ពលរដ្ឋ​​ចូល​រួម​បង្ក្រាប​បទល្មើស​នេសាទ​នៅ​កំពង់ចាម​បារម្ភ​ពី​សុវត្ថិភាព

ដោយ​ សូត សុខប្រាថ្នា
2014-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជន​មិន​ស្គាល់​មុខ​ដុត​និង​កាប់​បំផ្លាញ​ទូក​របស់​ពួកគាត់ នាំ​គ្នា​មក​ប្តឹង​សមាគម​អាដហុក ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៦ កក្កដា ២០១៤។
ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជន​មិន​ស្គាល់​មុខ​ដុត​និង​កាប់​បំផ្លាញ​ទូក​របស់​ពួកគាត់ នាំ​គ្នា​មក​ប្តឹង​សមាគម​អាដហុក ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៦ កក្កដា ២០១៤។
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ព្រួយ​បារម្ភ​ទៅ​នឹង​សុវត្ថិភាព​​របស់​ខ្លួន បន្ទាប់​ពី​ពួកគាត់​បាន​ចេញ​បង្រ្កាប​បទ​ល្មើស​នេសាទ​ជាមួយ​អាជ្ញាធរ​ជំនាញ​ជលផល​ក្នុង​ឃុំ​​ជា​ច្រើន​លើក​ច្រើន​សា។

ក្រោយ​ពី​ពេល​នោះ​មក ទ្រព្យ​សម្បត្តិ​របស់​ពួកគាត់ត្រូវ​បាន​ជន​មិន​​ស្គាល់​មុខ​បំផ្លាញ​ជា​បន្ត​បន្ទាប់។ អាជ្ញាធរ​មិន​ទាន់​កំណត់​មុខ​សញ្ញា​ឱ្យ​ច្បាស់​ចំពោះ​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​អះអាង​ថា អាច​ពាក់ព័ន្ធ​នឹង​ជន​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នៅ​ទី​នោះ។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជន​មិន​ស្គាល់​មុខ​បាន​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ជុំវិញ​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ រួម​មាន​ទូក ម៉ាស៊ីន និង​ឧបករណ៍​នេសាទ​កាល​ពី​ពេល​កន្លង​ទៅ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​កំពង់សំរិទ្ធ​ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក យីម ទិត ​មាន​ប្រសាសន៍​ថា កន្លង​មក​លោក​ធ្លាប់​ចូល​រួម​សហការ​ជាមួយ​មន្រ្តី​ជំនាញ​ផ្នែក​ជល​ផល និង​អាជ្ញាធរ​ឃុំ​ដើម្បី​នាំ​ផ្លូវ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជា​ហូរហែ​នៅ​ក្នុង​បឹង​មួយ​ឈ្មោះ បឹង​ធំ។

លោក​បន្ត​ថា គ្រាន់​តែ​នៅ​ក្នុង​មិថុនា លោក​បាន​ចុះបង្រ្កាប​បទល្មើស​នេសាទ​បាន ដូចជា​អូស​អួន​វង់​ធំ ការ​ដាក់​ស្បៃ​មុង​ក្រឡាញឹក ប្រមាណ​ជា ៣​ដង​ក្នុង​មួយ​ខែ ស្រាប់​តែ​នៅ​យប់​ថ្ងៃ​ទី​៥ កក្កដា ​ទូក​របស់​លោក​និង​សម្ភារៈ​នេសាទ​មួយ​ចំនួន​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដុត​បំផ្លាញ​ទាំង​ស្រុង។​ ក្នុង​យប់​ដដែល​នោះ ទូក​អ្នក​ជិត​ខាង​លោក ២​ផ្សេង​ទៀត ដែល​ដាក់​ជិត​គ្នា​ជាមួយ​ទូក​លោក ក៏​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​កាត់​ជា​ច្រើន​កំណាត់​ដែរ។

លោក យីម ទិត៖ «ខ្ញុំ​សំណូមពរ​ទៅ​មន្ត្រី​ប៉ូលិស​និង​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជលផល​ឱ្យ​ជួយ​វែក​មុខ​រក​ជន​ដែល​បាន​បំផ្លិចបំផ្លាញ​របស់​ខ្ញុំ​ហ្នឹង។ បើ​រក​ឃើញ​ជន​ហ្នឹង ខ្ញុំ​នឹង​ជួយ​ចុះ​បង្ក្រាប​ជាមួយ​មន្ត្រី​ប៉ូលិស​ជលផល​ដល់​ទី​បញ្ចប់»

​​បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ដោយ​រូបភាព​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នេះ​ក៏​ដោយ ក៏​លោក​នឹង​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ចូល​រួម​បង្រ្កាប​បទល្មើស​បន្ត​ទៀត ព្រោះ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ឃុំ​របស់​​លោក គឺ​ពឹង​អាស្រ័យ​លើ​ផល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ ប៉ុន្តែ​ប្រសិន​ផល​ត្រី​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​នេសាទ​ខុស​ច្បាប់ នោះ​ប្រជាពលរដ្ឋ​ច្បាស់​ជាត្រូវ​ចំណាក​ស្រុក​មិន​ខាន។

ប្រធាន​សហគមន៍​នេសាទ​បឹងធំ ឃុំ​មៀន លោក ម៉ុន ឆៃលាង ​មាន​ប្រសាសន៍​ថា លោក​ក៏​ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាត់​ទូក​នេសាទ​ជា​ច្រើន​កំណាត់​ដែរ កាល​ពី​ពេល​កន្លង​ទៅ។ លោក​បញ្ជាក់​ថា​ ការ​កាត់​ទូក​នោះ គឺ​ក្រោយ​ពេល​ដែល​គាត់​ចេញ​មុខ​បង្រ្កាប​បទល្មើស​នេសាទ​បាន​មួយ​ថ្ងៃ ហើយ​ក្រោយ​មក​លោក​មិន​សូវ​ហ៊ាន​ចេញ​មុខ​បង្រ្កាប​ទៀត​នោះ​ទេ។ បញ្ហា​នេះ​ធ្វើឱ្យ​លោក​ស្ទើរ​តែ​មិន​ហ៊ាន​ដើរ​ចេញ​ពី​ផ្ទះ​ផង​នៅ​ពេល​​យប់ប្រលប់ ពីព្រោះ​ខ្លាច​មិន​មាន​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

លោក ម៉ុន ឆៃលាង៖ «សហគមន៍​ក៏​គ្មាន​ន័យ​អី​ អ៊ីចឹង​ស្រាវជ្រាវ​បញ្ហា​ហ្នឹង ប្រសិន​បើ​មិន​​ចាប់​អា​ពួក​បទល្មើស​មិន​បាន​ទេ ផ្តន្ទាទោស​វា​ទេ យើង​ក៏​ពិបាក​ដែរ វា​អត់​រាងចាល។ ធ្វើ​ហើយ យើង​អត់​ធ្វើ​វា... ថ្ងៃ​ក្រោយ​ទៅ​ខ្លាច​វា​ហ៊ាន​ដល់​ទៅ​សម្លាប់​មនុស្ស»

នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មៀន លោក យឹម សុខុន ឱ្យ​ដឹង​ថា ពួក​គាត់​កំពុង​ធ្វើ​ស្រាវ​ជ្រាវ​វែក​មុខ​រក​ជន​ដែល​បាន​ប្រព្រឹត្ត​តាម​រយៈ​ការ​ប្ដឹង​របស់​ជន​រងគ្រោះ។ លោក​បន្ថែម​ថា រឿង​ដែល​សំខាន់​នាំ​ឱ្យ​មាន​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ សម្ភារៈ​នេសាទ​នេះ ប្រហែល​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​ទី​នោះ ។

លោក យឹម សុខុន៖ «កំពុង​ស្រាវជ្រាវ ព្រោះ​មុខ​សញ្ញា​មាន​ច្រើន​ ដោយសារ​ យីម ទិត ហ្នឹង​ គាត់​ធ្លាប់​បាន​សហការ​ជាមួយ​ខាង​ខ្ញុំ និង​​ខាង​ជលផល​ដើម្បី​បង្ក្រាប​ក្នុង​រយៈពេល​មួយ​ខែ​នៅ​ក្នុង​បឹងធំ ហ្នឹង​បាន​ច្រើន។ អ៊ីចឹង​មុខ​សញ្ញា​មាន​ត្រើយ​កើត​ផង មាន​កំពង់សំណាញ់​ផង និង​កំពង់សំរិទ្ធ​ផង»

មន្រ្តី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ជា​ការ​ល្អ​ប្រសើរ​គប្បី​ទាំង​អាជ្ញាធរ​មូលដ្ឋាន​និង​អាជ្ញាធរ​ជំនាញ​តាម​ស៊ើប​អង្កេត​ចាប់​ជន​ប្រព្រឹត្ត​ទាំង​នោះ​មក​ផ្តន្ទាទោស។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​ជំនាញ​គប្បី​ចូល​រួម​ជួយ​ឧបត្ថម្ភ​​ពួក​គាត់​ជា​អ្នក​​រងគ្រោះ​​​នូវ​ឧបករណ៍​ដែល​បាន​បាត់ និង​ខូចខាត​ទៅ​នោះ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់​ក្នុង​ការ​ចូល​រួម​សហការ​បង្រ្កាប​បទ​ល្មើស​នេសាទ​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល