"ការ​បង្ក្រាប​បទល្មើស​នេសាទ​ប្រកាន់​បក្សពួក​ធ្វើ​ឲ្យ​មច្ឆាជាតិ​នៅ​​ពោធិ៍សាត់​កាន់​តែ​ហិនហោច"

ដោយ ជិន ជេដ្ឋា
2017-07-29
Share
ផែនទី​ខេត្ត​ពោធិ៍សាត់ ៨៥៥ ផែនទី​ខេត្ត​ពោធិ៍សាត់
Photo: RFA

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ បារម្ភ​ថា ជម្លោះ​កាច់កុង​គ្នា​រវាង​សកម្មជន ឬ​មន្ត្រី​គណបក្ស​កាន់​អំណាច និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​រាំងទិល ស្រុក​កណ្ដៀង អាច​ជា​បញ្ហា​ធ្វើ​ឲ្យ​ធនធាន​មច្ឆាជាតិ​ក្នុង​បឹង​ទន្លេ​សាប​កាន់​តែ​ហិនហោច។ ក្ដី​បារម្ភ​នេះ ក្រោយ​ពី​គេ​ទទួល​ដំណឹង​ថា បទល្មើស​នេសាទ​ដែល​ប្រព្រឹត្ត​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​ត្រូវ​បាន​បង្ក្រាប។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា អ្នក​ភូមិ​នៃ​ឃុំ​រាំងទិល ទាំង​អស់​រស់​នៅ​លើ​ទឹក ហើយ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​មុខរបរ​នេសាទ។ ដូច្នេះ​ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​គ្នា ឬ​ប្រកាន់​បក្ស​ពួក​ដូច​ជា​ជំរុញ​ឲ្យ​មាន​បទល្មើស​កាន់​តែ​ច្រើន​ឡើង ព្រោះ​ពលរដ្ឋ​នឹង​ងាក​ទៅ​គាំទ្រ​បក្ស​កាន់​អំណាច​ដើម្បី​មាន​ឱកាស​ប្រព្រឹត្ត​បទល្មើស។

លោក អេង ឈុនហាន បន្ថែម​ថា សកម្មជន​បក្ស​ប្រឆាំង​បាន​ប្រាប់​លោក​ថា បទល្មើស​កើត​មាន​ច្រើន ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បង្ក្រាប​ឡើយ ក្រៅ​ពី​កម្ទេច​បទល្មើស​បុគ្គល​ណា​ដែល​គាំទ្រ​បក្ស​ប្រឆាំង៖ «ខាង​អ្នក​មាន​អំណាច​ចេះ​តែ​ប្រព្រឹត្ត​បទល្មើស​បាន​ទៅ អ្នក​ណា​ហ៊ាន​ចូល​អា​បក្ស​ផ្សេង​ដែល​ជា​បក្ស​ប្រឆាំង​អី អាច​ថា មិន​រក​បាន​គេ​យក​ច្បាប់​ទៅ​អនុវត្ត​ដោយ​ស្របច្បាប់​ទៅ​ណា។ អ៊ីចឹង​ធ្វើ​បាប​គ្នា​ចុះ​ឡើង តែ​ខ្ញុំ​ចង់​និយាយ​ថា ភាគី​ទាំង​ពីរ​កំពុង​តែ​នាំគ្នា​បំផ្លាញ​ខ្លួន​ឯង​ដូច​គ្នា។ គាត់​ជា​អ្នក​នេសាទ​សុទ្ធសាធ ព្រោះ​នៅ​លើ​ទឹក​ហ្នឹង​អត់​មាន​កន្លែង​ដែល​អាច​ធ្វើ​ស្រូវ ធ្វើ​បន្លែ​អី​បាន​ដូច​ពួក​ខ្ញុំ​នៅ​លើ​គោក​ទេ។ ពួកគាត់​អាស្រ័យ​តែ​លើ​ផល​នេសាទ​ចុះ​បើ​គាត់​អត់​ចូល​រួម​ថែរក្សា​ត្រី​ហ្នឹង​ទេ ឆ្នាំង​បាយ​គាត់​នឹង​ត្រូវ​រលំ​ហើយ»

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​រាំងទិល លោកស្រី ប៉ាន់ ឆៃឡេង និង​មេ​ឃុំ​របស់​គណបក្ស​ប្រជាជន លោក គឹម សំអ៊ែល បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ប៉ុន្តែ​កន្លង​ទៅ​លោកស្រី ប៉ាន់ ឆៃឡេង ប្រាប់​ថា អាជ្ញាធរ និង​រដ្ឋបាល​ជលផល​បង្ក្រាប​យ៉ាង​ចាស់​ដៃ​លើ​គ្រួសារ​លោកស្រី និង​ពលរដ្ឋ​ជិត ១០​គ្រួសារ​ផ្សេង​ទៀត​ដែល​គេ​ដឹង​ថា គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។

ចំណែក​មន្ត្រី​រដ្ឋបាល​ជលផល និង​មេឃុំ​រាំងទិល ធ្លាប់​ទទួល​ស្គាល់​ថា បទល្មើស​ពិត​ជា​កើត​មាន​ខ្លះ​មែន​នៅ​ក្នុង​ឃុំ​រាំងទិល ប៉ុន្តែ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​មិន​រើស​មុខ ឬ​ប្រកាន់​បក្ស​នយោបាយ​ឡើយ។

មន្ត្រី​គម្រោង​របស់​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) លោក ឯក ចំរើន យល់​ថា គ្រប់​គណបក្ស​មិន​គួរ​កាច់កុង​គ្នា ហើយ​បាត់​ប្រយោជន៍​សាធារណៈ ឬ​ធនធាន​មច្ឆាជាតិ​នោះ​ទេ។ អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស ត្រូវ​ចូល​រួម​ទប់ស្កាត់​បទល្មើស និង​គោរព​ច្បាប់​ទាំង​អស់​គ្នា ហើយ​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​បង្ក្រាប​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ​ទើប​បទល្មើស​មិន​កើន​ឡើង៖ «យើង​ឃើញ​ថា ការ​បង្ក្រាប​មិន​អាច​ធ្វើ​សកម្មភាព​អ៊ីចឹង​កើត​ទេ បើ​តាម​ដូច​អ្វី​ដែល​បាន​លើក​ឡើង បទល្មើស​មិន​អាច​ថយ​ទេ គឺ​វា​កាន់​តែ​កើន​ឡើង​ថែម​ទៀត។ ជា​យន្តការ​យើង​ត្រូវ​រួបរួម​គ្នា​ប្អូន មិន​អាច​យក​រឿង​គណបក្ស​មក​ធ្វើ​ជា​រឿង​ឲ្យ​មាន​ការ​បាត់បង់​ធនធាន ឬ​ប្រយោជន៍​រួម​ទេ»

មន្ត្រី​ដដែល​សង្កេត​ឃើញ​ថា បញ្ហា​បង្ក្រាប​បទល្មើស​មិន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​នេះ មិនមែន​កើត​មាន​តែ​នៅ​ឃុំ​រាំងទិល ស្រុក​កណ្ដៀង នោះ​ទេ គឺ​កើត​មាន​ជា​ច្រើន​ករណី​នៅ​ជុំវិញ​បឹង​ទន្លេ​សាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល