អ្នក​បរិស្ថាន​ថា​របាយការណ៍​ស្ដីពី​ព្រៃឡង់​របស់​និស្សិត​ប្រទេស​ដាណឺម៉ាក​ពុំ​ត្រូវ​ទាំងស្រុង

ដោយ អាស៊ីសេរី
2017-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

អ្នកឃ្លាំមើល​បរិស្ថាន​ចាត់​ទុក​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ របស់​ក្រុម​ស្សិត​នៅ​សកល​វិទ្យាល័យ ខូភែន ហែងហ្គែន (Copenhagen) នៅ​ប្រទេស​ដាណឺម៉ាក ដែល​ថា​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ខែត្រ​ទាំង ៤ បាន​ថយ​ចុះ​នោះ​ថា ពុំ​មាន​លក្ខណៈ​ពិតប្រាកដ​នោះ​ទេ។

ការស្រាវជ្រាវ​របស់​ក្រុម​និស្សិត​នៃ​សកលវិទ្យាល័យ ខូភែន ហែងហ្គែន រក​ឃើញ​ថា ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ ២០១៦ ដល់​ខែកុម្ភៈ ឆ្នាំ ២០១៧ បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ ធ្លាក់​ចុះ​ចំនួន ៦៥ ភាគរយ ក៏​ប៉ុន្តែ​ការ​ដឹកជញ្ជូន​ឈើ និង​រោង​សិប្បកម្ម​បាន​កើន​ឡើង​នៅ​តំបន់​ជុំវិញ​ព្រៃ​ឡង់។

អ្នកស្រាវជ្រាវ​ផ្នែក​បរិស្ថាន​រក​ឃើញ​ថា របាយការណ៍​របស់​ក្រុម​និស្សិត​នៅ​សកលវិទ្យាល័យ ខូភែន ហែងហ្គែន នៅ​ប្រទេស​ដាណឺម៉ាក គឺ​ផ្ដោត​សំខាន់​ទៅលើ​សហគមន៍​ចុះ​ល្បាត​ព្រៃ ដែល​គេ​ប្រើ​បច្ចេកវិទ្យា​ទូរស័ព្ទ​ស្មាន​ហ្វូ​ត​ដើម្បី​ប្រមូល​ទិន្នន័យ​ពី​បទ​ល្មើស​ព្រៃឈើ ដែល​សហគមន៍​ប្រមូល​បាន រួច​ចងក្រង​ជា​របាយការណ៍។ របាយការណ៍​ដែលមាន​២២​ទំព័រ ដែល​ផ្សាយ​កាលពី​សប្ដាហ៍​មុន របស់​ក្រុម​និស្សិត​នៃ​សកលវិទ្យាល័យ ខូភែន ហែងហ្គែន រក​ឃើញ​ថា បទល្មើស​ព្រៃឈើ​នៅ​ព្រៃឡង់​ក្នុង​ខែត្រ​ទាំង​៤ គឺ​ខែត្រ​ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និង​ខែត្រ​កំពង់ធំ បាន​ថយ​ចុះ​ចំនួន ៦៥​ភាគរយ ហើយ​ការ​កាប់​ឈើ​ខុសច្បាប់ កើតមាន​គិត​ជា​មធ្យម ៧២ ករណី​ក្នុង​មួយ​ខែ។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ចាត់​ទុក​របាយការណ៍​នេះ ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ទេ ព្រោះ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​បាន​កើតឡើង​គ្រប់​រួប​ភាព រួម​ទាំង​ការអនុវត្ត​ច្បាប់​ធូរ​លុង អំពើពុករលួយ និង ការ​បណ្តោយ​ឲ្យ​កើតមាន​រោង​សិប្បកម្ម នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ជាដើម​។ លោក​បញ្ជាក់ថា ការប្រមូល​ព័ត៌មាន​តាមរយៈ​ស្មាតហ្វូន (Smartphone) របស់​សហគមន៍​ដែល​ចុះ​ល្បាត​ពុំ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ទេ គឺ​គ្រាន់តែ​ផ្នែក​មួយ​នៃ​បទល្មើស​តិចតួច​ប៉ុណ្ណោះ ដែល​មិនបាន​រាប់បញ្ចូល​រោងចក្រ​អារ​ឈើ និង​សិប្បកម្ម​ឈើ​ដែល​បាន​រីក​ដូច​ផ្សិត​នៅ​តំបន់​ព្រៃឡង់ និង​ខែត្រ​នានា​នៅ​តំបន់​នោះ​ដែរ។ លោក​រក​ឃើញ​ថា រោងចក្រ​អារ​ឈើ និង សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ជាច្រើន គឺជា​ប្រភព​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​នៅ​តំបន់​ផ្សេងទៀត៖ «យើង​ឃើញ​ថា របាយការណ៍​ហ្នឹង​ខុស​ទាំងស្រុង​ហើយ យើង​បាក់ជើង​ដោយសារ​តាមដាន​នៅ​តំបន់​ព្រៃ​ឡង់​ហ្នឹង មានការ​កាប់​ឈើ​ច្រើនជាង​មុន ព្រោះ​អី​ពីមុន​អ្នក​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ដូចជា ខ្លាច​អ្នក​បង្ក្រាប ខ្លាច​សហគមន៍​ខ្លះ តែ​បន្ទាប់ពី​មាន​កិច្ចសហការ​ផ្នែក​បរិស្ថាន​ក្រោយមក​គឺ គេ​ដឹក​នៅមុខ​ផ្ទះ​ប្រធាន​សហគមន៍ គេ​ដឹក​នៅ​ការិយាល័យ​បរិស្ថាន​តែម្ដង»

