ផល​ប៉ះពាល់​បរិស្ថាន​បណ្ដាល​មក​ពី​អាជីវកម្ម​ជួសជុល​គ្រឿង​ម៉ាស៊ីន​និង​បញ្ចូល​អាគុយ​លើ​ទឹក

ដោយ ជិន ជេដ្ឋា
2015-11-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៨-មីនា-២០១៤៖ កន្លែង​បញ្ចូល​អាគុយ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ស្ថិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ RFA/Chin Chetha
១៨-មីនា-២០១៤៖ កន្លែង​បញ្ចូល​អាគុយ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ស្ថិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ RFA/Chin Chetha
Photo: RFA

វិធានការ​ទប់ស្កាត់​សកម្មភាព​ធ្វើ​អាជីវកម្ម​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ទឹក​បឹង​ទន្លេសាប ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ម្ចាស់​រោង​អាជីវកម្ម​ទាំង​នោះ ឲ្យ​ដឹង​ថា អាជ្ញាធរ​ជំនាញ​មិន​ដែល​ហាមប្រាម ឬ​ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​ការ​បំពុល​បរិស្ថាន និង​សុខភាព កើត​ចេញ​ពី​អាជីវកម្ម​របស់​ពួក​គាត់​នោះ​ទេ។

រោង​ជួសជុល​គ្រឿង​ម៉ាស៊ីន​ចំនួន​៨ រោង​បញ្ចូល​អាគុយ​៤ និង​រោង​ជួសជុល​ទូក​ស្មាច់​មួយ​កន្លែង កំពុង​ធ្វើ​អាជីវកម្ម​យ៉ាង​ប្រញឹក​នៅ​លើ​ផ្ទៃ​ទឹក ឋិត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ។ រោង​អាជីវកម្ម​ទាំង​នេះ ទើប​ផ្លាស់​មក​ពី​ភូមិ​កណ្ដាល និង​ភូមិ​ចុងកោះ នៃ​សង្កាត់​ផ្សារឆ្នាំង ដែល​អាជ្ញាធរ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ចាម និង​ខ្មែរ​ជិត ១.៥០០​ខ្នង ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​ទីនោះ។

ម្ចាស់​រោង​ជួសជុល​គ្រឿង​ម៉ាស៊ីន​ម្នាក់ លោក ច្រឹង យ៉ាំងស៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ថា អាជ្ញាធរ ឬ​ជំនាញ​បរិស្ថាន​មិន​សូវ​មក​ណែនាំ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ក៏​មិន​ដែល​ចាក់​ប្រេង​ម៉ាស៊ីន​ចាស់ៗ ឬ​សារធាតុ​គីមី​ផ្សេងៗ​ចូល​ក្នុង​ទឹក​នោះ​ដែរ។ លោក​ថា សកម្មភាព​ដោះ​គ្រឿង​ម៉ាស៊ីន ឬ​ជួសជុល​ជៀស​មិន​រួច​ពី​ការ​ហៀរ ឬ​ជ្រាប​ចូល​ទឹក​ខ្លះ​នោះ​ទេ តែ​លោក​ត្រូវ​តែ​ប្រកប​របរ​នេះ ព្រោះ​អ្នក​ផ្សេង​គេ​ធ្វើ​ដែរ៖ «ធ្វើ​បន្ត​ទៀត​ហ្នឹង​ហើយ! ខ្ញុំ​រក​លុយ​ឲ្យ​បាន​តិចតួច​ឲ្យ​បាន​ឡើង​គោក រួច​ដេញ​គ្នា​ឡើង​គោក ហើយ​បើ​ឈប់​ឲ្យ​ធ្វើ​ទៀត ងាប់​ដាច់​បាយ​បាត់​ហើយ។ លោក ជិន ជេដ្ឋា៖ ចុះ​មាន​ហៀរ​ប្រេង​អី​ចូល​ទឹក​ទេ? មាន​វា​ត្រូវ​មាន​តិចតួច​ហើយ​ជៀស​ម៉េច​ផុត»

ចំណែក​ម្ចាស់​រោង​បញ្ចូល​អាគុយ អ្នកស្រី ម៉ៃនី អាន់ វិញ​បញ្ជាក់​ថា រយៈពេល​ជាង ២០​ឆ្នាំ​ហើយ​ដែល​គ្រួសារ​អ្នកស្រី​រក​ស៊ី​បញ្ចូល​អាគុយ​លើ​ផ្ទៃ​ទឹក ដោយ​គិត​ថា​ការ​បញ្ចូល​អាគុយ​ដោយ​ផ្ទាំង​សូឡា និង​បញ្ឆេះ​ម៉ាស៊ីន​បញ្ចូល​ម្ដងម្កាល ហើយ​មិន​ដែល​កំពប់​ទឹក​អាស៊ីត​ចូល​ក្នុង​ទឹក​នោះ មិន​អាច​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ។ ដោយសារ​បញ្ហា​ជីវភាព អ្នកស្រី​មិន​អាច​បញ្ចប់​មុខ​របរ​បញ្ចូល​អាគុយ​បាន​ទេ។

កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៥ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង លោក ពៅ ប៊ុនថន និង​អភិបាល​រង​ខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ ប្រកាស​ថា អាជីវកម្ម​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ ត្រូវ​បញ្ចប់​ទាំង​ស្រុង ហើយ​អាជីវកម្ម​ណា​ដែល​ប៉ះពាល់​ដល់​ទឹក គឺ​មិន​អញ្ញាត​ឲ្យ​ធ្វើ​នោះ​ទេ។ ការ​ប្រកាស​នេះ ស្រប​ពេល​ដែល​អ្នក​ភូមិ​បណ្ដែត​ទឹក​ចំនួន ៩៩៦​គ្រួសារ ត្រូវ​ផ្លាស់​ប្ដូរ​ទីតាំង​រស់នៅ​លើ​ទឹក​ថ្មី។

អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ធ្លាប់​បញ្ជាក់​ថា អាជីវកម្ម​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង មាន ១២​ទីតាំង ប៉ុន្តែ​បាន​បញ្ឈប់ និង​ឲ្យ​ឡើង​ធ្វើ​អាជីវកម្ម​លើ​គោក​នៅ​សល់​តែ ៦​ទីតាំង​ទៀត​ប៉ុណ្ណោះ។ លោក​ថា អ្នក​ដែល​នៅ​សេសសល់​នេះ អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​បរិស្ថាន នឹង​ចុះ​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ធ្វើ​អាជីវកម្ម​ក្នុង​ពេល​ឆាប់ៗ៖ «ឯកឧត្ដម​អភិបាល​ខេត្ត និង​ក្រុម​ការងារ បាន​ជូន​ដំណឹង​រួច​ហើយ​អំពី​ឲ្យ​ផ្អាក​សកម្មភាព​អាជីវកម្ម​ដូច​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ​នៅ​លើ​ទឹក។ នៅ​ពេល​ដែល​យើង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​កន្លែង​ថ្មី​ជា​ស្ថាពរ​ហើយ យើង​នឹង​ណែនាំ​ផ្សព្វផ្សាយ​អំពី​បរិស្ថាន ដើម្បី​ឲ្យ​គាត់​ចូល​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ទប់ស្កាត់​ការ​បំពុល​បរិស្ថាន»

ការ​បញ្ឈប់​អាជីវកម្ម​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ​ដែល​បំភាយ​សារធាតុ​គីមី​ទៅ​បរិយាកាស ឬ​ចូល​ក្នុង​ទឹក គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​បំពុល​បរិស្ថាន​ប៉ុណ្ណោះ ប៉ុន្តែ​ការ​បញ្ចេញ​សំណល់​ផ្ទះ​បាយ និង​លាមក​ចូល​ក្នុង​ទឹក​ប្រចាំ​ថ្ងៃ​នោះ ក៏​ជា​បញ្ហា​ដែរ។ បញ្ហា​នេះ មន្ត្រី​ជំនាញ​ថា គេ​នឹង​រៀបចំ​បង្គន់​ស្ងួត និង​ដាក់​ធុង​សំរាម​នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក​ទាំង​នោះ ប៉ុន្តែ​មិន​ទាន់​ឃើញ​ធ្វើ​អ្វី​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល