ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ​នៅ​ខេត្ត​មួយ​ចំនួន​មាន​សភាព​ធូរ​ស្រាល

ដោយ សូត សុខប្រាថ្នា
2014.08.09
ទឹក​ជំនន់ ក្រចេះ ៦២០ ស្ថានភាព​ទឹក​លិច​តាម​ដង​ផ្លូវ​កាត់​ស្រុក​ឆ្លូង ទៅ​ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤
RFA/Saut Sokprathna

ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ គិត​មក​ដល់​ថ្ងៃ​ទី​៩ សីហា នេះ មាន​ភាព​ធូរ​ស្រាល​បន្តិច​ហើយ គឺ​មិន​មាន​ការ​កើន​ឡើង​ទេ ហើយ​ស្ថានភាព​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត គឺ​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ។ អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​បញ្ជាក់​ថា ការ​ខូចខាត​មិន​ទាន់​ធ្ងន់ធ្ងរ​ទេ ព្រោះ​ទឹក​ទើប​តែ​ឡើង ហើយ​ឆាប់​ស្រក​ទៅ​វិញ។

អាជ្ញាធរ​ឱ្យ​ដឹង​ថា ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ បាន​ធូរ​ស្រាល​បន្តិច​ហើយ ហើយ​អាជ្ញាធរ​នៅ​តែ​បន្ត​តាម​ដាន​ស្ថានភាព​ទឹក​នេះ​បន្ត​ទៀត ពិសេស គឺ​តាម​ដាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ និង​នៅ​តាម​ខ្សែ​ទឹក​ទាំងអស់។

អភិបាល​រង​ខេត្ត​កំពង់ចាម លោក ជីម លាវ មាន​ប្រសាសន៍​ថា នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ ទឹក​ទន្លេ​មេគង្គ​បាន​ហក់​ឡើង​យ៉ាង​ឆាប់​រហ័ស ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ ដូចជា នៅ​ស្រុក​ស្ទឹងត្រង់ កំពង់សៀម កោះសូទិន កងមាស ស្រីសន្ធរ ជាដើម​នោះ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ប្រមាណ ១.៥០០​គ្រួសារ​ហើយ។ លោក​បន្ត​ថា មនុស្ស​ស្លាប់​ចំនួន ៦​នាក់ កុមារ​ពីរ​នាក់ ផ្ទះ​សម្បែង​មួយ​ចំនួន​ត្រូវ​ខូចខាត​ទាំង​ស្រុង។ ចំណែក​ឯ​ផល​ប៉ះពាល់​ផ្សេង​ទៀត អាជ្ញាធរ​មិន​ទាន់​អាច​កំណត់​បាន​ទេ ប៉ុន្តែ​យ៉ាង​ណា ផល​ប៉ះពាល់​ទាំង​នោះ​មិន​ទាន់​មាន​អ្វី​ធ្ងន់ធ្ងរ​ឡើយ។

លោក​បញ្ជាក់​ថា ខាង​អាជ្ញាធរ​កំពុង​តែ​តាម​ដាន​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បន្ត​ទៀត៖ «ក្រោម​ការ​បញ្ជា​របស់​ឯកឧត្តម​អភិបាល​ខេត្ត គឺ​ឯកឧត្តម លន់ លឹមថៃ បាន​ចាត់​ឱ្យ​ក្រុម​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​ខេត្ត ចុះ​តាម​ដាន​ជាប់​ជា​ប្រចាំ​គ្រប់​ស្រុក​ទាំងអស់ ដើម្បី​ក្តាប់​ឱ្យ​បាន​សភាពការណ៍​នៅ​តាម​ប្រជាជន​យើង​ឱ្យ​ទាន់​ពេល​វេលា។ បញ្ហា​ទាំងអស់ ត្រៀម​ហើយ​ជា​ស្រេច​ការ​ខ្វះខាត ដូចជា ថ្នាំ​សង្កូវ មធ្យោបាយ​ដឹក​ជញ្ជូន​ស្បៀង​អាហារ ដើម្បី​ដោះស្រាយ​នូវ​ប្រជាជន​ដែល​រងគ្រោះ»

ចំណែក​ខេត្ត​ត្បូងឃ្មុំ ស្ថានភាព​ទឹក​ជំនន់​ក៏​មាន​ភាព​ប្រសើរ​ហើយ​ដែរ។ អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ មាន​ប្រសាសន៍​ថា ទឹក​ជំនន់​កន្លង​មក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ២.៤០០​គ្រួសារ ដែល​ស្នើ​នឹង​ចំនួន​មនុស្ស​ជាង ៧​ពាន់​នាក់ ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។ ដោយ​ឡែក កុមារ​ពីរ​នាក់​ស្លាប់​ដោយ​ទឹក​ជំនន់ ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ហើយ​ផល​ប៉ះពាល់​ផ្សេង​ទៀត​នោះ គឺ​មិន​ទាន់​អាច​កំណត់​បាន​យ៉ាង​ណា​ទេ។

ដោយ​ឡែក នៅ​ខេត្ត​ក្រចេះ ទឹក​ទន្លេ​កំពុង​ចាប់​ផ្ដើម​ស្រក​ហើយ ប៉ុន្តែ​ទឹក​ទន្លេ​ដែល​ហក់​ឡើង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​មក​នេះ ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស ៤​នាក់​ស្លាប់ ក្នុង​នោះ​ស្រី​ពីរ​នាក់ កុមារ​ម្នាក់ និង​បុរស​វិកល​ចរិត​ម្នាក់។ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ផ្សេង​ទៀត ក៏​ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ដែរ។ រីឯ​ខេត្ត​ស្ទឹងត្រែង វិញ ស្ថានភាព​ទឹក​ទន្លេ​ក៏​បាន​ស្រក​ហើយ​ដែរ ពិសេស​ដៃ​ទន្លេ​មេគង្គ​ធំៗ​បី គឺ​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង ប៉ុន្តែ​គ្រាន់​តែ​ទឹក​ស្ថិត​នៅ​លើ​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ។

នាយក​រដ្ឋបាល​សាលា​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ មាន​ប្រសាសន៍​ថា ទឹក​ដែល​បាន​ហក់​ឡើង​កន្លង​មក ក៏​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បី​នាក់​ស្លាប់ ក្នុង​នោះ​ស្រី​ម្នាក់។ ចំណែក​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​ផ្សេង​ទៀត ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។ លោក​បន្ត​ថា អាជ្ញាធរ​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កំពុង​ឃ្លាំ​មើល​ស្ថានភាព​ទឹក​ទន្លេ​បន្ត​ទៀត។

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង​ទៅ​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ដើម្បី​ជម្រាប​សួរ​ពី​ផល​ប៉ះពាល់ និង​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​ឡើយ​នៅ​ថ្ងៃ​ទី​៩ សីហា។

ទាក់ទង​នឹង​បញ្ហា​ទឹក​ជំនន់​ទន្លេ​មេគង្គ​នេះ ប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ លោក ម៉ៅ ហាក់ មាន​ប្រសាសន៍​ថា ស្ថានភាព​ទឹក​ទន្លេ​មក​ដល់​ពេល​នេះ គឺ​មាន​ភាព​ប្រសើរ​ជាង​ប៉ុន្មាន​ថ្ងៃ​មុន​ហើយ ហើយ​នឹង​អាច​ធូរ​ស្រាល​បន្ត​ទៀត​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ពិសេស​ខេត្ត​ដែល​ជាប់​ដង​ទន្លេ​មេគង្គ​ខាង​លើ​នៃ​ប្រទេស​កម្ពុជា រួម​មាន​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ជាដើម៖ «ទឹក​ហ្នឹង​ក្នុង​រយៈ​ប៉ុន្មាន? យើង​ត្រូវ​យល់​ថា​អ៊ីចេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ទឹក​ហ្នឹង​នឹង​ធូរ​ស្រាល​បន្តិច​ហើយ ប៉ុន្តែ​យើង​ត្រូវ​គិត​ថា ស្ថានភាព​ទឹក​ទន្លេ​ដល់​ចុង​ខែ​ប្រាំបួន ឬ​ដើម​ខែ​ដប់ បាន​វា​ឡើង​អស់​នៃ​ការ​កើន​ឡើង។ អ៊ីចឹង​តែ​យ៉ាង​ម៉េច​ក៏ដោយ នៅ​ប៉ុន្មាន​ហ្នឹង គឺ​ធូរ​ស្រាល​ហើយ​បាទ»

លោក​បន្ថែម​ថា ខាង​ក្រសួង​ធនធាន​ទឹក នឹង​បន្ត​តាម​ដាន​ស្ថានភាព​ទឹក​ទន្លេ​បន្ត​ទៀត ហើយ​បើ​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ ខាង​ក្រសួង​នឹង​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ត្រៀម​លក្ខណៈ​ទុក​ជា​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។