គ្រោះ​រាំង​ស្ងួត កំពុង​បន្ត​គំរាម​កំហែង​ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី

ដោយ សេក បណ្ឌិត
2019.03.20
មណ្ឌលគិរី ៦១០ រូបសំណាក​គោព្រៃ ២​ក្បាល ជា​និមិត្តរូប​សម្រាប់​សម្គាល់​ខេត្ត​មណ្ឌលគិរី
RFA

មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​នៅ​ខេត្ត​ភាគ​ឦសាន​ កំពុង​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ទាំង​ទឹក​ស្អាត​សម្រាប់​មនុស្ស ទឹក​ស្រោចស្រព​ដំណាំ និង​សម្រាប់​សត្វ​ពាហនៈ។

ពួកគាត់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។

ពលរដ្ឋ​នៅ​តាម​ស្រុក ៤នៃ​ខេត្ត​មណ្ឌលគិរី បាន​ប្រឈម​នឹង​ការ​បាត់បង់​មុខ​របរ ប្រាក់​ចំណូល និង​ជំងឺ​ផ្សេងៗ ដោយសារ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​យូរ​ខែ​ណាស់​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​នៅ​ឡើយ៖ «គ្មាន​ទឹក​ប្រើ​ទេ កុំ​ថា​ឡើយ​មនុស្ស គោ ក្របី ក៏​អត់​ទឹក​ផឹក​ដែរ

ពលរដ្ឋ​នៅ​ឃុំ ស្រែ ហ៊ុយ ស្រុក​កោះញែក ដែល​ជា​ស្រុក​មួយ​ក្នុង​ចំណោម​ស្រុក​ចំនួន៤ និង​ក្រុង​មួយ​នៃ​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា បញ្ហា​ខ្វះ​ទឹក​នេះ​កើត​មាន​ប្រមាណ​កន្លះ​ឆ្នាំ​មក​ហើយ។

សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ បាន​ទិញ​ទឹក​ពី​ឈ្មួញ ដែល​ដឹក​តាម​ឡាន​យក​មក​លក់​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់ ប៉ុន្តែ សម្រាប់​សត្វ​ពាហនៈ កំពុង​ប្រឈម​ខ្លាំង​មែនទែន​ ព្រោះ​ប្រភព​ទឹក​មួយ​ចំនួន ដែល​ធ្លាប់​ប្រើ​ប្រាស់​នោះ​បាន​រីង​អស់ ចំណែក​ប្រភព​ទឹក​ដទៃ​ទៀត​នៅ​ឆ្ងាយ​ពី​ភូមិ​ពួក​គាត់​ខ្លាំង​ដល់​ទៅ​រាប់​សិប​គីឡូម៉ែត្រ។

សមាជិក​ឃុំ​ស្រែហ៊ុយ ស្រុក​កោះញែក លោកស្រី ខឹ សាមិន បាន​ឲ្យ​អាស៊ី​សេរី​ដឹង​ថា តំបន់​គាត់​រស់​នៅ​នោះ មាន​ភ្លៀង​តិចតួច កន្លែង​ខ្លះ​អត់​ភ្លៀង​សោះ​តែ​ម្ដង ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ រហូត មក​ទល់​នឹង​ពេល​នេះ៖ «ប្រើ​បណ្ដាញ​ទឹក​ឯកជន​ឥឡូវ​គេ​រើ​ចេញ​ទៀត ព្រោះ​វា​ដាច់​ប្រភព​ទឹក​ គេ​រក​អន្លង់​ថ្មី ដាក់​តាម​អូ អូរដា​នោះ​ក៏​រីង​ដែរ ព្រោះ​ដាច់​ទឹក​ភ្លៀង​យូរ​ពេក។ ថ្ងៃ​នេះ​អត់​ទឹក​ប្រើ! ចុះ​ឥឡូវ​អត់​ទឹក​ប្រើ​តែ​ម្ដង? វា​មាន​ខ្លះ​ដែរ ប៉ុន្តែ​គេ​ដឹក​លក់ តែ​វា​ថ្លៃ»

លោកស្រី​បន្ត​ថា អាជ្ញាធរ ភូមិ ឃុំ បាន​បញ្ជូន​សំណើ​ទៅ​អាជ្ញាធរ​ខេត្ត​ ជា​បន្ត​បន្ទាប់​ដែរ អំពី​បញ្ហា​ប្រឈម​នៃ​ការ​អត់​ទឹក​ប្រើប្រាស់​នេះ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ដំណោះ​ស្រាយ​យ៉ាង​ណា​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ខ្លះ​បាន​ផ្អាក​របរ​ដាំ​ដុះ​ជា​បណ្តើរៗ និង​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​បណ្ដោះអាសន្ន។

មន្ត្រី​បច្ចេកទេស​កសិកម្ម នៃ​អង្គការ សេដាក (CEDAC) លោក វង្ស សាវឿន ដែល​បាន​ចុះ​ធ្វើ​ការ​ងារ​ជួប​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះញែក កាល​ពី​ថ្ងៃ​ទី​១៨ មីនា​សង្កេត​ឃើញ​ថា ការ​ប្រឈម​ធំ​បំផុត​នោះ គឺ​ខ្វះ​ប្រភព​ទឹក​តែ​ម្ដង ដោយសារ ស្រះ អូរ បឹង និង​​ត្រពាំង​នានា ដែល​ធ្លាប់​ប្រើ​កន្លង​មក​នោះ បច្ចុប្បន្ន​ រីង​ខះ​អស់។ លោក​ថា​ពេលនេះ​ មិន​ចំពោះ​តែ​មនុស្ស​ទេ សូម្បី​តែ​សត្វ​ក៏​រក​ទឹក​ផឹក​មិន​បាន​ផង៖ «រីង​អស់​ហើយ គោ​វា​សុខ​ចិត្ត​ឈរ​សម្លឹង​មើល​កន្លែង​វា​ធ្លាប់​ផឹក​ទឹក​នោះ គ្រវី​ក្បាល​ហ្មង... កន្លែង​ហ្នឹង​វា​ធ្លាប់​មក​ផឹក​ជា​ប្រចាំ​ពេល​មក​ដល់​ឥឡូវ​អត់​មាន​ទឹក គឺ​វា​ឈរ​ដង្ហក់​ហ្មង»

លោក​មានប្រសាសន៍ថា ក្រុម​លោក​បាន​ចុះ​ជួប​ជាមួយ​អាជ្ញាធរ ប្រជាពលរដ្ឋ នៅ​ស្រុក កោះញែក​នោះ​ ដើម្បី​ពិភាក្សា​យុទ្ធសាស្ត្រ​ ជីក​ប្រឡាយ ស្រះទឹក ​និង​កសាង​ប្រភព​ទឹក​ទុក​ប្រើប្រាស់ និង​បង្ហាញ​ពលរដ្ឋ​ពី​ការ​សន្សំ​សំចៃ​ទឹក​ទុក​ស្រោចស្រព ដោយ​បញ្ចៀស​នូវ​ហានិភ័យ​នានា ​កុំ​ឲ្យ​កើត​ឡើងវិញ​ក្រោយ​ឆ្លង​ផុត​គ្រោះ​រាំង​ស្ងួត​នេះ។

មន្រ្តី​នាំ​ពាក្យ​សាលា​ខេត្ត មណ្ឌល គិរី លោក សុក សេរ៉ា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក៏បារម្ភ​ពី​លទ្ធភាព​ស្វែងរក​ទឹក​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​នោះ​ដូច​គ្នា​ដែរ ព្រោះ​តំបន់​ខ្លះ គឺ​គ្មាន​ប្រភព​ទឹក​តែ​ម្តង ជា​ពិសេស នៅ​ស្រុក​កោះញែក​ ព្រោះ​គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​យូរ​ពេក៖ «ប្រភព​ទឹក​រីង​អស់​តែ​ម្តង! សូម្បី​តែ​ប្រភព​ទឹក គឺ​បឹង​ដែល​ធំ​ជាង​គេ​នៅ​កោះញែក ដែល​ធ្លាប់​ប្រណាំង​ទូក​បាន​កាល​ពី​ឆ្នាំ​ទៅ​នោះ ឥឡូវ​ក៏​រីង​អស់​ដែរ ក្រៅ​ពី​តំបន់​ដែល​នៅ​ក្បែរ​អូរ ក្បែរ​ជ្រោះ​មួយ​ចំនួន គឺ​រីង​អស់​តែ​ម្តង»

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត បាន​បើក​យុទ្ធនាការ​សង្គ្រោះ ដោយ​រក​វិធីសាស្រ្ត​បឋម និង​បន្ទាន់ ក្នុង​នោះ​សាលាខេត្ត​បាន​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​ជូន​ពលរដ្ឋ​ដែល​ខ្វះខាត​ខ្លាំង​មែនទែន ប៉ុន្តែ​សព្វថ្ងៃ​ខេត្ត​មាន​រថយន្ត​តែ​មួយ​គ្រឿង​ទេ ដឹក​ចល័ត ​និង​​កំពុង​រក​មធ្យោបាយ​ផ្សេងៗ ​ដើម្បី​ដោះស្រាយ​បន្ថែម​ទៀត៖ «ចាប់​ផ្ដើម​ធ្វើ​ជំហាន​ដំបូង​នៅ​កោះញែក​មួយ​សិន ២ ទៅ ៣ថ្ងៃ​ទៀត យើង​នឹង​បន្ត​ទៅ​ស្រុក​ដទៃៗ ទៀត ដូច​ជា ស្រុក​អូររាំង កែវសីមា​ជា​ដើម គឺ​យើង​ចល័ត​ទាំង​អស់​ក្នុង​យុទ្ធនាការ​របស់​យើង»

លោក​ថា គ្រោះ​រាំង​ស្ងួត​នេះ កើត​មាន​ស្ទើរ​គ្រប់​ស្រុក​ទាំង​អស់​នៃ​ខេត្ត​មណ្ឌលគិរី។

អាស៊ី​សេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដើម្បី​បញ្ជាក់​ថា តើ​មក​ដល់​ពេល​នេះ មាន​ខេត្ត​ប៉ុន្មាន​នៅ​ទូទាំង​ប្រទេស ដែល​ជួប​គ្រោះ​រាំង​ស្ងួត និង​ខ្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ។ ប៉ុន្តែ​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ឲ្យ​ដឹង​ថា ក្រៅ​ពី​ខេត្ត​មណ្ឌលគិរី គឺ​នៅ​មាន​តំបន់​ខ្លះ នៃ​ខេត្ត​ចំនួន​​ ៨ផ្សេងទៀត ទូទៅ​ប្រទេស​នៅ​កម្ពុជា កំពុង​ជួប​គ្រោះ​រាំងស្ងួត និង​ខ្វះ​ទឹក​ប្រើ​ខ្លាំង ដោយសារ​បាតុភូត អែលនីណូ (El Nino) ដែល​បណ្ដាល​ឱ្យ​អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អះអាង​ថា ខ្លួន​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​សម្ភារៈ ថ្មីៗ ដោយ​បាន​ផ្ដល់​រថយន្ត​ស្ទូច​ចំនួន ២០គ្រឿង ដល់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​តាម​បណ្ដា​ខេត្ត ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​អន្តរាគមន៍ ជួយ​ពលរដ្ឋ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់។

ខេត្ត​ចំនួន៩ ដែល​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង​នោះ គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រៃវែង ព្រះវិហារ ប៉ៃលិន មណ្ឌលគិរី និង​ខេត្ត​កោះកុង ។

ក្រសួង​ធនធាន​ទឹក ធ្លាប់​ប្រកាស​ថា នៅ​រដូវ​ប្រាំង​ឆ្នាំនេះ កម្ពុជា​នឹង​ជួប​គ្រោះ​រាំង​ស្ងួត ក្ដៅ​ហួតហែង​ខ្លាំង ពិសេស​ក្នុង​អំឡុង​ខែ​មេសា និង​ឧសភា កម្ដៅ​អាច​នឹង​ហក់​ឡើង​ដល់ ៤០ ទៅ ៤២អង្សា​សេ។

កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០១៨​ ក្រសួង​នេះ ​បាន​ព្យាករ​អំពី​អាកាសធាតុ​ក្នុង​ឆ្នាំ២០១៩ ថា ឆ្នាំ​នេះ​អាកាស​ធាតុ​ក្ដៅ​លើស​ពី​ឆ្នាំ​កន្លង​ទៅ ឯ​រដូវ​ប្រាំង​ត្រូវ​អូស​បន្លាយ​រហូត​ទៅ​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា​ទើប​មាន​ភ្លៀង​ធ្លាក់ ពោល​គឺ​យឺត​ជាង​ឆ្នាំ២០១៨។

ការ​ព្យាករណ៍​នេះ បង្ហាញ​ទៀត​ថា ចាប់​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​ដល់​ខែ​កក្កដា បរិមាណ​ទឹក​ភ្លៀង អាច​មាន​កម្រិត​មធ្យម​ទៅ​បង្គួរ តែ​អាច​នឹង​មិន​រាយប៉ាយ​បាន​ល្អ​ដូច​ឆ្នាំ២០១៨ នោះ​ឡើយ។

ដោយសារ​អាកាសធាតុ រដូវប្រាំង​មិន​អំណោយ​ផល ក្រសួង អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដល់​អាជ្ញាធរ ​សាធារណជន ជាពិសេស កសិករ ​ចូលរួម​ថែ​រក្សា ទឹក​ទុក​ឲ្យ​បាន​ល្អ និង​ប្រើប្រាស់​ទឹក​ឲ្យ​បាន​ចំ​គោលដៅ ប្រកប​ដោយ​ស្មារតី​សន្សំសំចៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។