ភាព​ចម្រូង​ចម្រាស​នៃ​ការ​បូម​ខ្សាច់​នៅ​ស្រុក​ស្អាង​នៅ​មិន​ទាន់​ដោះស្រាយ​ចេញ

ដោយ ឡេង ម៉ាលី
2017.08.15
តវ៉ា​បញ្ឈប់​បូម​ខ្សាច់ ស្អាង ២០១៧ ១៤៤០ អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល លើក​បដា​តវ៉ា​រក​អន្តរាគមន៍​ពី​អាជ្ញាធរ ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA

អ្នក​ភូមិ​កោះ​គ ប្រមាណ ១០០​នាក់ ដែល​បារម្ភ​អំពី​ការ​បាក់​ច្រាំង និង​ផ្ទះ​ចូល​ទន្លេ ជួប​តំណាង​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​ខេត្ត និង​ស្រុក ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៥ សីហា ដើម្បី​ដោះស្រាយ​បញ្ហា​បូម​ខ្សាច់។ អ្នក​ភូមិ​ហាក់​នៅ​ស្ទាក់ស្ទើរ​ផង និង​ទទួល​យក​ផង នូវ​លទ្ធផល​ក្រោយ​កិច្ច​ប្រជុំ​ដោះស្រាយ​បញ្ហា​នេះ។

អ្នក​រស់​នៅ​ជាប់​មាត់​ទន្លេ ក្នុង​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល លោកស្រី មុត ប៉ុម មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ថា លោកស្រី​នៅ​រង់​ចាំ​មើល​លទ្ធផល​ដែល​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បង្គាប់​ឲ្យ​ក្រុមហ៊ុន​បង្ខិត​ម៉ាស៊ីន​បូម​ខ្សាច់​ឆ្ងាយ​ពី​ច្រាំង​ជា​លើក​ទី​៣៖ «នេះ​ជា​លើក​ទី​បី​ហើយ គាត់​សន្យា​ជាមួយ​ខ្ញុំ​ថា គាត់​នឹង​បញ្ឈប់ អត់​ឲ្យ​បូម​ទេ ហើយ​បូម​មួយ​នោះ​គាត់​ឲ្យ​បូម ប៉ុន្តែ​ថយ​ទៅ ៥០​ម៉ែត្រ។ សន្យា​នេះ​ជា​លើក​ទី​បី​ហើយ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​គាត់​ប៉ុន្មាន​ទេ ចាំ​មើល​ថា បើ​សិន​ក្រុមហ៊ុន​ធ្វើ​បាន អា​ហ្នឹង​ខ្ញុំ​ជឿជាក់ តែ​ឥឡូវ​នេះ​ខ្ញុំ​អត់​ទាន់​ជឿជាក់​ទេ ព្រោះ​អី​លើក​ទី​បី​ហើយ»

ប្ដី​របស់​លោកស្រី គឺ​លោក លី ហួត បញ្ជាក់​បន្ថែម​ថា ការ​បូម​ខ្សាច់​ដែល​មាន​សំឡេង​ឮ​ខ្លាំង ក្រុមហ៊ុន​មិន​បាន​ធ្វើ​តាម​ការ​សន្យា​ជា​មួយ​អ្នក​ភូមិ​ទេ៖ «ក្រសួង​ឯកឧត្ដម​ទាំង​អស់​ធ្វើ​តាំង​ពី​កិច្ច​សន្យា​ថា ឲ្យ​ថយ ៥០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ។ ពេល​ឯកឧត្ដម​មក​ផ្ទាល់​អ៊ីចឹង ក្រុមហ៊ុន​ផ្អាក​បូម​បាន​ចម្ងាយ​តែ ២០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ។ ដល់​ពេល​ឯកឧត្ដម​ទៅ​ផុត ក្រុមហ៊ុន​ចាប​ផ្ដើម​បូម​បន្ត​ទៀត។ អ៊ីចឹង​បាន​ជា​ខ្ញុំ​អះអាង​ថា ក្រុមហ៊ុន​អត់​ធ្វើ​តាម​ប្រជាពលរដ្ឋ»

ការ​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​អំពី​ការ​បូម​នៅ​ទីតាំង​ភូមិ​កោះ​គ ស្រុក​ស្អាង ខេត្ត​កណ្ដាល នោះ អូស​បន្លាយ​ជា​ច្រើន​ខែ​មក​ហើយ ហើយ​តែងតែ​តឹងតែង។ លទ្ធផល​ពី​ការ​ជួប​គ្នា​ជា​មួយ​អាជ្ញាធរ​រ៉ែ និង​ខេត្ត​ស្រុក នៅ​ថ្ងៃ​ទី​១៥ សីហា ត្រូវ​បាន​អ្នក​ភូមិ​ថ្លែង​ថា ជា​ការ​សន្យា​ដដែល​មិន​ខុស​ពី​កិច្ច​ប្រជុំ​មុនៗ ដែរ។

ក្នុង​កិច្ចប្រជុំ​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ហេង ចាន់ធួន ប្រាប់​ពលរដ្ឋ​ថា ក្រុមហ៊ុន ឡេង ជីន (Leng Chin Group Co., Ltd.) មាន​កាតព្វកិច្ច​សង​អ្នក​ភូមិ ប្រសិន​បើ​ក្រសួង​រក​ឃើញ​ថា ការ​បាក់​ច្រាំង​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​នោះ៖ «ភាគី​ក នៅ​តែ​ទទួល​ខុសត្រូវ​លើ​ផល​ប៉ះពាល់ ដែល​បង្ក​ឡើង​ដោយ​ការ​បូម​ខ្សាច់​តំបន់​ខាង​លើ ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ខាង​លើ។ សូម​បញ្ជាក់​ជូន​បង​ប្អូន​អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ប្រការ​នេះ វា​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ជា​ច្បាប់ ជា​ក្រម មិន​មែន​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុមហ៊ុន​មក​ធ្វើ ហើយ​វេចបង្វេច​ដើរ​ចេញ ហើយ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទេ។ អ្នក​ឯង​ឈប់​ធ្វើ​ស្អែក ប្រាំ​ឆ្នាំ​ក្រោយ បើសិនជា​មាន​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្វើ​ហ្នឹង ក្រុមហ៊ុន​ត្រូវ​សង​ប្រជាពលរដ្ឋ​ដដែល។ អា​ហ្នឹង​វា​ជា​គោលនយោបាយ ជា​ច្បាប់»

អ្នក​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ម្នាក់​ទៀត គឺ​លោក ហែម ហឿន ថ្លែង​ថា លោក​មិន​ពេញ​ចិត្ត​ករណី​បាក់​ច្រាំង​ខ្លះ ដែល​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ចាត់​ទុក​ថា ជា​ការ​បាក់​ដោយ​ធម្មជាតិ៖ «ខ្ញុំ​ដូច​ជា​មាន​ការ​ពេញ​ចិត្ត​ខ្លះ ប៉ុន្តែ​ភាគ​ច្រើន​ខ្ញុំ​ដូច​ជា​អត់​ពេញ​ចិត្ត​ការ​ដោះស្រាយ​របស់​គាត់ ដោយសារ​គាត់​ថា អត់​សង​ទេ អ្នក​ដែល​បាក់ គាត់​ទម្លាក់​ថា មក​ពី​គ្រោះ​ធម្មជាតិ។ ប៉ុន្តែ​នេះ​ជាក់ស្ដែង ក្រដាស​គាត់​និយាយ​ថា​បួន​ភូមិ ខ្ញុំ​មើល​ទៅ គាត់​គួរ​តែ​ចាប់​ឲ្យ​ក្រុមហ៊ុន​សង​សំណង​ជូន​ជនរងគ្រោះ ហើយ​ខ្ញុំ​មក​នេះ គោលការណ៍​ខ្ញុំ​ខ្លាំង​បំផុត ខ្ញុំ​ចង់​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​តែម្ដង កុំ​ឲ្យ​មាន​ផល​រំខាន ផល​ប៉ះពាល់ ដូច​ជា​បាក់​ដី បាក់​ផ្ទះ បាក់​ផ្លូវ ព្រោះ​កន្លង​មក​អត់​មាន​ដំណោះស្រាយ​អី គឺ​បាន​មក​តែ​សម្របសម្រួល។ ថ្ងៃ​នេះ​មើល​ទៅ​ដដែល​ហ្នឹង។ ដោះស្រាយ​កន្លង​មក គឺ​ដដែលៗ»

កាល​ពី​កិច្ច​ប្រជុំ​លើក​ទី​២ មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ឆ្លើយ​តប​ថា ការ​បូម​ខ្សាច់​នៅ​ទី​នោះ​​មិន​អាច​បញ្ឈប់​បាន​ទេ ហើយ​អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ លោក ហេង ចាន់ធួន បញ្ជាក់​ថា ក្រុមហ៊ុន ឡេង ជីន បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ដើម្បី​បូម​ខ្សាច់​ចាក់​បំពេញ​ទីតាំង​ធ្វើ​ផ្ទះ​លក់​ថោកៗ ឲ្យ​មន្ត្រី​រាជការ​នៅ​ទួល​ក្រសាំង។ លោក​បន្ត​ថា បញ្ហា​នេះ គឺ​ត្រូវ​ដោះស្រាយ​ឲ្យ​មាន​លទ្ធផល​ឈ្នះ​ទាំង​អស់​គ្នា។

រី​ឯ​អ្នក​ភូមិ​ឈ្មោះ លី លាប មិន​យល់ស្រប​តាម​ប្រសាសន៍​លោក ហេង ចាន់ធួន ទេ​នៅ​ពេល​នេះ៖ «បូម​ពី​ខាង​មាត់​ទន្លេ គឺ​ធ្វើ​ឲ្យ​អ្នក​មាត់​ទន្លេ អ្នក​ខ្លះ​ដូច​យាយ​តា​ហ្នឹង​គាត់​ទឹក​ផ្នែក​ហើយ ចាប់​ផ្ដើម​ភ័យ​បាក់​ផ្ទះ។ អា​ហ្នឹង​អត់​មាន​ផល​ចំណេញ មាន​តែ​ផល​លំបាក។ គាត់​ថា យក​ទៅ​ដាក់​ធ្វើ​ផ្ទះ​ឲ្យ​អ្នក​ធ្វើ​ការ​រដ្ឋ តែ​ពួក​ខ្ញុំ​ទឹក​ភ្នែក គាត់​ផល​ចំណេញ ពួក​ខ្ញុំ គឺ​ទឹក​ភ្នែក​តែម្ដង»

ទាក់ទង​បញ្ហា​នេះ លោក ហេង ចាន់ធួន អះអាង​ថា ក្រសួង​រ៉ែ និង​ថាមពល នឹង​មិន​មាន​បញ្ហា​ប៉ះពាល់​នេះ​ទេ៖ «ធ្វើ​ផ្ទះ​លក់​ឲ្យ​មន្ត្រី​រាជការ ដើម្បី​ឲ្យ​ប្រជាជន​ទឹក​ភ្នែក ក្រសួង​យើង​ខ្ញុំ​មិន​អនុញ្ញាត​បែប​នោះ​ទេ។ យើង​កំពុង​តែ​មាន​យន្តការ​ការពារ​នូវ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ យើង​កំពុង​តែ​មាន​យន្តការ​ដាក់​កំហុស​នូវ​អ្វី​ដែល​ក្រុមហ៊ុន​មិន​ធ្វើ​តាម​បច្ចេកទេស ដែល​ក្រសួង​ផ្ដល់​ឲ្យ។ យើង​កំពុង​តែ​មាន​យន្តការ​​តាមដាន​នូវ​ផល​ប៉ះពាល់ ដែល​បង លីហួត លើក​ឡើង​ថា លិច​ចម្ការ​អំពៅ​គាត់។ យើង​ចុះ​ពិនិត្យ​ច្បាស់​ហើយ​នូវ​អ្វី​បង្ក​ផល​ប៉ះពាល់​ដល់​ចម្ការ​របស់​បង លី ហួត»

លោកស្រី​បន្ត​ថា លោកស្រី​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទាំង​ស្រុង​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​គម្រោង​នេះ​ទៅ​មុខ​ទៀត។ នៅ​ពេល​នេះ ខ្សាច់​ដែល​បាន​បូម​ចេញ​​ពី​បាត​ទន្លេ​បាសាក់​នៅ​តំបន់​កោះគ ត្រូវ​បាន​បញ្ជូន​តាម​ទុយោ​ទៅ​ចាក់​បំពេញ​ទីតាំង​ធ្វើ​ផ្ទះ​លក់​ថោកៗ ឲ្យ​មន្ត្រី​រាជការ​នៅ​ទួល​ក្រសាំង​ខ្លះ ហើយ​ខ្លះ​ទៀត ត្រូវ​បាន​ដឹក​តាម​ឡាន​តំបន់​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។