សាលា​ខេត្ត​សៀមរាប​តម្រូវ​ពលរដ្ឋ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ

សាលា​ខេត្ត​សៀមរាប បាន​ចេញ​បទ​បញ្ជា​តម្រូវ​ឱ្យ​អគារ​រដ្ឋបាល​របស់​រដ្ឋ​ក្ដី និង​កន្លែង​អាជីវកម្ម សេវាកម្ម​ឯកជន ព្រម​ទាំង​លំនៅឋាន​ដែល​ស្ថិត​នៅ​អម​ដង​ផ្លូវ​សំខាន់ៗ​ក្នុង​ទីក្រុង​ក្ដី ត្រូវ​បញ្ចេញ​ចោល​កាក​សំណល់​រឹង និង​សំរាម​ដោយ​វេច​ខ្ចប់​ត្រឹមត្រូវ​ទៅ​តាម​ពេល​វេលា​កំណត់​ជា​រៀង​រាល់​ថ្ងៃ ចាប់​ពី​ម៉ោង ៦ ទៅ​ដល់​ម៉ោង ៧ និង ៣០​នាទី​យប់។
ដោយ ហង្ស សាវយុត
2013-12-03
Share
សំរាម សៀមរាប ៦១០ ២៦-កញ្ញា-២០១៣៖ គំនរ​សំរាម​ជាច្រើន​តោន​ដែល​ចាក់​ចោល​នៅ​ជាប់​របង​ផ្សារ​សាមគ្គី ប៉ែក​ខាង​ជើង នា​ទីក្រុង​សៀមរាប ខេត្ត​សៀមរាប។
RFA/Hang Savyouth

បទ​បញ្ជា​ថ្មី​នេះ ត្រូវ​បាន​មន្ត្រី​សាលា​ខេត្ត​សៀមរាប ពិពណ៌នា​ថា គឺ​ដើម្បី​អនាម័យ ការពារ​សុខភាព​សាធារណៈ សោភ័ណភាព​ទីក្រុង គុណភាព​បរិស្ថាន និង​ធនធាន​ធម្មជាតិ ជាពិសេស គឺ​ការ​ទាក់​ទាញ​ទេសចរ​ឱ្យ​កាន់​តែ​ច្រើន​ឡើង។

មន្ត្រី​សាលា​ខេត្ត​សៀមរាប និង​មន្ទីរ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​បរិស្ថាន កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​សំរាម​នៅ​ក្នុង​ទីក្រុង។ កង្វល់​នេះ បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​ចំនួន​អ្នក​ទេសចរ​ជាតិ និង​បរទេស ចេះ​តែ​កើន​ឡើង​ទៅ​កាន់​តំបន់​ប្រាសាទ​បុរាណ​ដ៏​ល្បីល្បាញ។

អភិបាល​រង​ខេត្ត​សៀមរាប គឺ​លោក ប៊ុន ថាឬទ្ធិ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២ ខែ​ធ្នូ ថា ចំនួន​អ្នក​ទេសចរ​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប បាន​កើន​ឡើង​ជា​បន្តបន្ទាប់​រយៈពេល ៣-៤​ឆ្នាំ​មក​ហើយ។ ដូច្នេះ ដើម្បី​ធានា​ដល់​សោភ័ណភាព​ទីក្រុង ធ្វើ​ឱ្យ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខាង​ទាក់​ទាញ​ទេសចរ គឺ​អាជ្ញាធរ​កំពុង​ខិតខំ​សម្អាត​ទីក្រុង​ថែម​ទៀត ដោយ​អនុវត្ត​ទៅ​តាម​គោលការណ៍​ហូប​ស្អាត រមណីយដ្ឋាន​ស្អាត និង​សេវា​ល្អ ព្រម​ទាំង​ឈាន​ទៅ​រក​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​ផង។

លោក ប៊ុន ថាឬទ្ធិ៖ «យើង​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ហ្នឹង យក​ចិត្ត​ទុក​ដាក់​ប្រមូល ហើយ​ក្នុង​សេចក្តី​ណែនាំ គឺ​យើង​បាន​កំណត់​ពេល​វេលា​ដើម្បី​ឱ្យ​បង​ប្អូន​យើង​យក​សំរាម​មក​ដាក់ ដើម្បី​ជៀសវាង​ចោល​សំរាម​នៅ​មុខ​ផ្ទះ ឬ​ក៏​ចិញ្ចើម​ថ្នល់ ពេល​ណា​ដែល​យើង​យក​មិន​ទាន់។ គួរ​ឱ្យ​យើង​កាត់​បន្ថយ​កាក​សំណល់ ជាពិសេស​នៅ​ខេត្ត​សៀមរាប នេះ អត់​ទាន់​មាន​កន្លែង​ទីតាំង​ដែល​ទុក​ដាក់​សំរាម​ឱ្យ​បាន​សមរម្យ​នៅ​ឡើយ​ទេ។ សំរាម​ឥឡូវ​មាន​ការ​កើន​ឡើង ផ្អែក​ទៅ​លើ​សេវាកម្ម​ដែល​មាន​នៅ​ក្នុង​ខេត្ត ហើយ​និង​ពាក់ព័ន្ធ​ជុំវិញ​ភ្ញៀវ​ទេសចរ​មាន​ការ​កើន​ឡើង​ដែរ»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា កន្លង​ទៅ សាលា​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្ដីពី​ការ​គ្រប់គ្រង​សំណល់​រឹង រាវ សំរាម រួម​ទាំង​សំណល់​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់ ដើម្បី​ធានា​ដល់​ទីក្រុង​ដែល​ជា​បេះដូង​ទេសចរណ៍​នេះ មាន​អនាម័យ និង​បរិស្ថាន​ល្អ។ ជាមួយ​គ្នា​នេះ​ដែរ សាលា​ខេត្ត​សៀមរាប ក៏​បាន​ចេញ​បទ​បញ្ជា​មួយ​ទៀត​ស្ដីពី​ការ​បញ្ចេញ​ទុក​ដាក់ និង​ដឹក​ជញ្ជូន​សំរាម​ចេញ​ពី​ទីក្រុង។

ក្នុង​បទ​បញ្ជា​នោះ បាន​តម្រូវ​ឱ្យ​អគារ​របស់​រដ្ឋ​ក្ដី និង​កន្លែង​អាជីវកម្ម សេវាកម្ម​ឯកជន ព្រម​ទាំង​លំនៅឋាន​ដែល​ស្ថិត​នៅ​អម​ដង​ផ្លូវ​សំខាន់ៗ​ក្នុង​ទីក្រុង​ក្ដី ត្រូវ​បញ្ចេញ​ចោល​កាក​សំណល់​រឹង និង​សំរាម​ដោយ​វេច​ខ្ចប់​ត្រឹមត្រូវ​ទៅ​តាម​ពេល​វេលា​កំណត់​ជា​រៀង​រាល់​ថ្ងៃ ចាប់​ពី​ម៉ោង ៦ ទៅ​ដល់​ម៉ោង ៧ និង ៣០​នាទី​យប់។ បទ​បញ្ជា​បាន​តម្រូវ​ឱ្យ​ម្ចាស់​លំនៅឋាន ម្ចាស់​ក្រុមហ៊ុន សហគ្រាស ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ ឬ​ក៏​ភោជនីយដ្ឋាន​ជាដើម ត្រូវ​វេច​ខ្ចប់ និង​ទុក​ដាក់​សំណល់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ទីតាំង​របស់​ខ្លួន ដោយ​មិន​អនុញ្ញាត​ឱ្យ​ដាក់​ទុក​នៅ​មុខ​ផ្ទះ ឬ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ជា​ដាច់​ខាត។ ក្នុង​ករណី​ដែល​បុគ្គល​ណា​មិន​អនុវត្ត​តាម​សេចក្តី​ណែនាំ​នេះ អាច​នឹង​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ចាប់​ពី ១​ម៉ឺន ទៅ​ដល់ ១០​ម៉ឺន​រៀល។

លោក លន់ កាណែល ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា បទ​បញ្ជា​របស់​សាលា​ខេត្ត​ស្ដីពី​កាក​សំណល់ និង​សំរាម​នោះ គឺ​ដោយសារ​តែ​មាន​កង្វល់​ទៅ​លើ​បញ្ហា​កើន​ឡើង​នៃ​សំរាម​នោះ​ម្យ៉ាង និង​ម្យ៉ាង​ទៀត គឺ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ចូល​រួម​ក្នុង​ការ​សម្អាត​ទាំងអស់​គ្នា ពីព្រោះ​បញ្ហា​បរិស្ថាន បើ​សិន​ជា​អនុវត្ត​ការ​សម្អាត​តែ​មួយ​ផ្នែក​នៃ​អង្គភាព​ដែល​ទទួល​ខុស​ត្រូវ​នោះ គឺ​មិន​បាន​ជោគជ័យ​ទេ៖ «ដែល​យើង​ព្រួយ​បារម្ភ​ជាង​គេ គឺ​ប្រភេទ​សំរាម​ដែល​ចេញ​ពី​តាម​ផ្ទះ ដែល​គាត់​តែង​តែ​បញ្ចេញ​មក​ខុស​ម៉ោង​ពេល។ ជួន​កាល គាត់​ខ្ចប់​ស្បោង​អ៊ីចឹង គាត់​បោះ​ចោល​រាយប៉ាយ​អ៊ីចឹង ពាក់ព័ន្ធ​នឹង​សោភ័ណភាព​ខ្លាំង»

មន្ត្រី​មន្ទីរ​បរិស្ថាន បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ បរិមាណ​សំរាម​នៅ​ក្នុង​ទីក្រុង​សៀមរាប មាន​ប្រមាណ​ជាង ២០០​តោន​ក្នុង​១​ថ្ងៃៗ។ ចំនួន​នេះ គឺ​កើន​ឡើង​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ដែល​មាន​តែ​ក្រោម ២០០​តោន​ក្នុង​១​ថ្ងៃៗ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។