មន្ត្រី​យោធា​ខេត្ត​ស្ទឹងត្រែង​ថា ការ​បាក់​ស្ពាន​អូរ​គួក ឆ្លង​​ទន្លេ​សេកុង គឺ​​មក​​ពី​​គ្រោះ​​ធម្មជាតិ និង​​ការ​​បាក់​​ទំនប់​​វារី​អគ្គិសនី​​ឡាវ

ដោយ វ៉ែន សុមេធ
2018-09-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​យោធា​ជាន់ខ្ពស់​ខេត្ត​ស្ទឹងត្រែង​ប្រាប់​ថា ការបាក់​ស្តុត​ស្ពាន​អូរ​គួក ​ដែល​ជា​ស្ពាន​បម្រើ​ឲ្យ​វិស័យ​កងទ័ព​ ឋិតនៅ​គៀក​ព្រំដែន​កម្ពុជា​/​ឡាវ​ ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង គឺ​បណ្តាល​មកពី​​គ្រោះ​ធម្មជាតិ និង​ឥទ្ធិពល​នៃ​ការបាក់​ទំនប់​វារី​អគ្គិសនី​សេពាន​សេណា​មណយ ​( Xe Pien - Xe Namnoy )​ក្នុង​ខេត្ត​អត្ត​ពឺ​ប្រទេស​ឡាវ​កន្លងទៅ។

ការបាក់​ទំនប់​វារី​អគ្គិសនី​ នៅប្រទេសឡាវនេះ បណ្តាល​ឲ្យ​ទឹក​ទន្លេ​សេកុង​ហក់​ឡើង​ខ្លាំង​ ​រួមទាំង​ជំនន់ទឹកភ្លៀងផង បង្ក​ឲ្យ​កម្លាំង​ទឹក​បុក​ច្រោះ​ដល់​គល់​ស្ពាន​នេះ​។​ កង​ម្លាំង​វិស្វកម្ម​នៅ​មិន​ទាន់​វាយតម្លៃ​ពី​ទំហំ​ផលប៉ះពាល់​ខូចខាត​ស្ពាន​នោះ​នៅឡើយ​ទេ ​ក៏ប៉ុន្តែ​បាតុភាព​នេះ​បាន​ធ្វើឲ្យ​រាំង​ស្ទះ​ដល់​ការស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា​-ឡាវ។

 

មេបញ្ជាការប្រតិបត្តិការ​សឹក​រង​ខេត្ត​ស្ទឹងត្រែង​ លោក ស្វាយ​ ញ៉ន ​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៤ កញ្ញា​ថា គ្រោះ​មហន្តរាយ​បាក់​ស្ពាន​អូរ​គួក​ ឋិតនៅ​ឃុំ​សន្តិភាព​ស្រុក​សៀមប៉ាង​ ​ខេត្ត​ស្ទឹងត្រែង​ ​ពុំ​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ណា​ម្នាក់​នោះ​ទេ​ ហើយ​កងកម្លាំង​វិស្វកម្ម​បាន​ត្រៀម​ជុស​ជុស​ស្ពាន​នេះ​ឡើងវិញ​នៅពេល​ដែល​ជំនន់​ទឹក​ទន្លេ​ស្រកចុះ​។ ​លោក​ថា​ ​ការបាក់​ស្ពាន​នេះ​ ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា និង​ឡាវ ​ដែល​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា​បាន​សាងសង់​សម្រេច​បាន​ជិត ២ រយ​គីឡូម៉ែត្រ៖ «ថ្មីៗ ទឹកវាបុកពីវារីអគ្គិសនីឡាវមក​វា​បុក​ច្រោះ​គល់​ស្ពាន ដល់​ពេល​ទឹក​ស្រក​ចុះ វិស្វកម្មនឹង​ធ្វើវិញ ម្យ៉ាងទឹកបុកមកគល់ស្ពាន។ វាអត់ខូចខាតអីប៉ុន្មានទេ នឹង​រៀបចំ​ធ្វើ​ឡើង​វិញ»

លោក ស្វាយ​ ញ៉ន ​បន្ថែម​ថា​ ​កងកម្លាំង​វិស្វកម្ម​កម្ពុជា​បាន​ស្ថាបនា​ស្ពាន​នេះ​រួចរាល់​ហើយ​ កាលពី​អំឡុង ​ខែឧសភា ​ឆ្នាំ​ ២០១៨ ​ប៉ុន្តែ​នៅ​មិន​ទាន់​ប្រគល់ជូន​រាជ​រដ្ឋាភិបាល​ ​សម្ភោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ​លោក​បញ្ជាក់​ថា​ ​ស្ពាន​នេះ​សាងសង់ឡើង​ សម្រាប់​បម្រើ​ឲ្យ​វិស័យ​កងទ័ព​ និង​បម្រើ​ឲ្យ​ការអភិវឌ្ឍន៍​តាម​ព្រំដែន​ ​ជាពិសេស​ស្ថាបនា​ខ្សែក្រវ៉ាត់​ព្រំដែន​ដែល​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា​បាន​ចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​ ២០១៥ រហូត​មក​ទល់​ពេលនេះ។​

ស្ពាន​អូរ​គួក​ ​មាន​ប្រវែង​ ២៥០ម៉ែត្រ ​ឆ្លងកាត់​ទន្លេ​សេង​កុង​ឆ្ពោះទៅ​តំបន់​អូរ​អាឡៃ ​ដែល​កន្លងទៅ​ ​មាន​ទាហាន​ឡាវ​រយ​នាក់​ ធ្លាប់​សង់​លេណ​ដ្ឋាន​នៅលើ​កោះ​ឫស្សី ​ចំណុច​អូរ​តាងាវ ​និង​អូរ​អាឡៃ ​បំណង​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា​មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​។ ​ស្ពាន​នេះ​មាន​ភូមិសាស្ត្រ​កៀក​ព្រំដែន​កម្ពុជា​-​ឡាវ ​នៅ​ឃុំ​សន្តិភាព​ ​ស្រុក​សៀមប៉ាង​ ត្រូវបាន​បាក់​ស្រុត​ ​កាលពី​ថ្ងៃ​ទី១ ​កញ្ញា​ ​នៅ​ផ្នែក​ម្ខាង​នៃ​ក្បាល​ស្ពាន។

កាលពី​ឆ្នាំ ២០១៥ រាជ​រដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ឡាវ ​មាន​ប្រវែង​ ២៥៧គីឡូ​ម៉ែត្រ​ចាប់ពី​ផ្លូវ​ជាតិ​លេខ ៧ ​ខែ​ត្រ​ស្ទឹងត្រែង​ រហូតដល់​ខែត្រ​រតនគិរី។ ​មក​ទល់​ពេលនេះ​ ក​សាង​សម្រេចបាន​ជិត​ ២ រយ ​គីឡូម៉ែត្រ​។ ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​នៅ​តំបន់​នោះ​ ​ចាំបាច់​ត្រូវ​ដឹកជញ្ជូន​សម្ភារៈ​ និង​គ្រឿងចក្រ​ឆ្លង​ស្ពាន​នេះ។ អាជ្ញាធរ​ឡាវ ធ្លាប់បាន​បញ្ជូន​កងកម្លាំង​យោធា​ប្រដាប់​ដោយ​អាវុធ​មក​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា ​ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរតាងាវ និង​អូរ​អាល័យ​លើ​កោះ​ឫស្សី នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧ ក្រោយមកលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​ធ្លាប់​បាន​ព្រមាន​បញ្ចេញ​កងទ័ព​ទៅកាន់​តំបន់​ព្រំដែន​នៃ​ខេត្ត​ស្ទឹងត្រែង​ និង​ទុក​ពេល​ឲ្យ​ឡាវ​ ដក​ទ័ព​ចេញ​ក្នុង​រយៈពេល​ ៦ ថ្ងៃ​។​ ក្រោយពី​លោក​ ហ៊ុន ​សែន ​ព្រមាន​រួច​ លោក​នាយករដ្ឋមន្ត្រី​ឡាវ ​លោក​ ​ថង​លួន​ ស៊ី​ស៊ូលីត ​បាន​ឯកភាព​ដក​កងទ័ព​របស់​ខ្លួន​ចេញពីតំបន់នោះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ​លោក​ សន ​ជ័យ​ យល់​ថា​ ​ចក្ខុ​វិស័យ​វែងឆ្ងាយ​ក្នុង​ការកសាង​ផ្លូវ​ និង​ ស្ពាន​ ​អ្នក​កសាង​គួរតែ​កំណត់​តំបន់​ដែល​ងាយ​រងគ្រោះ​ និង​រក​វិធានការ​ទប់ស្កាត់​ក្នុង​កម្រិត​ខ្ពស់​រយៈពេល​យូរ​។ ​លោក​បញ្ជាក់​ថា​ ​ការកសាង​ស្ពាន និង​ ហេដ្ឋារចនាសម្ព័ន្ធ​ ​គួរ​តែ​សំឡឹង​មើល​ពី​ប្រភព​ដែល​ងាយ​រងគ្រោះ​ ​ជាពិសេស​តំបន់​ដែល​មាន​ទំនប់​វារី​អគ្គិសនី​ច្រើន​នៅ​ប្រទេស​ឡាវ ​ដែល​ទាមទារឲ្យ​មាន​ការត្រៀមទុក​ជាមុន​ពី​ផែនការ​យុត្តិសាស្ត្រ​គ្រប់គ្រង​ហានិភ័យ​រយៈពេល​វែង​ឲ្យបាន​ច្បាស់លាស់​ ​ខណៈ​ដែល​ខេត្ត​ស្ទឹងត្រែង​ឋិតនៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​វារី​អគ្គិសនី​ឡាវ៖ «ជាប្រភពគួរឲ្យបារម្ភ ដូចជាទំនប់វារីអគ្គិសនីឡាវ តំបន់​មួយ​ចំនួន ដូច្នេះ​អ្នក​នៅ​ពី​ក្រោម​ត្រូវតែត្រៀមគ្រប់យ៉ាងតែម្តង។ ត្រៀម​តាំង​ពី​ហានិភ័យ​ពី​ការ​បាក់ទំនប់នៅឡាវ និង ការត្រៀម​ជួយ​សង្គ្រោះ​ពលរដ្ឋ។ ការអភិវឌ្ឍន៍ត្រូវតែគិតគួរ ពីការប្រែប្រួលអាកាធាតុ និង ភូមិសាស្ត្រ ដូចជា​ឡាវ​ពី​មុន​ពុំ​មាន​ទំនប់​វារី​អគ្គិសនី​ច្រើន​ទេ តែ​ឥឡូវ​មាន​ច្រើន»

លោក​ សន ​ជ័យ​ ​អង្កេតឃើញ​ថា​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​បាន​កសាង​ផ្លូវ​ និង​ ស្ពាន​ជាដើម​ ​គឺ​ធ្វើឡើង​តាម​ទម្លាប់​ចាស់​ ​ភាគ​ច្រើន​មិន​ឆ្លុះបញ្ចាំង​ពី​ចក្ខុ​វិស័យ​វែងឆ្ងាយ​ ​ក្នុង​ទម្រង់​ថ្មី នៃ​ការរីក​ធំ​ឡើង​នៃ​សង្គម​ និង​ការគ្រប់គ្រង​គ្រោះ​ធម្មជាតិ​ជាដើម​។ លោក​ថា និន្នាការ​សាកល ​ការអភិវឌ្ឍន៍​ត្រូវតែ​គិត​ពី​ការ​ប្រែប្រួល​អាកាសធាតុ ការប្រែប្រួល​តំបន់​ភូមិសាស្ត្រ និង​ត្រូវ​ឆ្លុះបញ្ជាំង​ពី​ទិដ្ឋភាព​ថ្មី ដែល​ចាំបាច់​ពិគ្រោះយោបល់​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ជាមួយ​អ្នកជំនាញ​នៅ​មូលដ្ឋាន​បំណង​ធានា​ថា ការ​អភិវឌ្ឍ​នោះ​​បម្រើ​ឲ្យ​ចក្ខុ​វិស័យ​រយៈ​វែង​ និង​មាន​គុណភាព​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល