ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ស្នើសុំ​ក្រសួង​បរិស្ថាន និង​អ្នក​ពាក់ព័ន្ធ​ជួយ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី

ដោយ មាន ឫទ្ធិ
2019-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៦-មេសា-២០១៤៖ សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ដែល​ត្រូវ​ក្រុមហ៊ុន​កាប់​ទន្ទ្រាន​លើ​ដី​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី។
២៦-មេសា-២០១៤៖ សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ដែល​ត្រូវ​ក្រុមហ៊ុន​កាប់​ទន្ទ្រាន​លើ​ដី​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី។
RFA

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ដែល​ជា​សកម្មជន​ការពារ​បរិស្ថាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ស្នើសុំ​ទៅ​ក្រសួង​បរិស្ថាន និង​អ្នក​ពាក់ព័ន្ធ​ជួយ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ទទួល​ស្គាល់​ថា បទ​ល្មើស​ព្រៃ​ឈើ​ពិត​ជា​កើត​មាន​ក្នុង​តំបន់​នេះ ប៉ុន្តែ​ថា ឥឡូវ​នេះ​មាន​ការ​ថយ​ចុះ​ខ្លះ​ហើយ ក្រោយ​ការ​ចុះ​បង្ក្រាប។

សកម្មជន​ការពារ​បរិស្ថាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ស្នើសុំ​បែប​នេះ ខណៈ​បទ​ល្មើស​ព្រៃ​ឈើ នៅ​ក្នុង​តំបន់​នេះ​បន្ត​កើន​ឡើង​ខ្លាំង។ ប៉ុន្តែ​ប្រជា​សហគមន៍​គ្មាន​កម្លាំង​ល្បាត​គ្រប់គ្រាន់ ដើម្បី ទប់​ស្កាត់​ជន​ប្រព្រឹត្ត។ ពួកគេ​ព្រួយបារម្ភ​ថា បទល្មើស​ព្រៃឈើ​ ក្រៅ​ពី​ធ្វើ​ឲ្យ​បាត់បង់​ព្រៃ​ឈើ ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​សត្វ​ព្រៃ​ក្នុង​តំបន់​អេកូ​ទេសចរណ៍​នេះ​ដែរ ជា​ពិសេស​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឥណទាន​កាបូន​ដែល​គម្រោង​នេះ​កំពុង​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ ព្រៃឈើ និង​សត្វព្រៃ។

ជនជាតិ​ដើម​ភាគតិច​ព្នង​លោក តែប ភើត ឱ្យ​អាស៊ី​សេរី​ដឹងថ្ងៃទី២៥ ខែ​មីនា​ថា ​ពេលនេះ ប្រជា​សហគមន៍​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដោយសារ​មាន​ជន​ល្មើស​លួច​ចូល​កាប់​ព្រៃ​ក្នុង តំបន់​ទឹក​ជ្រោះ​លែងអោង លែងខិន ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ ភូមិ​គូយ៉ាន ឃុំ​សែន​មនោរម្យ ស្រុក​អូរាំង។ លោក​បន្ត​ថា ទឹក​ជ្រោះ​នេះ ជា​តំបន់​អេកូ​ទេសចរណ៍ ហើយ​ពលរដ្ឋ​អាច​រក​ចំណូល​បាន​ពី​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​ទី​នោះ ដូច្នេះ​បើ​ព្រៃ​ឈើ​នៅ​ទី​នោះ​រង​ការ​កាប់​បំផ្លាញ​ត​ទៅ​ទៀត នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ពួក​គេ៖ «ទឹក​ជ្រោះ​លែងអោង លែងខិន​ហ្នឹង​ណា សុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ជួយ​ការពារ គេ​ចាប់​យើង​មិន​ដឹង​ថា គេ​កាប់​ហ្នឹង យើង​អត់​ដឹង​ថា ដើម្បី​បំណង​យ៉ាង​ណា​នោះ​ទេ ពេល​យើង​មិន​បាន​ទៅ​ពីរ​បី​ថ្ងៃ គេ​កាប់​ឈើ​ដួល​អស់»

ប្រជា​សហគមន៍​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ឱ្យ​ដឹង​ទៀត​ថា បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​លោក​រស់នៅ​កើតឡើង​ភាគ​ច្រើន​ដោយសារ​ពលរដ្ឋ​មកពី​តំបន់​ក្រៅ​ផ្សេងៗ​ចូល​កាប់​ទន្ទ្រាន ព្រៃ​ការពារ​យក​ធ្វើ​ចម្ការ។ ពួក​គេ​ថា ករណី​ខ្លះ គឺ​ជា​របស់​ពួក​ឈ្មួញ​ដោយ​ជួល​ពលរដ្ឋ​ឲ្យ​កាប់​ឈើ​ប្រណិត ដើម្បី​ដឹក​ចេញពី​តំបន់​នេះ​ដែរ។

ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​ទៀត លោក ប៉ាត់ ឃ្វើត ​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំ​គ្នា​ចុះ​ល្បាត​ការពារ​ព្រៃ​ដែរ ប៉ុន្តែ​មិន​អាច​ទប់​ស្កាត់​បាន ព្រោះ​កម្លាំង​ចុះ​ល្បាត​មាន​តិច និង​មិន​អាច​ចូល​ដល់​ព្រៃ​ជ្រៅៗ។ ប៉ុន្តែ អ្នក​កាប់​​ឈើ​មាន​គ្នា​ច្រើន និង​មាន​ឈ្មួញ​មាន​លុយ​នៅ​ពី​ក្រោយ។ សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ ស្នើសុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​ក្រសួងបរិស្ថាន​បន្ថែម​កម្លាំង​ចុះ​មក​ជួយ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ ក្នុង​តំបន់​ការពារ​មួយ​នេះ៖ «គេ​កាប់​អស់​ហើយ។ គេ​កាប់​បណ្ដើរៗ ហើយ។ ទី​មួយ សហគមន៍​ទន់​ខ្សោយ។ ទី​ពីរ ថវិកា​យើង​អត់​ដែរ សំណូមពរ​ចង់​ឲ្យ​ក្រុម​ការងារ​យើង​ជួយ»

ដែន​ជម្រក​សត្វព្រៃ​កែវសីមា ជា​តំបន់​ការពារ​មួយ​ក្នុងចំណោម​ដែន​ជម្រក​ការពារ​ចំនួន៤ ទៀត នៅ​ខេត្ត​មណ្ឌលគិរី ដែល​ជា​ដែន​ជម្រក​សត្វព្រៃ​ទទួលរង​ការ​កាប់​ឈើ​មាន​តម្លៃ​ជា​ប្រព័ន្ធ។ ពលរដ្ឋ និង​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា បទ​ល្មើស​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​គម្រោង​ឥណទាន​កាបូន (Carbon)

អ្នក​ជំនាញ​គម្រោង រេដបូក (Redd+) នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) លោក យាង ដូណាល់ ប្រាប់​ថា ព្រៃ​ឈើ​ជា​ប្រភព​សំខាន់​ចម្បង​ដែល​ធ្វើ​ឱ្យ​មាន​កាបូន នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត ភក្ត្រា ទទួល​ស្គាល់​ថា បទ​ល្មើស​ព្រៃ​ឈើ​ពិត​ជា​កើត​មាន​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​នេះ​មែន ប៉ុន្តែ​លោក​អះអាង​ថា ក្រោយ​មាន​ការ​ចុះ បង្ក្រាប​នា​ពេល​កន្លង​មក​ចំនួន​បទ​ល្មើស​នេះ​មាន​ការ​ថយ​ចុះ។ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូប នេះ លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​នេះ ត្រូវ​មាន​រាយការណ៍​មក​មន្ត្រី​ក្រសួង​បរិស្ថាន និង​ស្នើសុំ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃ​ឈើ​ទាំង​អស់​គ្នា៖ «អ៊ីចឹង​សូម​ចូលរួម​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​មន្ត្រី​នៅ​ក្នុង​សហគមន៍ ឬ​មួយ​មន្ត្រី​បរិស្ថាន មន្ត្រី​ឧទ្យានុរក្ស​ដែល​នៅ​ទីនោះ​តែ​ម្តង​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ពួក​គាត់​តែ​ម្ដង ដើម្បី​រួម​គ្នា​ក្នុង​ការ​បង្ក្រាប»

ក្រៅ​តែ​ពី​លោក ហ៊ុន សែន ដែល​ប្រកាស​សន្យា​ខ្យល់​ម្ដង​ហើយ​ម្ដង​ទៀត​ថា នឹង​កម្ចាត់​បទ​ល្មើស​ព្រៃ​ឈើ​ឲ្យ​បាន ថ្មីៗ នេះ មេបញ្ជាការ​ប៉េអិម លោក សៅ សុខា​ ក៏​បាន​ប្រកាស បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ដែរ ដោយ​លោក​ថែម​ទាំង​ព្រមាន​ចាត់​វិធានការ​លើ​អភិបាល ខេត្ត​ណា​ដែល​បណ្ដោយ​ឲ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​អាណាចក្រ​ខេត្ត​របស់​ខ្លួន​ទៀត​ផង។ ប៉ុន្តែ​ប្រហែល​ជា​មិន​ត្រឹម​តែ​ជន​ល្មើស​ទេ ដែល​ស៊ាំ​ត្រចៀក​នឹង​ការ​សន្យា​ខ្យល់​នេះ សូម្បី​តែ​ប្រជាពលរដ្ឋ​ក៏​ស៊ាំ​ត្រចៀក និង​លែង​ជឿ​ដែរ ពី​ព្រោះ​រហូត​មក​ដល់​ពេល​នេះ បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន​គ្រប់​ទី​កន្លែង។

ដែន​ជម្រក​សត្វព្រៃ​កែវសីមា​មាន​ផ្ទៃដី​ជិត ៣០ម៉ឺន​ហិកតារ​គ្រប​ដណ្ដប់​ក្នុង​ឃុំ​ចំនួន៤ នៃ​ស្រុក កែវសីមា ខេត្ត​មណ្ឌលគិរី។ ដែន​ជម្រក​នេះ​សម្បូរ​ដោយ​ប្រភេទ​ព្រៃ​ផ្សេងៗ រួម​មាន ព្រៃ​ស្រោង ពាក់​កណ្ដាល​ស្រោង ព្រៃ​របោះ និង​តំបន់​វាល​ស្មៅ។ លក្ខណៈ​ពិសេស​នៃ​ដែន​ជម្រក​នេះ គឺ​មាន​រុក្ខជាតិ​ជាង៦០​ប្រភេទ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​ជា​រុក្ខជាតិ​រង​ការ​គំរាម​កំហែង​ឈាន​ទៅ​រក​ការ​ផុត​ពូជ និង​ជា​កន្លែង​សម្រាប់​ការ​អភិរក្ស​សត្វ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត។

កាលពី​ឆ្នាំ២០១៦ កន្លង​ទៅ ក្រុមហ៊ុន ឌីសនី (Disney) របស់​សហរដ្ឋអាមេរិក​សម្រេច​ចុះ​ហត្ថលេខា​ទិញ​កាបូន រេដបូក (Carbon Redd+) នៅ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន ២.៦លាន​ដុល្លារ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ គឺ​នៅ​ឆ្នាំ២០១៧ និង​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល