាក់ប្រទិន​គ្នា​ជាមួយ​នឹង​ទន្លេ​ដែល​ផ្ដល់​នូវ​អត្តសញ្ញាណ និង​ប្រវត្តិ​យ៉ាង​សម្បូរ​បែប និង​ផ្ដល់​ប្រភព​ប្រាក់​ចំណូល និង​សន្តិសុខ​ស្បៀង​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​រាប់​លាន​នាក់ និង​ជា​តំបន់​ការពារ​លក្ខណៈ​អន្តរជាតិ។

ករណី​នេះ​ដែរ ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ធ្វើ​ការ​ពាក់ព័ន្ធ​បរិស្ថាន និង​ធនធាន​ទឹក លោក ប៉ុល ហំម ក៏​បារម្ភ​ចំពោះ​ដំណើរ​ការ​គម្រោង​សាងសង់​ទំនប់​ដង​សាហុង នេះ​ដែរ ដែល​លោក​កត់​សម្គាល់​ថា រដ្ឋាភិបាល​ក៏​កំពុង​ខំ​ប្រឹងប្រែង​ទប់ស្កាត់​ចំពោះ​ករណី​នេះ​ដែរ៖ «អ្វី​ដែល​យើង​មើល​ឃើញ មាន​តែ​ទាក់ទង​តាម​រយៈ​រាជ​រដ្ឋាភិបាល​របស់​យើង។ បើ​រដ្ឋាភិបាល​មិន​ធ្វើ​អា​ហ្នឹង ជំរុញ​យ៉ាង​ណា? តែ​ឥឡូវ​គេ​ធ្វើ​ហើយ​ឲ្យ​គេ​ធ្វើ​ត​ទៀត»

កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៥  កម្ពុជា បាន​ស្នើ​ទៅ​ភាគី​ប្រទេស​ឡាវ សិក្សា​ឲ្យ​បាន​ម៉ត់ចត់​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ដោយ​ជំរុញ​ឲ្យ​ឡាវ សិក្សា​បន្ថែម​ទៀត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​មុន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​បរិស្ថាន ជាពិសេស​ធ្វើ​ឲ្យ​ប្រែប្រួល​លំហូរ​ទឹក​ទន្លេ​មេគង្គ​ខ្សែ​ទឹក​ខាង​ក្រោម ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រជាជន​កម្ពុជា។

យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​កំណត់​ទូត​ជា​ផ្លូវ​ការ​ទៅ​កាន់​ឡាវ ដើម្បី​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​កម្ពុជា។ លោក​បន្ត​ថា រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ ដោយ​ការ​ដោះស្រាយ​បែប​ប្តឹងផ្តល់​តាម​ប្រព័ន្ធ​តុលាការ​អន្តរជាតិ​បាន​នោះ​ទេ ហើយ​កម្ពុជា នឹង​ដោះស្រាយ​ដោយ​សន្តិវិធី៖ «ដូច្នេះ​យើង​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ ដោយ​ការ​ដោះស្រាយ​សន្តិវិធី ព្រោះ​យើង​មិន​ប្រឈម​តាម​រយៈ​តុលាការ​ទេ។ យើង​មាន​យន្តការ​ច្រើន ដូចជា​យន្តការ​អន្តរជាតិ ទាំង​គណៈកម្មការ​ទន្លេ​មេគង្គ ជាពិសេស​វេទិកា​អាស៊ាន​នេះ​ឯង»

យ៉ាង​ណា កិច្ច​ព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ បង្កើត​ឲ្យ​មាន​គណៈកម្មការ​ទន្លេ​មេគង្គ​ជា​ស្ថាប័ន​រដ្ឋាភិបាល​ចម្រុះ។ តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ ភាគី​រដ្ឋាភិបាល​ពាក់ព័ន្ធ ត្រូវ​ពិភាក្សា​ពី​ផល​ប៉ះពាល់​ដោយ​ឯករាជ្យ និង​ត្រូវ​មាន​ការ​ឯកភាព​គ្នា​មុន​នឹង​អាច​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល