ព្រះសង្ឃ​ដែល​ស្រលាញ់​ព្រៃឈើ​ និង​​មន្ត្រី​​សង្គម​​ស៊ីវិល​ថា​ ផែនការ​ការពារ​ធម្មជាតិ​​របស់​លោក សៅ សុខា គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល​និង​​គ្មាន​ប្រសិទ្ធភាព

2019-02-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​នៃ​កង​យោធពល​ខេមរៈភូមិន្ទ​ផង ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេសផ​ង ហើយ​មាន​តួនាទី ជា​​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ផង។
ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​នៃ​កង​យោធពល​ខេមរៈភូមិន្ទ​ផង ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេសផ​ង ហើយ​មាន​តួនាទី ជា​​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ផង។
រូបថត៖ AFP

ព្រះសង្ឃ​ដែល​ស្រលាញ់​ធនធានធម្មជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការងារ​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​ រិះគន់​​វិធានការណ៍​ទប់ស្កាត់​​សម្បត្តិ​ធនធាន​ធម្មជាតិ​ របស់​​មេ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា ថា ​គ្រាន់​តែ​ជា​ការ​ធ្វើ​ឲ្យ​ល្អ​មើល​ តែ​មិន​ជឿ​ថា ​វិធានការ​នេះ​មាន​ប្រសិទ្ធភាព​​នោះ​ទេ។ ការ​រិះគន់​នេះ​ បន្ទាប់​ពី​លោក សៅ សុខា កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ បាន​ដាក់​ផែន​ជា​ថ្មី​ ដើម្បី​​ការពារ​ធនធានធម្មជាតិ​ ដូច​ជា​ការ​បំផ្លាញ​ព្រៃឈើ​ សត្វព្រៃ​ ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ និង​ការរុករក​រ៉ែ​ខុសច្បាប់​ឲ្យ​បាន​គង់វង្ស​នៅ​ទូទាំង​ប្រទេស។

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ដែល​តែង​ចុះ​ល្បាត​ព្រៃឈើ​ជា​ប្រចាំ​ ព្រះ​តេជព្រះ​គុណ ឡុញ សុខ​ជា មាន​ថេរ​ដីកា នៅ​ថ្ងៃ​ទី​៥ កុម្ភៈ​ថា ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​មាន​ការ​ថមថយ​នោះ​ទេ​ ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាម​ច្បាប់​។ ព្រះ​តេជគុណ​ បន្ថែម​ទៀត​ថា ​វិធានការ​ថ្មី​របស់​លោក សៅ សុខា​ ពេល​នេះ​នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​កន្លង​មក​មេ​ដឹក​នាំ​រដ្ឋាភិបាល​សព្វ​ថ្ងៃ លោក ហ៊ុន សែន​ រហូត​ដល់​ហ៊ាន​អះអាង​ថា​​ ​ប្រសិន​បើ​ការពារ​ព្រៃឈើ​មិន​បាន​ ​ហ៊ាន​កាត់​ក្បាល​របស់​លោក​ចោល​ទៀត​ផង​​ ប៉ុន្តែ​បទល្មើស​​ព្រៃឈើ​បាន​​កើត​មាន​ទូទាំង​ប្រទេស ខណៈ​ដែល​ក្បាល​របស់​លោក​ហ៊ុន សែន​នៅ​ដដែល។ ព្រះ​តេជគុណ​ចាត់​ទុក​ផែនការណ៍​ក្នុង​ការពារ​ធនធាន​ធម្មជាតិ​ដោយ​​លោក សៅ សុខា​ គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ ដើម្បី​កាត់បន្ថយ​កុំឲ្យ​​ប្រជាពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​អន្តរជាតិ​រិះគន់ រដ្ឋាភិបាល​ឯក បក្ស​ប៉ុណ្ណោះ ប៉ុន្តែ​ផែនការណ៍​នេះ​នឹង​គ្មាន​ដំណោះស្រាយ​ដូច​ពេល​មុខៗ៖ «យើង​ឃើញ​ជាក់ស្ដែង​ថ្មីៗ នៅ​សហគមន៍​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះវិហារ​ នៅ​តែ​បន្ត​កើត​មាន​ ហើយ​រហូត​មាន​ការ​ចុះផ្សាយ​ព័ត៌មាន​ជាហូរហែ​ ហើយ​វិទ្យុ​អាស៊ី​សេរី​ក៏​បាន​ចុះផ្សាយ​ដែរ​។ត្រឡប់​មក​វិញ​រាល់​ការ​លើកឡើង​របស់​រដ្ឋាភិបាល​សព្វ​ស្ទើរ​តែ​គ្រប់​វិស័យ​ហើយ​ គឺ​មិន​មាន​ប្រសិទ្ធភាព​អ្វី​ទាំង​អស់​ បាន​ត្រឹម​តែ​ធ្វើ​ផែនការ​ហាក់​មាន​អំណាច​ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ»

ប្រតិកម្ម​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា​ កាល​ពី​ថ្ងៃ​ទី​៤​កុម្ភៈ​ បាន​ដឹក​នាំ​កិច្ចប្រជុំ​គណៈកម្មាធិការ ជាតិ​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ធនធាន​ជាតិ​នៅ​ទូទាំង​ប្រទេស​។កាសែត​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៥​ កុម្ភៈ​ថា ក្នុង​កិច្ច​ប្រជុំ​នោះ​លោក សៅ សុខា​ បាន​​ដាក់​ផែនការណ៍​ចំនួន​ ៤ចំណុច​ រួម​មាន​ ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ ស្រាវជ្រាវ​រក​ជន​ដែល​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​ ចាប់​ជនសង្ស័យ​និង​វត្ថុ តាង​បញ្ជូន​ទៅ​ដោះស្រាយ​នៅ​តុលាការ និង​ប្រមូល​កម្លាំង​ត្រៀម​អន្តរាគមន៍​ ចុះ​បង្ការ​ និង​ទប់ស្កាត់ បទល្មើស​ធនធាន​ធម្មជាតិ​ដែល​អាច​នឹង​កើត​ឡើង​ ជាពិសេស​នៅ​ខេត្ត​ភាគ​ឦសាន។

សកម្ម​ភាព​ដែល​ចាត់​ជា​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ មាន​ដូច​ជា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​កា​រដឹក​ជញ្ជូន​​និង​​នាំ​ឈើ​​ចេញ​ដោយ​ខុស​​ច្បាប់​ ការ​បាញ់​ និង​​ចាប់​សត្វ​ព្រៃ​ដែល​ច្បាប់​ហាម​ឃាត់​ ​និង​ការ​នាំ​ចេញ​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់ ​ការ​កាប់​រាន​​ទន្ទ្រាន​​និង​កាន់​កាប់​ដី​របស់​រដ្ឋ​ ​ព្រម​ទាំង​ការ​រុក​រក​​រ៉ែ​ដោយ​ខុស​ច្បាប់​ទូទាំង​ប្រទេស។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ អាដហុក (Adhoc) លោក ប៉ែន បុណ្ណារ៍​ លើក​ឡើង​ថា​ ផែនការ​នេះ​ហាក់​យឺត​ពេល​បន្តិច​​ ព្រោះ​បទល្មើស​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​​ រហូត​ជិត​អស់​ព្រៃ​ក្នុង​ស្រុក​ខ្មែរ​ទៅ​ហើយ។ទោះ​ជា​យ៉ាង​ណា​ ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ហាក់​មិន​មាន​ជំនឿ​ទៅ​លើ​ផែនការ​នេះ​ថា ​អាច​ការពារ​ព្រៃឈើ​បាន​នោះ​ទេ ប្រសិន​បើ​មិន​មាន​កិច្ចសហការ​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ស្ថាប័ន​តុលាការ​ឲ្យ​បាន​ប្រើ​សើ​ជាង​ពេល​មុន​នោះ។លោក​អះអាង​ថា បទល្មើស​ព្រៃឈើ​កន្លង​មក គឺ​សមត្ថកិច្ច​ច្រើន​ចាត់​វិធាន​ការ​បាន​តែ​ពលរដ្ឋ​ក្រីក្រ ចំណែក​អ្នក​មាន​លុយ​និង​មាន​អំណាច​ គឺ​សមត្ថកិច្ច​មិន​ដែល​ចាប់​ជន​នោះ​មក​ផ្ដន្ទាទោស​បាន​ម្ដង​ណា​នោះ​ទេ ដោយ​ច្រើន​ធ្វើ​ការ​សម្របសម្រួល​ហើយ​ដោះលែង​វិញ​ ដែល​ខុស​ពី​ពលរដ្ឋ​ក្រីក្រ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ៖ «ដូច្នេះ​ស្ថាប័ន​តុលាការ​ត្រូវ​តែ​ព្យាយាម​ពន្លឿន​សំណុំ​រឿង​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​បាន​ រួម​ជា​មួយ​គណៈកម្មការ​ដែល​បង្កើត​ឡើង​នេះ​ ដែល​លោក​ជា​អ្នក​ប្រតិបត្តិ ជា​អ្នក​ស្រាវជ្រាវ​បង្ក​សំណុំ​រឿង​ទៅ​ ដូច្នេះ​ទាល់​តែ​ស្ថាប័ន​ទាំង​ ២​នេះ ​រួម​គ្នា​បាន​ធ្វើ​ឲ្យ​ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​​សម្រេច​បាន​ ហើយ​បើ​ធ្វើ​ដូច​កន្លង​មក​គឺ​ខ្ញុំ​គិត​ថា​មិន​យូរ​មិន​ឆាប់​អ្វី​ដែល​ជា​ការ​ប្ដេជ្ញា​របស់​គណៈកម្មការ​នឹង​ត្រូវ​បរាជ័យ​ដដែល»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ត​ថា ការ​ហិនហោច​ធនធានធម្មជាតិ​កន្លង​មក​ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​ជា​មួយ​ជនល្មើស​ធ្វើ​​លិខិត​ស្នាម​ផ្ដល់​សិទ្ធិ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​បទល្មើស​ខុស​ច្បាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ លោក​ថា​កន្លង​មក សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​បាន​​ខ្លះ​ដែរ ប៉ុន្តែ​អ្នក​ទាំង​ត្រូវ​បាន​ដោះលែង​ទៅ​វិញ នៅ​ពេល​ដែល​បញ្ជូន​សំណុំ​រឿង​ដោះ​ស្រាយ​នៅ​ស្ថាប័ន​តុលាការ។ លោក​បន្ត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ គឺ​តុលាការ​ត្រូវ​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដោយ​មិន​មាន​ការ​លើកលែង ​បើ​មិន​ដូច្នេះ​ទេ ព្រៃឈើ​និង​ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​តិចតួច​អាច​នឹង​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល