ស្ថានភាព​ទឹក​ជំនន់​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន

ដោយ ហ៊ុំ ចំរើន
2015-09-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ទាញ​យក​កម្មវីធី

ជំនន់​ទឹក​ភ្លៀង​រយៈពេល​ប្រមាណ ៣​ថ្ងៃ ដែល​លិច​ផល​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន បាន​ស្រក​វិញ​បណ្ដើរៗ​ហើយ។ រហូត​មក​ទល់​ពេល​នេះ គឺ​នៅ​សល់​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង ទឹក​ជំនន់​បន្ត​លិច​នៅ​ឡើយ។ អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​បញ្ជាក់​ថា ទឹក​ជំនន់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​ខូចខាត​ផល​ដំណាំ​ប្រជាពលរដ្ឋ​រាប់​ពាន់​ហិកតារ។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ខ្លះ​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

តើ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​នេះ ជួប​ការ​លំបាក​អ្វី​ខ្លះ?

បើ​ទោះ​បី​ជា​ទឹក​ជំនន់​បាន​ស្រក​ទៅ​វិញ​ខ្លះ​ក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង កំពុង​ជួប​ការ​លំបាក រួម​មាន​ទាំង​ការ​ធ្វើ​ដំណើរ និង​ការ​រស់នៅ ដោយសារ​ទឹក​ជំនន់​ឡើង​លិច​ផ្លូវ ផ្ទះ​សម្បែង និង​ផល​ដំណាំ​របស់​ពួក​គាត់។

អ្នក​ភូមិ​មួយ​ចំនួន​រស់នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ថ្លែង​ត្អូញត្អែរ​ខណៈ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ទឹក​លិច​នៅ​ចំណុច​ភូមិ​បឹងសង្កែ ឃុំ​អំពិលប្រាំដើម ស្រុក​បវេល ថា ទឹក​ជំនន់​ឡើង​លិច​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ជា​ខ្លាំង។ ពួក​គាត់​បញ្ជាក់​ថា ផ្លូវ​លំ​ប្រមាណ ១០​គីឡូ​ម៉ែត្រ​ដែល​ឆ្លង​កាត់​នោះ ធ្វើ​ដំណើរ​ដោយ​គោយន្ត​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ពី ៤ ទៅ ៥​ម៉ោង​ទើប​ដល់​ផ្ទះ៖ «ទឹក​លិច​ដាច់​ផ្លូវ​ជាច្រើន​កន្លែង​បន្តបន្ទាប់​រហូត​ដល់​ឃុំ​បឹងប្រាំ ធ្វើ​ឲ្យ​ពិបាក​ធ្វើ​ដំណើរ​ណាស់ គឺ​ពេល​ខ្លះ​ស្ទើរ​តែ​ក្រឡាប់​ឡាន ក្រឡាប់​គោយន្ត​ទៅ​ហើយ។ ពួក​ខ្ញុំ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​តាំង​ពី​ម៉ោង​ព្រឹក​ទៅ​ផ្សារ​បវេល ត្រឡប់​ទៅ​ដល់​ផ្ទះ​នៅ​ឃុំ​បឹងប្រាំ ប្រមាណ​ម៉ោង ៦​យប់»

បញ្ហា​ទឹក​ជំនន់​នេះ នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៃ​ឃុំ​អំពិលប្រាំដើម យើង​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​គោ​ក្របី​ចង​តាម​ចិញ្ចើម​ថ្នល់ និង​ទី​ទួល​ប្រមាណ ២ ទៅ ១០​ក្បាល​ជា​ហូរហែ។ ចំណែក​ឯ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ខ្លះ ត្រូវ​ទឹក​លិច​ក្រោម​ផ្ទះ​ពាក់​កណ្ដាល​ភ្លៅ និង​ខ្លះ​ទឹក​លិច​ត្រឹម​ក្បាល​ជង្គង់ ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​រស់នៅ និង​ការ​ធ្វើ​ដំណើរ។

ប្រជាពលរដ្ឋ​ម្នាក់​អង្គុយ​នៅ​លើ​គ្រែ​សំយាប​ផ្ទះ​នៅ​ភូមិ​បឹងសង្កែ គឺ​លោក ប៊ូ ប៊ន ថ្លែង​ថា ទឹក​ជំនន់​ឡើង​លិច​ផ្ទះ និង​ផល​ដំណាំ​របស់​គាត់​ប្រមាណ ៣​ថ្ងៃ​មក​ហើយ។ លោក​បន្ត​ដោយ​សម្ដី​មួយៗ​ទៀត​ថា រយៈពេល ៣​ថ្ងៃ​មក​នេះ ស្រមោច ក្អែប ខ្ទួយ ឡើង​ផ្ទះ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​រស់នៅ​ជា​ខ្លាំង៖ «សត្វ​នៅ​ក្នុង​ដី​នៅ​ពេល​ទឹក​លិច​អ៊ីចឹង វា​នាំ​គ្នា​ឡើង​តាម​សសរ​ផ្ទះ​មក​ផ្ដុំ​គ្នា​តាម​សម្លៀកបំពាក់ ខាំ​ខ្ញុំ​ដេក​ពួន​មិន​បាន​ទេ។ ខ្ញុំ​ទៅ​ទិញ​ថ្នាំ​បាញ់ វា​នាំ​គ្នា​រត់​ចេញ​តែ​មួយ​ភ្លែតៗ​ទេ វា​មក​វិញ​ដូច​ដើម»

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ចាន់ សុផល មាន​ប្រសាសន៍​ថា ទឹក​ជំនន់​បាន​ស្រក​ទៅ​វិញ​ខ្លះ​ហើយ​នៅ​តំបន់​មួយ​ចំនួន បន្ទាប់​ពី​ឡើង​លិច​ផល​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៣​ថ្ងៃ។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​ចំនួន ៧​ស្រុក​ដែល​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​នេះ​មាន​ជាអាទិ៍ ស្រុក​ភ្នំព្រឹក ស្រុក​កំរៀង ស្រុក​បាណន់ និង​ស្រុក​បវេល ជាដើម ក្នុង​នោះ​នៅ​ស្រុក​បវេល រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ច្រើន​ជាង​គេ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ពុំ​បាន​បញ្ជាក់​តួលេខ​ពី​ការ​ខូចខាត​ផល​ដំណាំ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ៖ «ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​របាយការណ៍​ពី​ខាង​ស្រុក​បវេល មក​ថា ទឹក​ជំនន់​បាន​ហក់​ឡើង​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ។ បញ្ហា​នេះ ធ្វើ​ឲ្យ​លិច​ផ្លូវ​ជាតិ​នៅ​ខាង​លិច​ផ្សារ​បវេល ប្រមាណ ១០០​ម៉ែត្រ ហើយ​ផ្លូវ​ដែល​លិច​ទឹក​នោះ​យើង​កំពុង​មាន​វិធានការ​មិន​ឲ្យ​ដឹក​ធ្ងន់​ឆ្លង​កាត់​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី អភិបាល​ស្រុក​បវេល លោក ទឹម ដារេត មាន​ប្រសាសន៍​ថា នៅ​ស្រុក​បវេល មាន​ឃុំ​ចំនួន​៤ និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​នេះ ក្នុង​នោះ​រួម​មាន ឃុំ​អំពិលប្រាំដើម ឃុំ​បឹងប្រាំ ឃុំ​ក្ដុលតាហែន និង​ឃុំ​ឃ្លាំងមាស ព្រម​ទាំង​ខូចខាត​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១.៦០០​ហិកតារ ដែល​ភាគ​ច្រើន​ជា​ដំណាំ​ដំឡូងមី។ លោក​អះអាង​ថា នៅ​ឃុំ​ក្ដុលតាហែន រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ និង​មាន​តំបន់​ខ្លះ​ជម្រៅ​ទឹក​ជំនន់​ប្រមាណ​មួយ​ម៉ែត្រ​កន្លះ ប៉ុន្តែ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ។

​ចំណែក​ឯ​ខេត្ត​ប៉ៃលិន វិញ ទឹក​ជំនន់​ឡើង​លិច​ស្រុក​ចំនួន​១ គឺ​នៅ​ស្រុក​សាលាក្រៅ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​នោះ​ទេ។

អភិបាល​ខេត្ត​ប៉ៃលិន លោក កើត សុធា មាន​ប្រសាសន៍​ថា ទឹក​ជំនន់​នៅ​ខេត្ត​ប៉ៃលិន ឡើង​រយៈពេល​ខ្លី​ប្រមាណ ២​ថ្ងៃ និង​បាន​ស្រក​វិញ​ហើយ។ លោក​បញ្ជាក់​ថា ទឹក​ជំនន់​នេះ​កើត​ឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា​នៅ​ខេត្ត​ប៉ៃលិន ផង និង​ជំនន់​ទឹក​ភ្លៀង​ហូរ​ពី​ប្រទេស​ថៃ ផង។ លោក​ថា ទឹក​ជំនន់​នេះ​រង​ផល​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៣៥០​គ្រួសារ និង​ខូចខាត​ផល​ដំណាំ​ជិត ១​ពាន់​ហិកតារ​នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន៖ «ផ្ទះ​ប្រជាពលរដ្ឋ​ខ្លះ​លិច​ពាក់​កណ្ដាល​ភ្លៅ​មាន ចំពោះ​កន្លែង​ដែល​លិច​ទឹក​ដែល​យើង​ធ្វើ​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នោះ មាន​រយៈ​ពីរ​យប់​មួយ​ថ្ងៃ​ទេ។ ដូច្នេះ​ក្នុង​ចំណោម​កន្លែង​ដែល​ទឹក​លិច​នោះ បណ្ដាល​ខូចខាត​ដល់​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ខ្លះ​ហើយ»

អាជ្ញាធរ​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ទឹក​ជំនន់​នេះ​បណ្ដាល​ឲ្យ​លង់​ទឹក​ស្លាប់​ស្ត្រី​អាយុ ៨៣​ឆ្នាំ​ម្នាក់​នៅ​ភូមិ​អូរស្រឡៅ ឃុំ​អូរដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង បន្ទាប់​ពី​គាត់​ទៅ​បេះ​ត្រកួន​នៅ​ក្នុង​ទឹក​ប្រឡាយ​ក្បែរ​ផ្ទះ កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា កន្លង​ទៅ។ អាជ្ញាធរ​ខេត្ត​ទាំង​ពីរ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​លិច​ទឹក​ជំនន់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត ដោយ​ទៅ​រក​ទី​ទួល​មាន​សុវត្ថិភាព ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ បើ​ទោះ​ជា​ទឹក​បាន​ស្រក​ទៅ​វិញ​បណ្ដើរៗ​ក៏ដោយ ប៉ុន្តែ​ទឹក​ជំនន់​នឹង​ឡើង​វិញ​សាជាថ្មី​ទៀត ប្រសិន​បើ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប្រមាណ ២ ទៅ ៣​ថ្ងៃ​ខាង​មុខ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល