ក្រុម​យុវជន​អំពាវនាវ​ឲ្យ​មាន​យុទ្ធនាការ​ខ្លាំងក្លា​ជាង​មុន​ប្រឆាំង​ទំនប់​វារីអគ្គិសនី​ដន​សាហុង

ដោយ ចេង ម៉េងជូ
2015.12.12
ទំនប់​វារីអគ្គិសនី​ដន​សាហុង ៦២០ អ្នក​ប្រឹក្សា​យោបល់​សង្គម​ស៊ីវិល​ផ្នែក​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី លោក ហែម ឧត្ដម ធ្វើ​បទ​បង្ហាញ​ក្នុង​វេទិកា​យុវជន​ស្ដីពី «ការ​ចូលរួម​របស់​យុវជន​ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី​បញ្ហា​ប្រឈម ទាក់ទង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ក្នុង​ប្រទេស​ឡាវ» កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA

ក្នុង​វេទិកា​យុវជន​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ក្រុម​យុវជន​ការពារ​បរិស្ថាន និង​អ្នក​ចូលរួម​ប្រមាណ​ជិត ១០០​នាក់ បាន​ជួប​ជុំ​គ្នា​ដើម្បី​សិក្សា​ស្វែង​យល់​ពី​ផល​ប៉ះពាល់ នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) នៃ​ប្រទេស​ឡាវ ពី​សំណាក់​អ្នក​ជំនាញ​ការ​ខាង​ទំនប់​វារីអគ្គិសនី។ ក្នុង​វេទិកា​ពិភាក្សា​នោះ យុវជន​មួយ​ចំនួន​មើល​ឃើញ​ពី​ភាព​ចាំបាច់ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ចលនា​សង្គម​ខ្លាំងក្លា​មួយ ដើម្បី​ទប់ស្កាត់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង​របស់​រដ្ឋាភិបាល​ឡាវ។

ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ប្រទេស​ឡាវ លើ​សំឡេង​ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ជំរុញ​ឲ្យ​យុវជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា ប្រមូល​ផ្ដុំ​គ្នា​រៀបចំ​វេទិកា​ពិភាក្សា​ស្វែង​យល់​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​នេះ។ លើស​ពី​នេះ ពួក​គេ​ជួប​ជុំ​គ្នា​គិតគូរ​រក​វិធីសាស្ត្រ​បន្ថែម​ទៀត ដើម្បី​ឲ្យ​សំឡេង​ទាមទារ​របស់​ពួក​គេ​មាន​ឥទ្ធិពល​លើ​ភាព​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ឡាវ។

ការ​ជួប​ជុំ​របស់​ក្រុម​យុវជន​ទាំង​នេះ គឺ​បន្ទាប់​ពី​រដ្ឋសភា​ឡាវ បាន​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន មេហ្គា ហ្វឺស (Mega First) របស់​ម៉ាឡេស៊ី ដែល​មាន​ក្រុមហ៊ុន​អនុវត្ត​គម្រោង​ឈ្មោះ ស៊ីណូ​ហាយដ្រូ (Sino Hydro) របស់​ចិន ចាប់​ផ្ដើម​ការ​សាងសង់​ទំនប់​ដន​សាហុង បើ​ទោះ​ជា​មាន​ការ​ជំទាស់​ពី​ភាគី​កម្ពុជា និង​វៀតណាម ឲ្យ​ផ្អាក​ការ​សាងសង់​ក៏ដោយ។

ទំនប់​វារីអគ្គិសនី​ដន​សាហុង ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​អន្លង់​ផ្សោត​នៅ​ចំណុច​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ ទំនប់​នេះ អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ពី ២៤០ ទៅ ៣៦០​មេហ្គា​វ៉ាត់ ក្នុង​ទឹក​ប្រាក់​វិនិយោគ ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ការ​សិក្សា​របស់​អ្នក​អភិរក្ស​បរិស្ថាន​ដង​ទន្លេ​មេគង្គ រក​ឃើញ​ថា ផល​ប៉ះពាល់​នៃ​ការ​សង់​ទំនប់​នេះ​មាន​ភាព​ធំធេង ដោយ​អាច​បង្ក​គ្រោះ​មហន្តរាយ​ដល់​ទន្លេ​មេគង្គ​ទាំង​មូល ជាពិសេស​ទៅ​លើ​ជីវភាព​ប្រជាជន​ជាង ៦០​លាន​នាក់ ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ធនធាន​នៃ​ដង​ទន្លេ​នេះ។

សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​បរិស្ថាន​ទាំង​ក្នុង​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ ទាំង​អន្តរជាតិ បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត ឲ្យ​រដ្ឋាភិបាល​ឡាវ បញ្ឈប់​ការ​សាងសង់​ជា​បន្ទាន់ ក៏ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

យុវជន​កម្ពុជា មួយ​ចំនួន ដែល​ចូលរួម​ក្នុង​វេទិកា​យុវជន​ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង នៅ​ថ្ងៃ​ទី​១២ ធ្នូ យល់​ឃើញ​ថា ចលនា​ទាមទារ​របស់​ប្រជាជន​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​នេះ នៅ​មាន​កម្រិត។ ជាក់ស្ដែង សាធារណជន​នៅ​មិន​ទាន់​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​នេះ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ។ ពួក​គេ​យល់​ថា កត្តា​នេះ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​ឡាវ នៅ​តែ​បន្ត​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ដោយ​មិន​ខ្វល់​ពី​ការ​អំពាវនាវ​របស់​ប្រជាជន​រង​ផល​ប៉ះពាល់។

ក្នុង​ចំណោម​អ្នក​ចូលរួម​ជិត ១០០​នាក់​ក្នុង​វេទិកា​នោះ យុវជន ឌឹម គុនឌី ជា​សមាជិក​ចលនា​មាតា​ធម្មជាតិ ដែល​ធ្លាប់​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឆាំង​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង លើក​ឡើង​ក្នុង​វេទិកា​ថា ចលនា​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង គួរ​តែ​បន្ត​ធ្វើ​ឲ្យ​បាន​ជាប់​លាប់ ទើប​អាច​មាន​ឥទ្ធិពល៖ «ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​ប្រឆាំង​ជាមួយ​ទំនប់​វារីអគ្គិសនី​អារ៉ែង ហើយ​ខ្ញុំ​ចង់​ចែក​រំលែក​បទពិសោធន៍​ខ្លះៗ​នៅ​ទីនេះ​ផ្ទាល់។ ខ្ញុំ​ឃើញ ជុំ ហួរ ជុំ ហួត ធ្លាប់​ធ្វើ​កន្លង​មក​ទាក់ទង​រឿង​ដន​សាហុង ដូចជា​រឿង​ជិះ​កង់​ទៅ​ដាក់​ញត្តិ​តាម​ស្ថានទូត​ផ្សេងៗ។ អា​ហ្នឹង គឺ​មាន​ប្រសិទ្ធភាព​មែន​ទែន ប៉ុន្តែ​បន្ទាប់​ពី​ធ្វើ​ម្ដង​ហ្នឹង​ហើយ ស្ងាត់​ដល់​ឥឡូវ។ អ៊ីចឹង ខ្ញុំ​សុំ​ឲ្យ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ឲ្យ​ដាក់​សម្ពាធ​ទៅ​ដល់​រដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​នានា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី»

យុវជន​ជា​អ្នក​ចូលរួម​ម្នាក់​ទៀត​ឈ្មោះ យឿន វណ្ណេត រំឭក​ពី​ភាព​ជោគជ័យ​នៃ​ចលនា​សង្គម​ក្នុង​ករណី​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ដែល​លោក​ចាត់​ទុក​ថា ជា​គំរូ​ល្អ​មួយ​សម្រាប់​ឲ្យ​យុទ្ធនាការ​ក្នុង​ករណី​ដន​សាហុង​នេះ​អនុវត្ត​តាម៖ «ជាក់ស្ដែង​យើង​ឃើញ​ថា អារ៉ែង អារ៉ែង​យើង​ឃើញ​ថា ប្រជាជន​យើង ក្រុម​យុវជន​យើង ឃើញ​ថា​ផុលផុស​មែន​ទែន ខ្លាំង​មែន​ទែន​ទាក់ទង​ជាមួយ​នឹង​តំបន់​អារ៉ែង។ ការ​ផ្សព្វផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ឃើញ​ថា កម្លាំង​ហ្នឹង​ខ្លាំង អាច​ធ្វើ​ឲ្យ​អារ៉ែង​ហ្នឹង​គេ​មាន​ការ​ផ្អាក​សិន។ អ៊ីចឹង គឺ​កក្រើក​ដល់​រដ្ឋាភិបាល​ណាស់។ មួយ​វិញ​ទៀត ដូច​សហគមន៍​ដីធ្លី​អ៊ីចឹង មុន​ដំបូង​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​ថា គេ​យក​ដី​អ្នក​ណា​យក​ទៅ កុំ​ឲ្យ​តែ​យក​ដី​អញ។ អ៊ីចឹង​យើង​ត្រូវ​បញ្ជ្រាប​ចលនា​ទាំងអស់​ហ្នឹង​ឲ្យ​គាត់​យល់​ថា ផល​ប៉ះពាល់​ដោយ​ប្រយោល​ហ្នឹង គឺ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ប៉ុណ្ណា»

តំណាង​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន ដែល​រៀបចំ​វេទិកា​ពិភាក្សា​នេះ យុវជន ជុំ ហួត លើក​ឡើង​ថា ក្រុម​របស់​ខ្លួន​នឹង​ធ្វើ​យុទ្ធនាការ​ផ្សេងៗ​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​ផ្ដោត​លើ​ការ​ដាក់​ញត្តិ​ទៅ​បណ្ដា​ប្រទេស​អាស៊ាន​ដែល​ពាក់ព័ន្ធ​នឹង​ទំនប់​វារីអគ្គិសនី​ដន​សាហុង​នេះ៖ «សកម្មភាព​ពួក​ខ្ញុំ​ត​ទៀត គឺ​ពួក​ខ្ញុំ​ធ្វើ​យុទ្ធនាការ​បី។ ទី​១ គឺ​យុទ្ធនាការ​តាម​អនឡាញ (Online) ដូចជា តាម​ហ្វេសប៊ុក (Facebook) អ៊ីនធឺណិត (Internet) ជាដើម។ ទី​ពីរ ធ្វើ​យុទ្ធនាការ​តាម​ការ​ប្រមូល​ញត្តិ តាម​ប្រជាជន​នៅ​ព្រះ​រំកិល ឬ​មួយ​ប្រជាជន​ដែល​រងគ្រោះ​នៅ​តាម​ទន្លេ​មេគង្គ ដូចជា​ផ្ដិត​មេដៃ ជាដើម។ ហើយ​ទី​៣ គឺ​ពួក​ខ្ញុំ​ពន្យល់​ពួក​គាត់​ពី​ផល​ប្រយោជន៍​នៃ​ធនធាន​ធម្មជាតិ ដូច​ពេល​ខ្ញុំ​ធ្វើ​អារ៉ែង​អ៊ីចឹង។ ពួក​ខ្ញុំ​ធ្វើ​អារ៉ែង​ជោគជ័យ ដោយសារ​ពួក​ខ្ញុំ​ធ្វើ​ស្តាយល៍ (Style) អ៊ីចឹង។ តែ​កុំ​ភ្លេច​ថា ដន​សាហុង មិន​មែន​គ្រោះថ្នាក់​តែ​ក្នុង​តំបន់​ទេ គឺ​អន្តរជាតិ។ អ៊ីចឹង​យើង​ធ្វើ​ម៉េច​ទំនាក់​ទំនង​អន្តរជាតិ។ ទី​៣ គឺ​ខ្ញុំ​ធ្វើ​ការទូត​ក្រៅ​ប្រទេស។ ការ​ពិត​ខ្ញុំ​បាន​ធ្វើ​ការទូត​រួច​ហើយ ដូចជា យូ.អិន (UN) ជាដើម ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការទូត​ថ្មី គឺ​ប្រទេស​អាស៊ាន។ ប្រទេស​ណា​ដែល​ពាក់ព័ន្ធ​នឹង​ទំនប់​ហ្នឹង គឺ​ខ្ញុំ​ត្រូវ​ទៅ ដូចជា ឡាវ។ ឡាវ ខ្ញុំ​ទៅ​រួច​ហើយ។ ថៃ ខ្ញុំ​មិន​ទាន់​បាន​ទៅ​ទេ ដោយសារ​ពួក​ខ្ញុំ​ខ្វះ​ថវិកា។ ទី​បី គឺ​ម៉ាឡេស៊ី។ ម៉ាឡេស៊ី និង​ថៃ សំខាន់​ជាង​គេ​ក្នុង​កិច្ចការ​ការទូត​ហ្នឹង។ ហេតុ​អី​បាន​ជា​ម៉ាឡេស៊ី និង​ថៃ? ម៉ាឡេស៊ី ជា​ក្រុមហ៊ុន​វិនិយោគ​នៅ​ឡាវ។ ថៃ ជា​អ្នក​ទិញ​ភ្លើង»

ទន្ទឹម​នឹង​នេះ យុវជន​មួយ​ចំនួន​យល់​ឃើញ​ថា ចលនា​ប្រឆាំង​ការ​សាងសង់​ទំនប់​ដន​សាហុង​នៅ​មាន​កម្រិត គឺ​ដោយសារ​តែ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ហាក់​មិន​ទាន់​សហការ​គ្នា​បាន​ល្អ​នៅ​ឡើយ។

វាគ្មិន​ក្នុង​វេទិកា គឺ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី យល់​ឃើញ​ថា ដើម្បី​ឲ្យ​ចលនា​ប្រឆាំង​ការ​សាងសង់​ទំនប់​ដន​សាហុង​មាន​ឥទ្ធិពល ទាមទារ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឲ្យ​បាន​រឹងមាំ ហើយ​បង្កើន​សកម្មភាព​តស៊ូ​មតិ​នៅ​វេទិកា​អន្តរជាតិ៖ «អង្គការ​សង្គម​ស៊ីវិល គួរ​តែ​ព្រួត​គ្នា​ដែរ នៅ​ពេល​ដែល​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឡាវ។ យើង​មាន People Forum កិច្ច​ប្រជុំ​ប្រជាពលរដ្ឋ​នៅ​ឡាវ នៅ​ខែ​២ ខែ​៦ ឬ​ក៏​ខែ​១២ នៅ​ឆ្នាំ​ក្រោយ​ឆ្នាំ​២០១៦។ ខ្ញុំ​គិត​ថា ម្ចាស់​ជំនួយ ឬ​អង្គការ​សង្គម​ស៊ីវិល គាំទ្រ​ឲ្យ​មាន​យុវជន​ទៅ​ចូលរួម​ឲ្យ​ច្រើន។ យ៉ាង​ហោច​ណាស់ កម្ពុជា ហ្នឹង​ចូលរួម ៣០០ ឬ ៥០០​នាក់​ទៅ ហើយ​ប្រទេស​ផ្សេងៗ​ទាំង​ដប់​ហ្នឹង​ឲ្យ​បាន ៥​ពាន់ ឬ ១​ម៉ឺន​នាក់​ទៅ ដែល​ចូលរួម​កិច្ច​ប្រជុំ People Forum ហ្នឹង​ទៅ។ ខ្ញុំ​គិត​ថា អាច​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ប្រទេស​ឡាវ ហើយ​អាច​ទទួល​បាន​ជោគជ័យ»

លោក កែម ឡី ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ជំហរ​ឲ្យ​បាន​រឹងមាំ​ក្នុង​ការ​ត​ទល់​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ឡាវ។

ក្រោយ​ពី​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល បរាជ័យ​ក្នុង​ការ​រក​ដំណោះស្រាយ​ចំពោះ​ករណី​ទំនប់​ដន​សាហុង​នេះ​មក កិច្ចការ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​នេះ ត្រូវ​ធ្វើ​តាម​រយៈ​ការទូត​រវាង​រដ្ឋាភិបាល​ប្រទេស​ពាក់ព័ន្ធ​វិញ។

កន្លង​ទៅ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​កំណត់​ទូត​ទៅ​រដ្ឋាភិបាល​ឡាវ ដើម្បី​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​កម្ពុជា ស្ដីពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ដន​សាហុង​រួច​ហើយ។ យ៉ាង​ណា​ក៏ដោយ អ្នក​ការពារ​បរិស្ថាន​មួយ​ចំនួន​លើក​ឡើង​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ពាក់ព័ន្ធ​នឹង​ទំនប់​វារីអគ្គិសនី​ដន​សាហុង គួរ​តែ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​គិតគូរ​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​នេះ​ឲ្យ​បាន​រឹងមាំ និង​ច្បាស់លាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។