របប​ក្រុងភ្នំពេញ​ណែនាំ​ឱ្យ​ពលរដ្ឋ​រក្សា​ទឹក​ទុក​នៅ​រដូវប្រាំង​ហួតហែង​នៅ​ពេល​ខាងមុខ

ដោយ អាស៊ីសេរី
2019-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វាល​ស្រូវ​ដែល​ខ្វះ​ទឹក​ស្រោចស្រព នា​ភូមិ​ស្វាយព្រៃ ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤
វាល​ស្រូវ​ដែល​ខ្វះ​ទឹក​ស្រោចស្រព នា​ភូមិ​ស្វាយព្រៃ ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤
RFA

របប​ក្រុងភ្នំពេញ​បញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ចាត់​វិធានការ​ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ទម្រាំ​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ធម្មតា​វិញ។

របប​ក្រុងភ្នំពេញ​បញ្ជាក់​នៅ​ក្នុង​សារាចរ​ណែនាំ​នៅ​ថ្ងៃទី​១៧ មករា ថា កម្ពុជា​នឹង​រង​បាតុភូត​អែលនី​ណូ (El Nino) នៅ​ដើម​ឆ្នាំ​២០១៩ នេះ ដែល​ធ្វើ​ឱ្យ​អាកាសធាតុ​នៅ​រដូវប្រាំង​នេះ មាន​សភាព​ក្តៅ​ហួតហែង ជាពិសេស​នៅ​ក្នុង​ខែ​មេសា និង​ខែ​ឧសភា។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្យាករណ៍​ថា សីតុណ្ហភាព​អតិបរមា​អាច​ឡើង​ដល់ ៤០ ទៅ ៤២ អង្សាសេ មាន​ភ្លៀង​កក់ខែ​តិចតួច មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន ហើយ​រដូវ​វស្សា​ឆ្នាំនេះ នឹង​មកដល់​យឺត​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។

ដោយសារ​រង​បាតុភូត​នេះ របប​ក្រុងភ្នំពេញ​ណែនាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​តែម្ដង​ប៉ុណ្ណោះ​នៅ​ឆ្នាំនេះ ដោយ​ត្រូវ​រក្សា​ទឹក ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​វិញ បើ​ទោះបី​ជា​នៅ​តាម​អាង​មាន​ទឹក​ស្តុក ឬ​មាន​ទឹក​ពី​ធម្មជាតិ​ក៏ដោយ។

របប​ក្រុងភ្នំពេញ​ក៏បាន​បញ្ជា​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ត្រៀម​លក្ខណៈ​ជួយសង្គ្រោះ​ពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះ​បាតុភូត​ធម្មជាតិ​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល