ពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​​ខេត្ត​បាត់ដំបង​កំពុង​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់

ដោយ ខែ សុណង
2015-09-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​រង​ការ​លិចលង់​ដោយសារ​ទឹក​ជំនន់។ រូបថត​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៣
ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​រង​ការ​លិចលង់​ដោយសារ​ទឹក​ជំនន់។ រូបថត​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៣
RFA

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កំពុង​ព្រួយ​បារម្ភ​ពី​ស្ថានភាព​ទឹក​ជំនន់​ទឹក​ភ្លៀង និង​ការ​​ទទួល​រង​សម្ពាធ​ទឹក​មក​ពី​ប្រទេស​ថៃ ដែល​បណ្ដាល​ឲ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​ដំណាំ​នៅ​ខេត្ត​បាត់ដំបង។

អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ កញ្ញា ថា ទឹក​ចាប់​ផ្ដើម​លិច​នៅ​ភូមិ​ចំនួន​៥ ក្នុង​ស្រុក​បវិល ខេត្ត​បាត់​ដំបង តាំង​ពី​ថ្ងៃ​ទី​១៧ មក​ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា បណ្ដាល​មក​ពី​ទឹក​ជំនន់​ទឹក​ភ្លៀង​ផង និង​មក​ពី​ទទួល​សម្ពាធ​ទឹក​ហូរ​​ពី​ស្រុក​កំរៀង និង​ស្រុក​សំពៅលូន ដែល​មាន​ប្រភព​ហូរ​បន្ត​មក​ពី​ប្រទេស​ថៃ​ផង។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ផ្ដល់​វិធានការ​ណែនាំ​ជូន​ពលរដ្ឋ​ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​នេះ។

លោក ញឹម វណ្ណដា បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង​៣​រយ​គ្រួសារ​នោះ​មាន​ផ្ទះ​ជិត​២​រយ​ខ្នង​ដែល​កំពុង​លិចលង់​មិន​ទាន់​ស្រក​ចុះ​នោះ​ទេ និង​ដំណាំ​ដំឡូង​មី​រាប់​រយ​ហិកតារ​អាច​ប្រឈម​នឹង​ការ​ខូចខាត ស្រប​ពេល​ដែល​ប្រទេស​ថៃ​កំពុង​មាន​ការ​ជោរជន់​ដោយ​ទឹក​ក្នុង​ខេត្ត​ក្រុង​មិន​ទាន់​ស្រក​ដែរ​នោះ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា​បញ្ហា​នេះ ពុំ​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​នោះ​ទេ​អាច​ដោះស្រាយ​បាន៖ «កំពុង​ញាប់​ដៃ​ញាប់​ជើង​ហើយ គឺ​យើង​កុំ​ឲ្យ​មាន​ប្រជាជន​ស្លាប់ គោលការណ៍​របស់​រាជរដ្ឋាភិបាល​កុំ​ឲ្យ​ប្រជាជន​រង​របួស កុំ​ឲ្យ​ខូចខាត ប៉ះពាល់​ទៅ​ដល់​ហេដ្ឋារចនាសម្ពន្ធ​ធ្វើ​ម៉េច​ឲ្យ​ទទួល​បាន​ស្ថេរភាព សុវត្ថិភាព»។

ថ្វី​ត្បិត​បែប​នេះ​ក្ដី លោក ញឹម វណ្ណដា បាន​បញ្ជាក់​ថា ដោយសារ​ទឹក​ជំនន់​ទឹក​ភ្លៀង​នេះ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវ​បាន​បិទ​មិន​ឱ្យ​មាន​ចរាចរណ៍​ ឬ​ដឹកទំនិញ​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន ដោយសារ​ទឹក​ហូរ​លើ​ផ្លូវ​ឆ្លង​កាត់។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​២១ ខែ​កញ្ញា ខាង​មុខ​នេះ ប្រទេស​កម្ពុជា នឹង​អាច​រង​ឥទ្ធិពល​សម្ពាធ​ទាប​ថ្មី​មួយ​ទៀត​ពី​ប្រទេស​ហ្វីលីពីន(Philippines) ដែល​អាច​បង្ក​ជា​ព្យុះភ្លៀង ដែល​អាច​បន្ត​បក់​កាត់​ប្រទេស​កម្ពុជា ជាពិសេស​បក់​កាត់​ខេត្ត​ដែល​ជាប់​មាត់​សមុទ្រ និង​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ។

ទន្ទឹម​នឹង​ក្ដី​បារម្ភ​នេះ ផ្ទុយ​ទៅ​វិញ​ខេត្ត​កំពត​ដែល​រង​ការ​លិចលង់​ ​មុន​គេ ត្រូវ​បាន​អាជ្ញាធរ​រាយការណ៍​ថា បាន​ស្រក​វិញ​ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។

អភិបាល​ខេត្ត​កំពត លោក ខូយ ឃុនហ៊ួរ ថ្លែង​ថា ស្ថានការណ៍​ទឹក​មាន​សភាព​ធូរស្រាល​ដោយ​កម្ពស់​ទឹក​ដែល​បាន​ជន់​លិច​ក្នុង​ខេត្ត​នេះ​នឹង​នៃ​តំបន់​ខ្លះ​នៃ​ស្រុក​ទឹកឈូ បាន​ស្រក​ចុះ​ជា​ច្រើន​ហើយ​។ លោក​ថា ស្ថានភាព​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​មាន​សភាព​តូច និង​ស្រាល​ជាង​បណ្ដា​ទឹកជំនន់​នានា ដែល​ធ្លាប់​មាន​កាលពី​រយៈពេល​កន្លងទៅ​នៅ​ក្នុង​ខេត្ត​កំពត។

ជុំវិញ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា សាលាខេត្ត​កំពត​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ បដិសេធ​ចំពោះ​ព័ត៌មានដែល​ថា ការ​លិចលង់​ខេត្ត​នេះ​បណ្ដាល​មក​ពី បញ្ហា​ទំនប់​វារីអគ្គិសនី​កំចាយ (ទឹកឈូ) មាន​បញ្ហា​ប្រេះ និង​បង្ហូរទឹក​ខុស​បច្ចេកទេស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​តំបន់​ទំនប់​វារី​អគ្គិសនី​មាន​ការ​ព្រួយបារម្ភ និង​ភ័យខ្លាច ហើយ​រក​វិធី​ចាកចេញ​ពី​ផ្ទះ​សម្បែង។

អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​លិចលង់​នៅ​ឃុំ​ចំនួន​៥ ក្នុង​ស្រុក​ទឹក​ឈូ និង​៤​សង្កាត់ ក្នុង​ក្រុង​កំពត ប៉ះពាល់​ដល់​ផ្ទះ​ជាង​៤​ពាន់​ខ្នង​មាន​ឲ្យ​ពលរដ្ឋ​២​ម៉ឺន​២​ពាន់​នាក់ និង​ផ្ទៃ​ដី​ជាង​២​ពាន់​២​រយ​ហិកតារ។

ប្រទេស​កម្ពុជា​កំពុង​រង​សម្ពាធ​ទាប​ពី​ប្រទេស​វៀតណាម តាំង​ពី​ថ្ងៃ​ទី​១៤ ដល់​១៨ កញ្ញា ដែល​ធ្វើឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​តាម​ខេត្ត​មួយចំនួន ហើយ​ខេត្ត​កំពត​រងគ្រោះ​ខ្លាំង​ជាងគេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ខេត្ត​ជាប់​មាត់​សមុទ្ទ​ក្រៅ​ពី​ខេត្ត​កំពត មាន​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ជា​ដើម ពុំ​មាន​ការ​លិចលង់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល