អាមេរិកទាមទារភស្តុតាងបន្ថែមពីរបបភ្នំពេញពាក់ព័ន្ធការនាំកាកសំណល់សំរាមមកកម្ពុជា
2019.07.18
សហរដ្ឋអាមេរិកស្នើឱ្យរបបក្រុងភ្នំពេញផ្តល់ព័ត៌មានបន្ថែម ទាក់ទិននឹងព័ត៌មានថា កាកសំណល់សំរាមប្លាស្ទិកចំនួន ៨៣កុងតឺន័រ ដែលគេរកឃើញកាលពីពេលថ្មីៗ នៅក្នុងខេត្តព្រះសីហនុនេះ បាននាំចូលពីប្រទេសអាមេរិក និងប្រទេសកាណាដា។ មន្ត្រីគយ និងរដ្ឋាករ បញ្ជាក់ថា កម្ពុជាត្រូវការរយៈពេល ១០ថ្ងៃទៀត ដើម្បីធ្វើការស៊ើបអង្កេតមុននឹងសម្រេចបញ្ជូនកាកសំណល់នោះចេញពីកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៨ កក្កដា ថា សហរដ្ឋអាមេរិកចង់ឱ្យអាជ្ញាធរក្រុងភ្នំពេញផ្ដល់ព័ត៌មានបន្ថែមទៀតពាក់ព័ន្ធនឹងការចោទប្រកាន់ថា កាកសំណល់ចំនួន៨៣ កុងតឺន័របាននាំចូលពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
អ្នកស្រី អេមីលី ហ៊្សីប៊ើក Emily Zeeberg អ្នកនាំពាក្យស្ថានទូត ប្រាប់តាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលថា សហរដ្ឋអាមេរិកកំពុងតាមដានព័ត៌មានទាក់ទងនឹងរឿងសំរាមប្លាស្ទិកនៅក្នុងកំពង់ផែស្វយ័តនៃក្រុងព្រះសីហនុយ៉ាងយកចិត្តទុកដាក់បំផុត។
អ្នកស្រីបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកស្នើឱ្យរដ្ឋាភិបាលកម្ពុជាផ្ដល់ព័ត៌មានបន្ថែមជុំវិញរឿងនេះ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានស្នើសុំជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការកំណត់រកប្រភពដើមនៃប្រទេស និងស្ថាប័ន ឬក្រុមហ៊ុនពាក់ព័ន្ធ នាំសំរាមប្លាស្ទិកនេះចូលមកប្រទេសកម្ពុជា។
អាជ្ញាធររបបក្រុងភ្នំពេញកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះបានរកឃើញកាកសំណល់សំរាមប្លាស្ទិកដែលបានវេចខ្ចប់យ៉ាងមានរបៀបរៀបរយដាក់នៅក្នុងកុងតឺន័រចំនួន៨៣ មានទម្ងន់សរុបចំនួន ១៦០០តោន នៅកំពង់ផែក្រុងព្រះសីហនុ ដែលអាជ្ញាធរអះអាងថា ទុកនៅទីនោះតាំងពីខែតុលា ឆ្នាំ២០១៨ មកម្ល៉េះ។
អគ្គនាយកគយនឹងរដ្ឋាករ លោក គុណ ញឹម ប្រាប់អាស៊ីសេរីថា កាកសំណង់ទាំង៨៣កុងតឺន័រនេះបានចូលមកជាច្រើនលើកពីប្រទេសអាមេរិកចំនួន ៧០កុងតឺន័រ និង ពីប្រទេសកាណាដាចំនួន១៣ កុងតឺន័រ ហើយអាជ្ញាធរត្រូវការពេល១០ថ្ងៃទៀត ដើម្បីស្រាវជ្រាវព័ត៌មានបន្ថែមទៀតពីភាគីពាក់ព័ន្ធមុននឹងសម្រេចបញ្ជូនចេញពីកម្ពុជា។
លោកបញ្ជាក់ថា កម្ពុជានឹងបញ្ជូនកាកសំណល់នេះទៅកាន់ប្រទេសដើមវិញដោយសារតែកម្ពុជាបានចុះហត្ថលេខាក្នុងចំណោមប្រទេសចំនួន ១៨០ លើអនុសញ្ញាបាសែល ស្ដីពីការគ្រប់គ្រងកាកសំណល់មានគ្រោះថ្នាក់។
លោកបញ្ជាក់ថា យោងអនុសញ្ញានេះកម្ពុជាមានសិទ្ធិនាំចេញកាកសំណល់ប្លាស្ទិកនេះទៅកាន់ប្រទេសសាមីដែលបាននាំចូលកាកសំណល់មកកម្ពុជា៖ «យើងមានកិច្ចព្រមព្រៀងជាមួយអង្គការពាណិជ្ជកម្មពិភពលោកហើយក្នុងមាត្រាមួយនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចព្រមព្រៀងស្ដីពីការសម្រួលពាណិជ្ជកម្ម គឺមានមាត្រាមួយចែងអំពីការបញ្ជូនទំនិញត្រឡប់ទៅវិញ។ ទំនិញដែលត្រូវបានបដិសេធដោយប្រទេសនាំចូលគឺត្រូវបញ្ជូនទៅប្រទេសដើមវិញ»។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភត្រា បញ្ជាក់ថា ស្ថាប័នគយនិងរដ្ឋាករ រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតកំពុងរៀបចំបែបបទបញ្ជូនចេញពីកម្ពុជា៖ «សម្រាប់កម្ពុជាយើងមិនអនុញ្ញាតឱ្យចូលទេ ពីព្រោះអាហ្នឹងអាចចាត់ទុកថា ជាសំណល់គ្រោះថ្នាក់ដែរដែលអនុសញ្ញាគឺពេលប្រទេសដឹកមកពីប្រទេសណាគឺប្រទេសនោះគឺជាអ្នកដែលត្រូវទទួលយកទៅវិញ»។
ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានអាចបញ្ជូនកាកសំណល់ទាំងឡាយណាទៅកាន់ប្រទេសដើមវិញនៅពេលដែលរកឃើញថា ប្រទេសណាមួយដឹកចូលមកកាន់ប្រទេសរបស់ខ្លួនដោយខុសច្បាប់។ តែអាចរក្សាទុកកាកសំណល់ទាំងឡាយណាក្នុងលក្ខខ័ណ្ឌមួយដែលប្រទេសទាំងនោះមានកិច្ចព្រមព្រៀងមួយដែលថា កាកសំណល់ទាំងនោះអាចរក្សាទុកបាន ដ៏រាបណាកាកសំណល់ត្រូវបានគេរកឃើញថា អាចយកទៅកែច្នៃបានដែលមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងនាំកាកសំណល់ជាមួយប្រទេសណាមួយនៅឡើយទេ។
សកម្មជនបរិស្ថានលោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន បញ្ជាក់ថា របបក្រុងភ្នំពេញត្រូវតែហ៊ានស៊ើបអង្កេតច្បាស់លាស់ ដើម្បីស្វែងរកឱ្យឃើញថា តើក្រុមហ៊ុនណា និងស្ថាប័ន ដែលនៅពីក្រោយខ្នងនៃការនាំចូលសំរាមចំនួន ៨៣កុងតឺន័រមកក្នុងខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា មានប្រទេសមួយចំនួនទៀតដូចជាទីក្រុងហុងកុងប្រទេសចិនក៏ធ្លាប់នាំសំរាមចូលមកប្រទេសកម្ពុជាដែរតែមានចំនួនតិចតួចមិនមានបរិមាណច្រើនដូចពេលនេះទេ។លោកបញ្ជាក់ថា របបក្រុងភ្នំពេញគួរតែមានវិធានការដាក់ទោសទណ្ឌអ្នកពាក់ព័ន្ធរឿងនាំសំរាមចូលនេះ ចៀសវាងការចោទប្រកាន់ថា រឿងនាំសំរាមចេញទៅវិញគ្រាន់តែជាការធ្វើប្រជាភិថុតិ។
កាលពីឆ្នាំ១៩៩៨ របបក្រុងភ្នំពេញបានរកឃើញកាកសំណល់ផ្ទុកសារធាតុពុលប្រមាណជិត ៣ពាន់តោនបានដឹកតាមនាវារបស់ក្រុមហ៊ុនចិនតៃវ៉ាន់មួយមកចាក់ចោលនៅក្រុងព្រះសីហនុអស់រយៈពេលជាច្រើនខែ ទើបរបបក្រុងភ្នំពេញសម្រេចដឹកជញ្ជូនចេញត្រឡប់ទៅប្រទេសដើមវិញ ក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលភ័យខ្លាចពីផលប៉ះពាល់ដល់សុខភាពដែលបានភាយចេញពីកាកសំណល់ជាតិពុលទាំងនោះ៕