អង្គការ​អភិរក្ស​សត្វ​ដំរី​បារម្ភ​ពី​ការ​ថយ​ចុះ​សត្វ​ដំរី​ដោយ​សារ​ការ​បាត់បង់​ទំហំ​ព្រៃឈើ

ដោយ វ៉ែន សុមេធ
2019-05-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ហ្វូង​ដំ​រំ​ព្រៃ​ជា​ច្រើន​ក្បាល​ដែល​បង្ហាញ​ខ្លួន​នៅ​ជិត​ប្រភព​ទឹក​អូរ​ធម្មជាតិ​ឋិត​ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
ហ្វូង​ដំ​រំ​ព្រៃ​ជា​ច្រើន​ក្បាល​ដែល​បង្ហាញ​ខ្លួន​នៅ​ជិត​ប្រភព​ទឹក​អូរ​ធម្មជាតិ​ឋិត​ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
Provided photo

អង្គការ​ការពារ​សត្វ​ដំរី និង​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី បង្ហាញ​ក្ដី​បារម្ភ​ដោយសារតែ​ក្នុង រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយនេះ សត្វ​ដំរី ៨​ក្បាល​បាន​ងាប់ ដោយសារ​ការ​បរបាញ់ កត្តា​អាយុកាល និង​បាញ់សម្លាប់​នៅ​ពេល​ដំរីចុះប្រេង ចំណែក​ព្រៃ ឈើ​​ជា​ជម្រក​របស់​សត្វ​ដំរី​ក៏​បាត់បង់​ដែរ​។

នាយក​អង្គការ​ការពារ​សត្វ​ដំរី​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី លោក ឃុន ដីយ៉ូន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី៩ ឧសភា​ថា ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ ដែល​ជា​ជម្រក​របស់​ដំរី​ព្រៃ បង្ក​ប៉ះពាល់​ជីវសាស្ត្រ​ដំរី ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​បាន​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃ ធ្វើ​ចម្ការ រំខាន​ការ​ចិញ្ចឹម​ជីវិត​សត្វ​ដំរី​ព្រៃ​។ លោក​ថា ដំរី​សរុប​នៅ​ទូទាំង​ប្រទេស កម្ពុជា​មាន ៦៨​ក្បាល ក្នុង​នោះ​នៅ​ខេត្ត​មណ្ឌលគិរី​មាន ៣៨​ក្បាល​។ លើស​ពី​នេះ នៅ​ខេត្ត​មណ្ឌលគិរី នៅ​មិនទាន់​មាន​សួន​សត្វ​ធំ​ទូលាយ សម្រាប់​ចិញ្ចឹម​សត្វ​ព្រៃ និង​សត្វ​ដំរី នៅឡើយ​ទេ៖ «យើង​មានការ​ថយ​ចុះ ដោយសារ​ព្រៃ​រេចរឹល ហើយ​ចម្ការ​មនុស្ស​កើន​ឡើង យើង​អត់​ទាន់​មាន​សួន​ឧទ្យាន​ណាមួយ​សម្រាប់​រក្សា​ដំរី​ឱ្យ​ធំ​​តែម្ដង​។ ខ្ញុំ​អត់​ចង់​រក្សា​ដូច​នៅ​ភ្នំ​តា​ម៉ៅ​ទេ ផ្ទៃដី​តូច ខ្ញុំ​ចង់បាន រាប់​ម៉ឺន​ហិកតារ​ដែន​ជម្រក កែវសីមា​ មាន​ផ្ទៃដី ៣​ម៉ឺន​ហិកតារ គឺ​ដាក់ ៣​ម៉ឺន​ហិកតារ​តែម្ដង អត់​ចង់​មានតែ​ក្នុង​ទ្រុង​ទេ»

លោក​បន្ត​ថា មាន​ហេតុផល​ច្រើន ដែល​ធ្វើ​ឱ្យ​សត្វ​ដំរី ថយ​ចុះ​បន្តិច​ម្ដង ដោយសារ​ខ្វះ​បច្ចេកទេស​បន្ត​ពូជ​បែប​ធម្មជាតិ អាជ្ញាធរ​បាញ់សម្លាប់​ពេល​ដំរីចុះប្រេង ដែល​យាយី​អាយុជីវិត​អ្នកភូមិ និង​ខ្វះ​ពេទ្យ​ដំរី​ជាដើម​។ លោក​បារម្ភ​ថា បច្ចុប្បន្ន នៅ​មិន​ទាន់​​មាន​វិធានការ​បង្កាត់​ពូជ​សត្វ​ដំរី លក្ខណៈ​បច្ចេកទេស​ធម្មជាតិ​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ដំរី​មិន​កើន​ឡើង៖ «ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល​ជួយ​គាំពារ សត្វ​ដំរី​ហ្នឹង ព្រោះ​វា​ជិត​ផុត​ពូជ។ ប្រសិនបើ​បណ្ដោយ​ឱ្យ​អ្នក​ប្រមាញ់​បាញ់ វា​ផុត​ពូជ​ហើយ​ដំរី ដោយសារ​គេ​ឃើញ​ផលប្រយោជន៍​ពី​វា ព្រោះ​មាន​ភ្លុក​អីចឹង​ទៅ»

អង្គការ​ការពារ​សត្វ​ដំរី ELIE បាន​ចេញ​ផ្សាយ​របាយការណ៍ នៅ​ឆ្នាំ​២០១៩ ​នេះ បង្ហាញ​ថា អំឡុង​ឆ្នាំ២០១៧ ដំរី​ងាប់ ៥​ក្បាល។ ក្នុង​នោះ ៣​ក្បាល​ងាប់​ដោយសារ​ជំងឺ និង​ ២​ក្បាល​ទៀត ងាប់​ដោយសារ​អាជ្ញាធរ​បាញ់​ពេល​វា​ចុះប្រេង អុកឡុក​ពលរដ្ឋ និង ​១​ក្បាល​ទៀត ងាប់​ដោយសារ​ធ្លាក់​រណ្ដៅ។ លើស​ពី​នេះ នៅ​អំឡុង ឆ្នាំ​២០១៨ មាន​ដំរី​ងាប់ ២​ក្បាល ក្នុង​នោះ​មួយ​ក្បាល​ឈឺ និង​មួយ​ក្បាល​ទៀត ងាប់​ដោយសារ​ម្ចាស់​ចងទុក នៅ​ពេល​ចុះប្រេង ហើយ​នៅ​ដើម​ឆ្នាំ២០១៩​នេះ ដំរី​ ១ក្បាល​ទម្ងន់​ជាង ១​តោន​ងាប់​ដោយសារ​ការ​បរបាញ់​ដើម្បី​កាត់​យក​ភ្លុក។

សហគមន៍​ជនជាតិ​ដើម​ព្នង ខេត្ត​មណ្ឌលគិរី លោក យិន ឈិត បារម្ភ​ថា អាជ្ញាធរ​ជំនាញ​ហាក់​មិនបាន​យកចិត្តទុកដាក់​អភិរក្ស​សត្វ​ដំរី​ឱ្យ​ល្អ​ប្រសើរ​នៅឡើយ​ទេ ហើយ​ដំរី​ព្រៃ​ជាច្រើន​នៅតែ​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ការ​បរបាញ់​យក​ភ្លុក និង​គ្មាន​បច្ចេកទេស​បាញ់​ដំរី​ឱ្យ​សន្លប់​ពេល​វា​ចុះប្រេង​។ លោក​ថា អាជ្ញាធរ​ហាក់​មិន​យកចិត្តទុកដាក់​ជីក​​ស្រះ​​ទឹក ផ្គត់ផ្គង់​​ប្រភព​​ទឹក​​សំខាន់ៗ នៅ​កន្លែង​ដែល​ដំរី​រស់នៅ និង​ឆ្លងកាត់​នៅឡើយ​ទេ៖ «ខ្ញុំ​គិត​ថា យើង​គួរតែ​អភិរក្ស​ព្រៃឈើ​ឱ្យ​បាន​ជាប់​លាប់​ទៅ​។ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា ការ​អភិរក្ស​ព្រៃ​របស់​យើង ដើម្បី​កុំ​ឱ្យ​ចេះតែ​បាត់បង់ ហើយ​ឥឡូវនេះ ខែប្រាំង ឆ្នាំនេះ​ខ្ញុំ​ឃើញ​ថា គោក​ទឹក និង​គោក​អូរ​អីចឹង​។ អីចឹង​ក្នុង​ព្រៃ​កន្លែង​ខ្លះ​អត់​មាន​ទឹក​ទេ​។ អីចឹង​ដំរី​អាច​ធ្វើ​ដំណើរ​ទៅ ឆ្ងាយ​ទៅ​កន្លែង​អូរ​ដែល​មាន​​ទឹក​។ ជាង​នេះ​ទៅ​ទៀត មិន​ត្រឹម​ដំរី​ផ្សេង​ទេ សត្វ​ផ្សេងៗ​ ក៏​មាន​ទឹក​ដែរ។ រដ្ឋាភិបាល​គួរតែ​ចាត់​វិធានការ​ជីក​​ត្រពាំង​​ក្នុង​​ព្រៃ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន លោក កែវ សុភ័ក្រ ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី៩ ឧសភា។

មន្ត្រី​អង្គការ​ការពារ​សត្វ​ដំរី​បន្ថែម​ថា បច្ចុប្បន្ន​នៅ​ខេត្ត​មណ្ឌលគិរី មាន​ដំរី ៣៨​ក្បាល មួយ​ចំនួន​ក្រោម​ការ​ថែរក្សា និង​ចិញ្ចឹម​ដោយ​អង្គការ​ការពារ​ដំរី និង​ដំរី​មួយ​ចំនួន​ទៀត ជា​កម្ម​សិទ្ធ​របស់​ជន​ជាតិ​ដើម​ភាគតិច​ព្នង​។ ពួកគេ​បារម្ភ​ថា ប្រពៃណី​ជនជាតិ​ដើម​​ភាគ​តិច​ព្នង មិន​អនុញ្ញាត​ឱ្យ​សត្វ​ដំរី​បន្ត​ពូជ​បាន ប្រសិនបើ​ដំរី​មិនទាន់​រៀបការ ដោយសារ​ពួកគេ​ជឿ​ថា ការ​បណ្ដោយ​ឱ្យ​សត្វ​ដំរី​បន្ត​ពូជ​ដោយ​មិនបាន​រៀបការ​នឹង​មាន​ឧបទ្រពចង្រៃ​ក្នុង​ភូមិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល