​អ្នក​ជំនាញ​បរិស្ថាន​បារម្ភ​ពី​លិច​ទី​ក្រុង​​ភ្នំពេញ​ ​បាក់ច្រាំង​​​ទន្លេ​ ​និង​ថយ​ចុះ​ទិន្នផល​ត្រី​ធ្ងន់ធ្ងរ​ ​បន្ទាប់​ពី​​ក្រុមហ៊ុន​​មួយ​​លុប​ច្រាំង​​ទន្លេ​នៅ​​តំបន់​​អរិយក្សត្រ​

ដោយ ហេង រស្មី
2021-07-13
Share
​អ្នក​ជំនាញ​បរិស្ថាន​បារម្ភ​ពី​លិច​ទី​ក្រុង​​ភ្នំពេញ​ ​បាក់ច្រាំង​​​ទន្លេ​ ​និង​ថយ​ចុះ​ទិន្នផល​ត្រី​ធ្ងន់ធ្ងរ​ ​បន្ទាប់​ពី​​ក្រុមហ៊ុន​​មួយ​​លុប​ច្រាំង​​ទន្លេ​នៅ​​តំបន់​​អរិយក្សត្រ​ សកម្មភាពចាក់លុបខ្សាច់នៅភូមិ​អរ័យក្សត្រ​ ឃុំ​អរ័យក្សត្រ​ ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល​ នៅទល់មុខកោះពេជ្រជាគំរោងរបស់ឧកញ៉ា​ ឃុន​ សៀ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

ច្រាំង​ទន្លេ​មេគង្គ​ក្រោម​ឋិត​នៅ​តំបន់​អរិយក្សត្រ​ក្នុង​ស្រុកល្វាឯម ​ខេត្ត​កណ្តាល​ ចាប់​ពីចំណុច​ម្តុំ​កំពង់ដរ​អរិយក្សត្រ ​រហូត​ទល់​មុខ​វត្ត​សារិកាកែវ​ មាន​ប្រវែង​ខ្ទង់​ ៥​​គីឡូ​ម៉ែត្រ​ ជម្រៅ​ចូល​ផ្ទៃ​ទឹក​ទន្លេ​ចាប់​ពី​ ៤​រយ​ម៉ែត្រ​ទៅ​​ ៥​រយ​ម៉ែត្រ​មាន​ផ្ទៃ​ក្រឡា​ជាង ​៧០​ ហិកតារ នឹង​ប្រែក្លាយ​ជា​ទី​ក្រុង​រណប​ថ្មី​មួយ ដែល​ម្ចាស់​វិនិយោគ​គឺ​សេដ្ឋី​អចលន​ទ្រព្យ​ឧកញ៉ា ឃុន សៀ។

ក្រុមហ៊ុន​ឃុន សៀ អាហរ័ណនីហរ័ណ (Khun Sea Import Export) របស់​ឧកញ៉ា​ ឃុន សៀ ធ្វើ​ជំនួញ​ផ្នែក​អចលន​ទ្រព្យ​កំពុង​ប្រើ​ប្រាស់​សាឡាង​ធំ​ៗ​ ​យ៉ាង​ហោច​ណាស់ ៤០​ ​គ្រឿង​ ​ដឹក​ថ្ម​ភ្នំ​ និង​ខ្សាច់ទៅ​ចាក់​លុប​ទន្លេ​ក្នុង​តំបន់​នោះ​ដើម្បី​បង្កើត​តំបន់​ដី​គោក​ធ្វើ​ទីក្រុង​រណប​ សាងសង់ អគារ​ខុនដូ ផ្សារ​ទំនើប​ ​និង​កន្លែង​កម្សាន្ត​ទំនើប​ផ្សេង​ៗ​ទៀត ដែល​មាន​ទី​តាំង​ទល់​មុខ​កោះ​ពេជ្រ​ និង​កោះ​នរា​ក្នុង​រាជធានីភ្នំពេញ​។

កម្មករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​នេះ​ ​បាន​ប្រាប់​អាស៊ីសេរី​ថា​ កម្មករ​រាប់​រយ​នាក់​ បាន​បែង​ចែក​ជា​ក្រុម​​ក្នុង​នោះ​កម្មករ​បច្ចេកទេស​ភាគ​ច្រើន​ជា​ជន​ជាតិ​​វៀតណាម​ រី​ឯ​កម្មករ​លីសែង​ និង​ធ្វើ​សំណង់ជា​ជន​ជាតិ​ខ្មែរ​។

លើស​ពី​នេះ​ថ្ម​ភ្នំ​ដែល​ប្រើ​ប្រាស់​ចាក់​លុបត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ពី​ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​ និង​ខេត្ត​កំពង់ស្ពឺ​ដែល​គេ​វា​យក​ម្ទេច​បំណែក​ភ្នំ​ ដើម្បី​បំពេញ​តម្រូវ​​ការ​​ចាក់​លុប​ផ្ទៃ​ទឹក​ទន្លេ​រាប់​លាន​តោន អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។ ​ថ្ម​ភ្នំ​ដែល​ចាក់​លុប​ទន្លេ​ នៅ​មិន​ទាន់​មាន​ការ​សិក្សា​លម្អិត​ណា​មួយ​ ​ពី​គុណ​ភាព​ថ្ម​ ថា​មាន​សា​ធាតុ​ពុល​ ​ប៉ះ​ពាល់​គុណ​ភាព​ទឹក​ដែរ​ឬ​ទេ​រី​ឯ​ខ្សាច់​វិញ​ គេ​បូម​ចេញ​ពី​ដង​ទន្លេមេគង្គ​ផ្នែក​ខាង​លើ​ក្នុង​ស្រុក​មុខ​កំពូល​ក្នុង​តំបន់​រកាកោង ដឹក​ជញ្ជូន​តាម​សាឡាង​ធំ​ៗ​ជា​ច្រើន​គ្រឿង​អណ្តែត​ពាស​ពេញ​ផ្ទៃ​ទន្លេ​ដើម្បី​ចាក់​លុប​ផ្ទៃ​ទឹក​ទន្លេ​នៅក្នុងតំបន់​នោះ​។

គម្រោង​ចាក់​លុប​ទឹក​ផ្ទៃ​ទន្លេ​មេគង្គ​ក្រោម​ដ៏​ធំ​សម្បើម​នេះ​ បាន​ធ្វើ​ឱ្យ​កោះ​តូច​ៗ​មួយ​ចំនួន ដែល​ផ្តល់​អំណោយ​ផល​ដល់​វិស័យ​ទេសចរណ៍​នៅ​ម្តុំ​កំពង់​ដរអរិយក្សត្រ ឬ​ហៅ​ថា​ ​តំបន់​ដី​ដុះ​ លែង​មាន​វត្ត​មាន​ក្នុង​តំបន់​នោះ​ហើយ​។ បច្ចុប្បន្ន ទីក​ន្លែង​ទាំង​នោះ​ ​បាន​គោក​រាក់​ ​ដោយ​អន្លើ​ៗ​ និង​មាន​ថ្ម​ភ្នំ​ពង្រាយ​ទប់​ជា​ទំនប់​ទំនង​ជា​បិទ​ខ្ទប់​ធ្វើ​ជា​ច្រាំង​ទន្លេ​សិប្បនិមិត្ត​ថ្មី​ មុន​នឹង​ចាក់​ដី​លុប​ផ្ទៃ​ទឹក​ទន្លេ​ទាំង​ស្រុង​។​

ចំណែក​ឯ​ប្រជា​នេសាទ​ ​និង​អ្នក​ដែល​អាស្រ័យ​ផល​ទឹក​ទន្លេ​រាប់​ពាន់​គ្រួសារ​ នៅ​តំបន់​អរិយក្សត្រ​ត្អូញ​ស្តាយ​បាត់​ទី​កន្លែង​នេសាទ​យ៉ាង​សំខាន់​ ​ប៉ះ​ពាល់​ប្រភព​ចំណូល​ និង​ការ​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត​របស់​ពួក​គាត់​។ ​ អ្នក​ភូមិ​ខ្លះ​ព្រួយ​ចិត្ត​ខ្លាច​ក្រែង​ក្រុមហ៊ុន​បណ្តេញ​ចេញ​ពី​លំ​នៅ​ឋាន​ ដោយ​ពុំ​ផ្តល់​សំណង​សមរម្យ​នៅ​ថ្ងៃ​ខាង​មុខ និង​ខ្លះ​ទៀត​បង្ខំ​ចិត្ត​លក់​ដី​ឱ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ថោក​។​

ក្រុមហ៊ុន​របស់​ឧកញ៉ា​ ឃុន សៀ មាន​ទំនាក់​ទំនង​ស្និទ្ធ​ជា​មួយ​​គ្រួសារ​​ត្រកូល ​ហ៊ុន និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ​ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន ​និង​បក្ខ​ពួក​​រង​ការ​ចោទ​ថា ​កំពុង​ប្រើ​ឥទ្ធិពល​ជា​នាយក​​រដ្ឋមន្ត្រី​ ​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ និង​ភោគ​ទ្រព្យ​ជាតិ ដើម្បី​ក្តាប់​អំណាច​។ សកម្ម​ជន​បរិស្ថាន​គិត​ថា​ ​ប្រសិន​បើ​គ្មាន​ភ្លើង​ខៀវ​ ​ពី​លោក​ ​ហ៊ុន សែន​ ​នោះ​ទេ​ ​គម្រោង​លុប​ទន្លេ​ ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍន៍​ដ៏​ធំ​មហិមា​មួយ​ទៀត​នេះ​ ​នឹង​មិន​អាច​លេច​ចេញ​ជា​រូប​រាង​បាន​ឡើយ​។​

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​​លោក​ នេត្រ ភក្ត្រា ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​​ធន​ធាន​ទឹក​លោក​ ចាន់ យុត្ថា បាន​នៅ​ឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី​​១២​ ខែ​កក្កដា​។​ ​ចំណែក​ឧកញ៉ា​ ឃុន សៀ ​និង​អភិបាល​ខេត្ត​កណ្តាល​លោក​ គង់ សោភ័ណ្ឌ ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ​ព្រោះ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​ តែ​គ្មាន​អ្នក​លើក​។​

ទោះ​យ៉ាង​ណា​ ​អភិបាល​ខេត្ត​កណ្តាល​លោក​ គង់ សោភ័ណ្ឌ ធ្លាប់​ប្រាប់​អាស៊ីសេរីថា  អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​ជួល​ដី​ជាង​ ​៧០​ហិកតា​ដី​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​ឈ្មោះ​ ឃុន សៀ ​អភិវឌ្ឍន៍​ចម្រុះ រួម​ទាំង​ឧទ្យាន​ ខុនដូ​ ​និង​ផ្សារ​ទំនើប​​ក្នុងរយៈ​ពេល​៥០​ឆ្នាំ​។​ លោក​ថា​ ​ប្រសិន​បើ​ការ​អភិវឌ្ឍ​នេះ​​ធ្វើ​ឡើង​​ស្រប​តាម​វិធាន​កំណត់​ដោយ​រដ្ឋាភិបាល​នឹង​មាន​ផល​ប៉ះ​ពាល់​តិច​បំផុត​ ​ហើយ​វា​​នឹង​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​និង​ទាក់ទាញ​វិនិយោ​គិន​។​

ចំណែក​ជំនួយ​ការឧកញ៉ា​ ឃុន សៀ ​គឺ​លោក​ សេង ផេង វិញ​ ​លោក​ប្រាប់​កា​សែត​ក្នុង​ស្រុក​ថា​ គម្រោង​នេះ​ ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​របស់​ខ្លួន​នៅ​ឡើយ​ គឺ ​ត្រូវ​​ផ្តោត​លើ​ការ​សាងសង់​ច្រាំង​ទន្លេ ដើម្បី​ធ្វើ​ផ្លូវ​សម្រាប់​រថយន្ត​ ​ចូល​​ទៅ​ទី​តាំង​អភិវឌ្ឍន៍​។ ​លោក​អះអាង​ថា ក្រុម​ហ៊ុន​គ្រាន់​តែ​ចាក់​ថ្ម​​ដើម្បី​លុប​ច្រាំង​​ពុំ​មែន​ចាក់​លុប​ទន្លេ​ទេ​ ​ហើយ​នៅ​ពេល​សាសង់​ច្រាំង​ទន្លេ​រួច​រាល់ ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​អភិវឌ្ឍន៍​គម្រោង​តែ​ម្តង​។ ​លើស​ពី​នេះ​ ក្រុមហ៊ុន​កំពុង​សហការ​ជា​មួយ​អ្នក​ជំនាញ​បរទេស​​លើ​ការ​រចនា​ប្លង់​មេ​របស់​គម្រោង​។​ ​តែ​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា​​ ការ​អភិវឌ្ឍ​នេះ​ មាន​ផល​ប៉ះពាល់​ ​ប៉ុន្តែអ្វី​ដែល​សំខាន់ ត្រូវ​សម្លឹង​មើល​រូប​ភាព​ការ​អភិវឌ្ឍ​។

ទោះ​ជា​យ៉ាង​ណា​ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បង្ហាញ​របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​ការ​ចាក់​ដី​លុប​ទន្លេ​នេះ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​។​ អ្នក​ពិគ្រោះ​យោបល់​​សម្រាប់​អភិបាល​កិច្ច​ធនធាន​ធម្ម​ជាតិ​តាម​ដង​​ទន្លេ​មេគង្គ​​លោក ហម ឧត្តម យល់​ថា​ ​គម្រោង​អភិវឌ្ឍន៍​នេះ​ ​ក្រសួង​ពាក់​ព័ន្ធ​ ​ត្រូវ​បង្ហាញ​លទ្ធ​ផល​នៃ​ ការ​វាយ​តម្លៃ​ហេតុ​ផល​ប៉ះ​ពាល់​បរិស្ថាន​ទាំង​មូល​ ​និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ជា​ពិសេស​ត្រូវ​ទទួល​យក​មតិយោបល់​របស់​ប្រជា​សហគមន៍​ ​មហាជន​ ​និង​អង្គការ​សង្គម​ស៊ីវិល​ ​ជា​ធាតុ​ចូល​ក្នុង​ការ​អភិវឌ្ឍ​។​

​លោក​បញ្ជាក់​ថា​ ​ប្រសិន​បើ​ការ​សាងសង់​នេះ​ ​ធ្វើ​ឱ្យ​រាំងស្ទះ​លំ​ហូរ​ទឹក​ទន្លេ​ និង​ភក់ល្បាប់​ហូរ​ពី​ផ្នែក​ខាង​លើ វា​នឹង​ប៉ះ​ពាល់​ដល់​ភាព​អំណោយ​ផល​នៃ​ការ​បង្កប​ង្កើន​ផល​កសិកម្ម​តាម​ដង​ទន្លេ ការ​បន្លាស់​ទី​របស់​ត្រី​ ដែល​មាន​ជាង​២​រយ​ប្រភេទ និង​ប៉ះ​ពាល់​សេដ្ឋកិច្ច​របស់​ប្រជា​នេសាទ​៖ «កាល​ណា​យើង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ ឬ​ក៏​បង្អាក់​ដល់​តំបន់​លំហូរ​ធម្មជាតិ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​ជា​ដើម​ ​ច្បាស់​ណាស់​ថា​ នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ ឬ​ក៏​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​ហ្នឹង​ ​ប៉ុន្តែ​ចង់​ដឹង​ថា​ វា​ប៉ះ​ពាល់​ជាក់​លាស់​យ៉ាង​ណា​នោះ​ យើង​ត្រូវ​ផ្អែក​លើ​ការ​សិក្សា​ជាក់​លាក់​។ ​រឿង​នេះ​វា​ទាក់ទង​នឹង​ក្រសួង​បរិស្ថាន​ ​ដែល​គាត់​ធ្វើ​ដំណើរ​ការ​ ឬ​ប្រតិបត្តិ​ការ​ គាត់​ធ្វើ​ការ​​សិក្សា​វាយ​តម្លៃ​ហេតុ​ផល​ប៉ះ​ពាល់​បរិស្ថាន​ ​ជា​មួយ​ ​ក្រុមហ៊ុន​ឯក​រាជ»

យុវ​ជន​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​មើល​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ​ មិន​ស្វាគមន៍​ចំពោះ​គម្រោង​ចាក់​លុប​ផ្ទៃ​ទឹក​ទន្លេ​ដ៏​ធំ​សម្បើម​នេះ​ទេ​ ​ព្រោះ​វា​ប៉ះ​ពាល់​បរិស្ថាន​ទន្លេ​ គុណ​ភាព​ទឹក​ ដីល្បាប់​ទន្លេ​មេគង្គ​ ​ជីវសាស្ត្រ​ចម្រុះ​ ​និង​ ​ជីវភាព​របស់​ប្រជា​នេសាទ​រាប់​ពាន់​គ្រួសារ​។​

ប្រធាន​ផ្នែក​កម្ម​វិធី​ស្រាវជ្រាវ​ ​និង​តស៊ូ​ ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​លោក ហេង គឹមហុង ​ថ្លែង​ថា​ គម្រោង​អភិវឌ្ឍន៍​នេះ​ ​បង្កើត​ឱ្យ​មាន​មន្ទិល​ច្រើន​ ​ព្រោះ​ពួក​លោក​នៅ​ពុំ​ទាន់​បាន​ដឹង​ជា​មុន​ថា​ តើ​ការ​អភិវឌ្ឍ​នេះ​មាន​តម្លា​ភាព​កម្រិត​ណា​ និង​មាន​ការ​សិក្សា​ហេតុ​ផល​ប៉ះ​ពាល់​បរិស្ថាន​ឬ​ទេ?  ខណៈ​ដែល​រដ្ឋាភិបាល ​មិន​ទាន់​បង្ហាញ​តម្លា​ភាព មាន​ការ​សិក្សា​ពី​ផល​ប៉ះ​ពាល់​ផ្នែក​សង្គម​ ​និង​បរិស្ថាន​ ស្រប​តាម​ច្បាប់​កំណត់​នៅ​ឡើយ​ដែរ​។ លោក​បារម្ភ​ថា​ ​នៅ​រដូវ​ទឹក​ឡើង​ លំ​ហូរ​ទឹក​ទន្លេ​មេគង្គ​ហូរ​ចាក់​ច្រោះ​ទៅ​ផ្នែក​ខាង​ក្រោម​ ​អាច​នឹង​ប្រែ​ប្រួល​ តើ​ធ្វើ​ឱ្យ​លិច​ផ្នែក​ខ្លះ​នៃ​ក្រុង​ភ្នំពេញ៖ «សូម​រដ្ឋាភិបាល​មេត្តា​ពិចារ​ណា​ និង​ចាត់​ទុក​ពលរដ្ឋ​ទទួល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ពិត​ប្រាកដ​ ​ដើម្បី​ចាត់​ទុក​ពលរដ្ឋ​ជា​អ្នក​ទទួល​បាន​ប្រយោជន៍​ពិត​ប្រាកដ​ ទាល់​តែ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ក្នុង​ការ​​វាយ​តម្លៃ​ពី​គម្រោង​អភិវឌ្ឍន៍​ ឬ​ក៏​ការ​សិក្សា​ពុំ​មែន​បង្កើន​ការ​អភិវឌ្ឍ​បែប​មាន​ការ​លើក​ឡើង​ពី​ពលរដ្ឋ​ច្រើន​មែន​ទែន​ ​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា  ពួក​គាត់​នឹង​មិន​បាន​ទទួល​ផល​ពី​គម្រោង​អភិវឌ្ឍន៍​បែរ​ជា​ក្លាយ​ជា​ជន​រងគ្រោះ​ ឬ​ត្រូវ​បាន​ការ​បណ្តេញ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​នេះ»។

ចំណែក​នាយក​ប្រតិបត្តិ​អង្ក​ការ​បណ្តាញ​ការ​ពារ​ទន្លេ​បី​លោក​ លាង ប៊ុនលាភ ​ពន្យល់​ថា​ ច្បាប់​ភូមិបាល​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​វិនិយោគ​ ​តាម​ដង​ទន្លេ​ដែល​ជា​ទ្រព្យ​​សាធារណៈ​នោះ​ទេ​ ព្រោះ​តំបន់​នោះ​ ​ពុំ​មែន​ជា​កម្ម​សិទ្ធ​របស់​នរណា​ម្នាក់​ឡើយ​។ ​លោក​ថា​ ​សង្វាក់​ខ្សែ​ទឹក​ហូរ​ទន្លេ​មេគង្គ​បត់​បែន​តាម​ធរណី​មាត្រ​របស់​ទន្លេ​ ​ប្រសិន​បើ​ចាក់​លុប​ទន្លេ​ផ្នែក​ណា​មួយ​ ​នឹង​ធ្វើ​ឱ្យ​ចរន្ត​ទឹក​ខុស​ប្រក្រតី​ បង្កើត​ជា​ហា​និភ័យ​ធំ​ធេង​រួម​មាន​ ​បាក់​ច្រាំង​ទន្លេ​ ​ខ្សត់​ដី​ល្បាប់​ ​ប្រែ​ប្រួល​គុណ​ភាព​ទឹក​ និង​ថយ​ចុះ​ទិន្នផល​ត្រី​ជា​ដើម៖ «សម្បត្តិ​នឹង​ជា​សម្បត្តិ​សាធារណៈ​ ជា​សម្បត្តិ​រួម​ យើង​មិន​អាច​ទៅ​រំលោភ​យក​តែ​ឯង​អ៊ី​ចឹង​ទេ​ ​វា​ខុស​ពី​គំរូ​បែប​បទ​ ​ហើយ​វា​ជា​គំរូ​អាក្រក់​ដល់​អ្នក​ដទៃ​គាត់​នឹង​មាន​ការ​រំលោភ​យក​បន្ត​ទៀត​​ ធ្វើ​ឱ្យ​មហន្ត​រាយ​កាន់​តែ​ធ្ងន់ធ្ងរ​។​ យើង​តែ​ពិនិត្យ​ករណី​នេះ​ហ្នឹង​​ សូម​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ ​មួយ​ទៀត​ត្រូវ​អនុវត្ត​ច្បាប់​ ​ដើម្បី​រាង​ចាល​ ​កុំ​ឱ្យ​ជា​គំរូ​មួយ​ធ្វើ​ឱ្យ​អ្នក​ដទៃ​ធ្វើ​បាន​តាម​ហ្នឹង​ទៅ»។

​ចំណែក​ស្ថាបនិក​ចលនា​មាតា​ធម្ម​ជាតិ​លោក​អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន​ (Alejandro Gonzalez Davidson) មាន​ប្រសាសន៍​ថា​ ​អ្នក​វិនិយោគ​ ​និង​​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​ មិន​ខ្វល់​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ ​និង​ជីវ​ភាព​ប្រជា​ជន​នោះ​ទេ​ ​ខណៈ​ពលរដ្ឋ​រាប់​លាន​នាក់​ កំពុង​អាស្រ័យ​ផល​ទឹក​ទន្លេ​ និង​ការ​នេសាទ​​ត្រី​ចិញ្ចឹម​ជីវិតជា​ដើម​។ ​លោក​ចោទ​ថា​ គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ​ អ្នក​នៅ​ពី​ក្រោយ​ខ្នង​ ​គឺ​ត្រកូល​ហ៊ុន ​ទើប​ធ្វើ​ឱ្យ​មន្ត្រី​រដ្ឋាភិ​បាន​មិន​ហ៊ាន​ទប់​ស្កាត់ ​ឬ​បញ្ចេញ​យោបល់​។ លោក​បារម្ភ​ថា​ ​គម្រោង​អភិវឌ្ឍន៍​នេះ​ ​នឹង​ធ្វើ​ឱ្យ​ទិន្នផល​ត្រី​ ​ក្នុង​ដង​ទន្លេ​មេគង្គ​ ​និង​ទន្លេសាប​ ធ្លាក់​ចុះ​ក្នុង​ល្បឿន​ដ៏​ឱ្យ​គួរ​ព្រួយ​បារម្ភ​បារម្ភ៖ «ក្រសួង​បរិស្ថាន​ ​ឬ​ក៏​នាយក​រដ្ឋាន​ជល​ផល​ នៃ​ក្រសួង​កសិកម្ម​ហ្នឹង​ ​ដែល​មាន​ជំនាញ​គេ​យល់​ ​គេ​ដឹង​ ​មិន​មែន​គេ​អត់​ដឹង​ទេ​ ​គេ​ដឹង​ថា​ គម្រោង​នេះ​គេ​អត់​ជួយ​ទេ​ ​ប៉ុន្តែ​គេ​អត់​ហ៊ាន​និយាយ​ជា​សាធារណៈ ​អត់​ហ៊ាន​រិះ​គន់​ ហើយ​អត់​ហ៊ាន​បង្ហាញ​នូវ​ក្តី​កង្វល់​របស់​ពួក​គេ​ ​ក្នុង​នាម​ជា​អ្នក​បច្ចេកទេស ​ដែល​គេ​និយាយ​ជា​សាធារណៈ​​ ប្រាកដ​ជា​មាន​ប្រតិកម្ម​ពី​អ្នក​វិនិយោគ​ទៅ​លើ​គម្រោង​នី​មួយ​ៗ​។​ ​អ៊ី​ចឹង​គឺ​អាក្រក់​បំផុត​ ​ហើយ​ខ្ញុំ​ចាត់​ទុក​ថា​ ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​ជា​មួយ​នឹង​ធនធាន​ធម្ម​ជាតិ​ ​ក្រោម​របប​​របស់​លោក​ ហ៊ុន សែន»។

មក​ទល់​ពេល​នេះ​ ​ទន្លេ​មេគង្គ​ក្រោម​ ​និង​ទន្លេ​បាសាក់​ មាន​កោះ​ធម្ម​ជាតិ​ត្រូវ​បាន​ក្រុមហ៊ុន​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​បក្ស​កាន់​អំណាច ពង្រីក​តាម​រយៈ​ចាក់​ដី​លុប​ទន្លេ ប្រែ​ក្លាយ​ទៅ​ជា​ទី​ក្រុង​រណប​​ចំនួន​ ​២​ ​ហើយ​ ​គឺ កោះ​នរា​ ​និង​ ​កោះពេជ្រ​ ​របស់​ឧកញ៉ា​ ពុង ឃាវសែ​។​ គម្រោង​សាងសង់​ទី​ក្រុង​រណប​កោះ​នរា​ ទល់​មុខ​ម្តុំ​អរិយក្ស​ក្សត្រ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា (OCIC) ដែល​គ្រប់គ្រង​ដោយ​លោក​ ពុង ឃាវសែ។  ទី​ក្រុង​រណប​នេះ​ ត្រូវ​បាន​ចាក់​ដី​ពង្រីក​កោះ​នរា​ ​លុប​លើ​ផ្ទៃ​ទឹក​ទន្លេ​មេគង្គ ​ទទឹង​ ​៤០០​ ​ទៅ​ ៥០០​ម៉ែត្រ​ចាប់​ពី​ច្រាំង​ទន្លេ​ ​និង​បណ្ដោយ​មាន​ប្រវែង​ខ្ទង់ ៤​គីឡូ​ម៉ែត្រ​ ​ដែល​គិត​ជា​ផ្ទៃ​ក្រឡា​ទំហំ​ ​១៧៥ ​ហិកតារ​។ ​បច្ចុប្បន្ន​ ទី​ក្រុង​រណប​កោះ​នរាក​សាង​បាន​ជាង​ ៦០​ភាគ​រយ ដែល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង ២ ពាន់ ៥​រយ​លាន​ដុល្លារ​។​

រី​ឯ​ការ​អភិវឌ្ឍ​របស់​ឧកញ៉ា​ ឃុន សៀ ​ដែល​ច្បាម​ផ្ទៃ​ទឹក​ទន្លេ​មេគង្គ​ក្រោម​ធ្វើ​ជា​ទី​ក្រុង​លក់​អចនទ្រព្យ​ ខុនដូ​ ​និង​លំ​នៅ​ឋាន​ ​មាន​ផ្ទៃ​ដី​ប្រមាណ​ ​៧០​ ​ហិកតារ​ ​ទល់​មុខ​កោះ​នរា​ ​និង​កោះ​ពេជ្រ​ ក៏​នឹង​ក្លាយ​ជា​ទី​ក្រុង​រណប​ទី​៣ ​បន្ទាប់​ពី​កោះ​ពេជ្រ​ និង​កោះ​នរា​។  ការ​លុប​ទន្លេ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​មិន​សប្បាយ​ចិត្ត​ ​និង​រិះគន់​រដ្ឋាភិបាល​ថា​ ​កំពុង​មើល​ងាយ​ដល់​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា​ និង​មិន​ខ្វល់​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​របស់​ខ្លួន​។​ ​លើស​ពី​នេះ​ ក្រុមហ៊ុន​ ​និង​អាជ្ញាធរ​ នៅ​មិន​ទាន់​​បង្ហាញ​ពី​ទំហំ​ថវិកា​វិនិយោគ​ ​និង​គម្រោង​កសាង​បញ្ចប់​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​ ​។ ​ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុន​ក៏​នៅ​មិន​ទាន់​បណ្តេញពលរដ្ឋ​​ដែល​រស់​នៅ​​តាម​បណ្តោយ​ច្រាំង​​ទន្លេ​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ​។

​ក្រុម​អ្នក​ជំនាញ​បរិស្ថានលោក​ ហែម ឧត្ដម​ បន្ថែម​ថា​ ​គម្រោង​ចាក់​លុប​ផ្ទៃ​ទឹក​ទន្លេ​នេះ​ គឺ​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ ដែល​ទំនង​ជា​ធ្វើ​ឱ្យ​ពលរដ្ឋ​គេច​មិន​ផុត​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ ​និង​សង្គម​រយៈ​ពេល​ខ្លី​ និង​រយៈ​ពេល​វែង​។ អ្នក​ជំនាញ​បរិស្ថាន​សង្កេត​ឃើញ​ថា​ ​បច្ចុប្បន្ន​ត្រី​ ​និង​លំ​ហូរ​ទឹក​ មិន​សូវ​ហូរ​ច្រោះ​ចេញ​ពី​ទន្លេ​មេគង្គ​ ​ចាក់​ចូល​ទន្លេសាប​នោះ​ទេ​ ​ព្រោះ​ការ​ចាក់​ដី​ពង្រីង​ចូល​ទន្លេ​ ដើម្បី​អភិវឌ្ឍន៍​ទី​ក្រុង​រណប​ ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លំ​ហូរ​ពងត្រី​នៃ​ខ្សែ​ទឹក​ខាង​លើ​ចាក់​មក​ខាង​ក្រោម​ បណ្តាល​ឱ្យ​ត្រី​រាប់​រយ​ប្រភេទ​មិន​អាច​បង្ក​កំណើត​បាន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល