សហគមន៍​នេសាទ​ខេត្ត​ក្រចេះ​ស្នើ​ឲ្យ​អាជ្ញាធរ​ចូល​រួម​ទប់​ស្កាត់​បទល្មើស​នេសាទ

ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេសាទ​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​តាម៉ៅ និង​ឃុំ​ចំបក់ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ បាន​ធ្វើ​លិខិត​ស្នើ​ទៅ​ខាង​មន្ទីរ​ជលផល និង​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ ដើម្បី​សុំ​ចុះ​បង្ក្រាប​ករណី​នេសាទ​ខុស​ច្បាប់។
ដោយ​ សូត សុខប្រាថ្នា
2013-12-07
Share

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​សម្រេច​ចិត្ត​ធ្វើ​ការ​បង្ក្រាប​ដោយ​មាន​ការ​សហការ​ជាមួយ​អាជ្ញាធរ ក៏​ព្រោះ​តែ​ពួក​គាត់​មិន​មាន​ជំនឿ​ទៅលើ​អាជ្ញាធរ​ជលផល​ដែល​មិន​មាន​ចំណាត់ការ​ចំពោះ​ករណី​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ​នៅ​ពេល​កន្លង​ទៅ។

ការ​ព្រួយ​បារម្ភ​ចំពោះ​ករណី​នេសាទ​​ខុស​ច្បាប់​នៅ​រដូវ​ទឹក​ស្រក​​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ស្រូវ​ប្រដេញ​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែកប្រសប់ និង​ម្យ៉ាង​ទៀត ដោយសារ​ភ័យ​ខ្លាច​ពូជ​មច្ឆាជាតិ​ត្រូវ​បាត់​បង់​ដោយ​ការ​នេសាទ​ខុស​ច្បាប់ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​តាម៉ៅ និង​ឃុំ​ចំបក់ ស្នើ​សុំ​ការ​សហការ​ពី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​នោះ។

ប្រជាពលរដ្ឋ​និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​នៅ​ឃុំ​ចំបក់ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ លោក ចាន់ សុខជុន បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រគល់​លិខិត​ទៅ​ជា​អាជ្ញាធរ​ជលផល​ខេត្ត ដើម្បី​ឱ្យ​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ និង​ដោយ​​អម​ទៅ​ជាមួយ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ ជា​ច្រើន​រយ​នាក់ សម្រាប់​ស្នើ​សុំ​ការ​សហការ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ដ៏​ធ្ងន់ធ្ងរ​នៅ​ឃុំ​តាម៉ៅ និង​ឃុំ​ចំបក់ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ។ ការ​ដាក់​យ៉ និង​ដាក់​ដៃ​នៅ​តាម​ព្រែក ដែល​ធ្វើ​​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​កសិករ​ធ្វើ​ស្រូវ​ប្រដេញ​ទឹក ពីព្រោះ​ទឹក​ដែល​ហូរ​ចេញ​តាម​មាត់​ព្រែក​យឺត ធ្វើ​ឱ្យ​ពួក​គាត់​ខក​ខាន​ក្នុង​ការ​ធ្វើ​ស្រែ។ មិន​តែ​ប៉ុណ្ណោះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​អាច​ចេញ​ចូល​ធ្វើ​ដំណើរ​តាម​ព្រែក​បាន បន្ថែម​ពី​នេះ​ទៀត គឺ​ធ្វើ​ហិនហោច​ពូជ​មច្ឆាជាតិ។

លោក ចាន់ សុខជុន៖ «ក្នុង​ច្បាប់​គេ​មិន​ឱ្យ​ដាក់​ពេញ​ព្រែក​ទេ ពីព្រោះ​វា​ចាល់​ទឹក​ដែល​វា​ធ្វើ​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ ប្រកប​របរ​កសិកម្ម​តាម​បឹង ទី​មួយ។ ទី​ពីរ វា​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​តាម​ផ្លូវ​ទឹក។ ទី​បី បើ​ករណី​គាត់​ដាក់​ពេញ​ព្រែក​អ៊ីចឹង មិន​អាច​ធ្វើ​ឱ្យ​ពួក​គាត់​ខាង​ក្រោម​អាច​ដាក់​បាន គឺ​បាន​តែ​សហគមន៍​មួយ​គត់​ដែល​អាច​ទទួល​ផល​ពី​នេសាទ​ហ្នឹង។ ទី​បួន គឺ​បញ្ហា​ដាក់​ក្រឡា​ញឹក ទាំង​អស់​នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​គាត់​គិត​ថា ជា​ករណី​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ»

លោក​បន្ត​ថា ការ​នេសាទ​ខុស​ច្បាប់​ដែល​មិន​មាន​ការ​បង្ក្រាប​ពី​សំណាក់​មន្ត្រី​ជល​ផល​ខេត្ត និង​ស្រុក​ឱ្យ​មាន​ប្រសិទ្ធភាព​ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​ទាំង​នោះ​ចូល​រួម​ជា​មួយ​ប្រជាពលរដ្ឋ​ក្នុង​បង្ក្រាប​បទល្មើស​នេសាទ​ទើប​ធានា​បាន​នូវ​ប្រសិទ្ធភាព​ជាង។

បញ្ហា​នេះ ត្រូវ​បាន​​ជំនួយ​ការ​ប្រធាន​មន្ទីរ​ជលផល​ខេត្ត​ក្រចេះ លោក ផល្លា មិន​បាន​បក​ស្រាយ​អ្វី​ច្រើន​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​​ថា សំណុំ​ឯក​សារ​ដែល​តំណាង​ប្រជាពលរដ្ឋ​បាន​ដាក់​ជូន​ទៅ​ខាង​មន្ទីរ​នោះ គឺ​លោក​ទើប​តែ​ទទួល​បាន ដូច​នេះ​ខាង​លោក​ត្រូវ​ធ្វើ​ទៅ​តាម​លំដាប់​លំដោយ ទើប​ធ្វើ​ឱ្យ​លោក​មិន​ដឹង​ថា ដំណើរ​ការ​ចុះ​បង្ក្រាប​នឹង​ចាប់​ផ្ដើម​ពេល​ណា​ឡើយ។

លោក ផល្លា៖ «បាទ! អា​ហ្នឹង​ខ្ញុំ​អត់​ដឹង​ដែរ បាទ! ពីព្រោះ​ខ្ញុំ​នៅ​នេះ​គ្រាន់​តែ​ជា​អ្នក​កាន់​ខាង ប្រូសេស (Process) ឯកសារ កាន់​ឯកសារ​ត្រូវ​ចេញ​ទៅ​ណា​មក​ណា ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​អា​ហ្នឹង​ផ្នែក​នីតិកម្ម​គេ​ បង! ព្រោះ​ខ្ញុំ​គ្រាន់​តែ​ចាត់​ចែង​ឯកសារ គ្រាន់តែ​ដឹង​ថា ពី​ណា​ទៅ​ណា​ប៉ុណ្ណឹង​ទេ។ ទាល់​តែ​គេ​ពិនិត្យ ហើយ​ដាក់​ជូន​យោបល់​គាត់​យ៉ាង​ម៉េចៗ ត្រូវ​ចុះ​ទៅ​យ៉ាង​ម៉េច បាទៗ អ៊ីចឹង។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ឯកសារ​​មក​ដល់​ដៃ​ខ្ញុំ​ពីរ​ថ្ងៃ​ទេ»

​​​​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត បាន​ចុះ​ទៅ​ពិនិត្យ​មើល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ឃុំ​ព្រែកប្រសប់ លោក សាល់ ខាន់ បាន​ឱ្យ​ដឹង​ថា ខាង​លោក​បាន​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ជលផល​មក​ធ្វើ​ការ​បង្ក្រាប​ជាមួយ​ប្រជាពលរដ្ឋ​ ប៉ុន្តែ​អាជ្ញាធរ​ហាក់​បី​ដូច​ជា​មិន​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ទេ គឺ​បែរ​ជា​មក​មុន​ប្រជាពលរដ្ឋ​ ទើប​ធ្វើ​ឱ្យ​ព័ត៌មាន​បង្ក្រាប​នោះ​បាន​លេច​ឭ​ដល់​ជន​ល្មើស​ទាំង​នោះ​ទៀត​ផង។

លោក​បន្ត​ថា ករណី​ជន​ល្មើស​ដឹង​ខ្លួន​មុន​ ហើយ​បាន​លាក់​រាល់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជា​មុន ហាក់​បី​ដូច​ជា​មាន​ការ​សហការ​គ្នា​​រវាង​អាជ្ញាធរ​និង​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ ទើប​ធ្វើ​ឱ្យ​ការ​បង្ក្រាប​របស់​ប្រជាពលរដ្ឋ​មិន​មាន​ប្រសិទ្ធភាព៖ «ក៏​ដូច​ជា​យើង​បាន​ឃើញ​ទិដ្ឋភាព​ផ្ទាល់ គឺ​មាន​ការ​សហការ​គ្នា​ អា​នេះ​គេ​ហៅ​ថា ការ​ចែក​តួនាទី​គ្នា​ដើម្បី​លាក់​កំបាំង​បទល្មើស​តែម្ដង ព្រោះ​តាម​ដឹង អ្នក​ប្រើ​ប្រាស់​ឧបករណ៍ មិន​មែន​គាត់​ធ្វើ​ល្មើស​ដោយ​គ្មាន​អាជ្ញាធរ​ដឹង​ឭ​ទេ គឺ​គាត់​បាន​សហការ​គ្នា​ដោយ​មាន​បង់​លុយ​បង់​អី​ជាដើម។ អ៊ីចឹង​ហើយ​ពេល​ដែល​យើង​ប្ដឹង​ទៅ គឺ​មាន​ការ​ឱ្យ​សញ្ញា​ទៅ​ជន​ល្មើស​ទៀត​ផង»

រី​ឯ​ប្រជាពលរដ្ឋ​មួយ​រូប​ទៀត រស់​នៅ​ឃុំ​ចំបក់ លោក សំណាង បាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​មិន​មាន​ចំណាត់​ការ​ដើម្បី​បង្ក្រាប​បទ​ល្មើស​នេសាទ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ពួកគាត់​នឹង​បន្ត​ធ្វើ​សកម្មភាព​បង្ក្រាប​នេះ​ដោយ​ខ្លួន​ឯង​ត​ទៅ​ទៀត ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​ពូជ​មច្ឆាជាតិ​ឱ្យ​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។ សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​របស់​ប្រជាពលរដ្ឋ​ដោយ​មាន​សហការ​ពី​សំណាក់​អាជ្ញាធរ​ជលផល និង​មន្ត្រី​ដែល​ពាក់ព័ន្ធ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​៧ ធ្នូ ដល់​ថ្ងៃ​១៣ ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។