សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​រង​ការ​គំរាម​សម្លាប់​ពី​ឈ្មួញ​ឈើ

ដោយ ម៉ែន សុធីរ
2015-06-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រង​ការ​កាប់​រាន​យក​ដី​ក្នុង​ឆ្នាំ​២០១៤។
ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រង​ការ​កាប់​រាន​យក​ដី​ក្នុង​ឆ្នាំ​២០១៤។
Photo Adhoc

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ក្បាលរមាស ខេត្ត​ស្ទឹងត្រែង រង​ការ​គំរាម​សម្លាប់​ពី​ក្រុម​ឈ្មួញ​ជួញដូរ​ឈើ បន្ទាប់​ពី​ពួកគេ​បាន​រាយការណ៍ និង​ប្ដឹង​ពី​សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​នៅ​តាម​មូលដ្ឋាន​យ៉ាង​អនាធិបតេយ្យ។ ចំណែក​ព្រៃ​សហគមន៍​ដែល​ជនជាតិ​ដើម​ភាគ​តិច​ព្នង ធ្លាប់​អាស្រ័យផល ​ក៏​រង​ការ​កាប់​បំផ្លាញ​គ្រប់​រូបភាព ដើម្បី​យក​ឈើ​ប្រណិត​ធ្វើ​អាជីវកម្ម។ សហគមន៍​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​តាម​មូលដ្ឋាន​ផ្ទាល់ ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ធនធាន​ព្រៃឈើ​នៅ​សេសសល់​ចុង​ក្រោយ​នេះ។

សហគមន៍​ឃុំ​ក្បាលរមាស ជាង ៣០​នាក់ បាន​ផ្ដិត​មេដៃ​ដើម្បី​រក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ទាក់​ទិន​ការ​គំរាម​សម្លាប់​សហគមន៍​ការពារ​ព្រៃឈើ​ពី​ឈ្មួញ​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រឿង​ឈើ​ប្រណិត​ក្នុង​ភូមិ​ក្បាលរមាស ចំនួន ៣​កន្លែង។

សហគមន៍​ក្បាលរមាស ចាត់​ទុក​ថា បើ​នៅ​តែ​បណ្ដោយ​ឲ្យ​សិប្បកម្ម​ឈើ​នេះ​ដំណើរការ​ព្រៃ​ឈើ​នៅ​តំបន់​នោះ នឹង​វិនាស​សហគមន៍​ទាមទារ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អនុវត្ត​ច្បាប់​ចំពោះ​សិប្បកម្ម​ឈើ​ប្រណិត និង​បង្ក្រាប​ការ​ជួញដូរ​ឈើ​ប្រណិត ការ​ចូល​ព្រៃ​កាប់​ឈើ និង​កាប់​រាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​ដី​កម្មសិទ្ធិ។ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​តំបន់​នោះ ប្រជា​សហគមន៍​ចាត់​ទុក​ថា មិន​បាន​អនុវត្ត​ច្បាប់​បង្ក្រាប​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ឡើយ។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់​នៅ​ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស ស្រុក​សេសាន លោក គឹម ឌឿង រៀបរាប់​ថា ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត ឈ្មោះ ទ្រី ដែល​ជា​ឈ្មួញ​ចំណាក​ស្រុក ហើយ​ជា​ថៅកែ​ទទួល​ទិញ​ឈើ​ប្រណិត​ដើម្បី​កែច្នៃ​ឈើ​ប្រណិត​នៅ​ក្នុង​ភូមិ​ក្បាលរមាស ជាង ២​ឆ្នាំ​កន្លង​មក បង្ក​ឲ្យ​ព្រៃឈើ​នៅ​តំបន់​នោះ​កាន់តែ​ហិនហោច​បន្តិច​ម្ដងៗ ដោយ​ពុំ​មាន​ការ​បង្ក្រាប។ ជាង​នេះ​ទៅ​ទៀត សិប្បកម្ម​ចំនួន ៣​កន្លែង​នៅ​ភូមិ​ក្បាលរមាស ជា​ទ្រង់ទ្រាយ​ធំ ក្នុង​រយៈពេល ២​ខែ​ប៉ុណ្ណោះ តម្រូវការ​ឈើ​ប្រណិត​អស់​ដល់​ទៅ​ឈើ​ជាង ២០០​ម៉ែត្រ​គូប។

លោក​បន្ត​ថា សហគមន៍​រក​ឃើញ​ថា មូលហេតុ​ចម្បង​បង្ក​ឲ្យ​ធនធាន​ព្រៃឈើ​រង​ការ​កាប់​បំផ្លាញ ក៏​ជា​មូលហេតុ​បណ្ដាល​មក​ពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ទាំង​នេះ។ លោក​ថា សហគមន៍​ចំនួន ៣២​នាក់ បាន​ផ្ដិតមេដៃ​ប្ដឹង​ទៅ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ខុស​ច្បាប់​ក្នុង​ភូមិ។ជាង​នេះ​ទៅ​ទៀត បន្ទាប់​ពី​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​បញ្ឈប់​សិប្បកម្ម​ទាំង​នោះ កម្មករ​សិប្បកម្ម​ជិត ១០​នាក់ បាន​គំរាម​បាញ់​សម្លាប់​លោក និង​សមាជិក​សហគមន៍​មួយ​ចំនួន​ទៀត​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា។

លោក គឹម ឌឿង៖ «ក្នុង​ភូមិ​គឺ​មាន​ការ​គុំ​ប្រមាថ​យ៉ាង​ខ្លាំង ប្រុង​សម្លាប់ចោល មិន​ថា ត្រឹម​មនុស្ស​ទេ រហូត​ដល់​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ទៀត បើសិនជា​មិន​បាន​សម្លាប់​ខ្លួន​ទេ ឃើញ​គោ សម្លាប់​គោ ឃើញ​ក្របី សម្លាប់​ក្របី ហើយ​អ្នក​ខ្លះ​ទៀត​ហ្នឹង។ មាន​ថា ចេញ​ឈ្មោះ​ថា នឹង​ដើរ​បាញ់​គ្រប់​ផ្ទះ ឲ្យ​ងាប់​អស់​តែ​កូន​ក្នុង​អង្រឹង ក៏​មិន​ទុក​ផង ពាក្យ​ប្ដឹង​របស់​ខ្ញុំ ខ្ញុំ​អត់​ប្ដឹង​ឲ្យ​ចាប់​ឈើ​ប្រជាពលរដ្ឋ ខ្ញុំ​ប្ដឹង​ធ្វើ​អន្តរាគមន៍​សិប្បកម្ម​ទាំង​បី​កន្លែង»

បើ​ទោះ​ជា​មាន​ការ​គំរាម​សម្លាប់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ព្រោះ​តែ​ការពារ​ព្រៃឈើ សហគមន៍​អះអាង​ថា នឹង​នៅ​តែ​បន្ត​សកម្មភាព​នេះ​បន្ត​ទៀត។ ជាង​នេះ​ទៅ​ទៀត អ្នក​ភូមិ​ខ្លះ​មាន​មុខ​របរ​ធ្វើ​ជា​កម្មករ​សិប្បកម្ម​ក្នុង​ភូមិ ក៏​មាន​ការ​ជេរ​ប្រមាណ និង​គំរាម​កំហែង​ដល់​លោក ព្រម​ទាំង​សមាជិក​សហគមន៍​ការពារ​ព្រៃឈើ ស្រប​ពេល​ដែល​សហគមន៍​ប្ដឹង​ឲ្យ​បញ្ឈប់​សកម្ម​សិប្បកម្ម​ឈើ​ប្រណិត ព្រោះ​អាច​នឹង​បាត់បង់​ការងារ​ដល់​ពួកគេ​បើ​សិប្បកម្ម​ត្រូវ​បិទ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈៀង តុលា ជា​ច្រើន​លើក​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា តែ​មិន​អាច​ទាក់ទង​បាន​នៅ​ឡើយ។

ទោះ​យ៉ាង​ណា ប្រជា​សហគមន៍ និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា មិន​បាន​បង្ក្រាប​ជនល្មើស​ដែល​ចូល​កាប់​ព្រៃ​សហគមន៍​នោះ​ទេ។ ពួកគេ​អះអាង​ថា នៅ​ពេល​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ទោះ​ពួកគេ​ប្ដឹង​ទៅ​សមត្ថកិច្ច ក៏​សមត្ថកិច្ច​មិន​អើពើ​ឡើយ។ មាន​ពេល​ខ្លះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បែរ​ជា​ជួយ​សម្រួល​ដល់​ដំណើរ​ការ ក្រុម​ឈ្មួញ​កាប់​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ដោយ​សេរី ទង្វើ​នេះ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ចេតនា​ប្រព្រឹត្ត​អំពើ​ពុករលួយ នឹង​ខុស​ច្បាប់​យោង​មាត្រា​១០១ នៃ​ច្បាប់​ស្ដីពី​ព្រៃ​ឈើ។

បន្ថែម​ពី​លើ​នេះ​ទៀត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​រឹប​អូស​ឈើ​សុក្រំ​ពី​ឈ្មួញ​ជិត ១០០​ម៉ែត្រ​គូប យក​មក​ទុក​បណ្ដោះអាសន្ន​នៅ​ក្នុង​វត្ត​ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្បាលរមាស នៅ​មាន​មន្ទិល​ថា ឈើ​សុក្រំ​ជិត ១០០​ម៉ែត្រ​គូប​នោះ មិន​ដឹង​ថា រឹប​អូស​ទុកជា​សម្បត្តិ​រដ្ឋ ឬ​ជា​ការ​សម្រួល​ឲ្យ​ក្រុម​ឈ្មួញ?

​ឆើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​សេសាន លោក លី គួន បញ្ជាក់​យ៉ាង​ខ្លី​ថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់​លោក បន្ទាប់​ពី​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ឃុំ​ក្បាលរមាស កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា គេ​នឹង​កោះ​អញ្ជើញ​អ្នក​ពាក់ព័ន្ធ​ឲ្យ​មក​ស្រាយ​បំភ្លឺ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​រក​ឯកសារ​ពាក់​ព័ន្ធ​ផ្នែក​ច្បាប់ នឹង​ជូន​ដំណឹង​ទៅ​សហគមន៍៖ «ជូន​ដំណឹង​រយៈពេល ៣០​ថ្ងៃ​ដើម្បី​ឲ្យ​ម្ចាស់​សាមី​ចូល​មក ឲ្យ​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​មក​ជាមួយ​ផង»

​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ឃុំ​ក្បាលរមាស លោក ដាំ សំណាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ឧសភា ថា ការ​គំរាម​សម្លាប់​បាញ់​លើ​សហគមន៍​ការពារ​ព្រៃឈើ ថា​ជា​ចេតនា​ចង់​បំបាក់​ស្មារតី ឆន្ទៈ សហគមន៍​ក្នុង​ការ​អភិរក្ស​ព្រៃឈើ។ លោក​កត់​សំគាល់​ថា ការ​គំរាម​នេះ មិន​មែន​ជា​លើក​ទី​មួយ​ទេ។

លោក​បារម្ភ​ថា ព្រៃឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ ក្នុង​ឃុំ​ក្បាលរមាស ស្រុក​សេសាន នឹង​វិនាស បើ​មន្ត្រី​ជំនាញ​សព្វថ្ងៃ​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើត​មាន​ជា​បន្តបន្ទាប់ និង​អនុញ្ញាត​ឲ្យ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ដោយ​សេរី។ លោក​អង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្លះ​គាត់​អាស្រ័យ​ផល​នឹង​ព្រៃឈើ តាម​រយៈ​ជួញដូរ ហើយ​មាន​ពលរដ្ឋ​ខ្លះ​មាន​បំណង​ចង់​អភិរក្ស​ធនធាន​ព្រៃឈើ ហេតុ​នេះ​ពួកគេ​ត្រូវ​ប្រឈម​មុខ​គ្នា​ជិត​នឹង​ការ​ប្រើ​អំពើ​ហិង្សា។

លោក​អំពាវនាវ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្ដល់​ការ​អប់រំ​នៅ​មូលដ្ឋាន​ទាក់ទិន​អត្ថប្រយោជន៍​ព្រៃឈើ ដល់​ពលរដ្ឋ​មិន​បាន​យល់​ដឹង​ពី​អត្ថប្រយោជន៍​ព្រៃឈើ និង​គុណវិបត្តិ​នៅ​ពេល​បាត់បង់​ព្រៃ​ឈើ៖ «សហគមន៍​មួយ​ចំនួន​ហ្នឹង​គាត់​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ដែល​នៅ​សេសសល់​ខ្លះៗ​ហ្នឹង កុំ​ឲ្យ​បំផ្លាញ​បន្ត​ទៀត គាត់​នៅ​ព្យាយាម​នៅ​បន្ត ប្រសិន​ជា​សិប្បកម្ម​ណា​មួយ​ដែល​ពាក់ព័ន្ធ​នៅ​កន្លែង​ហ្នឹង ឬ​ក៏​អ្នក​ពាក់ព័ន្ធ​ណា​ដែល​គាំទ្រ​ដល់​សិប្បកម្ម​យើង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្តបន្ទាប់»

សហគមន៍​ឃុំ​ក្បាលរមាស អះអាង​ថា ព្រៃឈើ​នៅ​សេសសល់​ចុង​ក្រោយ​សព្វថ្ងៃ មិន​បាន ៤០​ភាគរយ​នៃ​ព្រៃឈើ​កាល​ពី​ឆ្នាំ​២០០០ នោះ​ទេ ចំណែក​ឈើ​ប្រណិត ដូចជា នាងនួន បេង និង ធ្នង់ ដែល​ធ្លាប់​សំបូរ​ពី​មុន​នៅ​សេសសល់​តិចតួច​បំផុត ចំណែក​ព្រៃឈើ​ដែល​នៅ​សេសសល់​សព្វថ្ងៃ ដូចជា សុក្រំ ផ្ចឹក កកោះ និង​ស្រឡៅ ជាដើម។

ច្បាប់​ស្ដីពី​ព្រៃឈើ ឆ្នាំ​២០០២ មាត្រា ៣ ចំណុច​ទី​៤ អនុគ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ​ណា​មួយ និង​មិន​បាន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​បាន​កើត​ឡើង​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​បាន​ទាន់​ពេល​វេលា។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន ទៅ ១០០​លាន​រៀល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​ថា ភារកិច្ច​ការពារ​ព្រៃឈើ គឺ​ផ្ដើម​ចេញ​ពី​ពលរដ្ឋ​ទាំង​អស់ ជា​ពិសេស​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​នៅ​តាម​មូលដ្ឋាន​ផ្ទាល់​ដែល​អាស្រ័យ​ផល​ព្រៃឈើ ចំណែក​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នៅ​ពេល​ដែល​ពលរដ្ឋ និង​សហគមន៍​បាន​រាយការណ៍​ពី​បទល្មើស​ព្រៃ​ឈើ។

លោក​ថា ការ​គំរាម​សម្លាប់​ដោយ​ចេតនា​ពី​ក្រុម​ឈ្មួញ​មក​លើ​សហគមន៍​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ខុស​ច្បាប់ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ត្រូវ​មាន​វិធានការ​ជា​បន្ទាន់​ជុំវិញ​បញ្ហា​នេះ៖ «ពាក់ព័ន្ធ​ការ​គំរាមកំហែង​យើង​ចង់​ឲ្យ​ខាង​សហគមន៍​ហ្នឹង​មក​ដាក់​ប្ដឹង នៅ​ប៉ូលិស ឬ​មួយ​មក​ព្រះរាជ​អាជ្ញា​ផ្ទាល់ ដើម្បី​ឲ្យ​លោក​ព្រះ​រាជអាជ្ញា​​ហ្នឹង​ធ្វើការ​ស៊ើប​អង្កេត​ទៅ​ករណី​ការ​គំរាមកំហែង​ហ្នឹង»

លោក ហូ សំអុល បន្ថែម​ថា ដើម​ហេតុ​ចម្បង​នៃ​បទល្មើស​ព្រៃឈើ គឺ​ផ្ដើម​ឡើង​នៃ​សិប្បកម្ម​ខុស​ច្បាប់។

ចំណែក​សមត្ថកិច្ច​ត្រូវ​បញ្ជូន​សុំ​រឿង​ទៅ​តុលាការ​បើ​មាន​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ លោក​កត់សម្គាល់​ឃើញ​ថា ជន​ប្រព្រឹត្ត​បទល្មើស​មិន​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ចាប់​បញ្ជូន​មក​ផ្ដន្ទាទោស​នៅ​តុលាការ​ឡើយ គឺ​ឃើញ​តែ​ចាប់​បាន​ឈើ​ប្រណិត​ប៉ុណ្ណោះ ទង្វើ​នេះ​លោក​ចាត់​ទុក​ថា ធ្វើ​ឲ្យ​ជនល្មើស​មិន​រាងចាល ដែល​ជា​ប្រភព​ចម្បង​នៃ​ការ​បាត់បង់​ព្រៃឈើ។

​ពលរដ្ឋ​សហគមន៍​ការពារ​ព្រៃឈើ​កំពុង​ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច​នៅ​ឡើយ បន្ទាប់​ពី​រង​ការ​គំរាម​សម្លាប់​ពី​សំណាក់​ក្រុម​ក្រុម​ឈ្មួញ និង​អ្នក​ភូមិ​ដែល​មាន​មុខ​របរ​កម្មករ​ឈើ​ប្រណិត​ក្នុង​ភូមិ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​ចាប់​ជនល្មើស​កាប់​ព្រៃឈើ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដើម្បី​ការពារ​សុវត្ថិភាព​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បងប្អូនជាទីស្រលាញ់ ខ្ញុំយល់ពីបេះដូងខ្មែរ យល់ពីទឹកចិត្តអ្នក​គោរព្វ ព្រះពុទ្ធសាសនា តែខ្ញុំនិយាយតាមត្រង់ទៅចុះ សម្រែកអ្នក​គ្មាន​​ន័យទេ ចំពោះពួកអាទមឡអត់សាសនារាល់ថ្ងៃនេះនោះ បើពួក​វា​​ចេះស្រលាញ់ដី ស្រលាញ់ព្រៃ ម្លេះសមទឹកដីខ្មែរមិនខ្លាយទៅជា​វាល​រហោស្ថានដូចរាល់ថ្ងៃនេះទេ តែម្យាងដែរពួកវាធ្វើត្រូវ គិតត្រូវ មិនដែលអ្នកណាគេស៊ីឈើ ចាយឈើ ជិះឈើទេ គេជិះឡើចសីស​ គេជិះហែឡើិនឌ័រ គេស៊ីហាំប័រហ្រ្គ័រ គេចាយដុល្លា និងណះហើយ​កុំ​ភ័យលោកអ្នកមានអ្នកដឹកនាំដ៏កំពូលឆ្លាត គាត់និងមិនអោយរាស្រ្ត​ស្លាប់​ដោយអត់បាយទេ បោះឆ្នោតជូនលោកពីរបីអណ័ត្តទៀតទៅ ខ្មែរនិងទៅជាសេដ្ឋីទាំងអស់គ្នាមិនខាន មែនទេលោកឧញាទ្រីភាព?

Jun 11, 2015 09:41 PM

គេហទំព័រ​ទាំងមូល