អគ្គិភ័យ​ឆាបឆេះ​ចម្ការ​កូន​ប្រេងខ្យល់​នៅ​ស្វាយរៀង ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ

ដោយ សន ចាន់រដ្ឋា
2019-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចម្ការ​ដើម​ប្រេង​ខ្យល់ នៅ​ខេត្ត​ស្វាយរៀង ដែល​រង​ការ​ឆេះ។
ចម្ការ​ដើម​ប្រេង​ខ្យល់ នៅ​ខេត្ត​ស្វាយរៀង ដែល​រង​ការ​ឆេះ។
រូប​ពី​គេហទំព័រ​អគ្គស្នងការ

ភ្លើង​ឆាបឆេះ​ចម្ការ​កូន​ប្រេងខ្យល់ នៅ​ក្នុង​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​ក្ដៅ​ហួតហែង​ខ្លាំង​។

អធិការរង​នៃ​អធិការដ្ឋាន​ក្រុង​បាវិត លោក ប្រាក់ បូណាល់ ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី៥ ខែ​មេសា​ថា ភ្លើង​ឆេះ​នេះ​បាន​បំផ្លាញ​កូន​ប្រេងខ្យល់ និង​ជញ្ជ្រាំង​អស់​ប្រមាណ ៣​ហិកតារ ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​ខូចខាត​ដំណាំ និង​ផ្ទះសម្បែង​របស់​អ្នកស្រុក ឬ​ធ្វើ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ទេ៖ «វា​រលត់​ហើយ វា​អត់​ប៉ះពាល់​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទេ វា​ឆេះ​ជញ្ជ្រាំង​ស្រែ ឥឡូវ​យើង​បាន​ពន្លត់​ហើយ​។ រលត់​នឹង​ប្រហែលជា​ម៉ោង​ពីរ ពីរ​ជាង​ហ្នឹង»

លោក ប្រាក់ បូណាល់ ឱ្យ​ដឹង​បន្ថែម​ទៀត​ថា អាជ្ញាធរ​នៅ​មិនទាន់​រក​ឃើញ​អំពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​នេះ​នៅឡើយ​ទ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ថា ស្ថានភាព​អាកាសធាតុ​សម្រាប់​ខែ​មេសា និង​ខែ​ឧសភា មាន​សភាព​ក្ដៅ​ហួតហែង​ខ្លាំង ដែល​សីតុណ្ហភាព​អាច​ឡើង​ទៅដល់ ៤២​អង្សាសេ។ អាកាសធាតុ​ក្ដៅ​ហួតហែង​នេះ ជះឥទ្ធិពល​ខ្លាំង​ទៅដល់​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង។

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ឱ្យ​ដឹង​ថា​រដូវប្រាំង​នៅ​ឆ្នាំនេះ នឹង​បន្ត​អូស​បន្លាយ​រហូតដល់​ពាក់​កណ្ដាល​ខែ​ឧសភា។

ឆ្លើយតប​នឹង​ស្ថានភាព​ក្ដៅ​ហួតហែង​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​សាធារណជន​ឱ្យ​បន្ត​ចូលរួម​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល