មន្ត្រី​ក្រសួង​រ៉ែ​និង​សង្គម​ស៊ីវិល​រក​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម

0:00 / 0:00

រដ្ឋាភិបាល វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​សរុប​ចំនួន ៣១​ស្ថាប័ន នៅ​ថ្ងៃ​ទី​៣១ មករា ជជែក​ពិភាក្សា​ដោយ​បើក​ចំហ​ពី​ស្ថានភាព​វិស័យ​រ៉ែ ប្រេងកាត និង​ឧស្ម័ន ឬ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម។

នេះ​ជា​វេទិកា​អភិបាលកិច្ច​លើ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នៅ​ប្រទេស​កម្ពុជា ឬ EIGF (Extractive Industry Governance Forum)។ កិច្ចពិភាក្សា​ពហុភាគី​នេះ ធ្លាប់​ធ្វើ​ម្តង​ហើយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ កន្លង​ទៅ។

សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​រៀបចំ​ជជែក​ដេញដោល​ជា​សាធារណៈ​របស់​រដ្ឋាភិបាល​នេះ ដែល​ពួក​គេ​ថា​ជា​ឱកាស​ល្អ​ឲ្យ​ដៃគូ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​រ៉ែ ប្រេងកាត និង​ឧស្ម័ន បង្ហាញ​ពី​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៃ​វិស័យ​នេះ ព្រម​ទាំង​ផ្តល់​ឱកាស​ឲ្យ​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​មតិ​រិះគន់​បែប​ស្ថាបនា ដើម្បី​កែលំអ ធានា​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ អាច​ផ្តល់​ប្រយោជន៍​គ្រប់​ភាគី ទាំង​ភាគី​ក្រុមហ៊ុន ប្រជាជន​មូលដ្ឋាន និង​រដ្ឋាភិបាល។

ទិន្នន័យ​ដែល​បាន​បង្ហាញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ក្នុង​វេទិកា​នេះ បញ្ជាក់​ថា ប្រាក់​ចំណូល​ពី​វិស័យ​រ៉ែ​ទូទាំង​ប្រទេស​កម្ពុជា កំពុង​កើន​ឡើង។ កាល​ពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​ទទួល​បាន​ចំណូល​ពី​ពន្ធ​អាករ​វិស័យ​នេះ​ចំនួន​ជិត ២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ បី​ឆ្នាំ​ក្រោយ​មក ពោល​នៅ​ឆ្នាំ​២០១៦ រដ្ឋាភិបាល​ទទួល​បាន​ចំណូល​ពី​វិស័យ​នេះ​ចំនួន​ជិត ១០​លាន​ដុល្លារ។ ក្រសួង​រ៉ែ រំពឹង​ថា នៅ​ឆ្នាំ​២០១៧ នេះ ចំណូល​ពី​វិស័យ​រ៉ែ នឹង​កើន​ដល់​ជាង ១២​លាន​ដុល្លារ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក្រសួង​មិន​បាន​បញ្ជាក់​លម្អិត​ពី​ប្រភព​នៃ​ចំណូល (Royalty) វិស័យ​រ៉ែ ដូចជា​ទំហំ​ទឹកប្រាក់​ពិត​ប្រាកដ​ពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​បាន​ប៉ុន្មាន ពី​ក្រុមហ៊ុន​ណា​ខ្លះ ជាដើម។ ក្រសួង​បាន​បញ្ជាក់​ថា ក្រសួង​គ្រោង​បោះពុម្ព​ផ្សាយ​ព័ត៌មាន​ពី​ចំណូល​រ៉ែ​ជា​សាធារណៈ​រៀង​រាល់ ៣​ខែ​ម្តង ចាប់​ពី​ឆ្នាំ​២០១៧ នេះ​ត​ទៅ។

ទាក់ទង​នឹង​រឿង​នេះ សង្គម​ស៊ីវិល​លើក​ឡើង​ក្នុង​វេទិកា​ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​រ៉ែ ប្រេងកាត និង​ឧស្ម័ន គួរ​បង្ហាញ​ជា​សាធារណៈ ដើម្បី​ធានា​តម្លាភាព និង​សុចរិត។

នាយក​ប្រតិបត្តិ​នៃ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា សង្កេត​ឃើញ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ខ្លះ​មិន​បាន​ធ្វើ​ការ​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម (EIA = Environmental Impact Assessment) មុន​នឹង​បូម​យក​ធនធាន​ក្រោម​ដី​នោះ​ទេ។ លោក​ថា ក្រុមហ៊ុន​មួយ​ដែល​ចាប់​ធ្វើ​អាជីវកម្ម​តាំង​ពី​ឆ្នាំ​២០០២ ទើប​បង្ហាញ​លទ្ធផល EIA នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ៖ « ប្រសិន​បើ​បាន​ពិភាក្សា​ពិគ្រោះ​យោបល់​ជា​មុន គឺ​បាន​ដឹង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ គម្រោង​វិនិយោគ​នេះ​កាត់​បន្ថយ​ការ​យល់​ច្រលំ។ ទី​ពីរ កាត់​បន្ថយ​ជម្លោះ​ថ្ងៃ​ក្រោយ​ដែល​អាច​កើត​មាន ហើយ​ទី​បី អាច​រួម​ចំណែក​តាមដាន​ត្រួត​ពិនិត្យ​លើ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន ភ្នាក់ងារ​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​គម្រោង​វិនិយោគទុន​នឹង​អាច​ប្រសើរ ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា យើង »

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ លោក ម៉េង សក្តិធារ៉ា អះអាង​ថា រាល់​គម្រោង​វិនិយោគ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់ ដោយ​ថ្លឹងថ្លែង​លើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច តែ​ធានា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សង្គម៖ « ឧទាហរណ៍ ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ធ្វើ​លើ​គោលការណ៍​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន ដែល​កំណត់​ដោយ​ក្រសួង​បរិស្ថាន ហើយ​មាន​ការ​ពិគ្រោះ​យោបល់​មូលដ្ឋាន​ទាំងអស់​ហ្នឹង គ្រាន់​តែ​អ្វី​ដែល​បាន​ធ្វើ​ហ្នឹង មិន​ទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ អត់​បាន​បើក​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទទួល​បាន​ព័ត៌មាន​ទាំងអស់​ហ្នឹង។ គាត់​អត់​ដឹង អាច​អត់​ដឹង​ថា​យើង​បាន​ធ្វើ »

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​នូវ​កម្មវិធី​កំណែ​ទម្រង់​ស្ដីពី «ធនធាន​ដើម្បី​ទាំងអស់​គ្នា» ក្នុង​វិស័យ​និស្សារណកម្ម​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨។

នៅ​ក្នុង​វេទិកា​នេះ ក្រុមហ៊ុន​រ៉ែ ដូចជា​ក្រុមហ៊ុន​អង្គរ​ហ្គោល (Angkor Gold) ក្រុមហ៊ុន​រ៉េណេសហ្សង់ (Renaissance) និង​ក្រុមហ៊ុន​ប្រេងកាត គ្រីសអែនណឺជី (Kris Energy) អះអាង​ពី​ការ​គិតគូរ​ការ​បែងចែក​ភាគ​ចំណេញ​ឲ្យ​សហគមន៍​មូលដ្ឋាន និង​សង្គម​វិញ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម ដូចជា​ការ​សាងសង់​មន្ទីរពេទ្យ សាលា​រៀន ផ្លូវ​ថ្នល់ និង​ការ​បណ្តុះបណ្តាល​ជំនាញ​ឲ្យ​ប្រជាពលរដ្ឋ អាច​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។