ស្ថានភាព​ជំនន់​ព្យុះ​ភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កោះកុង

ដោយ ដែន អយុធ្យា
2015-09-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥។
ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

ទាញ​យក​កម្មវីធី

ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ជាប់​សមុទ្រ​ចំនួន​២ គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង  កំពុង​ពិនិត្យ​តាម​ដាន​ស្ថានភាព​ជំនន់​ព្យុះ​ភ្លៀង​នា​មូលដ្ឋាន​រៀងៗ​ខ្លួន និង​ត្រៀម​មធ្យោបាយ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ដែល​អាច​ជួប​គ្រោះ​អាសន្ន​ណា​មួយ​កើត​ឡើង។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កញ្ញា ថា ស្ថានភាព​ទឹក​ភ្លៀង ឬ​ព្យុះ​ដែល​កើត​មាន​ប៉ុន្មាន​ថ្ងៃ​មក​នេះ មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត ឬ​លំនៅឋាន​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ទេ។

បញ្ហា​នេះ លោក យន្ត មីន បញ្ជាក់​ថា បាន​ប្រកាស​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ មាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល កម្លាំង​កង​រាជ​អាវុធហត្ថ អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ មាន​មន្ត្រី​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ ឬ​កងទ័ព​ជើង​ទឹក​ជាដើម ឲ្យ​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ។

លោក​បន្ត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ មក​ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា មាន​ផ្ទះ​ប្រក់​ស័ង្កសី​តូចៗ​មួយ​ចំនួន ត្រូវ​ខ្យល់​បក់​ប៉ើង​ដំបូល ប៉ុន្តែ​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ និង​នគរបាល​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ជួយ​ជួសជុល និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ។

បញ្ហា​នេះ​ដែរ លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា បាន​ដាក់​ពង្រាយ​កម្លាំង​ជំនាញ​ចុះ​ប្រចាំ​ការ​នៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា​រហូត​ដល់​មូលដ្ឋាន​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ដើម្បី​ឃ្លាំ​មើល​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង និង​ត្រៀម​ជួយ​សង្គ្រោះ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ពិសេស​នៅ​ស្ពាន​ស្ទឹង​សំរោង ស្រុក​កំពង់សីលា តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ដែល​អាច​ត្រូវ​ទឹក​ជន់​លិច​ផ្លូវ​ជាតិ។

ផ្ដើម​ពី​បញ្ហា​នេះ លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​ស្ថានភាព​ព្យុះ​ភ្លៀង​កំពុង​វាយ​លុក​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។ យ៉ាង​នេះ​ក្តី លោក​អះអាង​ថា មិន​ទាន់​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ឬ​មាន​ជំនន់​ជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ ដោយសារ​ជំនន់​ព្យុះ​ភ្លៀង​នេះ​ទេ គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។ ជាង​នេះ ទូក​នេសាទ និង​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ ត្រូវ​សមត្ថកិច្ច នគរបាល និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ហាម​ឃាត់​មិន​ឲ្យ​ចេញ​ធ្វើ​សកម្មភាព​ទេ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា មក​ម្ល៉េះ ដើម្បី​រក្សា​សុវត្ថិភាព។ ត្រង់​ចំណុច​នេះ លោក ជួន ណារិន បាន​ស្នើសុំ​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​អាជ្ញាធរ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​សមុទ្រ ដោយសារ​បារម្ភ​សុវត្ថិភាព។

មេ​ឃុំ​កែវផុស លោក នង ឌីណារ៉ា បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយ​ផល ឬ​មាន​ព្យុះ​ភ្លៀង នាំ​ឲ្យ​កំពង់ផែ​កែវផុស ត្រូវ​ផ្អាក​សកម្មភាព​លើក​ដាក់​ទំនិញ​ជា​បណ្ដោះអាសន្ន។

ដោយឡែក​នៅ​ខេត្ត​កោះកុង ឯណោះ​វិញ លោក ប៊ុន លឺត អភិបាល​ខេត្ត​នេះ​បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ស្ថានភាព​ទឹក​ជំនន់​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នេះ​បាន​ហាម​ភ្ញៀវ​ទេសចរ ពិសេស​អ្នក​នេសាទ​មិន​ឲ្យ​ចុះ​ទូក​នេសាទ​សមុទ្រ ឬ​ទៅ​កម្សាន្ត​តាម​កោះ​នោះ​ទេ ព្រោះ​ព្យុះ​ភ្លៀង​មាន​រលក​ធំៗ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ លោក​ថា មាន​ផ្ទះ​ប្រក់​ស័ង្កសី​តូចៗ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣​ខ្នង​នៅ​ស្រុក​កោះស្ដេច ត្រូវ​ខ្យល់​ព្យុះ​ប៉ើង​ដំបូល ប៉ុន្តែ​មិន​មាន​ពលរដ្ឋ​រង​របួស​ទេ។

ទាក់ទិន​បញ្ហា​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​ថា ប្រទេស​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ព្យុះ​មួយ​មាន​ប្រភព​មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង។ ព្យុះ​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​កម្ពុជា បង្ក​ឲ្យ​ផ្ទៃ​មេឃ​មាន​ពពក​ច្រើន​ដេរដាស និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ទូទាំង​ប្រទេស ពិសេស​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។ លើស​ពី​នេះ​ទៀត នឹង​បង្ក​ឲ្យ​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន ដូចជា រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និង​ខេត្ត​សៀមរាប ប្រឈម​ជំនន់​ទឹក​ភ្លៀង។

ផ្ដើម​ពី​បញ្ហា​នេះ ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខ្ពង់រាប ឬ​នៅ​ជាប់​សមុទ្រ មាន​អ្នក​នេសាទ និង​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​សមុទ្រ​ជាដើម ត្រូវ​ផ្អាក​សកម្មភាព​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ដើម្បី​ការពារ​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល