ក្រសួង​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៥​ក្នុង​ដែន​ឧទ្យាន​ជាតិ​វីរជ័យ

ដោយ រដ្ឋា វិសាល
2014.07.09
សាយ សំអាល់ និង​ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) ៦១០ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ (ឆ្វេង) និង​អគ្គរដ្ឋទូត​ប្រធាន​សហគមន៍​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) ចូលរួម​ពិធី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ក្នុង​ដែន​ឧទ្យាន​ជាតិ​វីរជ័យ នា​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Ratha Visal

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន ទទួល​ស្គាល់​ផ្លូវ​ការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៥ ក្នុង​ដែន​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​ជីវចម្រុះ និង​សត្វ​ព្រៃ។ ការ​ប្រកាស​ទទួល​ស្គាល់​សហគមន៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ធនធាន​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ​នេះ រង​វិនាស​ហិនហោច​ដោយសារ​បទល្មើស​អនាធិបតេយ្យ​ក្នុង​តំបន់​នោះ កើត​មាន​ច្រើន​ឆ្នាំ​កន្លង​ទៅ។

ការ​កំណត់​ចំនួន​សហគមន៍​ជា​ផ្លូវ​ការ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ៥​ភូមិ នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ជាមួយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា នា​សាល​ប្រជុំ​សណ្ឋាគារ រតនៈ ស៊ីធី ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី។

សហគមន៍​ទាំង​៥​នោះ​រួម​មាន សហគមន៍​អូរខាំផា សហគមន៍​អូរចាយ សហគមន៍​អូរទុង សហគមន៍​អូរតាបូក និង​សហគមន៍​មណ្ឌល​យ៉ន។

តំណាង​សហគមន៍​ទាំង​ប្រាំ លោក ញឹម ម៉ុល រៀបរាប់​ថា កន្លង​ទៅ​នេះ​បទល្មើស​ព្រៃ​ឈើ ការ​ប្រមាញ់​សត្វ​ព្រៃ និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​កត់​សម្គាល់​ថា បណ្ដា​ក្រុមហ៊ុន​សម្បទាន អ្នក​មាន​អំណាច​មាន​កង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ គឺ​ជា​អ្នក​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំង​នោះ។ ចំណែក​ក្រុម​អភិរក្ស​ក៏​មិន​បាន​បំពេញ​តួនាទី​ការពារ​តំបន់​អភិរក្ស​បាន​ត្រឹមត្រូវ​នោះ​ដែរ៖ «វា​មាន​កម្រិត​ធំ​ដែរ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ គេ​យក​តែ​ប្រភេទ​ឈើ​ធ្នង់​ឈើ​ប្រភេទ​លេខ​១។ អ៊ីចឹង ក្រុមហ៊ុន​គេ​ប្រមូល​យក​ឈើ​ហ្នឹង អ៊ីចឹង​យើង​បង្ក្រាប​បទល្មើស​ដែល​គេ​ប្រព្រឹត្ត​ក្នុង​តំបន់​សហគមន៍ យើង​ចាប់​ប្រមូល​បាន​ជាង ២០០​ម៉ែត្រ​គូប»

សួន​ឧទ្យាន​ជាតិ​វីរជ័យ មាន​ផ្ទៃដី​ជាង ៣៣​ម៉ឺន​ហិកតារ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ ១០​ក្រុមហ៊ុន លើ​ផ្ទៃ​ដី​ប្រមាណ ១០​ម៉ឺន​ហិកតារ និង​បង្កើត​តំបន់​ការពារ​ទាំង​ប្រាំ​លើ​ផ្ទៃដី​ជិត ២​ម៉ឺន​ហិកតារ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​ជាង ១.៣០០​គ្រួសារ​អភិរក្ស។

មន្ត្រី​សម្រប​សម្រួល​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ​កម្ពុជា ហៅ​កាត់​ថា អែស.ស៊ី.ដាប់បែលយូ (Save Combodia Wild life = SCW) លោក ទេព ប៊ុននី ទទួល​ស្គាល់​ថា ធនធាន​ធម្មជាតិ ជាពិសេស​ព្រៃ​ឈើ​ដែន​ជម្រក​សត្វ ពិត​ជា​រង​ការ​កាប់​បំផ្លាញ។ ចំណែក​សហគមន៍​អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មាន​លទ្ធភាព​តិចតួច​ក្នុង​ការ​រួម​ចំណែក​ទប់ស្កាត់​បទល្មើស​ទាំង​នោះ។ លោក​ថ្លែង​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅ​ពេល​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​សហគមន៍​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​បន្ត​ទៀត៖ «បទល្មើស​វា​កើត​ឡើង​ក្នុង​ហេតុផល​ច្រើន​យ៉ាង​ណាស់ អ៊ីចឹង​ក្នុង​ចំណោម​បទល្មើស​ទាំងអស់​នោះ គាត់​មាន​សិទ្ធិ​សហការ​ជាមួយ​នឹង​ឧទ្យាន​ជាតិ នាយក​ដែន ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​បទល្មើស»

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ទទួល​ស្គាល់​ដូច​គ្នា​ពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ឧទ្យាន​ជាតិ។ លោក​អះអាង​ថា វិធានការ​ច្បាប់ នឹង​ត្រូវ​យក​មក​អនុវត្ត​ចំពោះ​អ្នក​ប្រព្រឹត្តិ​បទល្មើស ដើម្បី​កាត់​បន្ថយ​ការ​បំផ្លាញ​ធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​ទាំង​ឧទ្យាន​ជាតិ និង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ផង​ដែរ៖ «យើង​កំពុង​ត្រួត​ពិនិត្យ​បញ្ហា​ហ្នឹង​ឡើង​វិញ។ អា​ហ្នឹង​យើង​ពិនិត្យ​ឃើញ​ជាក់ស្តែង អ្នក​ណា​ដែល​ធ្វើ គឺ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ធ្វើ អ្នក​ណា​ដែល​មិន​ធ្វើ យើង​ដោះស្រាយ​តាម​បញ្ហា​ហ្នឹង»

សហគមន៍​អឺរ៉ូប ក្នុង​នាម​ជា​ដៃគូ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា បាន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រហែល ៣៥​លាន​អឺរ៉ូ ស្មើ​នឹង​ប្រហែល ៤៨​លាន​ដុល្លារ​អាមេរិក រៀង​រាល់​ឆ្នាំ ដើម្បី​គាំទ្រ​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ។ ក្នុង​នោះ​ក៏​បាន​ផ្តល់​មូលនិធិ​សម្រាប់​ការ​អភិរក្ស​ឧទ្យាន​ជាតិ​វីរជ័យ ផង​ដែរ។

អគ្គរដ្ឋទូត​ប្រធាន​សហគមន៍​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) ចាត់​ទុក​ជំនួយ​សហគមន៍​អឺរ៉ុប ថា​បាន​រួម​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​តំបន់​សហគមន៍​ការពារ​ធម្មជាតិ។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​សហការ​ទប់ស្កាត់​ឲ្យ​បាន​ជោគជ័យ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​បំផ្លាញ​សត្វ​ព្រៃ៖ «អ្វី​ដែល​ដើរ​តួ​ជា​សំខាន់ គឺ​ដៃគូ​អភិវឌ្ឍន៍ ប៉ុន្តែ​ដើរ​តួ​ជា​សំខាន់​ជាង​គេ គឺ​ប្រជាពលរដ្ឋ​កម្ពុជា តែ​ម្តង ជាពិសេស គឺ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​ទៅ ជា​សារ​មួយ​យ៉ាង​ច្បាស់​បង្ហាញ​ថា ប្រជាពលរដ្ឋ​ចង់​បាន​ការ​កែប្រែ»

ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​របស់​សហគមន៍​អឺរ៉ុប ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ដល់​អ្នក​សារព័ត៌មាន នូវ​ឱកាស​វាយ​តម្លៃ​លទ្ធផល​សម្រេច​បាន​របស់​គម្រោង​ចំនួន​៤ នៅ​ខេត្ត​រតនគិរី ដែល​បាន​ទទួល​ជំនួយ​ពី​សហគមន៍​អឺរ៉ុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។