អាជ្ញាធរ​គ្រោង​បញ្ចប់​សេវាកម្ម​ជិះ​ដំរី​កម្សាន្ត​នៅ​តំបន់​អង្គរ​នៅ​ដើម​ឆ្នាំ២០២០​

ដោយ អាស៊ីសេរី
2019.11.16
ដំរី ដំរី​កំពុង​ដឹក​ភ្ញៀវ​ជិះ​កម្សាន្ត នៅ​តំបន់​អង្គរ ក្រុង​សៀមរាប កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ RFA

អាជ្ញាធរ​ខេត្តសៀមរាប​ សមាគម​អភិរក្ស​ដំរី​ និង​អាជ្ញា​អរ​អប្សរា​ សម្រេច​បញ្ឈប់​សេវាកម្ម​ជិះដំរី​កម្សាន្ត​នៅ​តំបន់​អង្គរ​ ចាប់ពី​ដើមឆ្នាំ២០២០​ ខាងមុខនេះ​តទៅ។ អង្គការ​អភិរក្ស​ដំរី​ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី​ សាទរ​ចំពោះ​សេច​ក្ដី​សម្រេច​នេះ​ នឹង​ចាត់ទុក​ថា​ ជា​វិធី​រក្សា​ពូជ​សត្វ​ដំរី​ឱ្យ​រស់នៅ​យូរ​អង្វែង។

អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​ លោក​ ឡុង​ កុសល​ ឱ្យ​ដឹង​នៅ​អាទិត្យ​ទី១៦​ ខែវិច្ឆិកា​ថា​ មូលហេតុ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​សមាគម​អភិរក្ស​ដំរី​ សម្រេច​បញ្ឈប់​សេវាកម្ម​ជិះដំរី​ ព្រោះ​ចង់​ថែរក្សា​សត្វ​កម្រ​ទាំង​នេះ រស់នៅ​តាម​បែប​ធម្មជាតិ​ក្នុង​ព្រៃ​អភិរក្ស​ ហើយ​ភ្ញៀវ​ទេសចរ​អាច​ទៅ​ទស្សនា​មើល​កម្សាន្ត​បាន។ លោក​បញ្ជាក់​ថា នៅ​តំបន់​អង្គរ​ពេល​នេះ មាន​ដំរី​សរុប​ ១៤ក្បាល ហើយ​មួយ​ចំនួន បាន​បម្រើ​សេវា​កម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ជិះ​កម្សាន្ត​នៅ​តំបន់​អង្គរ៖ «ក៏ប៉ុន្តែ​ក្នុង​ចំណោម​ទាំង ១៤ក្បាល គឺ​ទាំង​អស់​ហ្នឹង ត្រូវ​បាន​យក​មក​បម្រើ កិច្ច​ការងារ​ផ្តល់ជាសេវាកម្មដឹកជញ្ជូនទេ ដោយសារ​តែ​មួយ​ចំនួន​តូច​ហ្នឹង ជា​ដំរី​មាន​ដែល​អាយុ ចាស់។ គ្រាន់តែថាមាន យក​ទៅ​រក្សា​ទុក​មិន​ឱ្យ​បម្រើ​ការងារ​សេវាកម្ម​ទេ»

លោក​ ឡុង​ កុសល​ បន្ថែម​ទៀត​ថា សមាគម​អភិរក្ស​ដំរី​នឹង​យក​ដំរី​ទាំង​អស់​នេះ​ ថែទាំ​ក្នុង​ព្រៃ​អភិរក្ស​នៅ​ភូមិ​បុស្ស​ធំ​ នៃ​ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប។ លោក​បញ្ជាក់​ថា​ សមាគម​អភិរក្ស​ដំរី​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ សម្រេច​បង្កើត​ព្រៃ​សហគមន៍​មួយ​កន្លែង​នៅ​តំបន់​នោះ​ ដើម្បី​ចិញ្ចឹម​សត្វ​ដំរី​រស់នៅ​លក្ខណៈ​ធម្មជាតិ​ ក៏​ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា​ ព្រៃ​សហគមន៍​នោះ​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បែប​ណា​នោះ​ទេ​ ព្រោះ​សមាគម​អភិរក្ស​ដំរី​មាន​តួនាទី​ធ្វើ​កិច្ចការ​ងារ​នេះ៖ «សមាគម​អ្នក​គ្រប់គ្រង​ដំរី មាន​ការ​ឯកភាព​គ្នា​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ សម្រេច​បង្កើត​ព្រៃ​សហគមន៍ ដើម្បី​ឱ្យ​ដំរី​រស់​នៅ​លក្ខណៈ​ជាតិ​របស់​គាត់​បាន»

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​ សមាគម​អភិរក្ស​ដំរី​ ដើម្បី​សុំ​ការអធិប្បាយ​បន្ថែម​ ជុំវិញ​ករណីនេះ​បាន​ថា​ យ៉ាង​ណា​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា។

ចំណែក​ ប្រធាន​អង្គការ​អភិរក្ស​សត្វ​ដំរី​ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី​ លោក​ ឃុន​ ឌី​យ៉ូ​ត ចាត់​ទុក​វិធានការ​នេះ​ថា ជា​រឿង​ល្អ​ និង​បាន​រួមចំណែក​អភិរក្ស​សត្វ​ដំរី​ឱ្យ​រស់នៅ​បាន​យូរ​តាម​លក្ខណៈ​ធម្មជាតិ។ លោក​បន្ត​ថា​ កន្លងទៅ​ អង្គការ​របស់​លោក​ក៏​ធ្លាប់​ស្នើសុំ​បញ្ឈប់​សេវាកម្ម​នេះ​ នៅ​ខេត្ត​មណ្ឌលគិរី​ដែរ។ លោក​ថា​ ការ​យក​ដំរី​ជិះ​ ដើម្បី​រក​ប្រាក់​ចំណូល​ នឹង​បង្ក​ប៉ះពាល់​សុខភាព​ដំរី​ ជាពិសេស​ ធ្វើ​ឱ្យ​វា​ចុះ​ខ្សោយ​កម្លាំង៖ «ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន​ឃើញ​អ៊ីចឹង ពីព្រោះ​រឿង​ហ្នឹង​ខ្ញុំ​ធ្វើ​ការងារ ១០ឆ្នាំ​ហើយ ពីព្រោះ​កន្លែងខ្ញុំ មុន​ដំបូង​ក៏​ជិះ​ដំរី​ដែរ។ ក្រោយ​ពី​ខ្ញុំ​ទៅ​គ្រប់គ្រង​កន្លែង​ហ្នឹង ខ្ញុំ​បាន​ពិភាក្សា​អ្នក​ធ្វើ​ការ​នៅ​កន្លែង​ហ្នឹង។ ហេតុ​ធ្វើ​យើង​ជិះ​ដំរី យើង​ធ្វើ​ស្រែ​លើ​ខ្នង​គេ​អ៊ីចឹង? ដំរី​ចាស់ៗ អស់​ហើយ ក្នុង​ព្រៃ​ជួប​ជុំ​គ្នា វា​សប្បាយ កាល​ណា​ជិះវា នៅ​ថែទាំ​មើល​វា រក​ពេល​ទំនេរ​អត់​បាន​ទេ ហើយ​វា​ជួប​គ្នា​ក៏​អត់​បាន​ដែរ ដោយសារ​ត្រូវ​ការ​ដឹក​យក​វា​ទៅ​ទទួល​ភ្ញៀវ»

កាលពី​ឆ្នាំ២០១៦ សត្វ​ដំរី​មួយ​ក្បាល​ងាប់​ នៅ​គ្រាដែល​ដឹក​ភ្ញៀវ​កម្សាន្ត​នៅ​តំបន់​អង្គរ​ ដោយសារ​ខ្សោយ​កម្លាំង។ សហគមន៍​អន្តរជាតិ​ និង​អង្គការ​អភិរក្ស​ដំរី​ រិះគន់​យ៉ាង​ខ្លាំងៗ ចំពោះ​សេវាកម្ម​នេះ​ និង​ស្នើ​ឱ្យ​បញ្ឈប់​ជា​រឿយៗ។

ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​ លោក​ ទៀក​ សិលា​ ក៏​សាទរ​ចំពោះ​វិធានការ​នេះ​ដែរ ហើយ​ចង់​ឃើញ​អាជ្ញាធរ​អភិរក្ស​ដំរី​ ក្នុង​ព្រៃ​លក្ខណៈ​វិទ្យា​សា​ស្ដ្រ ​ដើម្បី​រក្សា​ពូជ​ដំរី​ឱ្យ​បាន​គង់វង្ស​យូរ។ លោក​សង្កេត​ឃើញ​ថា​ ដំរី​ងាប់​កន្លង​ទៅ​ ដោយសារ​ធ្វើ​ការ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ អស់​កម្លាំង​ នៅ​គ្រា​ដែល​ដឹក​ភ្ញៀវ​កម្សាន្ត​ស្ទើរ​ជា​រៀង​រាល់ថ្ងៃ​នៅ​តំបន់​អង្គរ​នោះ៖ «ដំរី​គួរ​តែ​មាន​កន្លែង​វា​នៅ​សម្រាប់​អភិរក្ស។ សម្រាប់​ឱ្យ​ភ្ញៀវ​មើល​វិញ​ល្អ​ជាង បើ​ជិះ​មើល​ទៅ​ដូច​បាប​កម្ម​ពេក​ហើយ​បង យក​លុយ​ពី​គាត់។ យក​វា​ទៅ​នៅ​ក្នុង​ព្រៃ នៅ​តំបន់​អភិរក្ស​មួយ ឱ្យ​ភ្ញៀវ​មើល​វិញ អា​ហ្នឹង​ល្អ​ជាង»

អាជ្ញាធរ​ខេត្តសៀមរាប​ និង​អាជ្ញាធរ​អប្សរា បាន​កំណត់​តម្លៃ​សេវាកម្ម​ជិះដំរី​កម្សាន្ត​ម្ដងៗ ៨ដុល្លារ​ឬ​ស្មើ​ ៨ម៉ឺន​រៀល​នៅ​តំបន់​អង្គរ។ ចំពោះ​អ្នក​ជិះ​ថតរូប​មួយ​ភ្លែត​តម្លៃ ២.០០០រៀល ក្នុង​មនុស្ស​ម្នាក់។

អង្គការ​អភិរក្ស​ដំរី​ ឱ្យ​ដឹង​ទៀត​ថា​ វត្តមាន​ដំរី​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ៦៧ក្បាល​ ក្នុង​នោះ​នៅ​ខេត្ត​មណ្ឌលគិរី​មាន ៣៧ក្បាល និង​នៅ​ខេត្ត​សៀមរាប​មាន ១៤ក្បាល។ អង្គការ​មួយ​នេះ​ចាត់​ទុក​ថា ការ​ថយ​ចុះ​ទំហំ​ព្រៃ​ឈើ​ ជា​កត្តា​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វ​ដំរី​ព្រៃ និង​ដំរី​ស្រុក៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។