អង្គការ​ការពារ​ព្រៃឈើ​អន្តរជាតិ៖ កម្ពុជា​បាត់​ព្រៃឈើ​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច

ដោយ យាង សុជាមេត្តា
2015-08-27
Share
កាប់​ឈើ​ក្រៅ​អាង​ស្តុក​ទឹក ស្ទឹងត្រែង ៦២០ កំណាត់​ឈើ​ដែល​គេ​កាប់​ក្នុង​ព្រៃ​ក្រៅ​បរិវេណ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នា​ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo Adhoc

អង្គការ​ការពារ​ព្រៃឈើ​អន្តរជាតិ​ឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ (Forest Trends) លើក​ឡើង​ថា ព្រៃឈើ​នៅ​កម្ពុជា បាន​បាត់បង់​ក្នុង​កម្រិត​ប្រកាស​អាសន្ន ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។

ក្នុង​របាយការណ៍​សិក្សា​របស់​ខ្លួន​ដែល​ចេញ​ផ្សព្វផ្សាយ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៥ អង្គការ Forest Trends រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​ច្រើន​លើសលប់​នៅ​កម្ពុជា គឺ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ប្រើប្រាស់​សិទ្ធិ​សម្បទាន​របស់​ខ្លួន​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​សំខាន់ៗ​ជា​ច្រើន។

អង្គការ Forest Trends ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​សរុប​ជា​ផ្ទៃដី​ប្រមាណ ២,៦​លាន​ហិកតារ គឺ​បាន​កើន​ឡើង​ប្រមាណ ៤​ដង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៤។ អង្គការ Forest Trends រក​ឃើញ​ថា ដោយសារ​តែ​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ព្រៃឈើ​ជា​មធ្យម​ជាង ២​ពាន់​គីឡូ​ម៉ែត្រការ៉េ​ជា​រៀងរាល់​ឆ្នាំ។

ព្រៃឈើ​ដែល​គ្រប​ដណ្ដប់​ផ្ទៃដី​ប្រទេស​កម្ពុជា បាន​ថយ​ចុះ​ពី​ប្រមាណ ៧២% ក្នុង​ឆ្នាំ​១៩៧៣ មក​នៅ​ត្រឹម​ជិត ៤៨% នៅ​ក្នុង​ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​មាន​រាប់​បញ្ចូល​ទាំង​ព្រៃស្រោង​ព្រៃ​ចម្ការ និង​ព្រៃ​ចម្រុះ​នានា​ផង​ដែរ។

​អង្គការ Forest Trends កត់សម្គាល់​ថា ការ​បាត់បង់​ព្រៃឈើ​ដ៏​មហិមា​នៅ​កម្ពុជា ដែល​បង្ក​ឡើង​ដោយ​ការ​កាប់​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​ជា​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល