គណៈកម្មការ​ទី​៣​រដ្ឋសភា​ប្រតិកម្ម​នឹង​រដ្ឋសភា​ឡាវ​អនុម័ត​គម្រោង​សង់​ទំនប់​ដនសាហុង

ដោយ ចេង ម៉េងជូ
2015-09-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១២-មីនា-២០១៤៖ ច្រក​ទន្លេ​ហ៊ូសាហុង (Hou Sahong) ដែល​ប្រទេស​ឡាវ គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។
១២-មីនា-២០១៤៖ ច្រក​ទន្លេ​ហ៊ូសាហុង (Hou Sahong) ដែល​ប្រទេស​ឡាវ គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។
RFA/Yeang Socheametta

ទាញ​យក​កម្មវីធី

គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​កម្ពុជា ប្រតិកម្ម​នឹង​សកម្មភាព​រដ្ឋសភា​ឡាវ ដែល​បាន​អនុម័ត​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ដ៏​ចម្រូងចម្រាស ចាប់​ផ្ដើម​គម្រោង​សាងសង់​ទំនប់​នេះ នៅ​ខណៈ​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​បី​ទៀត​មិន​ទាន់​ឯកភាព​នៅ​ឡើយ។

គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ដែល​គ្រប់គ្រង​លើ​ផ្នែក​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក ជំរុញ​រដ្ឋាភិបាល​ឲ្យ​បន្ត​ការ​ជជែក​ជាមួយ​ភាគី​ឡាវ អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង។

ការ​ថ្លែង​បែប​នេះ ជា​ប្រតិកម្ម​របស់ លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា បន្ទាប់​ពី​លោក​ទទួល​បាន​ដំណឹង​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​ប្រទេស​ថៃ វៀតណាម និង​កម្ពុជា បាន​ជំទាស់​សុំ​ឲ្យ​ផ្អាក​ការ​សាងសង់​កន្លង​មក​នោះ ត្រូវ​បាន​រដ្ឋសភា​ឡាវ នៅ​ពេល​ថ្មីៗ​នេះ អនុម័ត​ឯកតោ​ភាគី​រំលោភ​លើ​កិច្ចព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥៖ «គណៈកម្មការ​ទី​៣ យើង នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​សម្រេច​យក​ជំហរ​របស់​យើង ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? ប៉ុន្តែ​យើង​អាច​ដឹង​មុន​ហើយ​ថា យើង​អត់​មាន​អី​ក្រៅ​ពី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល ឲ្យ​ចាត់​វិធានការ​ឲ្យ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ព្យាយាម​បន្ត​ទប់ស្កាត់​ត​ទៅ​ទៀត?»

កិច្ចព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ បាន​បង្កើត​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ភាគី​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ពាក់ព័ន្ធ ត្រូវ​សិក្សា និង​ពិភាក្សា​ពី​ផល​ប៉ះពាល់ មុន​នឹង​អាច​ចាប់​ផ្ដើម​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​បាន ប៉ុន្តែ​ក្រោយ​ពី​គណៈកម្មការ​ទន្លេ​មេគង្គ​អស់​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ ចាប់​តាំង​ពី​ខែ​មិថុនា មក ការ​ដោះស្រាយ​បញ្ហា​នេះ ងាក​មក​ប្រើ​មធ្យោបាយ​ការទូត​វិញ។

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ បាន​ទេ ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ កញ្ញា។

យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បញ្ជាក់​ថា រូប​លោក​ក៏​មិន​ទាន់​ទទួល​បាន​ដំណឹង​ជា​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​ឡាវ នោះ​ទេ។

លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ក៏​មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​បញ្ជាក់​ថា លោក​មិន​នឹក​ស្មាន​ថា ភាគី​ឡាវ សម្រេច​ជា​ឯកតោ​ភាគី​ដោយ​មិន​ស្ដាប់​សំណើ​ឲ្យ​ផ្អាក​គម្រោង ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​ពាក់ព័ន្ធ​នោះ​ឡើយ៖ «ខ្ញុំ​មាន​ការ​ប៉ាន់ស្មាន​ខុស​ដែរ ពី​មុន​មក​ខ្ញុំ​គិត​ថា ជាមួយ​នឹង​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ ហើយ​នឹង​ផល​ប៉ះពាល់​ច្រើន។ អ៊ីចឹង​មិន​សម ឡាវ ហ្នឹង​អនុម័ត​ឲ្យ​ធ្វើ​ទេ​បាទ ប៉ុន្តែ​ឥឡូវ​ហ្នឹង​តាម​ខ្ញុំ​ឮ​ព័ត៌មាន​អ៊ីចឹង ខ្ញុំ​មាន​ការ​យល់​ឃើញ​មាន​ការ​ប៉ាន់​ប្រមាណ​ខុស​ដែរ និយាយ​ឲ្យ​ត្រង់​ទៅ មិន​នឹក​ស្មាន​ថា ឡាវ ហ្នឹង គាត់​រឹង​ទទឹង​រឹងរូស​ចំពោះ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​រួម នៃ​សហគមន៍​នៃ​ប្រទេស​ដែល​នៅ​ជិត​ខាង​គ្នា​អ៊ីចឹង​ទេ»

ការ​សិក្សា​របស់​ក្រុម​អ្នក​អភិរក្ស​ដង​ទន្លេ​មេគង្គ បាន​បង្ហាញ​ថា ទំនប់​នេះ​នឹង​ប៉ះពាល់​ដល់​ធនធាន​ជលផល ដោយ​រាំង​ខ្ទប់​ចរាចរណ៍​របស់​ត្រី ព្រម​ទាំង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ រហូត​ដល់​ទៅ ៦០​លាន​នាក់ ដែល​កំពុង​រស់នៅ​ពឹង​ផ្អែក​ធនធាន​នៃ​ទន្លេ​មួយ​នេះ។

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ អ្នក​ស្រាវជ្រាវ​ពី​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​បណ្ឌិត សុខ ទូច បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​សង់​ទំនប់​នោះ ដែល​កាល​នោះ​រក​ឃើញ​ថា ការ​សាងសង់​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ។ ក្រោយ​ពី​ដំណើរ​ចុះ​ពិនិត្យ​តំបន់​នោះ​រួច​មក ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​ប្ដេជ្ញា​ថា នឹង​បន្ត​តាមដាន​ជំហាន​របស់​ប្រទេស​ឡាវ បន្ត​ទៀត ពាក់ព័ន្ធ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដ៏​ចម្រូងចម្រាស​នេះ។

ប៉ុន្តែ​នៅ​ពេល​នេះ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា លោក​មិន​ទទួល​បាន​ដំណឹង​ពី​ការ​វិវឌ្ឍ​ចុង​ក្រោយ​នៃ​គម្រោង​នេះ​នៅ​ឡើយ​ទេ ខណៈ​លោក​កំពុង​មមាញឹក​រឿង​ផែនទី។ យ៉ាង​ណា​ក៏ដោយ លោក​ឲ្យ​ដឹង​ថា ប្រធាន​បណ្ឌិត​សភា​ឡាវ បាន​អញ្ជើញ​អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា ឲ្យ​ទៅ​ពិនិត្យ​មើល​ទីតាំង​នៃ​ទំនប់​ដនសាហុង នៅ​ខែ​តុលា ខាង​មុខ។

ពលរដ្ឋ​លើក​បដា​បង្ហាញ​ពី​សារសំខាន់​នៃ​ទន្លេ​មេគង្គ និង​ទន្លេសាប ទ្រទ្រង់​ជីវិត​មនុស្ស​រាប់​លាន​នាក់ នា​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៤។ RFA
ពលរដ្ឋ​លើក​បដា​បង្ហាញ​ពី​សារសំខាន់​នៃ​ទន្លេ​មេគង្គ និង​ទន្លេសាប ទ្រទ្រង់​ជីវិត​មនុស្ស​រាប់​លាន​នាក់ នា​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៤។ RFA

ក្រុម​អង្គការ​អភិរក្ស​បរិស្ថាន​ទន្លេ​មេគង្គ បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​បន្តបន្ទាប់ ក្រោយ​ពី​ទទួល​ដំណឹង​ថា រដ្ឋសភា​ឡាវ បាន​អនុម័ត​សំណើ​សាងសង់​ទំនប់​នោះ​រួច​ហើយ។

អង្គការ​ទន្លេ​អន្តរជាតិ (International Rivers) ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១ កញ្ញា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​គម្រោង​នេះ រួម​ទាំង​កិច្ចព្រមព្រៀង​ទិញ​ថាមពល​រវាង​ក្រុមហ៊ុន​សាងសង់ និង​អគ្គិសនី​ឡាវ ដែរ ហើយ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​សិក្សា​គ្រប់​ជ្រុងជ្រោយ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​ជា​មុន​សិន។

ស្រដៀង​គ្នា​នេះ អ្នក​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​ទន្លេ​បី លោក មៀច មាន លើក​ឡើង​ថា ការ​សម្រេច​របស់​រដ្ឋសភា​ឡាវ បាន​បង្ក​ជា​កង្វល់​ធំ​មួយ​ដល់​ក្រុម​អង្គការ​ដែល​អភិរក្ស​បរិស្ថាន​ទន្លេ​មេគង្គ៖ «សង្គម​ស៊ីវិល​ទាំងអស់​គ្នា​ហ្នឹង​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ធំ ដោយសារ​យើង​មើល​ឃើញ​ថា ដំណើរ​ការ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ដនសាហុង នៅ​លើ​ដង​ទន្លេ​មេ​ហ្នឹង វា​ហាក់​ដូចជា​រដ្ឋាភិបាល​មួយៗ​ហ្នឹង ព្យាយាម​ទាញ​យក​ប្រយោជន៍​ដោយ​មិន​បាន​គិត​ទៅ​ដល់​ការ​ជឿជាក់​លើ​កិច្ចព្រមព្រៀង​ទន្លេ​មេគង្គ​ហ្នឹង ព្រោះ​អី​ការ​កិច្ចព្រមព្រៀង​របស់​ទន្លេ​មេគង្គ​ហ្នឹង វា​ជា​កិច្ចព្រមព្រៀង​ដែល​យើង​បាន​ឯកភាព​គ្នា​ទាំងអស់​គ្នា។ ដល់​តែ​ឥឡូវ បើ​រដ្ឋាភិបាល​ទាំង​បួន​ហ្នឹង​វា​មិន​មាន​ចំណាត់​ការ ឬ​ក៏​មិន​ធ្វើ​ទៅ​តាម​កិច្ចព្រមព្រៀង​ហ្នឹង»

លោក​មាន​ប្រសាសន៍​បន្ត​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​នៅ​តែ​បន្ត​សកម្មភាព​តស៊ូ​មតិ​របស់​ខ្លួន ក្នុង​ការ​ទាមទារ​ឲ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​បួន រួម​មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម យក​ចិត្ត​ទុក​ដាក់​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​នឹង​បង្ក​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង។

ប្រសិន​បើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​នឹង​ចាប់​ផ្ដើម​មែន នោះ​វា​នឹង​ក្លាយ​ជា​គម្រោង​ទី​ពីរ​នៅ​អាង​ទន្លេ​មេគង្គ​ក្រោម បន្ទាប់​ពី​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី (Xayaburi) នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ ដែល​ត្រូវ​បាន​ចាប់​ផ្ដើម​សាងសង់​កាល​ពី​ឆ្នាំ​២០១០ ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​ភាគី​ពាក់ព័ន្ធ​យ៉ាង​ណា​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល