លោក ហេង ស្រស់ ប្ដេជ្ញា​បន្ត​ការងារ​ការពារ​ព្រៃ​ឈើ បើ​ទោះ​ជា​អាជ្ញាធរ​ដាក់​កំហិត

ដោយ ជីវិតា
2020.03.24
ហេង ស្រស់ លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃ​ឈើ
រូប៖ ហ្វេសប៊ុក​លោក ហេង ស្រស់

សកម្មជន​ការពារ​បរិស្ថាន​វ័យ​ក្មេង​លោក ហេង ស្រស់ ប្ដេជ្ញា​បន្ត​ការងារ​ការពារ​ព្រៃ​ឈើ បើ​ទោះ​ជា​វីរជន​ការពារ​បរិស្ថាន​ត្រូវ​បាន​តុលាការ​ដាក់​កំហិត​មិន​ឲ្យ​ធ្វើ​សកម្មភាព បន្ទាប់​ពី​សន្តិសុខ​ការពារ​ឲ្យ​​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ឃាត់​ខ្លួន​នា​ពេល​កន្លង​ទៅ​ថ្មីៗ នេះ​ក្តី។

តើ​លោក ហេង ស្រស់ មាន​ប្រវត្តិ​យ៉ាង​ណា និង​ជួប​បញ្ហា​ប្រឈម​អ្វី​ខ្លះ​ក្នុង​សកម្មភាព​ការពារ​ព្រៃ​ឈើ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ?

ជ្រក​ក្រោម​ដំបូល​ព្រះពុទ្ធ​សាសនា ដើម្បី​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ លោក ហេង ស្រស់ បច្ចុប្បន្ន​ជា​សកម្មជន​ការពារ​បរិស្ថាន និង​ជា​អ្នក​ចេញ​មុខ​រិះគន់​ឥត​សំចៃ​មាត់ ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហេង ស្រស់ អាយុ ២៦ឆ្នាំ ជា​កូន​កសិករ កើត​នៅ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង និងជា​កូន​ទី៥ ក្នុង​ចំណោម​បង​ប្អូន​ចំនួន ៧នាក់។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ យុវជន​រូប​នេះ​បាន​ចាក​ចេញ​ពី​ភូមិ​កំណើត​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ២០០៨ ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ។ បើ​ទោះ​ជា​ខំ​ប្រឹង​សិក្សា​យ៉ាង​ណា​ក៏​ដោយ ក៏​ពី​ព្រោះ​តែ​កត្តា​ជីវភាព យុវជន​រូប​នេះ​បាន​បោះបង់​ចោល​ការ​សិក្សា​បន្ទាប់​ពី​បាន​បញ្ចប់ យុវជន​រូប​នេះ​បាន​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ត្រឹម​ឆ្នាំ​ទី១ ក៏​បាន​បោះបង់​ចោល​ការ​សិក្សា​ព្រោះ​តែ​កត្តា​ជីវភាព។ នៅ​ក្នុង​ជីវិត​សិក្សា​នា​ទីក្រុង​ភ្នំពេញ យុវជន ហេង ស្រស់ បាន​សាង​ផ្នួស​បួស​ជា​ព្រះសង្ឃ​អស់​រយៈ​ពេល ៥ឆ្នាំ ក៏​លា​ចាក​សិក្ខាបទ។

ក្រោយ​ពី​លា​ចាក​សិក្ខាបទ យុវជន​ដែល​មាន​រូបរាង​តូច​ស្ដើង ពូកែ​ក្រមិចក្រមើម​នេះ បាន​ចាប់​ផ្តើម​ការងារ​ជា​លើក​ដំបូង នៅ​ក្នុង​ឆ្នាំ២០១៤ ជា​អ្នក​ហាត់​ការ​ស្ម័គ្រ​ចិត្ត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មុន​នឹង​ឈាន​ជើង​ចូល​ប្រឡូក​ជា​អ្នក​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «អើ ខ្ញុំ ចាប់​ផ្តើម​ធ្វើ​ការងារ​សង្គម ខ្ញុំ​ចូល​តាំង​ពី​ឆ្នាំ២០១៤ ខ្ញុំ​ធ្វើ​ឱ្យ​អង្គការ​មួយ​កន្លែង​ដោយ Volunteer ធ្វើ​ការ​ឲ្យ​វិទ្យុ​មួយ​កន្លែង។ កាល​នោះ​ដូច​ខ្ញុំ​បាន​ប្រាក់​បៀវត្ស​តិច​ទេ ហើយ​រហូត​ខ្ញុំ​ធ្វើ​ការ​ចាប់​ពី​ឆ្នាំ២០១៤ រហូត​ធ្វើ​ការ​ដល់​ឆ្នាំ២០១៦។ ខ្ញុំ​ក៏​ឃើញ​សកម្មភាព អឺ នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឃើញ​មាន​ការ​កាប់​បំផ្លាញ​ច្រើន ហើយ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ ទៅ​ចូល​រួម​ជាមួយ​អ្នក​ណា ដើម្បី​ការពារ​ព្រៃ​ឈើ បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ជួប​នូវ បង អ៊ូច ឡេង ដែល​គាត់​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ចូលរួម​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

ការ​ចូល​ខ្លួន​ការពារ​ព្រៃ​ឈើ​របស់​យុវជន ហេង ស្រស់ ដោយសារ​តែ​គិត​ថា ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​សម្បត្តិ​ជាតិ​ហើយ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​លោក​មាន​សិទ្ធិ​ក្នុង​ការ​ឈឺ​ឆ្អាល ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍។

លោក​គិត​ថា បើ​សិន​ជា​បាត់បង់​ព្រៃ​ឈើ គឺ​ដូច​ជា​បាត់បង់​អ្វី​មួយ​ដ៏​មាន​សារសំខាន់៖ «ខ្ញុំ​សម្រេច​ចិត្ត​ចូល​ខ្លួន​ទៅ ក្នុង​ការ​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​ចូលរួម​ការពារ​ព្រៃ​ឈើ​តាំង​ពី​ឆ្នាំ២០១៦ ដោយ​កាល​នោះ​បង អ៊ូច ឡេង បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ព្រៃ​ព្រះ​រកា ដែល​ឲ្យ​ខ្ញុំ​ស្រាវជ្រាវ​អំពី​សិប្បកម្ម​កែច្នៃ​ឈើ​ក្រឡឹង​ជុំវិញ​ថា មាន​ប៉ុន្មាន កាល​នោះ​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការងារ​បែប​ស៊ើប​អង្កេត និង​ស្រាវជ្រាវ»

ទោះ​បី​ជា​ការងារ​ប្រឈម និង​ការ​បាត់បង់​អាយុ​ជីវិត ឬ​ក៏​ប្រឈម​ជាមួយ​ឈ្មួញ​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ​នៅ​កណ្ដាល​ព្រៃ ក៏​ក្រុម​របស់​លោក ហេង ស្រស់ ពុំ​មាន​ការ​ភ័យ​ខ្លាច​នោះ​ទេ។ អ្វី​ដែល​លោក ហេង ស្រស់ នឹង​ក្រុម​ការងារ​របស់​លោក​ធ្វើ គឺ​ប្រមូល​វត្ថុ​តាង​នៃ​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​ជូន​រាជ​រដ្ឋាភិបាល​ឱ្យ​ចាត់​វិធានការ​ទៅ​លើ​ក្រុម​អ្នក ដែល​រកស៊ី​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ទាំង​នោះ​នៅ​កម្ពុជា៖ «ខ្ញុំ​នៅ​តែ​បន្ត​ចូល​រួម​ការពារ​ព្រៃ​ឈើ នៅ​តែ​បន្ត​ប្រមូល​ភស្តុតាង នៅ​តែ​បន្ត ដើម្បី​ដាក់​បង្ហាញ​ឲ្យ​រាជ​រដ្ឋាភិបាល​គាត់​ធ្វើ​យ៉ាង​ណា ដើម្បី​ចាត់​វិធានការ​ទៅ​លើ​អ្នក​ដែល​បំផ្លាញ​ព្រៃ​ឈើ។ ទោះ​បី​មាន​ការ​ហាម​ឃាត់​ទៅ​លើ​វីរបុរស​ការពារ​បរិស្ថាន​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​មិន​មាន​ការ​ភ័យ​ខ្លាច​ទេ ខ្ញុំ​ទៅ​តែ​និយាយ ខ្ញុំ​នៅ​តែ​ចូល​រួម​ការពារ ខ្ញុំ​នៅ​តែ​អើ អើ​បន្ត ដើម្បី​វែក​មុខ​ថា អ្នក​ណា​ខ្លះ​ដែល​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បាទ»

យុវជនរាងតូចល្អិតរូបនេះបានរៀបអាពាហិ៍ពិពាហិ៍នៅឆ្នាំ២០១៧ បង្កើត​បាន​កូន​ប្រុស​មួយ ប៉ុន្តែ លោក ហេង ស្រស់ ពុំ​សូវ​បាន​ចំណាយ​ពេល​វេលា​ច្រើន​សម្រាប់​ក្រុម​គ្រួសារ​របស់​ខ្លួន​នោះ​ទេ។ ពេល​វេលា​ភាគ​ច្រើន​របស់​លោក​បាន​ចំណាយ​លើ​ការ​ចុះ​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ខេត្ត​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ហើយ​ចំពោះ​បញ្ហា​គ្រួសារ​វិញ វា​ជា​ទូទៅ​យើង​ត្រូវ​គិត​ហើយ អើ​គ្រួសារ​ខ្ញុំ​មិន​មាន​លុយ​កាក់​អី​ច្រើន​ដូច​គេ​ទេ គឺ​យើង​រាល់​ថ្ងៃ​សុំ​ស្នាក់​អាស្រ័យ​នៅ​លើ​គេ​ទេ យើង​មិន​មាន​ផ្ទះ​ផ្ទាល់​ខ្លួន យើង​មាន​តែ​ម៉ូតូ ហើយ​ប្រពន្ធ​ខ្ញុំ​ក៏​គាត់​ធ្វើ​ការ​យក​លុយ​មក ដើម្បី​ទ្រទ្រង់​គ្រួសារ ហើយ​សម្រាប់​ខ្ញុំ ខ្ញុំ​ក៏​មាន​លុយ​ខ្លះៗ ដើម្បី​ជួយ​គាត់ មិន​ជួយ​គាត់​ឲ្យ​មាន​បាន​អី​ទេ។ ប៉ុន្តែ យើង​ជា​ប្ដី​ប្រពន្ធ យើង​ចាប់​ដៃ​គ្នា គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ដែរ​ថា​គាត់​មិន​ស្តី​បន្ទោស​ទេ ចំពោះ​ខ្ញុំ អឺ ឲ្យ​តែ​អឺ អឺ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​ការងារ​មួយ​ណា គឺ​គាត់​គាំទ្រ​ខ្ញុំ​នឹង​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​និច្ច។ ក្តី​សង្ឃឹម​របស់​ខ្ញុំ ខ្ញុំ​នៅ​តែ​បន្ត​ថា ទោះ​បី​ជា ខ្ញុំ ខ្ញុំ​នៅ​តែ​ប្រើ ទោះ​បី​ជា​ខ្ញុំ​មិន​សល់​ជីវិត​ច្រើន​យ៉ាង​ណា​ក្តី ប៉ុន្តែ​ខ្ញុំ​តែ​ប្រើ​ជីវិត ដែល​នៅ​សេសសល់ ដើម្បី​ចូល​រួម​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ទាល់​តែ​បាន»

ដោយសារ​តែ​ឃើញ​សកម្មភាព​របស់​សហគមន៍​ចូលរួម​ជាមួយ​លោក​ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃ​ឈើ​នោះ ឈ្មួញ​រក​ស៊ី​បទ​ល្មើស បាន​ប្រើ​គ្រប់​រូបភាព ដើម្បី​គំរាម​កំហែង ឬ​ក៏​បំបាក់​ស្មារតី​សហគមន៍ តែ​លោក​គិត​ថា ទង្វើ​នោះ​គឺ​ពុំ​មែន​ជា​ឧបសគ្គ​សម្រាប់​លោក​នឹង​ប្រជា​សហគមន៍​នោះ​ទេ៖ «វា​មិន​ខុស​ច្បាប់​ស្អី​ទេ អា​នេះ គឺ​ជា​ការ​គ្រប់គ្រង​រដ្ឋ​មួយ ដែល ផ្នែក​មួយ​នៃ​ការ​បំបាក់​ស្មារតី​ចំពោះ​ប្រជា​ពលរដ្ឋ ចំពោះ​ការ​ចូល​រួម​ការពារ​ព្រៃ​ឈើ ក៏​ជា​ការ​ចូល​រួម​ការពារ​សម្បត្តិ​ជាតិ​ទាំង​មូល នេះ​មិន​មែន​ការពារ​ផល​ប្រយោជន៍​ឱ្យ​នរណា​ម្នាក់​ទេ នេះ​គឺ​ការពារ​សម្បត្តិ​ជាតិ ការពារ​កេរ្តិ៍​ដូន​តា​របស់​យើង ខ្ញុំ​គិត​ថា វា​មិន​ខុស​ច្បាប់​ទេ។ ចំពោះ​ការងារ​នឹង​ទៀត​យើង​អឺ... គិត​ហើយ​ថា ថ្ងៃ​ខាង​មុខ គេ​នឹង​មិន​ទុក​យើង​គេ​នឹង​គិត​អ្វី​មក​លើ​យើង​ផ្សេង ព្រោះ​អ្វី​យើង​ជា​បន្លា​នៅ​ក្នុង​ទ្រូង​គេ យើង​ដើរ​វែក​មុខ​គេ​សព្វ​គ្រប់​ទាំង​អស់ អា​នេះ​ចំពោះ​បញ្ហា​ប្រឈម»

លោក​ថា អ្វី​ដែល​ធ្វើ​ឱ្យ​លោក​សប្បាយ​ចិត្ត​បំផុត​នោះ គឺ​នៅ​ពេល​ដាក់​បង្ហាញ​របាយការណ៍​ជូន​ទៅ​រាជ​រដ្ឋាភិបាល ហើយ​ពេល​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទប់​ស្កាត់ និង​បក​អាក្រាត​ទៅ​លើ​ក្រុម​ជន​ល្មើស​មួយ​ចំនួន ដែល​ជា​អ្នក​ដែល​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដើម្បី​ការពារ​ព្រៃ​ឈើ លោក ហេង ស្រស់ និង​ក្រុម​របស់​លោក ត្រូវ​តែ​ដាក់​របាយការណ៍​ស្ដីពី​បទ​ល្មើស​ព្រៃ​ជូន​ទៅ​រដ្ឋាភិបាល​ជា​ភស្តុតាង ហើយ​ដើម្បី​បាន​ភស្តុតាង លោក ហេង ស្រស់ ត្រូវ​តែ​ចូល​ក្នុង​ព្រៃ ដើម្បី​ឃើញ​ផ្ទាល់​ភ្នែក​នូវ​បទ​ល្មើស​ជាក់ស្ដែង។ ហើយ​ក្នុង​ពេល​ចូល​ព្រៃ​ម្តងៗ លោក ហេង ស្រស់ ថា ក្រុម​របស់​លោក​តែង​ជួប​ការ​លំបាក​ជា​ច្រើន៖ «ភាព​ជូរ​ចត់​យើង​មាន​ច្រើន សម្រាប់​យើង​មាន​ទាំង​ពេល​យប់ ពេល​ខ្លះ​យើង​ទៅ​ក្នុង​ព្រៃ​អត់​មាន​ទឹក​មុជ អត់​មាន​អី អត់​មាន​ទឹក​ដាំ​បាយ ពេល​ខ្លះ​មាន​ទឹក​ដាំ​បាយ​ទឹក​នឹង​ក៏​ខ្វក់​ទៀត ពេល​ខ្លះ​សូម​ទឹក​គេ​ហូប​យើង​អត់​មាន​ទឹក​ហូប ទឹកនឹង ធុង​សុទ្ធតែ​ប្រេង សុទ្ធតែ​អី និយាយ​ពី​ប្រវត្តិ​ជូរ​ចត់​ច្រើន ហើយ​យើង​មាន​ទាំង​ពី​ក្រឡាប់​ម៉ូតូ មាន​ទាំង​ពី​ដួល​រយះ​ដៃ​រយះ​ជើង អា​នេះ​វា​ជា​ភាព​ជូរ​ចត់​របស់​យើង ហើយ​វា​ជា​អនុស្សាវរីយ៍​មិន​អាច​ធ្វើ​ឲ្យ​យើង​បំភ្លេច​បាន ហើយ​មាន​តាំង​ពី​គេ​គំរាម​កំហែង គេ​ដេញ​បាញ់​ក៏​មាន​អី​ក៏​មាន មាន​សព្វ​គ្រប់​ទាំង​អស់ ចំពោះ​បញ្ហា​ប្រឈម ចំពោះ​អា​ភាព​ជូរ​ចត់​ជាមួយ​កន្លង​ទៅ»

លោក​ផ្កាំ​ដោយ​ទទូច​ទៅ​ដល់​យុវជន​កុំ​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច ចំពោះ​ការងារ​ការពារ​ព្រៃ​ឈើ ពី​ព្រោះ​ការងារ​នេះ​មិន​ខុស​ច្បាប់​ទេ។ ដោយសារ​តែ​សកម្មភាព​នោះ​ពុំ​មែន​ខុស​ច្បាប់ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​អ្វី​ត្រូវ​ឲ្យ​រាជ​រដ្ឋាភិបាល និង​មនុស្ស​មួយ​ចំនួន​ចោទ​ថា ជា​មនុស្ស​អាក្រក់​នោះ​ទេ៖ «ការពារ​ព្រៃ​ឈើ គឺ​ជា​កិច្ច​ការពារ​សម្បត្តិ​ជាតិ​យើង ការពារ​ព្រៃ​ឈើ គឺ​ជា​ការ​ការពារ​កេរ្តិ៍មរតក​ដូនតា​របស់​យើង ដែល​គាត់​បាន​បន្សល់​ទុក​ឲ្យ បើ​សិន​ជា​ការ​ការពារ​កេរ្តិ៍មរតក​ដូន​តា​របស់​យើង ហើយ​នឹង​ការពារ​ព្រៃ​ឈើ​សម្បត្តិ​ធនធាន​ធម្មជាតិ របស់​ប្រទេស​យើង ហើយ​ខុស​ច្បាប់ អា​នោះ​គឺ​ជា​រឿង​មួយ អ្នក​ដែល​គិត​មាន​បញ្ហា​ខួរ​ក្បាល សម្រាប់ ដែល​យើង​ជា​យុវជន​យើង​ត្រូវ​តែ​ដាច់ខាត បន្ត​ការ​ការពារ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ចូល​មក​បំផ្លាញ​សម្បត្តិ​ជាតិ​របស់​យើង សម្បត្តិ​ដូនតា​របស់​យើង ដែល​បាន​បន្សល់​ទុក​ឲ្យ»

ភរិយា​របស់​លោក ហេង ស្រស់ គឺ​លោកស្រី ជូប ស្រីនុត និយាយ​ថា បាន​លើក​ឡើង​ថា លោកស្រី តែងតែ​មាន​ការ​ភ័យ​ព្រួយ​ចំពោះ​ស្វាមី​របស់​លោកស្រី នៅ​ពេល​ដែល​គាត់​ប្រាប់​លោកស្រី​ម្ដងៗ ថា ចុះ​ខេត្ត ដោយសារ​តែ​លោកស្រី យល់​ថា ការងារ​របស់​ប្ដី​លោកស្រី គឺ​ជា​ការងារ​ដែល​ប្រឈម​ខ្លាំង​ជាមួយ​រក​ស៊ី ដែល​មាន​អំណាច និង​មាន​លុយ៖ «ខ្ញុំ​ដឹង​ថា ការងារ​ដែល​គាត់​ស្រលាញ់ គឺ​ជា​ការងារ​ដែល​ប្រថុយប្រថាន​ជា​ទីបំផុត ក្នុង​នាម​ដែល​ខ្ញុំ​ជា​ប្រពន្ធ​ខ្ញុំ តែងតែ​មាន​ចិត្ត​បារម្ភ និង​ភ័យ​ខ្លាច ព្រោះ​យើង​មើល​អត់​ដឹង​ទេ​ថា អាច​នឹង​មាន​បញ្ហា​អី​កើត​ឡើង​បន្ថែម​ទៀត​នោះ​គឺ យើង​ដឹង​ថា អ្នក​ដែល​បំផ្លាញ​ដ៏​ធំ អ្នក​ដែល​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ធំ​ហ្នឹង គឺ​ជា​ជន​ដែល​មាន​អំណាច»

លោកស្រី​ថា លោកស្រី​តែងតែ​សួរ​ខ្លួន​ឯង​ថា បើ​នៅ​ពេល​ណា​មួយ​មាន​រឿង​កើត​ឡើង​ចំពោះ​ប្តី តើ​លោក​ស្រីត្រូវ​ធ្វើ​ដូច​ម្ដេច? ហើយ​លោកស្រី តែងតែ​ចោទ​សួរ​ខ្លួន​ឯង​ស្ទើរ​តែ​រាល់​ថ្ងៃ​អំពី​សំណួរ​នេះ ប៉ុន្តែ​លោក​ស្រី​ពុំ​ដែល​បង្ហាញ​ឲ្យ​ប្ដី​ដឹង​នោះ​ទេ ដោយសារ​ខ្លាច​ក្លាយ​ជា​ការ​បន្ទច់បង្អាក់ របស់​គាត់​របស់​អ្នក​ស្រី​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត ចំពោះ​ការ​ចុះ​ធ្វើ​ការងារ​ការពារ​ព្រៃ​ឈើ​របស់​ប្តី​ខ្លួន។

ប្រធាន​អង្គការ ក្រុម​កិច្ចការ​ពិសេស​សិទិ្ធ​មនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពាន​រង្វាន់​វីរជន​បរិស្ថាន លោក អ៊ូច ឡេង ថ្លែង​ថា លោក ហេង ស្រស់ គឺ​ជា​មនុស្ស ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​បរិស្ថាន។ លោក​ថា លោក ហេង ស្រស់ ពុំ​ដែល​ត្អូញត្អែរ​អំពី​ការ​លំបាក​នោះ​ទេ បើ​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ប៉ុណ្ណា​ក៏​ដោយ ក៏​គាត់​តែង​ស៊ូទ្រាំ​អត់ធ្មត់​ធ្វើ​ការ​រហូត​ដល់​សម្រេច​នូវ​អ្វី​ដែល​គាត់​ចង់​បាន។

ទាក់ទង​នឹង​ការ​ការពារ​ព្រៃ​ឈើ​នេះ សកម្មជន​ការពារ​បរិស្ថាន​ដ៏​ឈ្មោះ​ល្បី គឺ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១២ នៅ​ត្រង់​ចំណុច​វាល​បី ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ខណៈ លោក​ចុះ​ទៅ​ស៊ើប​អង្កេត និង​ថត​រូប​សកម្មភាព​បទ​ល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្ដាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។