មន្ត្រី​ជំនាញ​ថា​មិន​ទាន់​មាន​សញ្ញា​គ្រោះថ្នាក់​ពី​ទឹក​ជំនន់​នៅ​ឡើយ

ដោយ ប្រាជ្ញ ចេវ
2017-06-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​ទឹក​ជំនន់​នៅ​ភូមិ​បឹងសង្កែ ឃុំ​អំពិលប្រាំដើម ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
ស្ថានភាព​ទឹក​ជំនន់​នៅ​ភូមិ​បឹងសង្កែ ឃុំ​អំពិលប្រាំដើម ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

អ្នក​ពាក់ព័ន្ធ​ជំនាញ​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ផ្នែក​អាកាសធាតុ​និយាយ​ថា មិន​ទាន​មាន​សញ្ញា​គ្រោះថ្នាក់​ណា​មួយ​ដែល​បណ្ដាល​មក​ពី​​គ្រោះ​មហន្តរាយ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ បើ​ទោះ​ជា​ខេត្ត​បន្ទាយមានជ័យ កំពុង​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង​ក្ដី។

ទោះ​​ជា​មាន​ការ​ព្រមាន​ថា កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្សោយ និង​ជ្រលង​សម្ពាធ​ទាប​ខ្សោយ និង​ស្រប​ពេល​ដែល​ខេត្ត​បន្ទាយមានជ័យ កំពុង​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ជំនន់​ជោរជន់​ពី​ប្រទេស​ថៃ។ ប៉ុន្តែ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ថា កម្ពុជា​នឹង​រង​គ្រោះ​ព្រោះ​គ្រោះ​មហន្តរាយ ឬ​គ្រោះ​ទឹក​ជំនន់​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ប្រាប់​ថា ទាំង​ជំនន់​ទឹក​ភ្លៀង និង​ជំនន់​ទឹក​ទន្លេ​មេគង្គ មិន​ទាន់​ចោទ​ជា​បញ្ហា​​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក៏​មាន​តំបន់​មួយ​ចំនួន​ដែរ រង​ផល​ប៉ះពាល់ ព្រោះ​ជំនន់​ទឹក​ភ្លៀង។ ដោយ​ឡែក​លោក ចាន់ យុត្ថា ពន្យល់​ថា បញ្ហា​លិចលង់​នៅ​ខេត្ត​បន្ទាយមានជ័យ ព្រោះ​ការ​រក្សា​ទឹក​ទុក​ក្នុង​អាង​ទឹក​មិន​ព្រម​បង្ហូរ​ទឹក និង​ករណី​ជំនន់​ទឹក​ភ្លៀង៖ «កម្ពស់​ទឹក​ពេល​បច្ចុប្បន្ន​ទៅ​នឹង កម្រិត​ទឹក​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ គឺ​នៅ​ឆ្ងាយ​មែន។ មក​ដល់​ពេល​នេះ​ជំនន់​ទន្លេ​មេគង្គ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ»

លោក​ថា ក្នុង​អំឡុង​ខែ​មិថុនា និង​​ខែ​កក្កដា មិន​បញ្ហា​ទឹក​ជំនន់​មិន​ទាន់​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ថា ដំណាំ​ស្រូវ​នៅ​ក្នុង​ស្រុក​អូរជ្រៅ នៃ​ខេត្ត​នេះ​ប្រមាណ ៤០០​ហិកតារ កំពុង​រងគ្រោះ ព្រោះ​ជំនន់​ទឹក​ភ្លៀង។ ប្រភព​ដដែល​បាន​ដក​ស្រង់​សម្ដី ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក ប៉ាង វណ្ណសេដ្ឋ ថា ជំនន់​ទឹក​ភ្លៀង​នេះ​បាន​ធ្លាក់​ពី​ប្រទេស​ថៃ និង​ពី​អាង​អូរខៃដន ធ្វើ​ឲ្យ​ជន់​លិច​កំណាត់​ផ្លូវ​ដែក និង​ផ្លូវ​ជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ហើយ​បាន​បន្ត​ហូរ​ធ្លាក់​មក​ប៉ែក​ខាង​ក្រោម​ធ្វើ​ឱ្យ​លិចលង់​ដំណាំ​ស្រូវ​ប្រជា​កសិករ។

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ខេត្ត​បន្ទាយមានជ័យ បាន​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ជំនន់​ពី​ប្រទេស​ថៃ ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​ខេត្ត​បាន​ស្រាយ​បាន​រួចរាល់​ដោយ​បើក​បង្ហូរ​មុខ​ទឹក និង​ជីក​ប្រឡាយ​បន្ថែម​ទៀត។ លោក​ថា ជំនន់​នេះ​មិន​បាន​ធ្វើ​បាត់បង់​អាយុ​ជីវិត​ពលរដ្ឋ​ទេ ប៉ុន្តែ​ប៉ះពាល់​ផល​ដំណាំ និង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ខ្លះ៖ «យើង​ជីក​ប្រឡាយ​ថែម បង្ហូរ​មុខ​ទឹក​ណា​ដែល​កកស្ទះ ដើម្បី​ឲ្យ​ធ្លាក់​ទៅ​ក្រោម»

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​តិច​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែ​មិថុនា។ ឥទ្ធិពល​នេះ ព្រោះ​កម្ពុជា កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់មូសុង និរតី​ខ្សោយ និង​ជ្រលង​សម្ពាធ​ទាប​ខ្សោយ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ណា​មួយ​សញ្ញា​នៃ​គ្រោះ​មហន្តរាយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល