ទឹក​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​​ខ្លាំង​​ ខណៈ​អាជ្ញាធរ​​យឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ

ដោយ មាន ឫទ្ធិ
2021.10.27
ទឹក​ជំនន់​ស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​​ខ្លាំង​​ ខណៈ​អាជ្ញាធរ​​យឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​មួយ​ចំនួន ដែល​​​រង​គ្រោះ​​ទឹក​ជំនន់​នៅ​​ខណ្ឌ​ដង្កោ​ឲ្យ​ដឹង​​ថា ​អាជ្ញាធរ​​យឺត​យ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពួកគាត់ ក្នុង​ពេល​ដែល​​ទឹក​ឡើង​កាន់​តែ​ខ្លាំង នៅ​ថ្ងៃ​ទី​២៧ តុលា។​ពលរដ្ឋ​​ជាច្រើន​ត្រូវ​​​រក​មធ្យោបាយ​ជម្លៀស​ខ្លួន​ឯង​ ​ដោយ​ប្រមូល​សម្ភារៈ​ប្រើ​ប្រាស់​ចាំបាច់​​ទៅ​រក​​ទួល​សុវត្ថិភាព​។

ពលរដ្ឋ​​រង​គ្រោះ​ពី​ទឹក​ជំនន់​រាប់​រយ​គ្រួសារ​កំពុង​ប្រមូល​ផ្ដុំ​គ្នា ​បោះ​តង់​ស្នាក់នៅ​​បណ្ដោះ​អាសន្ន​លើ​​​ខ្នង​ទំនប់ ​៧​មករា ក្នុង​ស្ថានភាព​គ្មាន​ជម្រក​ ទឹក​ស្អាត អគ្គិសនី​ និង​គ្មាន​ស្បៀង​អាហារ​ហូប​ចុក​គ្រប់គ្រាន់​​​នោះ​​ទេ។

ពលរដ្ឋ​​​​រស់​នៅ​​ខណ្ឌ​ដង្កោ​ម្នាក់ លោក​ ហឿ សំអាត ឲ្យ​ដឹង​ថា​​ ទឹក​បាន​ហក់​​ឡើង​​​កម្ពស់​ ១​តឹក​ថែម​ទៀត​ហើយ​​ នៅ​ថ្ងៃ​ទី​២៧ តុលា។ លោក​បារម្ភ​ថា ​​​​អ្នក​ភូមិ​​​កាន់​តែ​ច្រើន​ថែម​ទៀត នឹង​ត្រូវ​ជម្លៀស​មក​​បន្ត​​ ​​ស្រប​ពេល​ដែល​បច្ចុប្បន្ន​មាន​អ្នក​រង​គ្រោះ​​​ប្រមាណ .០០០គ្រួសារ ​​កំពុង​​ស្នាក់នៅ​​ក្នុង​តង់​​តាម​បណ្ដោយ​ខ្នង​ទំនប់ ​៧​មករា។

លោក ហឿ សំអាត ​បញ្ជាក់​ថា​​ច្រើន​ថ្ងៃ​មក​នេះ អាជ្ញាធរ​បាន​ចុះ​ទៅ​ពិនិត្យ និង​នាំ​កង​កម្លាំង​​ច្រក​បាវ​​ខ្សាច់​ទប់​ទឹក និង​សង្កត់​ផ្លូវ​ច្រើន​កន្លែង តែ​អាជ្ញាធរ​​​​មិន​​បាន​ជួយ​​​ជម្លៀស​​​ និង​ដឹក​ជញ្ជូន​សម្ភារៈ​ឲ្យ​ពលរដ្ឋ​ទេ គឺ​អ្នក​ភូមិ​​ត្រូវ​​ជម្លៀស​ និង​រើ​ឥវ៉ាន់​តាម​លទ្ធភាព​ដោយ​​ខ្លួន​ឯង។ លោក​ថា អាជ្ញាធរ​​​បាន​ចែក​អង្ករ និង​ត្រី​ខ មួយ​ចំនួន​ឲ្យ​ពលរដ្ឋ​ដែល​បាន​​ជម្លៀស​ទៅ​ដល់​លើ​ខ្នង​ទំនប់​ខ្លះ​ដែរ តែ​លោក​​ព្រួយបារម្ភ​ខ្លាច​ស្បៀង​អាហារ​ទាំង​នេះ មិន​អាច​ផ្គត់ផ្គង់​បាន​រយៈ​ពេល​យូរ​ទេ ព្រោះ​​​​ទឹក​នៅ​តែ​បន្ត​លិច​លង់ ឯ​សម្ភារៈ​ជា​ច្រើន​ត្រូវ​លិច​ត្រាំ​ក្នុង​ទឹក​នៅ​ក្នុង​ផ្ទះ​របស់​ពួកគាត់៖ «ដាំ​បង្គោល​ ចង់​តង់​ចង់​អ្វី​ជ្រក។ គេ​នៅ​ជុំវិញ​ទំនប់​គ្រាន់​តែ​ជួរ​ខ្ញុំ​ជាង ១០០ ទេ។ តែ​បើ​នៅ​ជុំវិញ​ហ្នឹង​ច្រើន​ណាស់​បង ចូល​មួយ​ពាន់​ជាង។ អត់​ទេ យើង​ជម្លៀស​មក​ខ្លួន​យើង។ ហែល​ដាក់​ពោង​ហែល​ជញ្ជូន​ឥវ៉ាន់​មក។ អា​នេះ​ខ្ញុំ​និយាយ​តាម​ត្រង់​ទេ អត់​មាន​នរណា​ទៅ​ជម្លៀស​ខ្ញុំ​ទេ ហើយ​ខ្ញុំ​មក​ដោយ​ខ្លួន​ទេ​ ដាក់​ពោង​ដាក់​ទូក​អ្វី​ទេ។ ទូក​អត់​មាន​ទេ ទើប​តែ​មាន​ថ្ងៃ​ហ្នឹង​​ដែរ​ហ្នឹង បង​ប្អូន​ទិញ​ផ្ញើ​មក​មួយ​អ៊ីចឹង​ទៅ នាំ​គ្នា​សណ្ដោង​គ្នា​ទៅ​។ នៅ​ផ្ទះ​ទទឹក​ខ្ទេច​ខ្ទី​អស់​ហើយ យក​បាន​តែ​របស់​ដេក​ពួន។ (យប់​ឡើង) អំពូល​ធម្មជាតិ បាន​ន័យ​ថា ​តែ​ងងឹត​ គឺ​ងងឹត​ហើយ។ យើង​វា​អត់​មាន​ភ្លើង (អគ្គិសនី) អ្វី​ប្រើ​ផង»

ពលរដ្ឋ​រស់​នៅ​ខណ្ឌ​ដង្កោ​ តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​ តាំង​ពី​​ថ្ងៃ​ទី​២៥ តុលា មក​ដោយ​សារ​ទឹក​ស្ទឹង​ហក់​ឡើង​ខ្ពស់​ដល់​កម្រិត​ប្រកាស​អាសន្ន និង​បណ្ដាល​ឲ្យ​លិច​ភូមិឋាន​​​នៅ​តំបន់​នោះ។ ពលរដ្ឋ​ថា​ ទឹកជំនន់​ឆ្នាំ​នេះ​លិច​​​ខ្លាំង​ជាង​ឆ្នាំ​មុន។ ពួកគេ​ក៏​កំពុង​ប្រឈម​​​ជីវភាព​ប្រចាំ​ថ្ងៃ​ដែរ ដោយ​សារ​មិន​អាច​ចេញ​ទៅ​ប្រកប​មុខ​របរ​បាន​ ហើយ​ត្រូវ​ខូចខាត​ទ្រព្យ​សម្បត្តិ ផល​ដំណាំ ស្រប​ពេល​ដែល​ពួក​គាត់​កំពុង​រង​គ្រោះ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ (Covid-19) ស្រាប់។

ជុំវិញ​ស្ថានភាព​ទឹក​ជំនន់​នេះ​ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត​ មាស​ភក្ដី អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា បាន​ទេ។ ប៉ុន្តែ​​​គេហទំព័រ​សាលា​រាជ​ធានី​ភ្នំពេញ​ចុះ​ផ្សាយ​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៦ តុលា​​ទឹក​​ស្ទឹង​ព្រែក​ត្នោត​ បាន​ហូរ​ច្រោះ​ និង​​ធ្លាយ​​​ទ្វារ​ទប់​​ទឹក​មួយ​កន្លែង​​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​លិច​លង់​ដល់​លំនៅឋាន​ពលរដ្ឋ​ចំនួន​ ៥​សង្កាត់ គឺ​សង្កាត់​គយនយ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែក​កំពឹស​ និង​សង្កាត់​រលួស​។ អាជ្ញាធរ​​​ក៏​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​​​ជា​បន្ទាន់។​ ​អាជ្ញាធរ​​កំពុង​ជួសជុល​ទ្វារ​ទឹក​នោះ​ឡើង​វិញ​ហើយ​។​ គិត​ត្រឹម​ថ្ងៃ​ទី​២៧ តុលា មិន​​មាន​​ពលរដ្ឋ​​​រង​គ្រោះ​​ថ្នាក់​ដល់​ជីវិត​​ទេ។

ចំណែក​អាជ្ញាធរ​ខេត្ត​កណ្ដាល​ ក៏​កំពុង​ដឹកនាំ​កង​កម្លាំង​​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក និង​ស្ដារ​ប្រឡាយ​មួយ​ចំនួន​ដែរ ​​ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់ ​៧​មករា​ ចូល​ទៅ​ទន្លេ​បាសាក់​​ដែរ។ ហ្វេសប៊ុក ​(facebook)​ រដ្ឋបាល​ខេត្ត​កណ្ដាល​ចុះ​ផ្សាយ​ថា​ ក្នុង​ករណី​​​ជន់​លិច នឹង​ត្រូវ​ប៉ះពាល់​ដល់​លំនៅដ្ឋាន ផលដំណាំ​​របស់​ពលរដ្ឋ​នៅ​ស្រុក​កណ្ដាល​ស្ទឹង ក្រុង​តាខ្មៅ និង​ស្រុក​ស្អាង។

ការ​ជន់​លិច​ស្ទឹង​ព្រែក​ត្នោត​​​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ដោយសារ​​​មាន​ភ្លៀង​ធ្លាក់​ច្រើន​​​​​នៅ​​​ខេត្ត​កំពង់ស្ពឺ និង​ភ្នំពេញ​ ហើយ​បណ្ដាល​ឲ្យ​​​ទឹក​​ភ្លៀង​​ត្រូវ​​ហូរ​​​ចាក់​ចូល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​តែ​មួយ​គត់​ ខណៈ​​​​​ដែល​បឹង​ ប្រឡាយ ​ដែល​ជា​ផ្ទៃ​ស្ដុក​ទឹក​​ផ្សេង​ទៀត​ ត្រូវ​បាន​លុប​ដើម្បី​អភិវឌ្ឍន៍​ស្ទើរ​គ្មាន​សល់។

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​អាស៊ី​សេរី​​ថា នៅ​ថ្ងៃ​ទី​២៧ តុលា ទឹក​ជំនន់​នៅ​ខេត្ត​នេះ​​​ ចាប់​ផ្ដើម​ស្រក​វិញ​ហើយ ក្រោយ​ពេល​​ឈប់​ធ្លាក់​ភ្លៀង​​ទៀត​។ លោក​ពន្យល់​ថា ​​ព្យុះ​​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​បង្ក​ជា​ភ្លៀង​​ធ្លាក់​​ខ្លាំង​នៅ​ស្រុក​ឱរ៉ាល់ ស្រុក​ភ្នំស្រួច និង​​ស្រុក​សំរោងទង ហើយ​អាជ្ញាធរ​បាន​ស្ទាក់​ទឹក​ទុក​ក្នុង​ទំនប់​ដែរ តែ​ទឹក​ពេញ​អាង​​​ពេក​ទើប​អាជ្ញាធរ​បង្ហើប​ទ្វារ​ទឹក​ឲ្យ​ហូរ​ចេញ​ខ្លះ៖ «វា​អត់​ទាន់​ល្អ​ប្រសើរ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​វា​ស្រក​អស់​ ២​ម៉ែត្រ​​ហើយ​ហ្នឹង។ វា​នៅ​សល់​តិចៗ អ៊ីចឹង​ណា។ ខ្ញុំ​មើល​អាកាសធាតុ​នេះ​វា​ធ្លាក់​ខ្យល់​ហើយ​​។ អ៊ីចឹង​បើ​សិន​វា​អត់​មាន​ព្យុះ​ ប្រហែល​ជា​មិន​ទំនង​មាន​ភ្លៀង​អ្វី​ទេ។ កន្លង​មក​​ដែល​វា​លិចលង់​នេះ ដោយសារ​តែ​វា​មាន​ព្យុះ​ អា​ព្យុះ​មក​វា​នាំ​​ទឹកភ្លៀង​មក។ វា​មិន​ខូច​ខាត​អ្វី​ធ្ងន់ធ្ងរ​ទេ។ យើង​មើល​ទៅ​ដូច​វិល​ទៅ​រក​ស្ថានភាព​ដើម​ហើយ យ៉ាង​ហូរ​មួយ​ថ្ងៃ ពីរ​ទៀត អស់​ហើយ»

ជុំវិញ​ករណី​ទឹក​ជំនន់​នេះ អ្នក​ជំនាញ​ផ្នែក​អភិបាល​កិច្ច​ទឹក លោក ហែម ឧត្ដម សង្កេត​ឃើញ​ថា ការ​អភិវឌ្ឍន៍​ទីក្រុង​កន្លង​មក រដ្ឋាភិបាល​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ពី​ការ​បង្ហាញ​ប្លង់​មេ (Master Plan) រួម​គ្នា​រវាង​ក្រសួង​ពាក់ព័ន្ធ ជាមួយ​វិស័យ​ឯកជន​ទេ ដែល​ជា​ហេតុ​បណ្ដាល​​​​ឲ្យ​មាន​ការ​ប៉ះពាល់ ឬ​ការ​លិចលង់​ទីក្រុង​នៅ​ក្រោយ​ការ​អភិវឌ្ឍន៍​រួច។ ក្រៅពី​នេះ លោក​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​​ស្ដារ​ប្រឡាយ​ ស្ទឹង ព្រែក ឲ្យ​បាន​ញឹកញាប់​កុំ​ឲ្យ​រាក់ ឬ​មាន​ការ​បង្រួម​​​ព្រែក​ឲ្យ​នៅ​ទំហំ​តូច​ជាដើម៖ «ខ្ញុំ​មិន​ប្រាកដ​ថា​តើ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​អស់​ហ្នឹង តើ​គាត់​បាន​ជជែក​គ្នា គាត់​មាន Master Plan ក្នុង​ការ​អភិវឌ្ឍន៍​ទីក្រុង​ហ្នឹង​រួម​គ្នា ដែរ​ឬ​អត់ឧទាហរណ៍​ថា​វិស័យ​អចលនទ្រព្យ​ហ្នឹង​​ទាក់ទង​នឹង​ក្រសួង​រៀបចំ​ដែន​ដី។ ឯ​ចំណែក​ខាង​ក្រសួង​ធនធាន​ទឹក​ ក្រសួង​បរិស្ថាន អាជ្ញាធរ​រាជ​ធានី​ តើ​ពួកគាត់​បាន​អង្គុយ​ជជែក​គ្នា​ប៉ុណ្ណា​ពិគ្រោះ​យោបល់ និង​មាន​ផែន​ការ​អភិវឌ្ឍន៍​រួម​មួយ។ មិនមែន​ត្រឹមតែ​ផែនការ​អភិវឌ្ឍន៍​រៀងៗ ខ្លួន​ទេ​ណា។ អ៊ីចឹង​ខ្ញុំ​មើល​ទៅ​វា​មាន​កម្រិត​កន្លែង​ហ្នឹង»

​​ទឹក​ស្ទឹង​ព្រែក​ត្នោត បាន​ជន់​លិច​ផ្ទះ​សម្បែង​ផល​ដំណាំ និង​សត្វ​ចិញ្ចឹម​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ​នៅ​រយៈ​ពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ។ ពលរដ្ឋ និង​អ្នក​ឃ្លាំមើល​យល់​ថា ស្ថានភាព​ទឹក​ស្ទឹង​ព្រែក​ត្នោត​កាន់​តែ​ខ្លាំង​នេះ បណ្ដាល​មក​ពី​ការ​លុប​បឹង​ធម្មជាតិ ពិសេស គឺ​បឹង​ជើង​ឯក ដែល​ជា​កន្លែង​ស្តុក​ទឹក​ធំ​ជាង​គេ​នៅ​ម្ដុំ​នោះ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។