សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​រង​ការ​បាញ់​គំរាម​ពី​ក្រុម​កាប់​ឈើ​ខុស​ច្បាប់

ដោយ រដ្ឋា វិសាល
2015.08.15
កាប់​ឈើ មណ្ឌលគិរី ៦១០ ៣០-តុលា-២០១៣៖ សកម្មភាព​ដឹក​ឈើ និង​កាប់​ឈើ​របស់​ក្រុមហ៊ុន ខេ ភីស អ៊ិនវេសមែន (K Peace Investment) នៅ​តំបន់​អភិរក្ស​ភ្នំ​ណាំលា ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។
Adhoc Photo

សហគមន៍​ព្នង​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី បាន​ស្ទាក់​ឃាត់​រទេះ​ដឹក​​ជញ្ជូន​ឈើ​ខុស​ច្បាប់​មួយ​គ្រឿង​ដែល​ប៉ុនប៉ង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍ ក៏​ប៉ុន្តែ​ក្រុម​ជន​ល្មើស​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​សហគមន៍​មិន​ឲ្យ​ចូល​ជិត រួច​ទម្លាក់​ឈើ​ចេញ​ពី​រទេះ​គោយន្ត​ ហើយ​បើក​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ។

សហគមន៍ ភូមិ​ពូលុ អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ស្វែង​រក​ជន​ល្មើស​មួយ​ក្រុម​​ស្លៀក​ពាក់​យោធា ប្រើប្រាស់​អាវុធ​បាញ់​គំរាម ខណៈ​ក្រុម​សហគមន៍​ល្បាត​ព្រៃ​ប្រទះ​ឃើញ​ពួកគេ​កំពុង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ កាល​ពី​ទៀបភ្លឺ​ថ្ងៃ​ទី​១៥ ខែ​​សីហា។

មិន​មាន​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ក្នុង​ការ​បាញ់​គំរាម​នេះ​ទេ ក៏ប៉ុន្តែ​ឈើ​ប្រភេទ​លេខ​១ ជាង ២០​ដុំ មាន​បរិមាណ​ឈើ​ជាង ៣​ម៉ែត្រ​គីប ត្រូវ​បាន​សហគមន៍​រក​ឃើញ​នៅ​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​កន្លែង​ជនល្មើស​ផ្ទុះ​អាវុធ។

តំណាង​សហគមន៍​លោក ច្រើង តុលា រៀបរាប់​ថា ក្រុម​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ ប៉ុន្តែ​សហគមន៍​សង្ស័យ​ទៅ​លើ​ជនជាតិ​ចាម​រស់​នៅ​តំបន់​វល្លិយោង មាន​ទីតាំង​ក្បែរ​ព្រៃ​សហគមន៍​គឺ​ជា​​​អ្នក​ប្រព្រឹត្ត​លួច​ចូល​កាប់​ឈើ​ក្នុង​ព្រៃ និង​ប្រើប្រាស់​អាវុធ​សម្រាប់​ការពារ​បទល្មើស​នេះ​ទៀត​ផង។

លោក​បន្ត​ថា សហគមន៍​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស​ប៉ុស្តិ៍​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ក្រុម​ជន​ល្មើស​បាន​គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​មក​ដល់​កន្លែង​កើត​ហេតុ៖ «គោយន្ត​ហ្នឹង​បាត់​ហើយ ដោយសារ​យប់មិញ​ហ្នឹង​ប្រជាពលរដ្ឋ​គាត់​ចង់​មក​ឃាំង គេ​បាញ់​មួយ​គ្រាប់។ នៅ​តែ​ឈើ​ឃើញ​ទាំង​អស់ អ្នក​កាន់​កាំភ្លើង​គេ​ថត​អត់​បាន ដោយសារ​យប់​គេ​បាញ់ ប្រជាពលរដ្ឋ​អត់​ហ៊ាន​ថត​ទេ។ អ្នក​ដែល​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់​ជនជាតិ​ចាម»