លោក អ៊ូច ឡេង បន្ថែម​ថា ប្រសិន​បើ​មន្ត្រី​ឧទ្យានព្រឹក្ស​មិន​បិទ​សិប្បកម្ម​ឈើ និង​រោងចក្រ​អារ​ឈើ​ទេ បទល្មើស​ព្រៃឈើ​ពុំ ថយ​ចុះ​នោះ​ទេ រីឯ​កិច្ច​ខំ​ប្រឹងប្រែង​អភិរក្ស​ព្រៃឈើ​របស់​ក្រសួងបរិស្ថាន នឹង​បរាជ័យ​ហើយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​នឹង​រង​ការ​ចោទ​ថា បណ្ដោយ​ឲ្យ​ឈ្មួញ​បើក​សិប្បកម្ម​ឈើ និង​រោងចក្រ​អារ​ឈើ​បែប​អនាធិបតេយ្យ ដែល​ជា​មូលហេតុ​ជំរុញ​មានការ​លូច​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់។ លោក​រក​ឃើញ​ថា អ្នក​ដឹកឈើ​មួយ​ចំនួន​ដែល​សហគមន៍​ឃាត់​បាន បាន​សារភាព​ថា ខ្លួន​បាន​បង់​ប្រាក់​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អាច​ជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​បាន​។ បញ្ហា​នេះ​លោក​បារម្ភ​ថា ជោគវាសនា​ព្រៃ​ឡង់​នៅតែ​ប្រឈម​រងគ្រោះថ្នាក់​នៅឡើយ៖ «ខ្ញុំ​លើកទឹកចិត្ត​គាត់​ដែល​សកម្ម​ការពារ​ព្រៃឈើ​ចុះ​ល្បាត តែ​យើង​ត្រូវ​រក​ឫសគល់​នៃ​បញ្ហា តើ​មូលហេតុ​អី​បាន​ធ្វើ​ឲ្យ​វិនាសកម្ម​ព្រៃឈើ។ យើង​ត្រូវ​តែ​បិទ​អ្នកទិញ អ្នកទិញ​ពី​ណា​គេ គឺ​ក្រុមហ៊ុន​ចិន និង​វៀតណាម និង​ឈ្មូ​ញ​ធំៗ គឺ​ថៅកែ​សិប្បកម្ម​ឈើ និង​រោងចក្រ​អារឈើ»

អ្នក​សម្របសម្រួល​សហគមន៍​ព្រៃឡង់ ខែត្រ​ក្រចេះ លោក ឯក វណ្ណា អង្កេត​ឃើញ​ថា រូបភាព​នៃ​បទល្មើស​ព្រៃ​ឡង់​នៅ​ពេល​បច្ចុប្បន្ន​គឺ​ពុំ​ថយ​ចុះ​ទេ ហើយ​អ្នក​កាប់​ឈើ​ខ្លះ​ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​អ្នក​ចំណូលស្រុក​ដែល​ភាគច្រើន​សុទ្ធ​សឹង​ជា​អ្នក​ក្រីក្រ ខ្លះ​ជំពាក់​ប្រាក់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ហើយ​បង្ខំចិត្ត​លួច​កាប់​ឈើ​លក់ ដើម្បី​បង្វិល​សង​ម្ចាស់បំណុល​វិញ។ លោក​កត់សម្គាល់​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​កើតមាន​ច្រើន​ជាងគេ គឺ​ខែត្រ​កំពង់ធំ និង​ខែត្រ​ព្រះវិហារ មិន​ត្រឹមតែ​លួច​កាប់​យក​ឈើ​មានតម្លៃ​ទេ ការទន្ទ្រាន​យក​ដី​មក​ធ្វើជា​កម្មសិទ្ធិ​នៅតែ​ជា​ក្តី​បារម្ភ៖ «ករណី​ហ្នឹង​គឺ​ទាំង​ស្រុក​តែម្ដង គឺ​សមត្ថកិច្ច​មិនទាន់​រឹត​បន្តឹង មិនទាន់​គោរព​តាម​គោលការណ៍​ហ្នឹង​ឲ្យ​តឹងរ៉ឹង ទាក់ទង​ប្រជាពលរដ្ឋ​គាត់​នៅតែ មានការ​ខ្វះខាត​ជាច្រើន​អ៊ីចឹង​ទៅ បាន​មានការ​ឃុបឃិត​ខ្លះៗ​ដើម្បី​រួច​បំណុល អ្នកខ្លះ​ចំពាក់​គេ​ច្រើន»

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ឃើញ​របាយការណ៍​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​កំណែទម្រង់​ច្រើន លើ​កិច្ច​គាំពារ​ព្រៃឈើ និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។ លោក​បញ្ជាក់​ថា នៅ​គ្រា​ដែល​រដ្ឋាភិបាល​បញ្ចូល​ព្រៃ​ឡង់​ជា​តំបន់​ការពារ​ធម្មជាតិ ក្រសួង​បាន​បង្កើត​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​ឃ្លាំមើល​និង​បង្ក្រាប​បទល្មើស៖ «ពាក់ព័ន្ធ​ទៅ​ហ្នឹង ការ​ធ្លាក់​ចុះ​បទល្មើស​ធនធានធម្មជាតិ ជាពិសេស​ព្រៃឈើ។ ជាពិសេស​ជាង​នេះ​ទៀត ក្នុង​តំបន់​ការពារ​ធម្មជាតិ​មិន​មានអី​ចម្លែក​ទេ ព្រោះ​រាជរដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​ច្រើន»

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ចការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ។

ទាក់ទង​បញ្ហា​នេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ណាមួយ គឺ​មិន​ខុស​ពី​កាប់​ក្បាល​លោក​នោះ​ឡើយ ហើយ​លោក​ស្អប់​បំផុត​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនោះ​ទៀត​ផង។ លោក​អះអាង​ថា រាល់​កិច្ចប្រជុំ​គណបក្ស​ម្ដងៗ លោក​តែង​រំលឹក​ដល់​មន្ត្រី​របស់​ខ្លួន មិន​ត្រូវ​អត់ឱន​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ បើ​ទោះ​បី​ជា​អ្នកនោះ​មាន​ឋានៈ​អ្វី​ក៏ដោយ។

សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ផ្នែក​ខ្លះ​នៃ​ព្រៃ​ឡង់​បាន​ជំនួស​មកវិញ​នូវ​ដំណាំ​ដំឡូង ស្វាយចន្ទី និង​កៅស៊ូ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន។ បញ្ហា​នេះ សហគមន៍​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បន្ទាន់ និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​សង្គ្រោះ​ព្រៃឈើ​ដែល​នៅ​សេសសល់​នៅ​តំបន់​នោះ​ឲ្យ​គង់វង្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល