អ្នក​ការពារ​ព្រៃឡង់​ថា​ការងារ​ការពារ​ធនធាន​ធម្មជាតិ​កាន់​តែ​ពិបាក​និង​ប្រឈម​ជាង​មុន

ដោយ ជាតិ ចំណាន
2017.12.27
ល្បាត​ព្រៃ​ឡង់ ក្រចេះ ២០១៦ ៨៥៥ ក្រុម​ល្បាត​ធ្វើ​ដំណើរ​ល្បាត​ព្រៃ​ឡង់ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

បណ្ដាញ​អ្នក​ការពារ​ព្រៃឡង់ ៤​ខេត្ត គឺ​ខេត្ត​កំពង់ធំ ក្រចេះ ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង បាន​ជួប​ប្រជុំ​សមាជ​ប្រចាំ​ឆ្នាំ​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦ ទី​២៧ ខែ​ធ្នូ ដើម្បី​រិះរក​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​ព្រៃឈើ និង​លើក​ឡើង​ពី​ការ​លំបាក និង​បញ្ហា​ប្រឈម​របស់​ពួកគេ។ បណ្ដាញ​សហគមន៍​ទាំង ៤​ខេត្ត បាន​ជួប​ប្រទះ​នូវ​បញ្ហា​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ នៅ​ក្នុង​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ ដោយ​ស្នើ​សុំ​ឲ្យ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​ចូល​រួម​សហការ​គាំទ្រ ហើយ​សម្រួល​ការងារ​ដល់​ពួកគេ​ជា​ជាង​ការ​តម្រូវ​ឲ្យ​ពួកគេ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​មុន​ចុះ​ល្បាត​ព្រៃ​ម្ដងៗ។

បណ្ដាញ​ការពារ​ព្រៃឡង់ ត្អូញត្អែរ​ថា ​ពួកគាត់​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ច្រើន​ក្នុង​សកម្មភាព​ល្បាត​ព្រៃ ស្រប​ពេល​ដែល​​អាជ្ញាធរ​បន្ថែម​នីតិវិធី ដោយ​តម្រូវ​ឱ្យ​ពួក​គាត់​ដាក់​លិខិត​ស្នើ​សុំ ឬ​ជូន​ដំណឹង​មុន​ចុះ​ល្បាត​ព្រៃ ពុំ​នោះ​ទេ​ពួកគេ​នឹង​រង​ការ​ចោទ​ប្រកាន់​ថា ជា​ក្រុម​បដិវត្ត​ពណ៌ ឬ​មាន​បំណង​បង្កើត​តំបន់​អបគមន៍។

ការ​រក​ឃើញ​ការ​លំបាក​នេះ​ គឺ​ដោយសារ​បណ្ដាញ​សហគមន៍​ទាំង​ ៤​ខេត្ត បាន​ជួប​ប្រជុំ​គ្នា​លើក​ឡើង​ពី​បញ្ហា​របស់​ពួកគេ​ ដែល​កំពុង​ជួប​ប្រទះ ហើយ​ពួកគាត់​យល់​ថា ការងារ​ការពារ​ធនធាន​ធម្មជាតិ​កាន់​តែ​ពិបាក ​និង​ប្រឈម​ជាង​មុន។

ក្រុម​ស្នូល​នៃ​បណ្ដាញ​ព្រៃឡង់​ខេត្ត​កំពង់ធំ លោក សុខ ប្លោក ថ្លែង​ថា ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា មក​ អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ពួកគាត់​ត្រូវ​សរសេរ​លិខិត​សុំ​មុន​ចុះ​ល្បាត​ព្រៃ ដែល​បញ្ហា​នេះ​ជា​នីតិវិធី​ស្មុគស្មាញ​សម្រាប់​សហគមន៍។ លោក​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​យោគយល់​ដល់​សហគមន៍​ដែល​មាន​តែ​ឆន្ទៈ​ការពារ​ធនធាន​ធម្មជាតិ និង​សុំ​កុំ​ឲ្យ​លាប​ពណ៌​ពួកគាត់​ថា​ជា​ក្រុម​បក្ស​នយោបាយ​ណា​មួយ​ឡើយ៖ «តាំង​ពី​រៀមច្បង​មុនៗ អ៊ំៗ ពូៗ​មុន​គាត់​ចូលរួម​ការ​ពារ​ដោយ​ស្ម័គ្រចិត្ត​តាំង​ពី​ឆ្នាំ​១៩៩០ ជាង ដល់​ឆ្នាំ​២០១៧ នេះ អត់​ដែល​មាន​ថា ត្រូវ​ជូន​ដំណឹង​ទេ គាត់​ចោទ​ប្រកាន់​គ្រប់​បែប​យ៉ាង​ណា​ក៏​ពួក​ខ្ញុំ​បាន​ធ្វើ​ដែរ។ ត្រូវ​សរសេរ​លិខិត​យ៉ាង​ម៉េច? បើ​ខ្ញុំ​អត់​បាន​រៀន​ផង ហើយ​ដូច​ខ្ញុំ​ជា​យុវជន​អ្នក​ការពារ​ព្រៃឡង់​ម្នាក់ ខ្ញុំ​មាន​តែ​ឆន្ទៈ​លះបង់​ការពារ​ដោយ​ស្ម័គ្រចិត្ត​ទាំង​ធនធាន​ម៉ូតូ ពេល​ខ្លះ​ចំណាយ​ទាំង​លុយ​ខ្លួន​ឯង អត់​បាន​នៅ​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ។ គាត់ (អាជ្ញាធរ) ផ្ដោត​សំខាន់​តែ​រឿង​បក្ស​រឿង​ពួក។ ខ្ញុំ​មិន​មែន​ជា​គណបក្ស​នយោបាយ​ណា​មួយ​ទេ»

លោក សុខ ប្លោក បញ្ជាក់​ទៀត​ថា លទ្ធផល​ចុះ​ល្បាត​ព្រៃ​រក​​ឃើញ​ថា ខុស​គ្នា​ស្រឡះ ​នៅ​ពេល​ដែល​សហគមន៍​សុំ​កិច្ចសហការ ​ឬ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មុន​ពេល​ចុះ​ល្បាត និង​ពេល​សហគមន៍​ចុះ​ទៅ​ដោយ​ខ្លួន​ឯង៖ «ឧទាហរណ៍​ថា យើង​លួច​ទៅ​ប្រមែប្រមូល​គ្នា​បាន​បួន ១០​នាក់ អត់​ជូន​ដំណឹង​និយាយ​ពី​ចាប់​ម៉ាស៊ីន ៥-​៦​គ្រឿង​អី​យក​មក​ប្រគល់​ជូន​មន្ត្រី​ជំនាញ។ បើ​ជូន​ដំណឹង​ភាគ​តិច​ដែល​បាន បើ​បាន​មិន​មែន​ដោយ​ការ​ដេញ​ចាប់​ទៀត​បាន​ដោយ​ការ​រុក​រក វា​លាក់​ទុក​ក្នុង​តំបន់​ព្រៃ វា​នាំ​គ្នា​រត់​ចោល​មក​ផ្ទះ​អស់។ អាជ្ញាធរ​មួយ​ចំនួន ​ក៏​ដូច​ជា​មន្ត្រី​ឧទ្យានុរក្ស​មួយ​ចំនួន​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នក​រក​ស៊ី​បំផ្លាញ​ព្រៃឈើ»

គំនរ​ឈើ​ដែល​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​សមត្ថកិច្ច​មូលដ្ឋាន ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​ព្រៃ​ឡង់​កាល​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់
គំនរ​ឈើ​ដែល​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​សមត្ថកិច្ច​មូលដ្ឋាន ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​ព្រៃ​ឡង់​កាល​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់
រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់ ខេត្ត​ក្រចេះ លោក ឯក សុវណ្ណា មាន​មតិ​ថា សម្រាប់​ខេត្ត​ក្រចេះ​វិញ ប្រមាណ​ជា ​៣ ទៅ ​៤​ខែ​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​សហគមន៍​ដាក់​លិខិត​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​កាន់​មន្ទីរ​ ឬ​ទីស្នាក់ការ​ប្រចាំ​ខេត្ត​មុន​ចុះ​ល្បាត។ ចំណែក​សង្គម​ស៊ីវិល ​ឬ​ភ្ញៀវ​បរទេស​ដែល​ចង់​ចូលរួម​សកម្មភាព​នេះ​ ក៏​ត្រូវ​ស្នើ​សុំ​ចាប់​ពី​ថ្នាក់​ក្រសួង​មហាផ្ទៃ ឬ​ក្រសួង​បរិស្ថាន​ដែរ៖ «មុន​នឹង​ចុះ​គឺ​ពួក​ខ្ញុំ​ត្រូវ​សរសេរ​លិខិត​សុំ​កិច្ច​សហការ​ពី​ពួក​គាត់ បើ​មិន​ដូច្នេះ​ទេ គាត់​ចោទ​យើង​ថា​ដូច​ជា​ចោរ​ជា​អី ប៉ុន្តែ​ចម្លែក​ត្រង់​បទល្មើស​ផ្សេងៗ មិន​ស្រាកស្រាន្ត​វា​ទៅ​ជា​អត់​មាន​បញ្ហា។ យើង​ស្ម័គ្រចិត្ត​គ្រាន់​តែ​មាន​ការ​ឧបត្ថម្ភ​បន្តិចបន្តួច​ពី​ម្ចាស់​ជំនួយ អង្គការ​ដៃគូ គឺ​លះបង់​ទាំង​ពេល​វេលា ការ​លំបាក​អី ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​តម្រូវ​ឲ្យ​មាន​ការ​ស្មុគស្មាញ​វិញ ឬ​ក៏​ខ្លាច​ពួក​យើង​ទៅ​ដណ្ដើម​ស្អី​ម្យ៉ាង​អ៊ីចឹង»

ចំណែក​នៅ​ឯ​ខេត្ត​ព្រះវិហារ​វិញ អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់ លោក ស្រី ថី សង្កេត​ឃើញ​ថា ក្នុង​រយៈ​ពេល​ប្រមាណ​ជា​ ២​ខែ​ចុង​ក្រោយ​នេះ​ មុន​ពេល​សហគមន៍​ធ្វើ​សកម្មភាព​អ្វី​មួយ ​ឬ​ចុះ​ល្បាត​ព្រៃ ត្រូវ​ដាក់​លិខិត​ស្នើ​សុំ​គណៈ​ឯកភាព​ខេត្ត ឬ​​ស្រុក យ៉ាង​ហោច​ណាស់ ​៣​ថ្ងៃ​មុន។ ពោល​គឺ​ចាប់​តាំង​ពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​តានតឹង អាជ្ញាធរ​ និង​ស្ថាប័ន​ជំនាញ​ ក៏​ត្រូវ​បាន​តម្រូវ​បែប​​នេះ​ដែរ។

លោក​យល់​ថា ការ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មុន​ចុះ​ល្បាត គឺ​ដូច​ជា​កាំបិត​មុខ​ពីរ បើសិនជា​កិច្ច​សហការ​នោះ​ធ្វើ​ឡើង​ស្មោះត្រង់​នោះ ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ៖ «ខ្ញុំ​មើល​ឃើញ​ថា វា​ប៉ះពាល់​ខ្លាំង ព្រោះ​ពី​មុន​នៅ​តែ​ក្នុង​ជួរ​សហគមន៍​ដែល​ល្បាត​កន្លង​មក​បទ​ល្មើស​ថមថយ។ នៅ​ពេល​ដែល​ធ្វើ​លិខិត​ស្នើ​សុំ​ចុះ​ល្បាត​នេះ បើ​សិន​ជា​គេ​ឲ្យ​ទៅៗ បើ​អត់​ក៏​អត់​បាន​ចូល​ដែរ ពេល​នោះ​ហើយ​ដែល​បទល្មើស​បាន​ដៃ​ហើយ។ ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយ​ក្រសួង​បរិស្ថាន ដែល​នៅ​ជិត​បង្កើយ និយាយ​ឲ្យ​ស្រេច​ឲ្យ​ហើយ​ថា ការ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ប្រសើរ គេ​ថា​អត់​អី​ទេ បើ​ចុះ​ល្បាត​ត្រូវ​មក​ចូល​ប្រជុំ​ឲ្យ​គេ​ដឹង​មុន​២ ឬ ៣​ថ្ងៃ ស្រួល​គេ​រាយការណ៍​ទៅ​លើ តែ​បើ​ទៅ​ដោយ​ចិត្ត​ឯង​មាន​គ្រោះថ្នាក់​អី​គេ​អត់​ទទួល​ខុស​ត្រូវ​ទេ។ វា​ល្អ​សម្រាប់​ពួក​យើង​ដែរ។ ទី​២​ទៀត​ងាយ​ស្រួល​ឲ្យ​មន្ត្រី​ជម្លៀស​ពួក​បទល្មើស​ចេញ​ពី​ព្រៃ​ក៏​មាន​ដែរ»

ទាក់ទង​បញ្ហា​នេះ​ដែរ បណ្ដាញ​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង លោក ខេង ខូ មាន​ប្រសាសន៍​ថា សម្រាប់​ខេត្ត​លោក​នឹង​ខិតខំ​បំពេញ​លក្ខខណ្ឌ​នេះ ដោយ​កន្លង​មក​ស្នើ​សុំ​កម្លាំង​មន្ត្រី​ជំនាញ​ និង​ប៉ូលិស​ប៉ុស្តិ៍​ចូលរួម​ជាមួយ​សហគមន៍ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ ​ឬ​លាប​ពណ៌​មក​សហគមន៍​ព្រៃឡង់ ពីព្រោះ​សហគមន៍​ប្រឈម​គ្រោះថ្នាក់​ជាមួយ​ឈ្មួញ​ឈើ​រួច​ហើយ។

លោក ខេង ខូ សង្ឃឹម​ថា កិច្ច​សហការ​កន្លង​មក ​គឺ​ធ្វើ​ឡើង​ដោយ​ស្មោះត្រង់៖ «ខ្ញុំ​បាន ៣-​៤ ដង​ហើយ ខ្ញុំ​សហការ​ល្អ​តើ! អ្នក​ស៊ីញ៉ូ​ហើយ​ជួយ​សែង​ម៉ូតូ ជួយ​លើក​ម៉ូតូ​ជួយ​សព្វគ្រប់​បែប​យ៉ាង គាត់​តស៊ូ​ដែរ។ របាយការណ៍​គាត់​យក​តែ​ពី​យើង​យើង​សរសេរ​យ៉ាង​ម៉េច​គាត់​យក​តាម​នោះ​ឯង។ បើ​សិន​ជា​គាត់​សហការ​ជាមួយ​សហគមន៍​ព្រៃឡង់ បាន​ល្អ ខ្ញុំ​សរសើរ​ថា​ល្អ បើ​ថា​គាត់​ចុះ​ល្បាត​ជាមួយ​សហគមន៍​ហើយ​កាន់​ជើង​បទល្មើស ខ្ញុំ​ក៏​អត់​សប្បាយ​ចិត្ត​ជាមួយ​គាត់​ដែរ»

អនុ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ដែល​ជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​បណ្ដាញ​សហគមន៍​ព្រៃឡង់ លោក ស មូរី មាន​ប្រសាសន៍​ថា ជំនួប​នេះ​បាន​បង្ក​លក្ខណៈ​ឲ្យ​បណ្ដាញ​បូក​សរុប​លទ្ធផល​ប្រចាំ​ឆ្នាំ​​សម្រាប់ ​ការងារ​ចុះ​ល្បាត និង​រឹប​អូស​វត្ថុ​តាង​ជូន​អាជ្ញាធរ​ជំនាញ​ ដែល​ជា​ការ​រួម​ចំណែក​របស់​សហគមន៍​ក្នុង​ការងារ​ការពារ​ព្រៃឡង់ ជាមួយ​រាជរដ្ឋាភិបាល។ នេះ​ក៏​ជា​ឱកាស​បង្ហាញ​ពី​ការ​ប្រឈម​របស់​ពួកគាត់​ជាមួយ​ក្រុម​ជនល្មើស​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ផង​ដែរ៖ «សហគមន៍​ឥឡូវ​គាត់​ជួប​បញ្ហា​ប្រឈម​ច្រើន​ជាមួយ​អ្នក​កាប់​ឈើ​ផ្ទាល់​តែ​ម្ដង អ្នក​កាប់​ឈើ​គាត់​មាន​ទាំង​អាវុធ​កែច្នៃ​មាន​អី សហគមន៍​គាត់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​គាត់។ ថ្មី​នេះ​ក្រសួង​បរិស្ថាន បាន​ចេញ​វិធានការ​ថ្មី​តម្រូវ​ឲ្យ​សហគមន៍​សុំ​ច្បាប់ និង​សហការ​ជាមួយ​ដើម្បី​ឲ្យ​ចូលរួម​ចុះ​ល្បាត​ព្រៃឡង់​បាន។ វិធានការ​នេះ​មាន​លក្ខណៈ​រឹតត្បិត​ដល់​សហគមន៍ និង​ជា​នីតិវិធី​ស្មុគស្មាញ​មិន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​សហគមន៍​ទេ។ គាត់​ពិភាក្សា​គ្នា​ថា តើ​គាត់​គួរ​ធ្វើ​អ្វី​បន្ត​ទៀត​រយៈពេល​ខាង​មុខ»

ក្រោយ​លើក​ឡើង​ពី​ការ​លំបាក​ទាំង​នេះ ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ ក៏​មាន​បំណង​ចង់​ជួប​ពិភាក្សា​គ្នា​ជាមួយ​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ការងារ​របស់​ពួកគេ ជៀសវាង​ការ​ចោទ​ប្រកាន់​លាប​ពណ៌​មក​លើ​សហគមន៍ ​ដែល​កំពុង​បំពេញ​ការងារ​ការពារ​ធនធាន​ធម្មជាតិ​ដោយ​ប្រឈម។

កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​តំបន់​ព្រៃឡង់ ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ​៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ ប៉ុន្តែ​សហគមន៍​នៅ​តែ​រក​ឃើញ​ថា បទល្មើស​ព្រៃ​ឈើ​​ពុំ​មាន​ថមថយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។