សហគមន៍​ភូមិ​ពូលុ បាន​ចុះបញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ព្នង ទទួល​ស្គាល់​ផ្លូវ​ការ​ដោយ​​​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ សហគមន៍​អភិរក្ស​ព្រៃ​តំបន់​នោះ​ដើម្បី​ចុះ​បញ្ជី​ជា​ព្រៃ​គោរព​បូជា និង​ជា​ព្រៃ​ត្រៀម​បម្រុង​សហគមន៍ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ព្រៃ​នេះ​ត្រូវ​បាន​ជនល្មើស​លួច​កាប់​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស និង​លួច​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម មាន​ព្រំដែន​ជាប់​​​នឹង​តំបន់​នោះ។

ទាក់ទិន​ទៅ​នឹង​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ នាយ​រង​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៊ូស្រា លោក ស្រាង ចូល មាន​ប្រសាសន៍​ថា ជនល្មើស​បាន​រំដោះ​គោយន្ត​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​មុន​ពេល​ប៉ូលិស​ទៅ​ដល់។ លោក​កត់សំគាល់​ថា ជនល្មើស​បន្សល់​ឈើ​ចោល ​ខណៈ​សហគមន៍​ឃាត់​រទេះ គោយន្ត ហើយ​ផ្ទុះ​អាវុធ​គំរាម​សហគមន៍​មុន​រំដោះ​គោយន្ត​គេច​ខ្លួន៖ «ខ្ញុំ​មក​អត់​ទាន់​គេ​ដែរ គេ​រត់​បាត់​ហើយ ឃើញ​តែ​វត្ថុតាង​ជាក់ស្ដែង។ ព្រៃឈើ​ច្រើន​មែន​ទែន ខ្ញុំ​​ឲ្យ​សហគមន៍​រក​កន្លែង​គេ​បាញ់​ហ្នឹង​ក្រែង​ឃើញ​សំបក​គ្រាប់​កាំភ្លើង»

​ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទទួល​បាន​ព័ត៌មាន​ទាក់ទិន​បទល្មើស​ព្រៃឈើ​នេះ​នៅ​ឡើយ។ លោក​ថា តំបន់​ព្រៃ​នោះ​ជា​តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​ណាំលា ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន។

​ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់​ថា ជនល្មើស​ប្រើប្រាស់​អាវុធ ហេតុ​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​តួនាទី​ស៊ើប​អង្កេត​រក​​​មុខ​សញ្ញា​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ជាពិសេស​ជា​ការ​រួម​ចំណែក​ការពារ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​សហគមន៍​អភិរក្ស។

លោក​កត់សំគាល់​ដែរ​ថា កន្លង​ទៅ​សហគមន៍​ធ្លាប់​រង​ការ​គំរាម​បាញ់​ប្រហារ​ពី​ក្រុម​ជនជាតិ​ចាម ចំណាក​ស្រុក​ដែល​មាន​ទីលំនៅ​នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ក្បែរ​ព្រៃ​សហគមន៍។ ហេតុ​នេះ​មុខ​សញ្ញា​ជនល្មើស​អាច​ទាក់ទិន​សហគមន៍​ចាម នៅ​តំបន់​នោះ៖ «កន្លង​ទៅ​ប្រជាពលរដ្ឋ​គាត់​អះអាង​ថា តំបន់​សម្បទាន​សង្គម​កិច្ច​ដែល​បងប្អូន​ចាម​គាត់​នៅ​ហ្នឹង​មាន​កាន់​អាវុធ​ខ្លះ​ដែរ។ ពួកគាត់​ធ្លាប់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែរ គាត់​បាន​ប្រាប់​ទៅ​ចៅហ្វាយ​ស្រុក​ដែរ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​អន្តរាគមន៍ ហើយ​ចាត់​វិធានការ»

​រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ដដែល សហគមន៍​បាន​វិល​ត្រឡប់​មក​ភូមិ​វិញ​ហើយ ដោយសារ​គ្មាន​លទ្ធភាព​ដឹក​ជញ្ជូន​ឈើ​ដែល​រឹប​អូស​នោះ​បាន។ សហគមន៍​គ្រោង​ប្រជុំ​គ្នា​នៅ​យប់​នេះ​ដើម្បី​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ពី​ករណី​បាញ់​គំរាម និង​ការ​រក​ឃើញ​ឈើ​ខុស​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។