សហគមន៍​ខេត្ត​មណ្ឌលគិរី​ប្ដឹង​មន្ត្រី​បរិស្ថាន​និង​មន្ត្រី​មូលដ្ឋាន​ទាក់ទង​បទ​ល្មើស​ព្រៃឈើ

ដោយ រដ្ឋា វិសាល
2017-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ម៉ាស៊ីន​កាត់​ឈើ​ដែល​ក្រុម​ល្បាត​សហគមន៍​ពូលុ ដក​ហូត​ពី​កម្មករ​កាត់​ឈើ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
ម៉ាស៊ីន​កាត់​ឈើ​ដែល​ក្រុម​ល្បាត​សហគមន៍​ពូលុ ដក​ហូត​ពី​កម្មករ​កាត់​ឈើ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
Photo Adhoc

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ដាក់​ពាក្យ​បណ្ដឹង​បរិហារ​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​មូលដ្ឋាន​ស្រុក​ចំនួន​ពីរ​ទៅ​សាលាដំបូង​ខេត្ត ពី​បទ​បណ្ដែតបណ្ដោយ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ រង​ការ​កាប់​រាន​យក​ដី។

មន្ត្រី​ជំនាញ​បរិស្ថាន​ពីរ​នាក់ និង​មន្ត្រី​មូលដ្ឋាន​ពី​ថ្នាក់​ភូមិ​ដល់​ថ្នាក់​ស្រុក ៥​នាក់ នៅ​ខេត្ត​មណ្ឌលគិរី កំពុង​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ពី​បទ​អនុគ្រោះ​បទល្មើស​ព្រៃឈើ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ រង​ការ​កាប់​រាន​យក​ដី។

​តំណាង​សហគមន៍​ឃុំ​ប៊ូស្រា ចំនួន ១០​នាក់ បាន​ផ្ដិត​មេដៃ​តំណាង​ប្រជាពលរដ្ឋ ៧​ភូមិ បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​ជូន​មន្ត្រី​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ទាមទារ​ឲ្យ​ស្ថាប័ន​នេះ​ស៊ើបអង្កេត និង​ចាត់វិធានការ​ផ្ដល់​យុត្តិធម៌​ដល់​សហគមន៍​ដែល​ជា​អ្នក​អភិរក្ស​ព្រៃឈើ​នោះ​សម្រាប់​ការ​គោរព​បូជា​តាម​ប្រពៃណី និង​សម្រាប់​សុំ​តំបន់​ព្រៃ​នោះ​ទុក​ចុះ​បញ្ជី​ជា​ព្រៃ​ការពារ​ជនជាតិ​ដើម​ភាគ​តិច។

តំណាង​សហគមន៍ លោក ក្រើង តុលា បញ្ជាក់​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ថា មន្ត្រី​ទាំង​អស់​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តួនាទី​ជា​មន្ត្រី​ជំនាញ និង​មន្ត្រី​មូលដ្ឋាន​ដែល​មាន​ភារកិច្ច​ការពារ​ធនធាន​ធម្មជាតិ ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

លោក​កត់សំគាល់​ថា កន្លង​ទៅ​នេះ សហគមន៍​ធ្លាប់​បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​ជា​ច្រើន​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ និង​បាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ ក៏ប៉ុន្តែ​ក្រុម​មន្ត្រី​ទាំង​នោះ​ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​ទទួល​ខុស​ត្រូវ​បង្ក្រាប​ទាន់​ពេល​វេលា​ទើប​បទល្មើស​ព្រៃឈើ​នោះ​នៅ​តែ​បន្ត​កើត​មាន​រហូត​បច្ចុប្បន្ន៖ «ប្ដឹង​ពី​បទ​គាត់​បណ្ដែតបណ្ដោយ​ឲ្យ​ជន​មិន​ស្គាល់​មុខ​កាប់​រុករាន​ព្រៃ​ឈើ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រំប្រទល់​ដាក់ដាំ (ស្រុក) ប៊ូស្រា»

មន្ត្រី​ទាំង ៧​នាក់ ដែល​សហគមន៍​ដាក់​ពាក្យ​បណ្ដឹង​រួម​មាន មេ​ភូមិ​ពូឡេះ លោក ព្យឺយ គីម មេ​ឃុំ​ដាក់ដាំ លោក សម វណ្ណី មេ​ឃុំ​ប៊ូស្រា លោក យើត សារីម អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន អភិបាល​ស្រុក​អូររាំង លោក ណង ទុនណ្ណារី។

អនុ​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ លោក ហាន ខន និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក កែវ សុភ័ក្រ។

ទាក់ទិន​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​សហគមន៍​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក្រ ថ្លែង​ថា នេះ​ជា​សិទ្ធិ​របស់​សហគមន៍​ដែល​មិន​យល់​ស្រប​ទៅ​នឹង​អ្វី​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ពួកគេ ក៏​ប៉ុន្តែ​ករណី​សហគមន៍​ដាក់​ពាក្យ​បណ្ដឹង​រូប​លោក និង​មន្ត្រី​ផ្សេង​ទៀត លោក​ថា នឹង​ត្រៀម​ខ្លួន​ចូល​បំភ្លឺ ប្រសិន​មន្ត្រី​អយ្យការ​កោះហៅ​រូប​លោក​ទៅ​សាកសួរ​រឿង​ក្ដី​នេះ។ លោក​ថា ករណី​កាប់​រាន​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ កើត​មាន​ច្រើន​ករណី ចំណែក​មន្ត្រី​បរិស្ថាន​បាន​ធ្វើ​របាយការណ៍​ជូន​ក្រសួង និង​បង្ក​សំណុំរឿង​ដាក់​ជូន​តុលាការ​មួយ​ចំនួន​ហើយ​ដែរ ហេតុ​នេះ​មន្ត្រី​ជំនាញ​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ដោះ​បន្ទុក​ការ​ចោទ​ប្រកាន់​របស់​សហគមន៍៖ «មិន​ស្អី​ទេ! បើ​សិទ្ធិ​គាត់ គាត់​ប្ដឹង​ទៅ យើង​មិន​មែន​អ៊ីចឹង យើង​ធ្វើ​ការ​តាម​ជំនាញ​យើង ការងារ​ទប់ស្កាត់»

ចំណែក​អភិបាល​ស្រុក​អូររាំង លោក ណង ទុណ្ណារី បញ្ជាក់​ដែរ​ថា ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន លោក​មិន​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​សកម្មភាព​អាក្រក់​ណា​មួយ​កើត​មាន​ក្នុង​មូលដ្ឋាន​នោះ​ទេ។ លោក​ថា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ កងកម្លាំង​ស្រុក​តែង​ចូលរួម​បង្ក្រាប ប្រសិន​សហគមន៍​ផ្ដល់​ព័ត៌មាន ឬ​បាន​ដឹង​ថា មាន​បទល្មើស​កើត​ឡើង​នោះ៖ «ខ្ញុំ​អត់​ដឹង​ដែរ ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​បណ្ដែតបណ្ដោយ​ទេ ចំណុច​ខ្លះ​ត្រូវ​ចូល​រួម​ដើម្បី​មាន​វិធានការ​ទាំង​អស់​គ្នា ប៉ុន្តែ​រឿង​ខ្លះ​យើង​បាន​ចាត់​កម្លាំង​ឲ្យ​ប្រចាំ​ការ​នៅ​កន្លែង​ហ្នឹង មាន​អ្នក​ណា​បណ្ដែតបណ្ដោយ»

កាល​ពី​ចុង​ខែ​ធ្នូ កន្លង​ទៅ សហគមន៍​ប៊ូស្រា បាន​ចុះ​ល្បាត​ព្រៃ​ពីរ​លើក​ក្នុង​ដំណើរ​ល្បាត​ព្រៃ​លើក​ទី​ពីរ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ក្បែរ​តំបន់​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​លេខ​៨ និង​លេខ​៨ ព្រំប្រទល់​ស្រុក​ពេជ្រាដា និង​ស្រុក​អូររាំង។ ក្នុង​ពេល​ល្បាត​ព្រៃ​នេះ​សហគមន៍​រក​ឃើញ​ព្រៃ​ឈើ​ជា​ច្រើន​ចំណុច​នៅ​តំបន់​នោះ រង​ការ​កាប់​រាន​យក​ដី​ថ្មីៗ​ដែល​សហគមន៍​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រហែល ១​ពាន់​ហិកតារ និង​បាន​រក​ឃើញ​រោង​ស្នាក់នៅ​របស់​ប៉ូលិស​មួយ​ក្រុម​ដែល​បោះ​ទីតាំង​ក្នុង​ព្រៃ​យាម​ការពារ​សកម្មភាព​កាប់​រាន​ព្រៃ​នោះ​ទៀត​ផង។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ឡុង ហុងម៉េង បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ពិនិត្យ​មើល​បណ្ដឹង​នោះ​នៅ​ឡើយ​ ប៉ុន្តែ​មន្ត្រី​អយ្យការ​ថា នឹង​ចាត់​មន្ត្រី​ស៊ើប​អង្កេត​ពាក្យ​បណ្ដឹង​របស់​សហគមន៍ នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ប្រសិន​រក​ឃើញ​អង្គហេតុ​ដូច​ពាក្យ​បណ្ដឹង​នោះ​មែន៖ «បើ​គេ​ដាក់​ពាក្យ​ប្ដឹង យើង​ពិនិត្យ​មើល តើ​មាន​អង្គហេតុ​ហ្នឹង​អត់? បើ​មាន​យើង​ចាត់ការ​តាម​ផ្លូវ​ច្បាប់»

ពាក្យ​បណ្ដឹង​របស់​សហគមន៍​សំណូមពរ​ឲ្យ​មន្ត្រី​តុលាការ​ផ្ដន្ទាទោស​ជន​ពាក់ព័ន្ធ និង​មន្ត្រី​ដែល​អនុគ្រោះ​ដល់​បទល្មើស​ព្រៃឈើ រួម​ទាំង​ចាត់​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​កុំ​ឲ្យ​កើត​មាន​បន្ត​ទៀត។ ក្នុង​នោះ​ដែរ សហគមន៍​​ជា​ដើម​បណ្ដឹង​ទាមទារ​សំណង ២០​លាន​រៀល​សម្រាប់​រៀបចំ​សែន​ព្រេន​ព្រៃ​គោរព​បូជា​សហគមន៍​តាម​ជំនឿ​ប្រពៃណី​ឡើង​វិញ។

​តាម​ការ​គ្រោង​ទុក​តំណាង​សហគមន៍​នឹង​នាំ​យក​ពាក្យ​បណ្ដឹង​ដូច​គ្នា​នេះ​ដាក់​ជូន​ក្រសួង​បរិស្ថាន ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​រដ្ឋ​សភា ដើម្បី​ជួយ​ចាត់​វិធានការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល