តំណាង​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ

ដោយ រដ្ឋា វិសាល
2017-02-24
Share
កាប់​ឈើ មណ្ឌលគិរី ៦២០ សហគមន៍​ជនជាតិ​ព្នង ​នៅ​ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បង្ហាញ​រូបភាព​កាប់​ព្រៃឈើ​ក្នុង​សហគមន៍ នៅ​ក្នុង​សន្និសីទ​កាសែត​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ មីនា ២០១៥។
Photo: RFA

តំណាង​សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី ចំនួន ១៦​នាក់ ដាក់​ពាក្យ​បណ្ដឹង​បន្ថែម​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្ត​ចោទ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ពី​បទ​មិន​ប្ដឹង​បរិហារ​ឧក្រិដ្ឋកម្ម​ព្រៃឈើ។ សហគមន៍​បាន​ប្ដឹង​មន្ត្រី​រូប​នេះ​ម្ដង​រួច​មក​ហើយ​ពី​បទ​កាប់​រាន​ព្រៃឈើ​ដែល​សហគមន៍​អភិរក្ស​ក្នុង​ដែន​ព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី។

ពាក្យ​បណ្ដឹង​មាន​ស្នាម​មេដៃ​តំណាង​សហគមន៍​មកពី​ស្រុក​ចំនួន​៤ និង​ក្រុង​សែនមនោរម្យ ក្នុង​ខេត្ត​មណ្ឌលគិរី សរុប​មាន​គ្នា ១៦​នាក់ បាន​ដាក់​ចូល​ការិយាល័យ​រដ្ឋបាល​អយ្យការ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

បណ្ដឹង​ថ្មី​នេះ​ទាមទារ​ឲ្យ​មន្ត្រី​អយ្យការ​ស៊ើប​អង្កេត​ទៅ​លើ​ពាក្យ​សម្ភី​របស់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ដែល​អះអាង​ថា បទឧក្រិដ្ឋ​កាប់​រាន​ព្រៃ​កើត​មាន​ច្រើន​ករណី​មិន​មាន​ការ​បង្ក្រាប ប៉ុន្តែ​បែរ​ជា​ចាត់​វិធានការ​ទៅ​លើ​រូប​លោក​ដែល​កាប់​រាន​ព្រៃ​តិចតួច​នៅ​ជុំវិញ​ចម្ការ​ផ្ទាល់​ខ្លួន។

តំណាង​សហគមន៍​ភូមិ​ឡៅកា សង្កាត់​សុខដុម អ្នកស្រី ផ្លឹក ណាវី បញ្ជាក់​ថា ការ​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ជំនាញ​ខេត្ត​រូប​នេះ​ក្នុង​គោលបំណង​ឲ្យ​ជនជាប់សង្ស័យ​បង្ហាញ​ភស្តុតាង​បទល្មើស​ព្រៃឈើ​ដែល​កន្លង​ទៅ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ដែល​អភិរក្ស​ព្រៃឈើ​ច្រើន​ជំនាន់​មក​ហើយ។ លើស​ពី​នេះ​ទៀត ​សហគមន៍​រំពឹង​ថា ប្រសិន​មាន​ការ​ប្តឹង​បរិហារ​ពី​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​នោះ បទល្មើស​នេះ​នឹង​អាច​ថយ​ចុះ៖ «បើ​សិន​យើង​រក​ឃើញ​ហើយ ដី​ទាំង​អស់​ហ្នឹង​នឹង​មក​ជា​ដី​រដ្ឋ​វិញ ជា​ដី​សហគមន៍​វិញ ហើយ​អ្នក​ដែល​ធ្វើ​ដី​ហ្នឹង​ថ្ងៃ​ក្រោយ​កុំ​ឲ្យ​យក​តម្រាប់​តាម​ កុំ​អាង​ថា​ខ្លួន​មាន​អំណាច​ធ្វើ​អ្វីៗ​បាន​តាម​ចិត្ត»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ លោក យន់ សារ៉ោម សុំ​បញ្ជាក់​ពី​ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ យ៉ាង​នេះ​ក្ដី​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​សារព័ត៌មាន​ពាក់ព័ន្ធ​ពាក្យ​បណ្ដឹង​របស់​សហគមន៍​​កាល​ពី​សប្ដាហ៍​មុន​នេះ លោក យន់ សារ៉ោម អះអាង​ថា លោក​កាប់​រាន​ព្រៃ​ជុំវិញ​ចម្ការ​ដូច​ពលរដ្ឋ​​ជា​ច្រើន​ដែល​កាប់​រាន​ព្រៃ​ដូច​គ្នា ឬ​កាប់​រហូត​រាប់​រយ​ហិកតារ​ក៏​មិន​មាន​សមត្ថកិច្ច​ណា​ចាត់​វិធានការ​​ឡើយ។

តំណាង​សហគមន៍​ប៊ូស្រា លោក ក្រើង តុលា កត់សំគាល់​ដែរ​ថា ការ​អះអាង​របស់​លោក យន់ សារ៉ោម បាន​ដឹង​ពី​បទ​ឧក្រិដ្ឋ​ព្រៃឈើ ប៉ុន្តែ​លោក​មិន​ប្ដឹង​បរិហារ​យូរ​ពេល​ហើយ ដូច្នេះ​លោក​អាច​នឹង​ទទួល​ខុស​ត្រូវ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​មិន​ប្ដឹង​បរិហារ​បទឧក្រិដ្ឋ។ លោក​ថា សហគមន៍​ដាក់​បណ្ដឹង​ថ្មី​​នេះ​មាន​ប្រយោជន៍​ឲ្យ​ស្ថាប័ន​អយ្យការ​ស៊ើប​អង្កេត​រក​ប្រភព​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​កើត​មាន​កន្លង​ទៅ​នេះ ក្នុង​តំបន់​សហគមន៍​អភិរក្ស៖ «លោក យន់ សារ៉ោម គាត់​ថា គាត់​ស្គាល់​ខ្លះ ៥០០​ហិកតារ ខ្លះ ១​ពាន់​ហិកតារ យើង​ចង់​ដឹង​ថា អ្នក​ណា​ខ្លះ​ទទួល​ដី ៥០០​ហិកតារ ១​ពាន់​ហិកតារ ឲ្យ​លោក យន់ សារ៉ោម វែក​មុខ​ឲ្យ​ឃើញ»

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ភូមិ​ស្រែអ៊ី សង្កាត់​រមនា ក្រុង​សែន​មនោរម្យ បាន​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី ខណៈ​ដែល​មន្ត្រី​នេះ​កាប់​រាន​ព្រៃឈើ​ពង្រីក​ដី​ចម្ការ​របស់​ខ្លួន​អស់​ចំនួន ២៣​ហិកតារ​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​ដល់​ចុង​ឆ្នាំ​២០១៦។ ចំណែក​ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ​បរិស្ថាន​ចេញ​របាយការណ៍​បញ្ជាក់​ថា លោក យន់ សារ៉ោម ពិត​ជា​បាន​កាប់​រាន​ព្រៃឈើ​យក​ដី​ជា​កម្មសិទ្ធិ​គ្មាន​ច្បាប់​អនុញ្ញាត។

ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ឡុង ហុងម៉េង ថ្លែង​ថា សហគមន៍​មាន​សិទ្ធិ​ដាក់​បណ្ដឹង​ណា​ដែល​ដើម​បណ្ដឹង​ចង់​ប្ដឹង ក៏ប៉ុន្តែ​មន្ត្រី​អយ្យការ​នឹង​ពិនិត្យ​ស៊ើប​អង្កេត​បណ្ដឹង​ទាំង​អស់​នោះ​ប្រសិន​មាន​អង្គហេតុ ឬ​សាក្សី​ដាក់​បន្ទុក​បាន​ទើប​មន្ត្រី​អយ្យការ​សម្រេច​ចោទ​ប្រកាន់​ជន​ដែល​ត្រូវ​ប្ដឹង​បាន៖ «ជួនកាល​គាត់​ខឹង គាត់​និយាយ​អ៊ីចឹង ខ្មែរ​យើង​ជួនកាល​ជេរ​ទៀត។ អា​ហ្នឹង​សិទ្ធិ​របស់​គាត់​ទេ គាត់​ប្ដឹង​ចុះ គ្រាន់​តែ​ថា បើ​មាន​ភស្តុតាង​គាត់​ឈរ​មើល​គេ​ឈូស​ឆាយ​ដី​ព្រៃ​ប៉ុន្មាន​ហិកតារ ហើយ​គាត់​អត់​ប្ដឹង​សោះ អា​ហ្នឹង​គាត់​អត់​ប្ដឹង​បរិហារ​មែន ព្រោះ​បទល្មើស​ធំ​ធេង​ណាស់»

ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​ទី​៥២៩ ចែង​ថា រាល់​បុគ្គល​ណា​ដែល​ដឹង​ពី​បទ​ឧក្រិដ្ឋ​ដែល​អាច​បង្ការ ឬ​បន្ថយ​អនុភាព​របស់​បទល្មើស​បាន​ហើយ​មិន​ប្ដឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្សេង​ទៀត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ដល់ ១​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ដល់ ២​លាន​រៀល ប៉ុន្តែ​ត្រូវ​លើក​លែង​ទោស​ចំពោះ​បុព្វញាតិ ឬ​បច្ឆា​ញាតិ​​បង​ប្អូន​ប្រុស​ស្រី​របស់​ចារី ឬ​សហចារី សហព័ទ្ធ​របស់​ចារី ឬ​សហចារី​អ្នក​ផ្ដើម​គំនិត ឬ​អ្នក​សមគំនិត​​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បុគ្គល​ដែល​ច្បាប់​តម្រូវ​ឲ្យ​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ។

​ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​ដាក់​ពាក្យ​ប្ដឹង​របស់​សហគមន៍​ថា ជា​គំនិត​ល្អ​ដើម្បី​រួម​ចំណែក​រក​​ឲ្យ​បទឧក្រិដ្ឋ​ព្រៃឈើ​ដែល​កើត​មាន​កន្លង​ទៅ។ លោក​ថា បណ្ដឹង​ពី​បទ​ដឹង​ហើយ​មិន​ប្ដឹង​បរិហារ​​ទៅ​សមត្ថកិច្ច​ពី​បទ​ឧក្រិដ្ឋ​ព្រៃឈើ នឹង​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​កាន់​តែ​ប្រសើរ៖ «យើង​សុំ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ខិត​ខំ​ប្រឹងប្រែង​បន្ត​សកម្មភាព​ចូល​រួម​ការពារ​ដី​សាធារណៈ​របស់​រដ្ឋ និង​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​ឲ្យ​បាន​គង់វង្ស។ អបអរសាទរ​ដែរ ដែល​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដី​ព្រៃ​បន្ត​ទៀត»

​កាល​ពី​ចុង​ឆ្នាំ​២០១៦ សហគមន៍​ប៊ូស្រា បាន​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ជំនាញ​បរិស្ថាន និង​មន្ត្រី​មូលដ្ឋាន​ស្រុក​​ពេជ្រាដា និង​ស្រុក​អូររាំង ចំនួន ៥​នាក់ ពី​បទ​មិន​ប្ដឹង​បរិហារ​ការ​កាប់​រាន​ព្រៃ​យក​ដី​នៅ​ដែន​ជម្រក​សត្វ​​ព្រៃ​ណាំលៀ រហូត​កំពុង​ឋិត​ក្នុង​ចំណាត់​ការ​របស់​មន្ត្រី​អយ្យការ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល