ពលរដ្ឋ​ខេត្ត​កំពង់ធំ​ទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នៅ​ដង​ស្ទឹង​ស្ទោង

ដោយ មួង ណារ៉េត
2020.01.22
សុខ លូ ៦២២ អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ។
រូប​រដ្ឋបាលខេត្ត​កំពង់ធំ

ប្រជា​ពលរដ្ឋ ខេត្ត​កំពង់ធំ ស្នើសុំ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នៅ​តាម​ដងស្ទឹង​ស្ទោង ដោយសារ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​បាក់​ដី​ច្រាំង​ស្ទឹង ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ និង​ផ្ទះ​របស់​ពួកគាត់​។ អភិបាលខេត្ត​កំពង់ធំ សន្យា​ថា នឹង​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល​ករណី​នេះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​សាគ្រាម ស្រុក​ប្រាសាទបល្ល័ង្គ លើកឡើង​ថា អាជីវកម្ម​បូម​ខ្សាច់​នៅ​តាម​ដងស្ទឹង​ស្ទោង កំពុង​កើត​មាន​អនាធិបតេយ្យ ដោយ​ពុំ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់ និង​បកស្រាយ​ពន្យល់ ពលរដ្ឋ​ឱ្យ​បាន​ដឹង​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ការ​បូម​ខ្សាច់​នៅ​តាម​ដងស្ទឹង​ស្ទោង ដោយ​ទ្រង់ទ្រាយ​ធំ ដោយមាន​ម៉ាស៊ីន​បូម​ខ្សាច់ និង​រថយន្ត​ជាច្រើន​គ្រឿង​ប្រចាំការ​បូម​ខ្សាច់ និង​ដឹក​ខ្សាច់​ចេញពី​តំបន់​នោះ​។ លោក បារម្ភ​ថា ការ​បណ្ដោយ​ឱ្យ​មាន​សកម្មភាព​បូម​ខ្សាច់​បែបនេះ គឺជា​ការ​ដណ្ដើម​យក​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ថែមទាំង​បណ្ដាល​ឱ្យ​បាក់​ដី​ច្រាំង​ស្ទឹង ធ្វើ​ឱ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​ពលរដ្ឋ​ទៀត​ផង៖ «ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ចង់​ឱ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​។​កុំ​បាន​បា​លុយ​បាន​កាក​ពី​ក្រុមហ៊ុន​នាំគ្នា​បិទមាត់​អស់ ហើយ​អត់​មាន​ធ្វើការ​អី​បម្រើ​ប្រជាពលរដ្ឋ ហើយ​បម្រើ​តែ​អ្នកមាន​លុយ​គឺ​យើង​មិន​អាច​ទទួលយក​បានទេ»គ្រឿងចក្រ​បូម​ខ្សាច់​នៅ​ឃុំ​ឈូក ជាប់​នឹង​ឃុំ​គោល ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។

ចំណែក ជំទប់​ទី​២​នៃ​ឃុំ​សាគ្រាម មកពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ជឿន ណាស៊ី ប្រាប់​អាស៊ីសេរី​ថា លោក​ក៏​មាន​ការ​ព្រួយបារម្ភ​ដូច​ប្រជាពលរដ្ឋ​ដែរ​។ លោក​សង្កេត​ឃើញ​ថា ការ​បូម​ខ្សាច់​នេះ មិន​បាន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​មិន​ឃើញ​មាន​ចំណូល​សម្រាប់​ឃុំ និង​សម្រាប់​រដ្ឋ​នោះ​ទេ​។ លោក​អះអាង​ថា នៅ​តាម​ដងស្ទឹង​ស្ទោង តែងតែ​មាន​ក្រុមហ៊ុន​ឯកជន ចូល​ទៅ​បូម​ខ្សាច់​ខុសច្បាប់​ជា​បន្តបន្ទាប់ ទោះបីជា​ប្រជាពលរដ្ឋ និង អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​បញ្ឈប់​បែប​ណា ក៏​មិន​ចេះ​អស់​ដែរ​។ លោក​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​នេះ និង​ស្នើសុំ​ឱ្យ​មានការ​ពិគ្រោះ​យោបល់ និង​មានការ​យល់ព្រម​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាមុន​សិន មុននឹង​អនុញ្ញាត​ឱ្យ​ក្រុម ហ៊ុន​ឯកជន បើក​ដំណើរការ​បូម​ខ្សាច់៖ «ការ​ព្រួយបារម្ភ​របស់​ខ្ញុំ​គឺ​ដោយសារ​ទី​១ មាន​វត្ត​និង​ភូមិ​កន្ទាក ជា​ភូមិ​ក្បែរ​ច្រាំង​ស្ទឹង ហើយ​ទី​២ យើង​ព្រួយបារម្ភ​ថា ប្រជាពលរដ្ឋ មាន​ទី​សំណាប និង​ប្រជាពលរដ្ឋ​ដែល​ដាំ​ត្រប់ និង​ល្ង​និង​ដំណាំ​ដាំ​ដុះ​ដូចជា​ពោត​តាម​មាត់​ស្ទឹង ដូច្នេះ​កាលណា​តែ​មាន​បាក់​ច្រាំង​ទៅ គឺ​មាន​ផល​ប៉ះពាល់​ដល់​ពួកគាត់»

ទោះជា​យ៉ាងណា មេឃុំ​សាគ្រាម មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ចាន់ សុផល មាន​ប្រសាសន៍ថា សកម្មភាព​បូម​ខ្សាច់​នេះ​គឺ​មាន​ការសិក្សា និង​ការអនុញ្ញាត​ពី​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ធំ ក៏ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ថ្នាក់លើ មិន​បាន​ផ្ដល់​ដំណឹង​នេះ​ឡើយ ហើយក៏​មិន​មាន​ការ​យល់​ព្រម ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ​។ លោក​អះអាង​ថា លោក​ក៏​ធ្លាប់​បាន​ទាមទារ​សុំ​មើល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទាំង​នោះ​ដែរ ប៉ុន្តែ​មិនទាន់​ទទួល​បាន​នៅឡើយ​ទេ​។ លោក​បន្ត​ថា សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ថ្មី​នេះ គឺ​ទើបតែ​កើតមាន​ក្នុង​ខែ​មករា​នេះ​ទេ ហើយ​លោក​ក៏​មិនដឹង​ថា ជា​ក្រុមហ៊ុន​របស់​អ្នកណា​និង​បូម​ខ្សាច់​យក​ទៅ ណា​នោះ​ដែរ៖ «ខាង​អាជ្ញាធរ​ឃុំ គឺថា ពាក់ព័ន្ធ​នឹង​រ៉ែ​និង​ថាមពល​អ៊ីចឹង​គឺ​ផុត​ពី​ដៃ ប៉ុន្តែ​គ្រាន់​តែ​មាន​សិទ្ធិ​មួយ​ថា បើ​មាន​ផល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ គឺ​យើង​នឹង​តវ៉ា តែ​ខ្ញុំ​រង់ចាំ​មើល​តែ​អាជ្ញាប័ណ្ណ​ទេ ហើយ​ប្រសិនបើ​ធ្លាក់​អាជ្ញាប័ណ្ណ​មក​គឺ​ខ្ញុំ​ប្រាប់​ពលរដ្ឋ​ថា គឺ​សិក្សា​រួចហើយ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ តែ​អាជ្ញាប័ណ្ណ​វា​អត់​ទាន់​មកដល់ ឃុំ។ ខ្ញុំ​មិន​ដឹង​ថា ទីតាំង​នោះ​អនុវត្ត​អី​បែប​ណា​គឺ​អត់​ដឹង​ទេ»

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ធំ លោក ញ៉ែម ចន្ថា ថ្លែង​ថា រដ្ឋបាល​ខេត្ត​គឺជា​អ្នក​ចេញ​អាជ្ញាប័ណ្ណ ឱ្យ​ក្រុមហ៊ុន​ឯកជន​បើក​ដំណើរការ​បូម​ខ្សាច់​នេះ មិនមែន​ខាង​មន្ទីរ​រ៉ែ​នោះ​ទេ​។ លោក​អះអាង​ថា មេឃុំ​សាគ្រាម ក៏បាន​ចុះហត្ថលេខា​យល់ព្រម​ឱ្យ​ដំណើរការ​អាជីវកម្ម​នេះ​ដែរ ប៉ុន្តែ​មូលហេតុ ដែល​គាត់​បដិសេធ អាច​មកពី​គាត់​ភ្លេច​។ លោក ញ៉ែម ចន្ថា បញ្ជាក់​ថា ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​នោះ គឺជា​ជនជាតិ​ខ្មែរ និង​បូម​ខ្សាច់​សម្រាប់​លក់​ក្នុង​ខេត្ត ដោយមាន​កិច្ចសន្យា​រយៈពេល ​១​ឆ្នាំ។ ប៉ុន្តែ​លោក​ថា លោក​មិន​អាច​បញ្ជាក់​ឈ្មោះ​និង​កិច្ចសន្យា​នោះ​លម្អិត​បានទេ ដោយសារ​រវល់​បើកឡាន៖ «តាម​ជំនាញ​យើង​ចុះ​សិក្សា​គឺ​ត្រង់​នេះ​អាច​ធ្វើ​បាន​ដោយ​មិន​មាន​ប៉ះពាល់​អី​ទេ គឺ​យើង​តម្រូវ​ឱ្យ​គាត់​ធ្វើតាម​ការណែនាំ​របស់​យើង​និង​តាម​លក្ខណៈ​បច្ចេកទេស»

ចំណែក​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍ថា ប្រជាពលរដ្ឋ​ចេះតែ​មាន​ការ​ព្រួយបារម្ភ ប៉ុន្តែ​ជា​ធម្មតា​ការ​បូម​ខ្សាច់ គឺ​សុទ្ធតែ​មានការ​អនុញ្ញាត និង​ការវាយតម្លៃ​ច្បាស់លាស់​ពី​មន្ទីរ​ជំនាញ​។ ទោះជា​យ៉ាងណា លោក​សន្យា​ថា នឹង​ឱ្យ​មន្ត្រី​ជំនាញ​របស់​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង៖ «អត់​អី​ទេ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ចាំ​មើល​ខ្ញុំ​ចាត់​ឱ្យ​មន្ទីរ​និង​ក្រុមការងារ​ចុះទៅ​មើល​ថា​ម៉េច​ ព្រោះ​ខ្ញុំ​ចាំ​អត់​បាន​ដែរ ការ​បូម​ខ្សាច់​វា​ច្រើន ការអនុញ្ញាត​ទ្រង់ទ្រាយ​តូច​វា​ច្រើន ដូច្នេះ​ខ្ញុំ​អត់​ចាំ​អស់​ទេ»

តាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សកល​វិទ្យាល័យ សៅសែមថុន (University of Southampton) នៃ​ប្រទេស​អង់គ្លេស ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១៣ ខែមករា នៅ​គេហទំព័រ​របស់​សកល​វិទ្យាល័យ​នេះ បាន​រក​ឃើញ​អំពី​គ្រោះថ្នាក់ នៃ​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា ដែល​កំពុង​គម្រាម​កំហែង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ តាម​ដង​ទន្លេ​មេគង្គ​។ ការ​បូម​ខ្សាច់​ទាំងនោះ ធ្វើ​ឱ្យ​បាតទន្លេ​ខូង​ជ្រៅ ដែល​នាំ​ឱ្យ​បាក់​ច្រាំងទន្លេ រំលំ​ផ្ទះ​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តាម​បណ្ដោយ​មាត់ទន្លេ​។ ក្រុម​អ្នកស្រាវជ្រាវ រក​ឃើញ​បាតទន្លេ​នៅ​តំបន់​ខ្លះ ត្រូវ​គេ​បូម​ខ្សាច់​ខូង​ជម្រៅ ៨ ម៉ែត្រ និង​ប្រវែង ៤២ ម៉ែត្រ ក្នុង​មួយ​កន្លែង។

លោក​បណ្ឌិត ជូលៀន ឡេលិន (Julian Leyland) ប្រើ​ឧបករណ៍​ស្កែន​ដោយ​ប្រើ​ឡាហ្ស៊ែ (Terrestrial Laser Scanner) រកឃើញ​ថា ការ​បូម​ខ្សាច់​ចេញពី​បាតទន្លេ​ត្រឹមតែ​ជម្រៅ ២ ម៉ែត្រ គឺ​ល្មម​គ្រប់គ្រាន់ ធ្វើ​ឱ្យ​បាក់​ដី​មាត់​ច្រាំងទន្លេ​ទៅ​ហើយ ចុះ​ទម្រាំ​បូម​ដល់​ជម្រៅ ៨ ម៉ែត្រ ឬ​ជ្រៅ​ជាង​នេះ នោះ​ការ​បាក់​ច្រាំង​ទន្លេ រឹតតែ​ធំធេង​ជាង​នេះ​។ លោក​បណ្ឌិត ជូលៀន ឡេលិន បន្ថែម​ថា ការសិក្សា​ស្រាវជ្រាវ​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​បាក់​ដី​ច្រាំងទន្លេ​កាន់តែ​រីក​រាលដាល ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​យ៉ាង​សម្បើម​នេះឯង។

ការសិក្សា​នេះ រក​ឃើញ​ទៀត​ថា ការ​បូម​យក​ខ្សាច់​ចេញពី​បាតទន្លេ​មេគង្គ ដោយ​អាជីវកម្ម​បូម​ខ្សាច់​នេះ មាន​បរិមាណ​ធំ​ជាង​ធំ​ហំ​បរិមាណ​ខ្សាច់​ដែល​ហូរ​ចាក់​បំពេញ​បាតទន្លេ​តាម​បែប​ធម្មជាតិ ពី ៥ ទៅ ៩ ដង​ឯណោះ។

សកម្មជន​បរិស្ថាន កត់សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​តែង អនុញ្ញាត​ឬ​បណ្ដែតបណ្ដោយ​ឱ្យ មាន​សកម្មភាព​បូម​ខ្សាច់​ច្រើន​ហួសហេតុ គ្មាន​តម្លាភាព និង​គ្មាន​ការវាយតម្លៃ​ត្រឹមត្រូវ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឡើយ។

អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន មាន​ប្រសាសន៍​ថា ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា អះអាង​ជារឿយៗ​ថា ការ​បូម​ខ្សាច់​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ និង​មិន​បង្ក​ផល​ប៉ះពាល់​ក៏ដោយ ក៏​លោក​មើល​ឃើញ​ថា អាជីវកម្ម​នេះ បាន​ផ្តល់​ផល​ប៉ះពាល់​ធំធេង សម្រាប់​បរិស្ថាន ធនធាន​មច្ឆា​ជាតិ និង​ការ​បាក់​ច្រាំងទន្លេ ស្ទឹង​បណ្ដាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មិន​អាច​ប្រកែក​បាន​ឡើយ។

សកម្មជន​បរិស្ថាន​រូប​នេះ ផ្ដល់​មតិ​ថា ការ​អនុញ្ញាត​ឱ្យ​មាន សកម្មភាព​បូម​ខ្សាច់ គួរតែ​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន និង​មានការ​ចូលរួម​និង​យល់ព្រម​ពី​ភាគី​ពាក់ ព័ន្ធ​ដើម្បី​ធានា​ពី​តម្លាភាព និង​គណនេយ្យភាព ពោល​គឺ​មិន​អាច​ធ្វើឡើង​ដោយ​ស្ងាត់ៗ​តែ​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។ «»

សកម្មជន​បរិស្ថាន សង្កេត​ឃើញ​ថា អាជីវកម្ម​បូម​ខ្សាច់​ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ តែង​ធ្វើ​ឱ្យ​បាក់​ច្រាំងទន្លេ ឬ​ស្ទឹង ក៏ប៉ុន្តែ​រដ្ឋាភិបាល​បែរជា​ប្រកែក​ដោយ​ទម្លាក់កំហុស​ទៅលើ​បាតុភូត​ធម្មជាតិ​ទៅវិញ​។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​បូម​ខ្សាច់​តែង​បង្ហូរ​ប្រេង​ចូល​ក្នុង​ទឹក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវចម្រុះ និង​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ និង​អ្នកនេសាទ​ត្រី​ជាដើម​។ សកម្មជន​បរិស្ថាន​អះអាង​ថា អាជីវកម្ម​បូម​ខ្សាច់​នេះ មិន​ផ្ដល់​ផល​ចំណេញ​អ្វី​ទាំងអស់ ដល់​ពលរដ្ឋ​មូលដ្ឋាន ផ្ទុយទៅវិញ​ពលរដ្ឋ​នឹង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​ខូចខាត​ដល់​បរិស្ថាន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។