អ្នក​​នេសាទ​នៅ​ខេត្ត​កំពង់ធំ​ចោទ​អាជ្ញាធរ​ថា​​បង្ក្រាប​បទល្មើស​មាន​ការ​រើសអើង

ដោយ​ សូត សុខប្រាថ្នា
2016-12-22
Share
ផែនទី​ខេត្ត​កំពង់ធំ ៨៥៥ ផែនទី​ខេត្ត​កំពង់ធំ។
Photo: RFA

ប្រជា​នេសាទ​នៅ​ស្រុក​កំពង់ស្វាយ និង​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លើក​ឡើង​ថា អាជ្ញាធរ ព្រមទាំង​មន្ត្រី​ជំនាញ​មិន​បាន​ចាត់​វិធានការ​បទល្មើស​នេសាទ​ធំៗ ដូចជា​ឆក់​ត្រជាក់ អូស​យ៉ាំងកៅ និង​ដាក់​រ៉ាវ​សាច់​ប្រវែង​រាប់​រយ​ម៉ែត្រ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។ ពួកគាត់​ថា បើ​ពលរដ្ឋ​រស់​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ​ដោយ​ឧបករណ៍​ស្រប​ច្បាប់​នោះ អាជ្ញាធរ​តែង​បង្ក្រាប​ជាប់​ជានិច្ច។

មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ បដិសេធ​ការ​លើក​ឡើង​នេះ ដោយ​បញ្ជាក់​ថា ជា​គោលការណ៍​គឺ​គេ​បង្ក្រាប​បទល្មើស​នេសាទ​ធំៗ ជាមុន ទើប​បង្ក្រាប​បទល្មើស​តូចតាច​ជា​ក្រោយ។

​ប្រជា​នេសាទ​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប និង​ជាប់​បឹង​មួយ​ចំនួន​នៅ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ចង់​ឱ្យ​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​នេសាទ​ធំៗ ដូចជា​ឆក់​ត្រជាក់ និង​អូស​យ៉ាំងកៅ ឱ្យ​ដូច​គ្នា​ទៅ​នឹង​ការ​បង្ក្រាប​បទល្មើស​តូចៗ​ដែរ។

ការ​អំពាវនាវ​នេះ ដោយ​ពលរដ្ឋ​បារម្ភ​ថា ប្រសិន​នៅតែ​បណ្ដោយ​ឱ្យ​បទល្មើស​នេសាទ​ធំៗ មាន​វត្តមាន​នៅ​លើ​ផ្ទៃ​បឹង​អភិរក្ស និង​បឹង​ទន្លេសាប​បន្ត​ទៀត ទិន្នផល​ត្រី​នឹង​ហិនហោច​ជាក់​ជា​មិន​ខាន។

ពលរដ្ឋ​រស់​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង លោក ណង សុខ មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ រួមមាន​ដាក់​រ៉ាវ​សាច់​រាប់​រយ​ម៉ែត្រ និង​យ៉ាំងកៅ ឬ​អូស​អួន​ដោយ​កម្លាំង​ម៉ាស៊ីន ដែល​ភាគច្រើន​អ្នក​មាន​ប្រាក់​មក​ពី​តំបន់​ឆ្ងាយៗ និង​ជនជាតិ​វៀតណាម ជា​អ្នក​រក គឺ​មិន​មាន​អាជ្ញាធរ​ណា​បង្ក្រាប​បាន​ទេ ប៉ុន្តែ​បើ​ពលរដ្ឋ​តូចតាច​រក​ស៊ី​បន្តិចបន្តួច គឺ​ពួកគេ​បង្ក្រាប​រហូត។

លោក​ថា ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ គឺ​មិន​បាន​ស្មើ​ភាព​គ្នា​ឡើយ៖ «ប្រជាពលរដ្ឋ​នៅ​នេះ អា​រឿង​ឆក់​រឿង​អី គឺ​គ្មាន​នរណា​គេ​រក​ទេ អា​របរ​ដែល​គេ​ហាម​ដាច់​ខាត។ ​ដូចជា​សាច់​អី អា​ក្រឡា​ដែល​ត្រូវ​គេ​ឱ្យ​រក​អី ដាក់​តិច​រ៉ាវ ៥០​ម៉ែត្រ បាន ប៉ុន្តែ​ដល់​គេ​ចុះ​បង្ក្រាប គេ​ធ្វើ​តែ​គ្នា​នៅ​ភូមិ​នេះ​ឯង»

