ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រក​មធ្យោបាយ​ការពារ​សុវត្ថិភាព​ហ្វូង​ដំរី​ព្រៃ​ជាង ១០ក្បាល​ដែល​បង្ហាញ​ខ្លួន​

ដោយ ជាតិ ចំណាន
2019.03.27
ដំរី នៅ​ខេត្ត​មណ្ឌលគិរី 032719 ៦២២ ហ្វូង​ដំ​រំ​ព្រៃ​ជា​ច្រើន​ក្បាល​ដែល​បង្ហាញ​ខ្លួន​នៅ​ជិត​ប្រភព​ទឹក​អូរ​ធម្មជាតិ​ឋិត​ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
Provided photo

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ បារម្ភ​ពី​សុវត្ថិភាព​ហ្វូង​ដំ​រំ​ព្រៃ​ជា​ច្រើន​ក្បាល​ដែល​បង្ហាញ​ខ្លួន​នៅ​ជិត​ប្រភព​ទឹក​អូរ​ធម្មជាតិ​ឋិត​ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវសីមា។ ពួក​គេ​សង្កេត​ឃើញ​ថា គ្រោះ​រាំង​ស្ងួត​នៅ​រដូវប្រាំង​ឆ្នាំ​នេះ ធ្វើ​ឲ្យ​ប្រភព​ទឹក​សំខាន់ៗ បាន​រីង​ហួតហែង បណ្ដាល​ឲ្យ​សត្វ​ព្រៃ​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ទឹក​អូរ​ធម្មជាតិ​ក្បែរ​លំនៅឋាន​អ្នក​ភូមិ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី២៧ មីនា អំពាវនាវ​ដល់​អាជ្ញាធរ​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​រក​មធ្យោបាយ​ការពារ​សុវត្ថិភាព​ហ្វូង​ដំរី​ព្រៃ​ជាង ១០ក្បាល ដែល​បាន​បង្ហាញ​ខ្លួន​ជាង ១សប្តាហ៍​មក​ហើយ​ ឋិតនៅ​ចំណុច​អូរ​រអាម​ក្នុង​ឃុំ​ស្រែ​ខ្ទម​ ស្រុក​កែវសីមា។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ដំរី​ព្រៃ​ទម្ងន់​ជិត ២តោន​ ១ក្បាល​បាន​ស្លាប់​ កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​អាកា (AK) របស់​ព្រាន​ព្រៃ​បាញ់ ដើម្បី​យក​ភ្លុក​ ហើយ​មក​ទល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​ជន​ល្មើស​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ស្រុក​កែវសីមា​ លោក​ ប្រក់​ ជីប ប្រាប់​អាស៊ី​សេរី​ថា​ ប្រភព​ទឹក​សំ​ខាន់ៗ ដែល​ជា​កន្លែង​ដំរី​ព្រៃ​ផឹក​បាន​រីង​ហួត​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ​ដោយសារ​គ្រោះ​រាំង​ស្ងួត​នាំ​ឲ្យ​ដំរី​ជា​ច្រើន​ក្បាល​​មក​ប្រមូល​ផ្គុំ​គ្នា​នៅ​អូរ​អាម​ជិត​សាលាស្រុក​កែ​សីមា។ លោក​បារម្ភ​ថា ​ក្រុម​ព្រាន​ព្រៃ​អាច​នឹង​សម្លាប់​សត្វ​ដំរី​ព្រៃ​ទាំង​នោះ​យក​ភ្លុក​ ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​មាន​វិធាន​គាំពារ​ឲ្យ​ច្បាស់លាស់​នោះ​ទេ។ រី​ឯ​ការ​កាប់​ទន្ទ្រាន​ព្រៃ​រាន​យក​ដី​ធ្វើចម្ការ​ក្នុង​តំបន់​អភិរក្ស​បង្ក​ប៉ះពាល់​ការ​ចិញ្ចឹម​ជីវិត​សត្វ​ព្រៃ​ទាំង​នោះ​ដែរ។ លើស​ពី​នេះ​ពលរដ្ឋ​ខ្លះ​អាច​នឹង​ដាក់​អន្ទាក់​នៅ​កន្លែង​ដែល​ដំរី​ឆ្លង​កាត់​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ហ្វូង​ដំរី​ទាំងនោះ៖ «ព្រោះ​មនុស្ស​ឥឡូវ លោភលន់​ចង់​បាន ពិសេស​ដំរី​ឈ្មោះ ខ្លាច​ពួក​ហ្នឹង​វា​បាញ់ វា​ធ្លាប់​តែ​បាញ់។ ព្រួយ​បារម្ភ​ខ្លាច គេ​ដេញ​ហើយ​វា​ចូល​ទៅ​ស្រុក​យួន ហើយ​វា​តែងតែ​បាត់​មួយ​ឆ្នាំ ២ ឬ ៣»

កាលពី​ពេល​ថ្មីៗ នេះ​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​បាន​ប្រទះ​ឃើញ​ ហ្វូង​ដំរី​ព្រៃ​ជាង ១០ក្បាល​ ផឹក​ទឹក​នៅ​អូរអាម ឋិត​នៅ​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែ​សីមា។ អ្នក​ភូមិ​ថា ហ្វូង​ដំរី​ព្រៃ​ទាំង​នោះ​មិន​សូវ​ខ្លាច​មនុស្ស​នោះ​ទេ​ ដោយសារ​ពួក​វា​ ត្រូវ​ការ​ទឹក​ផឹក​ និង​អាហារ​ចិញ្ចឹម​ជីវិត។

ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ លោក​ កែវ​ សុភ័ក្ត្រ​ មានប្រសាសន៍​ថា​ ហ្វូង​ដំរី​ព្រៃ​ទាំង​នោះ​ មាន​ជាង ១០ក្បាល បាន​បង្ហាញ​ខ្លួន​ជា​រៀង​រាល់​ល្ងាច​ទំនង​ជា​ស្វែងរក​ទឹក​ផឹក និង​អាហារ​បរិភោគ។ លោក​ថា ​ឆ្មាំ​អភិរក្ស​របស់​មន្ទីរ​បរិស្ថាន​បាន​ចុះ​ល្បាត​ដោយ​យក​ចិត្ត​ទុក​ដាក់ ​និង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​អភិរក្ស​នៅ​តំបន់​សំខាន់ៗ ដែល​ដំរី​រស់នៅ​ និង​ឆ្លង​កាត់។ លោក​បញ្ជាក់​ថា មន្ត្រី​បរិស្ថាន​បាន​អប់រំ​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន និង​រួមគ្នា​អភិរក្ស​សត្វព្រៃ​ព្រោះ​តំបន់ ដែល​ហ្វូង​ដំរី​ព្រៃ​ធ្វើ​ដំណើរ​មក​ផឹក​ទឹក​បាន​ក្លាយ​ជា​ចម្ការ​អ្នក​ភូមិ៖ «បច្ចុប្បន្ន​យើង​ព្រួយ​បារម្ភ​រឿង​ហ្នឹង​ដែរ ប៉ុន្តែ​យើង​ប្រើប្រាស់​អស់​លទ្ធភាព ឃ្លាំ​មើល​ជុំវិញ​តំបន់​ដែល​វា​មក។ តើ​មាន​អន្ទាក់​អត់ និង​ដាក់​កម្លាំង ដើម្បី​ឃ្លាំ​មើល​សកម្មភាព​ការ​បរបាញ់ ដោយសារ​បច្ចុប្បន្ន​ចំនួន​បុគ្គលិក​នៅ​មាន​កម្រិត យើង​សំណូមពរ​ជា​ពិសេស​អាជ្ញាធរ​ដែន​ដី ជួយ​អប់រំ​ពលរដ្ឋ »

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​ លោក ក្រើង តុលា បារម្ភ​ខ្លាំង​ពី​សុវត្ថិភាព​ក្នុង​ការ​ដើរ​ហើរ​របស់​ហ្វូង​ដំរី​ព្រៃ​ទាំង​នោះ ព្រោះ​យន្តការ​អភិរក្ស​ និង​ការ​ថែទាំ​របស់​មន្ត្រី​ជំនាញ​នៅ​ខ្វះ​ចន្លោះ​ច្រើន។ លោក​ថា ព្រាន​ព្រៃ​នឹង​រក​ឱកាស​ចាប់​ដំរី​ព្រៃ​ទាំង​នោះ​នៅ​គ្រា​ ដែល​មន្ត្រី​ជំនាញ​ធ្វេសប្រហែស​ព្រោះ​នៅ​រដូវ​ប្រាំង​គ្រោះ​រាំង​ស្ងួត​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ព្រានព្រៃ​កំណត់​ទីតាំង​សត្វព្រៃ​រស់នៅ​និង​ឆ្លង​កាន់​ ដើម្បី​បរបាញ់​និង​ដាក់អន្ទាក់៖ «ចំណុច​ដែល​ដំរី​ឆ្លង​កាន់​ហ្នឹង ភាគ​ច្រើន​គឺ តែងតែ​មាន​បញ្ហា​ច្រើន ដូចជា អន្ទាក់ ព្រាន​ដែល​តែង​លួច​បាញ់។ ក្រុម​ឧទ្យានុរក្ស ប្រសិន​គាត់​បម្រើ​សត្វ​ដំរី​មែន ខ្ញុំ​ជឿ​ថា គាត់​តាម​ដាន តែ​ប្រសិន​បើ​គាត់​មិន​តាម​ដាន វា​នឹង​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​សត្វ​ដំរី »

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​អភិរក្ស​សត្វ​ដំរី​បង្ហាញ​ថា កាល​ពី​អំឡុង​ឆ្នាំ២០០១ វត្តមាន​សត្វ​ដំរី​មាន​ក្នុង​ចន្លោះ ៣៧៥ក្បាល​ ទៅ​ ៥០០ក្បាល​ រហូត​មក​ដល់​ឆ្នាំ២០១០។ សត្វ​កម្រ​ទាំងនេះ​បាន​ថយ​ចុះ​មក​ត្រឹម ១២០ក្បាល​ ទៅ​ ១៧៥ក្បាល ​ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​អភិរក្ស​ក្នុង​ខេត្ត​មណ្ឌលគិរី។ មន្ត្រី​សង្គម​ស៊ីវិល​ និង​សហគមន៍​បារម្ភ​ថា វត្តមាន​សត្វ​កម្រ​ទាំង​នោះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​ហើយ​កន្លង​ទៅ ​ក្រុម​អ្នក​អភិរក្ស​បាន​ប្រទះ​ឃើញ​ខ្មោច​ដំរី​ព្រៃ​មួយ​ចំនួន​ដេក​ងាប់​ក្នុង​ព្រៃ​ដោយសារ​ការ​បរបាញ់​និង​កត្តា​អាយុកាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។