កម្ពុជា​ស្នើ​បង្កើន​វិភាគទាន​ដល់​ប្រទេស​ក្រីក្រ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ

ដោយ ទេព សុរ៉ាវី
2014.09.26
សាយ សំអាល់ និង​ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) ៦១០ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ (ឆ្វេង) និង​អគ្គរដ្ឋទូត​ប្រធាន​សហគមន៍​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) ចូលរួម​ពិធី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ក្នុង​ដែន​ឧទ្យាន​ជាតិ​វីរជ័យ នា​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Ratha Visal

រាជ​រដ្ឋាភិបាល​កម្ពុជា ស្នើសុំ​ឲ្យ​បណ្ដា​ប្រទេស​មាន​ឧស្សាហកម្ម​ជឿន​លឿន ផ្តល់​វិភាគទាន​គាំទ្រ​ហិរញ្ញវត្ថុ​ចំនួន ១០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដល់​បណ្ដា​ប្រទេស​ក្រីក្រ ឬ​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច ដែល​ងាយ​រងគ្រោះ​ដោយសារ​ការ​បំផុល​បរិស្ថាន សម្រាប់​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ។

សំណើ​នេះ បាន​ដាក់​នៅ​ពេល​ដែល​តំណាង​រដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ ស្ដីពី​អាកាស​ធាតុ​នៅ​ទីក្រុង​ញីវយ៉ក (New York)។

រាជ​រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​ជឿន​លឿន ត្រូវ​ប្ដេជ្ញា​ចិត្ត និង​បង្កើន​វិភាគទាន​ហិរញ្ញវត្ថុ​ទៅ​ក្នុង​មូលនិធិ​អាកាស​ធាតុ​បៃតង សម្រាប់​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន និង​ការ​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​ក្រីក្រ ពិសេស​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច។

ការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ដែល​បាន​ទៅ​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល ចូលរួម​ក្នុង​ប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​អាកាស​ធាតុ​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា។ លោក សាយ សំអាល់ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​កំពុង​តែ​ប៉ះពាល់ និង​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​មួយ​ដែល​មនុស្ស​ជាតិ​លើ​ពិភពលោក​កំពុង​ជួប​ប្រទះ។

យោង​តាម​ភស្តុតាង​វិទ្យាសាស្ត្រ ចេញ​ផ្សាយ​ដោយ​ក្រុមប្រឹក្សា​អន្តរ​រដ្ឋាភិបាល ស្ដីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា ផល​ប៉ះពាល់​នានា​បណ្ដាល​មក​ពី​អថេរ​អាកាស​ធាតុ និង​ការ​ប្រែប្រួល​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ និង​ញឹកញាប់​ជាង​មុន។

ក្នុង​សេចក្តី​ថ្លែងការណ៍ រាជ​រដ្ឋាភិបាល​បញ្ជាក់​ថា ក្នុង​ឋានៈ​ជា​ប្រទេស​តូច​មួយ​ស្ថិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ កម្ពុជា បាន​រួម​ចំណែក​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ​តិចតួច​បំផុត។ ប៉ុន្តែ កម្ពុជា ជា​ប្រទេស​ងាយ​រងគ្រោះ​បំផុត​ដោយសារ​សមត្ថភាព​នៃ​ការ​បន្ស៊ាំ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​មាន​កម្រិត។

យ៉ាង​ណា លោក សាយ សំអាល់ បញ្ជាក់​ថា រដ្ឋាភិបាល​មាន​ជំនឿ​ថា កម្ពុជា អាច​បង្វែរ​វិបត្តិ​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ ឲ្យ​ទៅ​ជា​ឱកាស​មួយ​សម្រាប់​អភិវឌ្ឍ​បៃតង​ដែល​បញ្ចេញ​កាបូន​តិច​ប្រកប​ដោយ​ភាព​ធន់ សមធម៌ ចីរភាព និង​ផ្អែក​លើ​ចំណេះ​ដឹង។

រាជ​រដ្ឋាភិបាល​កម្ពុជា ស្នើសុំ​ឲ្យ​បណ្ដា​ប្រទេស​មាន​ឧស្សាហកម្ម​ជឿន​លឿន ផ្តល់​វិភាគទាន​គាំទ្រ​ហិរញ្ញវត្ថុ​ចំនួន ១០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដល់​បណ្ដា​ប្រទេស​ក្រីក្រ ឬ​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច សម្រាប់​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បញ្ជាក់​ថា កម្ពុជា ក៏​ស្ថិត​ក្នុង​ប្រទេស​ដែល​ត្រូវ​ទទួល​បាន​វិភាគទាន​ទាំង​នោះ​មួយ​ផ្នែក​ដែរ៖ «ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ហ្នឹង​ហើយ​ដែល​គាត់​បំពុល​បរិស្ថាន​ច្រើន ឬ​ក៏​បញ្ចេញ​កាបូន​របស់​គាត់​ហ្នឹង​មាន​បរិមាណ​ច្រើន​ជាង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។ ដូច្នេះ កាតព្វកិច្ច​របស់​គាត់ គឺ​ត្រូវ​ផ្តល់​វិភាគទាន​ឲ្យ​បាន​ច្រើន​ក្នុង​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នេះ»

ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា បាន​ទទួល​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​បន្តបន្ទាប់ និង​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ជាក់ស្តែង ទឹក​ជំនន់​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ បង្ក​ឲ្យ​ខូចខាត​គិត​ជា​ទឹក​ប្រាក់​ជាង ៣៥០​លាន​ដុល្លារ ឬ​ត្រូវ​ជា​ប្រមាណ ១០​ភាគរយ នៃ​ថវិកា​ជាតិ​សរុប​ប្រចាំ​ឆ្នាំ។ សេចក្តី​ថ្លែងការណ៍​រាជ​រដ្ឋាភិបាល បង្ហាញ​ថា ការ​ខូចខាត​ទាំង​មូល​ដែល​បង្ក​ដោយ​ការ​ប្រែប្រួល​អាកាស​ធាតុ​មក​លើ​ផល​ទុន​ក្នុង​ស្រុក​សរុប​ប្រចាំ​ឆ្នាំ​កម្ពុជា ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​មាន​យ៉ាង​ហោច ៣,៥​ភាគរយ​នៅ​ឆ្នាំ​២០៥០ ក្រោម​សេណារីយ៉ូ​នៃ​កំណើន​សីតុណ្ហភាព ២​អង្សា​សេ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បញ្ជាក់​ថា ក្រសួង​បរិស្ថាន មាន​ទិសដៅ​សម្រាប់​ការ​បន្ស៊ាំ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ត្រូវ​កសាង​សមត្ថភាព​អ្នក​ពាក់ព័ន្ធ ឬ​អ្នក​ដែល​រង​ផល​ប៉ះពាល់ អាច​មាន​លទ្ធភាព​ឆ្លើយ​តប​ចំពោះ​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន៖ «បញ្ហា​ផ្សេង​ទៀត​ក៏​យើង​ត្រូវ​តែ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដែរ ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​បញ្ហា​បំពុល​បរិស្ថាន ក៏ដូចជា​ធ្វើ​ការ​បញ្ចេញ​កាបូន ឬ​ក៏​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន​នៅ​ទាប។ មិន​មែន​មាន​ន័យ​ថា យើង​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច គេច​ពី​កាតព្វកិច្ច​នេះ​ទេ ព្រោះ​នេះ​ជា​បញ្ហា​បរិស្ថាន​ជា​សកល»

កម្ពុជា មាន​យន្តការ​មួយ​សម្រាប់​គ្រប់គ្រង​ថវិកា ឬ​ជំនួយ​ផ្សេងៗ​ដែល​ដៃគូ​អភិវឌ្ឍន៍ បាន​ផ្តល់​ជូន​មក​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។

របាយការណ៍​ហិរញ្ញប្បទាន ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​កុម្ភៈ បង្ហាញ​ថា ពី​ឆ្នាំ​២០០៣ រហូត​ដល់​បច្ចុប្បន្ន ប្រទេស​កម្ពុជា បាន​ទទួល​ហិរញ្ញប្បទាន​សរុប​ចំនួន ៦៥៥,៦​លាន​ដុល្លារ ដែល​ក្នុង​នោះ ៦៤% នៃ​ទឹក​ប្រាក់​នេះ គឺ​ជា​ជំនួយ​ឥត​សំណង និង ៣៦% ទៀត គឺ​ជា​កម្ចី​សម្បទាន។

ក្នុង​ចំណោម​ទឹក​ប្រាក់​ដែល​ប្រទេស​កម្ពុជា ប្រមូល​បាន មាន​ទឹក​ប្រាក់​ចំនួន ៣៣៨,៨​លាន​ដុល្លារ ត្រូវ​បាន​ប្រើប្រាស់​រួច​ហើយ និង​ទឹក​ប្រាក់​ចំនួន ៣១៦,៨​លាន​ដុល្លារ​ទៀត នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​រយៈពេល​ប្រាំពីរ​ឆ្នាំ​បន្ទាប់​ទៀត គឺ​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ​២០២០ ក្នុង​កិច្ច​ការពារ​ការ​ប្រែប្រួល​អាកាស​ធាតុ។

នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា ពលរដ្ឋ​កម្ពុជា ពិសេស​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ពិត​ជា​ត្រូវ​ការ​ចាំបាច់​នូវ​ថវិកា បច្ចេកវិទ្យា សមត្ថភាព និង​ការ​គាំទ្រ​ពី​ប្រទេស​អភិវឌ្ឍន៍ ដើម្បី​ធន់​ទ្រាំ​ទៅ​នឹង​អាកាស​ធាតុ​ដែល​កំពុង​តែ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៖ «ជា​ការ​សមស្រប​ណាស់​ដែល​ប្រទេស​ឧស្សាហកម្ម និង​ប្រទេស​អភិវឌ្ឍន៍ គួរ​ចែក​រំលែក​ថវិកា​ពី​ការ​ចំណេញ​លើ​ការ​អភិវឌ្ឍ ក្នុង​ចំណែក​សមស្រប​មួយ ដល់​ប្រទេស​ដែល​ស្ថិត​ក្នុង​ភាព​ក្រីក្រ ហើយ​គាត់​អត់​មាន​លទ្ធភាព​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។ ពិសេស​ទាក់ទង​បញ្ហា​មួយ​ទៀត គឺ​ការ​ផ្ទេរ​បច្ចេកវិទ្យា គួរ​តែ​ធ្វើ​ឡើង​ឲ្យ​មាន​លក្ខណៈ​សមស្រប​ទាក់ទង​នឹង​យន្តការ ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ ក៏ដូចជា​ផ្តល់​បទពិសោធន៍​សំខាន់ៗ​ពី​ការ​បន្ស៊ាំ​អាកាស​ធាតុ​ហ្នឹង ដល់​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ក្រីក្រ»

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​បញ្ជាក់​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​បណ្ដាល​មក​ពី​កត្តា​ពីរ​យ៉ាង។ ទី​១ គឺ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ច្រើន​ពេក។ ឧទាហរណ៍ ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ជាដើម។ ទី​២ ការ​ប្រើប្រាស់​ដីធ្លី​មិន​ត្រឹមត្រូវ ដូចជា​ការ​កាប់​ឆ្ការ​ព្រៃ​រាន​យក​ដី​ធ្វើ​កសិកម្ម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ព្រៃ​ឈើ រួម​ទាំង​ប្រជាពលរដ្ឋ​សហគមន៍​ខ្លះ បាន​បន្ទោស​ចំពោះ​ការ​កាប់​ព្រៃ​ឈើ​យ៉ាង​ក្រាស់ក្រែល ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ​ធ្ងន់ធ្ងរ តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន សម្រាប់​វិនិយោគ​ជា​ដំណាំ​កសិឧស្សាហកម្ម។

តាម​របាយការណ៍​របស់​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា បច្ចុប្បន្ន គម្រប​ព្រៃ​ឈើ​ទាំង​មូល​នៅ​សល់​ប្រមាណ ២៨​ភាគរយ នៃ​ផ្ទៃ​ព្រៃ​ឈើ​សរុប​ដែល​មាន​ចំនួន ១០​លាន​ហិកតារ។ ព្រៃ​ឈើ​ដែល​បាន​ប្រើប្រាស់​អស់​មក​ដល់​ឆ្នាំ​២០១៣ មាន​ចំនួន​ជាង ៧​លាន​ហិកតារ (៧.១១៤.០៩០​ហិកតារ) ឬ​គិត​ជា​ភាគរយ ព្រៃ​ឈើ​បាត់​បង់​អស់ ៧១​ភាគរយ បើ​ប្រៀបធៀប​នឹង​គម្រប​ព្រៃ​ឈើ​សរុប​នៅ​ចន្លោះ​ឆ្នាំ​១៩៧៣ រហូត​ដល់​ឆ្នាំ​១៩៩២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។