សហគមន៍​ខេត្ត​មណ្ឌលគិរី​អះអាង​ថា រថយន្ត​សាំងយ៉ុង​មិន​ក្រោម ១០០គ្រឿង​ដឹក​ឈើ​ឆ្លង​ដែន​ទៅ​វៀតណាម​តាម​ច្រក​ដាក់​ដាំ

ដោយ វ៉ែន សុមេធ
2019-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​សហគមន៍​ដាក់ដាំ រក​ឃើញ​ឈើ​ជា​ច្រើន​ម៉ែត្រគូប ដែល​គេ​ដឹក​ពី​ព្រៃ​សហគមន៍​ពូឡេះ ត្រៀម​យក​ទៅ​វៀតណាម កាល​ពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ២០១៩។
អ្នក​សហគមន៍​ដាក់ដាំ រក​ឃើញ​ឈើ​ជា​ច្រើន​ម៉ែត្រគូប ដែល​គេ​ដឹក​ពី​ព្រៃ​សហគមន៍​ពូឡេះ ត្រៀម​យក​ទៅ​វៀតណាម កាល​ពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ សហគមន៍

សហគមន៍​ការពារ​ព្រៃឈើ​រស់​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​អះអាង​ថា ពួក​គេ​បាន​ឃើញ​រថយន្ត​សាំងយ៉ុង (Ssang Yong) រាប់​សិប​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅ​ពេល​យប់ តាម​ច្រក​អន្តរជាតិ​ដាក់ដាំ​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចេញ​មក​បង្ក្រាប​ឡើយ។ ជំនួញ​ឈើ​ជា​ក្រុមៗ នេះ ពលរដ្ឋ​មើល​ឃើញ​ថា នាំ​ឲ្យ​ឈើ​ដែល​មាន​តម្លៃ​ក្នុង​ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​នៅ​គ្រប់​តំបន់​ទូទាំង​ខេត្ត​នេះ និង​វិនាស​ហិនហោច​នៅ​ថ្ងៃ​អនាគត។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង (ពូនង) ខេត្ត​មណ្ឌលគិរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ មិថុនា​ថា ជំនួញ​ឈើ​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ទៀត នៅ​រយៈ​ពេល ៣សប្តាហ៍​ចុង​ក្រោយ​នេះ។ អ្នក​ភូមិ​ថា សំឡេង​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ឮ​ទ្រហឹង​ពេញ​ផ្លូវ នៅ​ពេល​យប់ ពួកគេ​បាន​ថត​វីដេអូ និង​រូបភាព ទុក​ជា​ភស្តុតាង ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ទប់​ស្កាត់ ប៉ុន្តែ​មន្ត្រី​ជំនាញ​ទាំង​នោះ​មិន​អើពើ​ទេ។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​ពូឡេះ ឃុំ​ដាក់ដាំ លោក ចាស់ ក្លើត ឲ្យ​ដឹង​ថា បទ​ល្មើស​ព្រៃ​ឈើ​ជា​ក្រុមៗ ភាគ​ច្រើន ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​រស់​នៅ​ក្បែរ​តំបន់​ព្រៃ​ឈើ​ទាំង​នោះ។ លោក​ឲ្យ​ដឹង​ទៀត​ថា ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នេះ​កាន់​តែ​ច្រើន​ឡើងៗ ស្ទើរ​តែ​គ្រប់​ស្រុក​នៅ​ខេត្ត​មណ្ឌលគិរី ដោយសារ​តែ​មាន​ក្រុម​ពលរដ្ឋ​មួយ​ចំនួន​បែក​គំនិត​ចូល​អារ​ឈើ​ក្នុង​ព្រៃ​អភិរក្ស លក់​ឲ្យ​ឈ្មួញ យ៉ាង​អនាធិបតេយ្យ។ លោក​បារម្ភ​ថា ព្រៃ​សហគមន៍​ភូមិ​ពូឡេះ នៃ​ឃុំ​ដាក់ដាំ មាន​ផ្ទៃ​ដី​ជាង ១ពាន់​ហិកតារ​ក៏​កំពុង​ទទួល​រង​ការ​អារ​រំលំ​ឈើ​យ៉ាង​កក្រើក​យក​ទៅ​លក់​នៅ​វៀតណាម​ដែរ៖ «គេ​កាប់​ឈើ​សមាជិក​សហគមន៍​ក៏​មាន​ខិលខូច​មួយ​ចំនួន​ដែរ​ មិនល្អ​ទាំងអស់​ទេ​ជឿ​ពាក្យ​ញុះញង់​ពី​ខាងក្រៅ​ ឲ្យ​លុយ​តែមួយ​គូប​ ១០​ ទៅ​ ២០ម៉ឺន​ក៏​គេ​កាប់​ដែរ​»

សេចក្ដី​រាយ​ការណ៍​ពី​សហគមន៍​ឃុំ​ដាក់ដាំ ឲ្យ​ដឹង​ថា សមាជិក​សហគមន៍​ខ្លះ​ក្នុង​ភូមិ និង​ក្បែរ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ទាំង​នោះ បាន​ចាប់​យក​មុខ​របប​កាប់​ឈើ ជា​អាជីព​ចិញ្ចឹម​ជីវិត ជំនួស​ឲ្យ​ធ្វើ​ស្រែ​ចម្ការ។ ពួក​គេ​ស្ទើរ​តែ​គ្រប់​ក្រុម​គ្រួសារ​សុទ្ធ​តែ​មាន​រណា​យន្ត ឬ​ម៉ាស៊ីន​ត្រង់សឺន័រ និង​គោយន្ត ជា​មធ្យោបាយ អារ​ច្រៀក​ជា​ឈើ​ជ្រុង និង​ដឹក​ជញ្ជូន​ពី​ព្រៃ​មក​ទុក​នៅ​ភូមិ រួច​លក់​ឲ្យ​ឈ្មួញ ដែល​ចាំ​ទិញ​នៅ​មូលដ្ឋាន។

សមាជិក​សហគមន៍​ឃុំ​ដាក់ដាំ លោក បូ រ៉េតកាំពី សង្កេត​ឃើញ​ថា ប្រភេទ​ឈើ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​វៀតណាម​មាន គគីរ ស្រឡៅ និងផ្ចឹកជាដើមមានមុខកាត់៤តឹកដល់ ៧តឹក ប្រវែង​ជាង ២ម៉ែត្រ ដែល​ជា​ឈើ​នៅ​សល់​ចុង​ក្រោយ​ក្នុង​ព្រៃ​អភិរក្ស។ លោក​ថា នៅ​គ្រា​ដែល​អ្នកភូមិ​ប្រទះ​ឃើញ បទ​ល្មើស​ព្រៃ​ឈើ​ដឹក​ទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ លោក​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​ទាំង​នោះ​បដិសេធ​មិន​ចុះ​បង្ក្រាប ក្រោម​លេស​ថា កំពុង​ជាប់​រវល់៖ «សំឡេង​ឡាន​មួយ​យប់ៗ មិន​តិច​ជាង ១០០ ក្នុង​ភូមិ​ក៏​មាន​ក្រៅ​ភូមិ​ក៏​មាន​ដែរ​ តាម​ផ្លូវ​ធំ​ច្រើន​ គឺ​ច្រើនជាង​គេ​ ដល់ពេល​អស់​ឈើ​ប្រណិត​ចាប់​ផ្ដើម​ឈើ​គគីរ​ ឈើ​អី​ក៏​គេ​យក​ដែរ​ ដើម​ស្រឡៅ​ ឈ្លីក​ និង​គគីរ​។ គគីរ​ជា​ឈើ​ប្រណិត​ប្រភេទ​លេខ​ ៣ចាប់ផ្តើម​អស់​អា​លីង​ហើយ​ឥឡូវ»

អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​លោក អេង ហ៊ី និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី លោក សុខ ឃាង បដិសេធ​មិន​ធ្វើ​អធិប្បាយ​រឿង​នេះ​ទេ នៅ​ថ្ងៃ​ទី២០ មិថុនា។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា អះអាង​ថា អាជ្ញាធរ​ខេត្ត តែង​តែ​កោះ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ជា​រៀង​រាល់​ខែ ដោយ​ឲ្យ​មន្ទីរ​ជំនាញ និង​កម្លាំង​អាវុធហត្ថ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ។ លោក​អះអាង​ទៀត​ថា  សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​បាន​ចុះ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ជា​ហូរហែ​កន្លង​មក ក៏​ប៉ុន្តែ​ការ​លួច​នាំ​ឈើ​ចេញ​នេះ​រដ្ឋបាល​ខេត្ត​នឹង​កោះ​ហៅ​ស្ថាប័ន​ជំនាញ​មក​ស្រាយ​បំភ្លឺ​ជា​បន្ទាន់៖ «ការ​លួច​ការ​នាំ​ឈើ​ចេញ​ដោយ​ប្រការ​ណាមួយ​នោះ​ យើង​នឹង​រង់ចាំ​ការ​បំភ្លឺ​ពី​ជំនាញ​ ដោយឡែក​រដ្ឋបាល​ខេត្ត​បាន​ដាក់​ផែនការ​ ទិសដៅ​សព្វគ្រប់​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ ក៏ដូចជា​កម្លាំង​ប្រដាប់​អាវុធ​។ អ៊ីចឹង​ទេ​ បើ​មានការ​ធ្វេសប្រហែស​ មាន​នាំ​ឈើ​ចេញ​ រដ្ឋបាល​ខេត្ត​នឹង​សួរ​ទៅ​មន្ត្រី​ជំនាញ​ »

ទាក់ទិន​ការ​លើក​ឡើង​របស់​រដ្ឋបាល​ខេត្ត​បែប​នេះ សហគមន៍​ការពារ​ព្រៃ​ឈើ លោក បូរ៉េតកាំពី ស្នើ​ឲ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី ត្រូវ​ពិនិត្យ​ករណីយកិច្ច​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើង​វិញ ព្រោះ​មន្ត្រី​ទាំង​នោះ​មិន​ត្រឹម​តែ​មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ជាក់​ស្ដែង​ទេ ថែម​ទាំង​មិន​ខ្វល់ និង​សេចក្ដី​រាយការណ៍ ពី​ពលរដ្ឋ​ដែល​ពឹង​ឲ្យ​ជួយ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ទៀត​ផង៖ «មេឃុំ​យើង​ យើង​រាយការណ៍​ទៅ​គាត់​ឲ្យ​ជួយ​ចុះ​ល្បាត​ម្ដង​ម្កាល​ គាត់​ថា​ រវល់​ចេះ​ចុះ​ សូម្បីតែ​មន្ត្រី​ជំនាញ​ យើង​រាយការណ៍​មិនសូវ​យកចិត្ត​ទុកដាក់​ជាមួយ​យើង​ទេ​។ បណ្ដែត​បណ្ដោយ​ព្រៃ​សហគមន៍​ក៏​អស់​ ខាងក្រៅ​ក៏​អស់​អា​លីង»

មន្ត្រី​សម្រប​សម្រួល​សមាគម អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី សង្កេត​ឃើញ​ថា ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នេះ គឺ​មាន​ការ​កើន​ឡើង​ច្រើន ដោយ​សារ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អនុវត្ត​ច្បាប់​ព្រៃ​ឈើ ហើយ​អាច​ឃុបឃិត​គ្នា ខណៈ​ច្រក​អន្តរជាតិ​ដាក់ដាំ​មាន​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​ស្ថាប័ន យាម​ការពារ​ព្រំដែន​ផង​នោះ។ លោក​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​មាន​ច្បាប់​ហាម​ឃាត់ និង​បញ្ជា​ពី​ស្ថាប័ន​កំពូលៗ រាប់​មិន​ភ្លេច​ក្តី តែ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ គឺ​គ្មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ ដោយសារ​មន្ត្រី​ថ្នាក់​ក្រោម​មិន​អនុវត្ត​តាម និង​មន្ត្រី​ថ្នាក់​លើ​ធ្វើ​មិន​ដឹង​មិន​ឮ៖ «សូម្បីតែ​ថ្នាក់ដឹកនាំ​កំពូល​ ជាពិសេស​ នាយក​រដ្ឋមន្ត្រី​ បាន​ដាក់​បទបញ្ជា​បង្ក្រាប​បទល្មើស​ រហូតដល់​មានការ​បង្កើត​គណៈកម្មការ​ទប់​ស្កាត់​​បទល្មើស​ គឺ​នៅតែ​បន្ត​។ ខ្ញុំ​យល់ថា​ រដ្ឋបាល​ត្រូវ​មានការ​ទប់ស្កាត់​បទល្មើស​ប្រសើរ​ជាង​នេះ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បន្ថែម​ថា បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​ទៅ​វៀតណាម នឹង​មិន​ថយ​ចុះ​ទេ ដរាប​ណា​មន្ត្រី​ពាក់ព័ន្ធ​នៅ​តែ​បណ្ដែត​បណ្ដោយ មិន​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឲ្យ​ម៉ឺងម៉ាត់​នោះ។ លោក​មើល​ឃើញ​ថា ប្រសិន​បើ​អាជ្ញាធរ​ជាតិ មាន​សុឆន្ទៈ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ពិត​មែន​នោះ គួរ​តែ​ចាប់​ជន​ល្មើស មក​ផ្ដន្ទាទោស​តាម​ច្បាប់ ហើយ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដែល​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ចេញ​នោះ ក៏​ត្រូវ​ទទួល​ទោស​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល