ស្រូវ​ប្រាំង​ច្រើន​រយ​ហិកតារ​នៅ​កំពង់ឆ្នាំង​ប្រឈម​នឹង​​បញ្ហា​​ស្វិត​ងាប់

ដោយ ជិន ជេដ្ឋា
2014.03.17
រាំង​ស្ងួត កំពង់ឆ្នាំង ៦១០ កសិករ​រស់​នៅ​ភូមិ​ត្រពាំងក្រពើ ក្នុង​ខេត្ត​កំពង់ឆ្នាំង លោក សុខ ថា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី អំពី​បញ្ហា​គ្មាន​ទឹក​ដាក់​ស្រូវ​ប្រាំង កាល​ពី​ថ្ងៃ​១៥ មីនា ឆ្នាំ​២០១៤។
RFA

ស្រូវ​ប្រាំង​ជា​ច្រើន​រយ​ហិកតារ​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ប្រឈម​នឹង​ការ​ស្វិត​ងាប់ បន្ទាប់​ពី​ទឹក​នៅ​ក្នុង​ព្រែក​ក្រោម​បាន​រីង​ស្ងួត​អស់។ ក្រុម​កសិករ​អះអាង​ថា ស្រូវ​ប្រាំង​ប្រជាពលរដ្ឋ​ប្រហែល ២​ពាន់​ហិកតារ កំពុង​ខ្វះខាត​ទឹក ប៉ុន្តែ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ហាក់​មិន​សូវ​ខ្វល់ខ្វាយ​ចំពោះ​បញ្ហា​​នេះ​ឡើយ។

ម៉ាស៊ីន​បូម​ទឹក​តូច​ធំ​ជា​ច្រើន​គ្រឿង​បាន​ដាក់​បញ្ឈរ​នៅ​តាម​មាត់​ព្រែក ដើម្បី​រង់ចាំ​បូម​ទឹក និង​ខ្លះ​កំពុង​តែ​បូម​សម្រេង​ទឹក​ពី​ក្នុង​ព្រែក​ដែល​នៅ​សល់​បន្តិចបន្តួច​ដាក់​បញ្ចូល​ក្នុង​ស្រែ​របស់​ខ្លួន។ ក្រុម​កសិករ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា បាន​សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ចំពោះ​បញ្ហា​នេះ ខណៈ​ដែល​សន្ទូង​ក្នុង​ស្រែ​របស់​ពួកគាត់​ខ្លះ​បាន​ស្វិត​ងាប់​ជា​បណ្ដើរៗ​ទៅ​ហើយ​នោះ។

កសិករ​ម្នាក់​រស់​នៅ​ភូមិ​ត្រពាំងក្រពើ លោក សុខ ថា មាន​ប្រសាសន៍​ថា ស្រូវ​ប្រាំង​របស់​លោក​ផ្ទាល់​ចំនួន ១​ហិកតារ​កន្លះ និង​ស្រូវ​របស់​អ្នកភូមិ​ប្រមាណ​ជា ២០​ហិកតារ​ផ្សេង​ទៀត ដែល​ទើប​មូរ​ដើម និង​ខ្លះ​បាន​ចេញ​មិន​ទាន់​ដាក់​គ្រាប់​នឹង​ត្រូវ​ស្វិត​ងាប់​អស់​គ្មាន​សល់​ប្រសិន​បើ​គ្មាន​ទឹក​ភ្លៀង​កក់​ខែ ឬ​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​ពី​ខាង​មន្ត្រី​ពាក់ព័ន្ធ​នោះ​ទេ។

លោក សុខ ថា៖ «ឃើញ​គេ​មក​ត្រួត​ពិនិត្យ​តែ​អត់​បាន បើ​ថា ស្នើ​បាន​ស្ដារ​ប្រឡាយ​បូម​ពី​ទន្លេ​មក​ទម្លាក់​មក​អ៊ីចឹង ស្រោចស្រព​ទៅ​អ៊ីចឹង​តែម្ដង។ បាទ! អា​កន្លែង​ហ្នឹង​មួយ​មានៗ​ទៅ​អ៊ីចឹង​ទាំង​អស់។ បូម អត់​ខ្លះ មាន​ខ្លះ។ ហ្នឹង​បូម​ដាច់​ទឹក​ឥឡូវ​ទៅ​ផ្ទះ​ហើយ។ ស្ដាយ​ធ្វើ​ម៉េច​បើ​អត់​មាន​ភ្លៀង​មាន​ផ្គរ​អី​ទទេ​អ៊ីចឹង រាល់​ឆ្នាំ​មាន​វា​បាន​កក់​ខែ​បាន​អ៊ីចឹង​ទៅ»

ចំណែក​កសិករ​ម្នាក់​ទៀត លោក វន វិន បញ្ជាក់​ថា ប្រឡាយ​ព្រែក​ក្រោម​មាន​ប្រវែង​ជាង ២​គីឡូម៉ែត្រ​ចេញ​ពី​មាត់​ទន្លេ​ភូមិ​ព្រែកសាលា រហូត​ដល់​ព្រែករាំង នៃ​ឃុំ​ទឹកហូត បាន​រីង​ស្ងួត បន្ទាប់​ពី​កសិករ​សម្រុក​បូម​ទឹក​ដាក់​ស្រែ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មក​នេះ។

លោក​បន្ត​ថា ប្រសិន​បើ​ព្រែក​នេះ​ត្រូវ​បាន​គេ​ស្ដារ​ឡើង​វិញ​នឹង​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២.០០០​ហិកតារ នៅ​ក្នុង​ភូមិ​ជា​ច្រើន​នៃ​ឃុំ​ទឹក​ហូត៖ «បាទ! ទឹក​ខ្វះ​មែន​ទែន ដូច​យើង​បាន​ឃើញ​ស្រាប់ តាម​ព្រែក​តាម​អី​អស់​ហ្នឹង​អត់​មាន​ទឹក​ទេ។ ព្រែក​នេះ​អាច​ស្រោចស្រព​បាន​ប្រហែល​ជា​ចូល ៨០​ភាគរយ»

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​ទឹកហូត លោក ទន់ អ៊ីម បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជុំវិញ​បញ្ហា​នេះ​តាម​រយៈ​ទូរស័ព្ទ​ឡើយ ប៉ុន្តែ​លោក​បង្ហើប​ថា អាជ្ញាធរ​បាន​ស្នើ​សុំ​ទៅ​ថ្នាក់​លើ​ដើម្បី​ដាក់​ម៉ាស៊ីន​បូម​ទឹក​នៅ​តំបន់​ដែល​មាន​ការ​ខ្វះខាត​ទឹក​ក្នុង​ឃុំ​របស់​លោក​នោះ​ហើយ។

ចំណែក​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​បូក​សរុប​ទិន្នន័យ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា កន្លង​មក​ខាង​មន្ត្រី​ជំនាញ​ធ្លាប់​ចុះ​ទៅ​ពិនិត្យ​ជុំ​វិញ​បញ្ហា​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​តួលេខ​ច្បាស់លាស់​នៃ​ទំហំ​ដី​ខ្វះ​ខាត​ទឹក​ទាំង​នោះ​នៅ​ឡើយ៖ «មាន​តើ​កាល​ពី​សប្ដាហ៍​មុន ដូច​ជា​មាន​របាយការណ៍​ហ្នឹង ប៉ុន្តែ​ថា​មិន​ទាន់​អី។ ចុះ​ឥឡូវ​ខ្វះ​ទៀត​ហើយ? ចាំ​មើល​ថ្ងៃ​ច័ន្ទ ចាំ​ឲ្យ​កសិកម្ម​ស្រុក​ខ្ញុំ​ចុះ​ទៅ​មើល»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង លោក ដោក ប៊ុនថន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ដោយ​លើក​ទូរស័ព្ទ​ហើយ​មិន​និយាយ។

ប្រជា​កសិករ​ដែល​និយម​ធ្វើ​ស្រូវ​ប្រាំង​នៃ​ឃុំ​ទឹកហូត ជា​ច្រើន​រយ​គ្រួសារ បាន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទឹក​ក្នុង​ប្រឡាយ​ព្រែក​ក្រោម​នេះ ក្រៅ​ពី​ទឹក​ភ្លៀង​ក្នុង​ការ​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​របស់​ពួកគាត់។ ពួក​គាត់​បញ្ជាក់​ថា ព្រែក​នេះ​មាន​តាំង​មុន​របប​ខ្មែរ​ក្រហម​ទៅ​ទៀត ហើយ​ប្រជាពលរដ្ឋ​ធ្លាប់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ស្ដារ និង​ដាក់​លូ​នៅ​កន្លែង​ខ្លះ​នៃ​ព្រែក​នោះ ដើម្បី​សម្រួល​ដល់​ការ​ស្រោចស្រព​កសិកម្ម​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។