ប្រភព​ដដែល​បន្ត​ថា ទិន្នផល​ត្រី​ឆ្នាំ​នេះ គឺ​កើន​ឡើង​ជាង​ឆ្នាំ​មុន ប៉ុន្តែ​ប្រសិនបើ​បទល្មើស​នេសាទ​ធំៗ​នៅ​តែ​កើត​មាន ពូជ​ត្រី​នឹង​អាច​វិនាស។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​នៅ​ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ និយាយ​ថា បទល្មើស​នេសាទ​តំបន់​អភិរក្ស​ចំនួន​ពីរ គឺ​បឹង​រៀល និង​បឹង​ព្រះស្នែង នៅ​តែ​កើត​មាន​ឡើង។ អ្នកស្រី​ថា បទល្មើស​ទាំង​នោះ រួម​មាន​អូស​ស៊ីប និង​ឆក់​ត្រជាក់​ជាដើម ហើយ​ពួកគេ​ចេញ​ធ្វើ​សកម្មភាព​ភាគ​ច្រើន​នៅ​ពេល​យប់ ទើប​បណ្ដាល​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ជួប​ការ​លំបាក៖ «ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ប្រសិន​បើ​នៅ​តែ​មាន​បទល្មើស​អ៊ីចឹង ពួក​ខ្ញុំ​អ្នក​រក​ស៊ី​តូចតាច​អ៊ីចឹង យូរៗ​ទៅ​ហ្នឹង​គ្មាន​ត្រី​​ហូប​ផង មិន​បាច់​មាន​ត្រី​ដល់​ទៅ​ធ្វើ​ប្រហុក​ផ្អក​ទេ»

​ប្រជា​នេសាទ​រូប​នេះ​យល់​ថា វត្តមាន​បទល្មើស​នៅ​តែ​កើត​ឡើង​អាច​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​តែម្ដង។

​ទាក់ទង​បញ្ហា​នេះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធិ មាន​ប្រសាសន៍​ថា ករណី​អូស​យ៉ាំងកៅ ឬ​អូស​អួន​ដោយ​កម្លាំង​ម៉ាស៊ីន ប្រជា​នេសាទ​នៅ​ខេត្ត​នេះ មិន​បាន​ប្រើប្រាស់​ទេ ប៉ុន្តែ​អាច​មាន​ពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ ចូល​មក​រក​ស៊ី​ដោយ​លួចលាក់​ម្ដងម្កាល។ លោក​បន្ត​ថា បទល្មើស​ដាក់​របាំង​លប​ដែល​ច្បាប់​ហាមឃាត់ គឺ​មាន​ខ្លះ​ដែរ ប៉ុន្តែ​មន្ត្រី​ជំនាញ​តែងតែ​បង្ក្រាប​ជា​ហូរហែ និង​ដោយ​គ្មាន​ការ​រើសអើង​ថែម​ទៀត។

លោក​អះអាង​ថា មន្ត្រី​របស់​លោក​គឺ​មិន​ពាក់ព័ន្ធ​ក្រុម​ជនល្មើស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «មិន​ពិត​ទេ​បង! ខ្ញុំ​យល់​ខ្ញុំ​ដឹង​ករណី​ហ្នឹង គឺ​មិន​ពិត​ទេ! ព្រោះ​ជា​គោលការណ៍​គេ​ធ្វើ​អា​ធំ​ហើយ គេ​មិន​ធ្វើ​អា​តូច​ទេ»

មន្ត្រី​ជំនាញ​ដដែល​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​ធ្នូ សម្រាប់​ឆ្នាំ​២០១៦ អាជ្ញាធរ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​បាន​ចំនួន​ជាង ៤០០​ករណី និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន ៦​នាក់ ព្រម​ទាំង​ពិន័យ​ជា​ទឹក​ប្រាក់​បាន​មួយ​ចំនួន និង​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាដើម។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ និង​រឹបអូស​យក​វត្ថុតាង​ទាំង​អស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំង​នោះ​រួម​មាន​នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុ​ពុល​គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ។ នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ឡើង​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី​ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ឬ​ធនធាន​ជលផល​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល